មកដល់ពេលនេះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៥ នៅសល់រយៈពេលតែ ៧ ខែទៀតប៉ុណ្ណោះ ពោលគឺការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ មានន័យថាពេលវេលានៃការប្រកួតប្រជែងដ៏ក្លៀវក្លារវាងគណបក្សនយោបាយទាំងឡាយនៅកម្ពុជា នៅមិនយូរប៉ុន្មានឡើយ។
សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំ ណាចនោះគ្មានអ្វីជាកង្វល់នោះទេ ព្រោះតាមរយៈការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សដែលប្រកប ដោយគុណធម៌ និងមានភាពចាស់ទុំខាងនយោបាយ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាព មានស្ថិរភាពទាំងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យកិត្យានុភាពជាតិមានភាពល្បីរន្ទឺពាសពេញពិភពលោកទៀតផង។ ជាឧទាហរណ៍ជោគជ័យនៃការដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានបញ្ចប់ទៅកាលពីខែវិច្ឆិកាកន្លងទៅ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិកជាដើមគឺជាទឡ្ហីករណ៍ស្រាប់។
ចំណែកគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកដឹកនាំ វិញតើយ៉ាងណា? ជាការពិតណាស់នរណាក៏ដឹងដែរថា ការរួមគ្នាបង្កើតគណបក្សនយោបាយថ្មី ដែល ដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិនេះវាគ្រាន់តែជាល្បិចខាងនយោបាយ ដែលពោរពេញទៅដោយ ពិសពុលតែប៉ុណ្ណោះ ហើយការប្រើឈ្មោះសង្គ្រោះជាតិក្នុងសម័យនេះវាក៏បានហួសសម័យទៅហើយ ព្រោះអ្នកដែលសង្គ្រោះជាតិពិតប្រាកដគឺគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលកាលនោះមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយនេះជាសច្ចធម៌ប្រវត្តិសាស្ត្រគ្មានអ្វីមកបំភ័ន្តបានឡើយ។ ពិតណាស់ ដើម្បីឲ្យមានការគាំទ្រពីអន្តរជាតិលោក សម រង្ស៊ី ដែលត្រូវតុលាការកម្ពុជាកាត់ទោសពីការដកតម្រុយបង្គោលព្រំដែន និងការផ្សាយឯកសារក្លែង ពាក់ព័ន្ធនឹងផែនទីប្រទេសកម្ពុជា ហើយកំពុងរត់គេចខ្លួនទៅនៅឯបរទេសនោះ សុខចិត្តបង្កើតគណបក្សនយោបាយថ្មីជាមួយលោក កឹម សុខា ដែលការងារនេះធ្លាប់បានបរាជ័យម្តងរួចមកហើយ។ ចំណែកសម្ព័ន្ធមិត្តដែលពោរពេញដោយ ឧបាយកលវិញរបស់លោក សម រង្ស៊ី គឺលោក កឹម សុខា បានមើលឃើញពីឱកាសដ៏កម្រក្នុងការ ចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ ដែលនោះគឺការទាក់ទាញយកកម្លាំងរបស់លោក សម រង្ស៊ី មក ចូលក្នុងគណបក្សសិទ្ធិមនុស្ស ព្រោះគាត់បានមើលឃើញយ៉ាងច្បាស់ថា សម រង្ស៊ី ពិតជាគ្មានឱកាសក្នុង ការវិលត្រឡប់មកកម្ពុជាវិញទេ កុំថាឡើយដល់ចូលរួមក្នុងការបោះឆ្នោតនោះ។សម្រាប់គណបក្សសង្គ្រោះជាតិក៏ត្រូវបានមហាជនមើលឃើញដែរថា ជាគណបក្សដែលមានរាង ជាមុំចង្ក្រាន ដែលមានភ្លើងទៀននៅពីខាងក្រោមហើយបានដុតកម្លោចពងទាចៀននៅពីខាងលើ។ នៅក្នុងសភាពជាក់ស្តែងក្រោយពីការបង្កើតគណបក្សសង្គ្រោះជាតិ បាន និងកំពុងតែរកាំរកូសជាមួយគ្នា ដោយពេលនេះថ្នាក់ដឹកនាំគណបក្សទាំងពីរបើកកិច្ចប្រជុំបក្សផ្សេងគ្នាជាបន្ដបន្ទាប់ ដោយមិនមែនជារូបភាពគណបក្សសង្គ្រោះជាតិថតមួយទេ គឺប្រៀបដូចទឹក និងប្រេងនៅក្នុងធុងតែមួយ តែមិនរលាយចូលគ្នា។ ចំណែកកិច្ចប្រជុំក្រុមការងារជាមួយគ្នាម្ដងៗ ការខ្វែងគំនិតគ្នានៅក្នុងអង្គប្រជុំនោះមានមន្ដ្រី ដែលមានឥទ្ធិពល នៃគណបក្សទាំងពីរប្រើពាក្យសម្ដីគ្រោតគ្រាតដាក់គ្នា និងសង្រ្គឺតធ្មេញដាក់គ្នាទៀតផង។
ប្រាកដណាស់ថា លទ្ធផលសម្រាប់ការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ គេបានមើល ឃើញរួចស្រេចទៅហើយ ប៉ុន្តែអ្វីដែលជាកង្វល់នោះគឺភាពក្លាហានរបស់គណបក្សនីមួយៗទៅវិញ ទេ ថាតើក្រោយប្រកាសលទ្ធផលទាំងជាបឋម និងជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវបានប្រកាសទទួលយកដែរឬទេ? ចំពោះគណបក្សប្រជាជនកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជារឿយៗហើយថា សម្ដេចនឹងជំរុញឲ្យគណបក្សដែលឈ្នះឆ្នោតរៀបចំរាជរដ្ឋាភិបាល ឲ្យបានរហ័ស ហើយសម្ដេចក៏នឹងអញ្ជើញទៅវិមានសន្តិភាពភ្លាមៗដែរ ដើម្បីចុះហត្ថលេខាប្រគល់អំណាចទៅឲ្យបក្សឈ្នះឆ្នោតនោះ ។ ចុះចំណែកគណបក្សផ្សេងៗវិញឬក៏ដូចជាគណបក្សសង្គ្រោះជាតិ តើមានសេចក្តីក្លាហាន ក្នុងការទទួលយកលទ្ធផលនៃការបោះឆ្នោតភ្លាមៗដូចជាគណបក្សប្រជាជនកម្ពុជាដែរឬទេ ឬមួយនៅតែប្រកាន់មាយាទអន់ដើរស្រែកជំទាលនៅឯក្រៅប្រទេសថា លទ្ធផលនៃការបោះឆ្នោតមិនអាចទទួលយកបាន មិនយុត្តិធម៌ មិនអព្យាក្រឹត្យ ក្នុងពេលដែលដំណើរការបោះឆ្នោតមានទាំងអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ជាពិសេសទៅទៀតមានទាំងអ្នកសង្កេតការណ៍របស់ គណបក្សនយោបាយនានាចូលរួមផងនោះ។
ក្នុងនាមជាប្រជាជនម្នាក់ ខ្ញុំគិតឃើញថា យុត្តិធម៌របស់ក្រុមប្រឆាំង គឺមានតែការបោះសន្លឹកឆ្នោតចូលទៅក្នុងហោប៉ៅរបស់ពួកគេ ហើយឲ្យពួកគេរាប់ដោយខ្លួនឯងតែប៉ុណ្ណោះ ទើបយុត្តិធម៌ ហើយវាក៏ដូចជាការទិញមាន់មួយក្បាលហើយដាក់លុយលើក្បាលមាន់នោះទើបត្រឹមត្រូវ ហើយវាមិនត្រឹមត្រូវទេសម្រាប់ការថ្លឹងមាន់ច្រើនគីឡូក្រាមឲ្យលុយម្តងនោះ៕
នន្ន សុខា
























