*វិបត្តិសមុទ្រចិនខាងត្បូង ធ្វើអោយចប់ស្ថានភាពហាងកាហ្វេព្រោកប្រាជ្ញ
ហៀល វែលឌី
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងភ្នំពេញ បានបញ្ចប់ដោយមិនមានជាសេចក្តីថ្លែងការណ៍រួម។ ការចង្អុលមូលហេតុដាក់គ្នាទៅវិញទៅមក ក៏ត្រូវបានអ្នកការទូតយកទៅចែករំលែកអោយអ្នកសារពត៌មានតែរៀងៗ ខ្លួន។ សំរាប់មនុស្សជាច្រើន វាលំបាកនឹងយល់បាន ឬ ពិចារណាថាអ្នកណាមានហេតុផលជាង ឬត្រឹមត្រូវជាង ដូចជាស្តាប់វេទិកាអ្នកនយោបាយប្រជែងអំណាចគ្នាបង្ហាញហេតុផលដណ្តើមត្រូវរៀងខ្លួនអញ្ចឹង។ ស្មេរមិនកាន់ជើងខាងណាទេ តែសូមលើកយកនូវលំដាប់នៃហេតុការណ៍មួយចំនួនមកជំរាបឡើងវិញ ក៏ដូចជាចោទជាសំនួរខ្លះ ដើម្បីលោកអ្នកអានពិចារណាបន្ថែម។
ស្របពេលគ្នានឹងការពិភាក្សាអំពីបញ្ហាការទាមទារអធិបតេយ្យភាពសមុទ្រចិនខាងត្បូងឈានដល់នាទីជាប់គាំងគ្មានសេចក្តីថ្លែងការណ៍ ដែលអ្នកសារពត៌មានជាច្រើនមិនភ្លេចនឹងប្រញាប់ សរសេរថា ជាលើកដំបូងក្នុងប្រវត្តិ ៤៥ ឆ្នាំរបស់អាស៊ាន នាវាចម្បាំងមួយនៃកងទ័ពជើងទឹករបស់ចិន បានជាប់កឿងក្នុងតំបន់មានទំនាស់ (១៣ កក្កដា, guardian.co.uk , Tania Branigan )។ សូមរំលឹកថា ទំនិញជាច្រើនត្រូវបាននាំឆ្លងកាត់សមុទ្រនេះ ហើយក៏ក្នុងភូមិសាស្ត្រទំនាស់នេះដែរ ដែលគេជឿថាមានធនធានមច្ឆជាតិសមុទ្រ និងថាមពលយ៉ាងច្រើន។
ការតានតឹងថ្មីៗ កន្លងមកនេះ បានកើតមានរវាងចិនម្ខាង និងហ្វីលីពីន ក៏ដូចជាវៀតណាម នៅខាងម្ខាង។ យ៉ាងណាក្តី ប្រទេសដែលបានទាមទារអធិបតេយ្យលើដែនសមុទ្រនេះ មាន ប្រ៊ុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ផងដែរ។ តាមវ៉ែបសាយត៍របស់ក្រសួងការពារប្រទេសចិន នាវាចម្បាំងសាមញ្ញនោះបានជាប់កឿងដោយចៃដន្យក្បែរថ្មប៉ប្រះទឹក Half Moon ក្នុងពេលល្បាតនាពេលយប់។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ លោក Ian Storey នៃវិទ្យាស្ថានសិក្សាអាស៊ី អគ្នេយ៍នៅសិង្ហបុរី និយាយថា “ខណៈដែលការជាប់កឿងនោះ វាមិនបង្កអោយមានភាពតានតឹងក៏ដោយ វាបានអោយជាសញ្ញាថាមានការធ្វើយោធូបនីយ៍កម្មក្នុងដែនទឹកនោះហើយ។
លោកបន្តថា “មិនមានអ្នកណាប្រមាណទុកថា នឹងមានទំនាស់ធំកើតឡើងទេក្នុងសមុទ្រចិនភាគខាងត្បូង ពីព្រោះទំនាស់នោះវាមិនបានជាប្រយោជន៍សំរាប់អ្នកណាមួយឡើយ។ ប្រទេសទាំងនោះពឹងអាស្រ័យលើផ្លូវចរសមុទ្រទាំងឡាយ ដើម្បីអោយសេដ្ឋកិច្ចរបស់ពួកគេនៅមានដំណើរការ។ យ៉ាងណាក្តី គេមិនអាចអះអាងថា ហានិភ័យជាក់ស្តែងនឹងមិនកើតមាន ដែលការប៉ះទង្គិចដោយចៃដន្យ នឹងកើតមាន ហើយរីករាលដាលនោះទេ។ ការប្រឈមមុខគ្នា ទាំងនោះ គ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ដែលអាចនឹងប្រែប្រួលទៅជារឿងមិនល្អ និងធ្វើអោយមានមនុស្សស្លាប់។
ក្នុងគោលបំណងរារាំងហេតុការណ៍មិនគួរកើត និងដោះស្រាយដោយសន្តិវិធី នូវទំនាស់អធិបតេយ្យសមុទ្រចិនខាងត្បូង ដោយគិតពីផលប្រយោជន៍នៃភាគីពាក់ព័ន្ធ ប្រទេសជាសមាជិកអាស៊ាន បានប្រកាសកាលពីដើមសប្តាហ៍ ថាបានព្រមព្រៀងគ្នាលើក្រមប្រតិបត្តិមួយ ដើម្បីអភិបាលសិទ្ធសមុទ្រ និងនាវាចរក្នុងតំបន់ ក៏ដូចជានីតិវិធីទាំងឡាយសំរាប់ស្រាយទំនាស់។ យ៉ាង ណាក្តី គេត្រូវធ្វើការពិភាក្សាជាមួយចិន ដើម្បីឈានដល់ការព្រមព្រៀងស្តីពីវិធានមួយចំនួនជាផ្លូវច្បាប់។
DW ថ្ងៃ ១៣ កក្កដា បានលើកឡើងថា ទាំងហ្វីលីពីន ទាំងវៀតណាម ចង់បញ្ចូលសេចក្តីថ្លែងការណ៍ពីទំនាស់សមុទ្រចិនខាងត្បូង ក្នុងសេចក្តីប្រកាសព័ត៌មាន តែត្រួវបានសម្ព័ន្ធមិត្តរបស់ចិន គឺកម្ពុជាប្រកែក។ ក្រុងម៉ានីលលើកហេតុផលថា “ខ្លួនសោកស្តាយចំពោះការមិនចេញសេចក្តីប្រកាសព័ត៌មានរួម ... ដែលមិនធ្លាប់មានមក ៤៥ ឆ្នាំនៃអត្ថិភាពអាស៊ាន។ ទីភ្នាក់ងារ សារព័ត៌មាន AP ថ្ងៃ ១៣ កក្កដាដែរ បានផ្សាយថា ក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីបន្ទោសប្រទេសម្ចាស់ផ្ទះ ពីការប្រឆាំងការនិយាយណាមួយ ពីថ្មប៉ប្រះទឹក Scarborough និងពីការប្រកាសថាមិនអាចចេញសេចក្តីប្រកាសព័ត៌មានរួមបាន។
AP បន្តថា ថ្លែងទៅកាន់អ្នកយកពត៌មានពេលទៅដល់ទីក្រុងម៉ានីលវិញ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Del Rosario បានអះអាងថាបានលើកឡើងជូនរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ថា បើទុកបញ្ហានេះមិនដោះស្រាយ ការតានតឹង អាចនឹងរីករាលដាលកាន់តែធំ ទៅជាភាពអមិត្ត ... ហ្វីលីពីន និងអាស៊ាន ទន្ទឹងចាំធ្វើការពិភាក្សាបន្តទៀតជាមួយក្រុងប៉េកាំង។ ថ្មីៗ នេះ វៀតណាមបានតវ៉ាចំពោះការប្រកាសបើកឡូត៍ប្រេង និងឧស្ម័នប្រាំបួន ដោយ សាជីវកម្មប្រេងឆ្ងាយពីច្រាំងរបស់ចិន សំរាប់អ្នកដេញថ្លៃអន្តរជាតិ ដែលវៀតណាមអះអាងថាស្ថិតក្នុងតំបន់ត្រួតគ្នានឹងប្លុករុករករបស់វៀតណាម។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយ៖”ខ្ញុំគិតថា វាជាការមិនមានការទទួលខុសត្រូវមួយ ដែលមិនអាចចេញសេចក្តីថ្លែងការណ៍ស្តីពីសមុទ្រចិនខាងត្បូង។ នេះជាពេលដែលអាស៊ាន ត្រូវធ្វើសកម្មភាពរួមគ្នា ខណៈដែលតំបន់រំពឹងថា អាសាន នឹងធ្វើសកម្មភាពរួមគ្នា ...”។ តាមវ៉ែបសាយត៍ Channel News Asia រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ត្រូវបានស្រង់សម្តីថា “វាដូចជាជំនឿលើអាស៊ានត្រូវបានកំពិតអញ្ចឹង។ យើងនិយាយពីបញ្ហានានានៅលើពិភពលោក ក្នុងសេចក្តីប្រកាសព័ត៌មានមុនៗ តែយើងមិនអាចស្រាយបញ្ហាខ្លះដែលវាកើតមាននៅនឹងទីជិតខាងខ្លួន” សូមទាញអារម្មណ៍ថា ថ្វីបើសិង្ហបុរី មិនមែនជារដ្ឋទាមទារអធិបតេយ្យភាពក្តី ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសដែលមានកំពង់ផែដ៏សកម្មនេះ គឺអាស្រ័យជាខ្លាំងទៅលើសេរីភាពនាវាចរក្នុងតំបន់។
សារពត៌មានជាច្រើន បានផ្សាយសម្តីរដ្ឋមន្ត្រីការបរទេសកម្ពុជា បកស្រាយពីស្ថានការណ៍នេះថា “ខ្ញុំបានស្នើថា យើងចេញសេចក្តីប្រកាសព័ត៌មានរួម (join communiqué) ដោយមិននិយាយពីទំនាស់សមុទ្រចិនខាងត្បូង តែសមាជិកខ្លះ នៅតែទទូចដាក់បញ្ហាថ្មប៉ប្រះទឹក Scarborough ចូល។ ខ្ញុំបានប្រាប់សហសេវិករបស់ខ្ញុំថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មិនមែនជាតុលាការ ដែលផ្តល់សាលក្រមអំពីទំនាស់នោះទេ។ ក្នុងការដកស្រង់មួយទៀត “បើយើងចេញសេចក្តីប្រកាសព័ត៌មានរួម ដូចដែលបានធ្វើនៅបាលី នោះគឺយើងត្រូវតែបានជជែកពីសមុទ្រចិនខាងត្បូង តែនេះមិនមានការសន្និដ្ឋាន ក៏មិនមានកុងសង់ស៊ុស។ សមាជិកអាស៊ានមួយចំនួន យកការមិនបានចេញសេចក្តីប្រកាសព័ត៌មានរួមនេះជាលេស ដើម្បីអោយប្រទេសខ្លះ ជាមួយចិន នៅតែមានការទាស់ទែងគ្នា។
រីឯ asiasentinel.com ថ្ងៃ ១២ កក្កដា បានរិះគន់ម៉ាឡេស៊ី ថាមិនបានបង្ហាញសាមគ្គីភាពអ្វីសោះ ជាមួយហ្វីលីពីន និងវៀតណាម ចំពោះមុខការប្រព្រឹត្តិបំពានរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង និងថាសកម្មភាពនេះនឹងតាមលងបន្លាចម៉ាឡេស៊ីជាមិនខាន។ សារណ័ត៌មាន បានរិះគន់ម៉ាឡេស៊ីថា ធ្វើមិនដឹងមិនលឺ ហើយមិនមាត់មិនក ស្តីពីបញ្ហានេះ ដោយលើកឡើងថាប្រភពពីបក្សកាន់អំណាច UMNO បានប្រាប់ថា ថ្មីៗ នេះ រដ្ឋាភិបាល បានប្តេជ្ញាងាកដោយស្ងាត់ៗ ទៅរកប្រទេសចិន ទោះបីជាខ្លួនបានធ្វើការហ្វឹកហ្វឺនយោធារួមគ្នាដោយចេញមុខភាគច្រើន ជាមួយកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកក៏ដោយ។
ក្នុងករណីនេះ អ្នកសង្កេតការណ៍ខ្លះគិតថា វាមិនជាបញ្ហាគួរអោយភ្ញាក់ផ្អើលទេ ដោយយោងទៅលើប្រការជាច្រើន ថ្មី និងចាស់ តែមួយដែលសំខាន់នោះគឺ ផលប៉ះពាល់លើតំបន់ដ៏ធំនៃសេដ្ឋកិច្ចផ្តាច់មុខក្នុងសមុទ្រ។ ម៉ាឡេស៊ី ត្រួតត្រាសឹងតែមួយភាគប្រឆាំនៃឆ្នេរសមុទ្រចិនខាងត្បូង។ តាមពិតទៅ ម៉ាឡេស៊ី ត្រូវអូសទាញចិន ក្នុងក្តីសង្ឃឹមចំពោះការវិនិយោគ និងទេសចរណ៍ក៏មួយចំនែក តែមួយចំណែកទៀត ក៏វាឆ្លុះអោយឃើញពីការនិយមចង់បានដូចសម័យ មហាធៀរ ចំពោះប្រទេសដែលប្រឆាំងនឹងឥទ្ធិពលលោកខាងលិចក្នុងតំបន់ដែរ។
មានអ្នកវិភាគខ្លះទៀត ជួយខឹងម៉ាឡេស៊ីក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងនេះ រហូតរើកកាយថា គោលនយោបាយរបស់ម៉ាឡេស៊ីចំពោះបញ្ហានេះ ទទួលនូវឥទ្ធិពលមួយសំខាន់គឺការព្រួយបារម្ភថា បើជំទាស់ចិនក្នុងបញ្ហានេះ វាដូចជាលើកទឹកចិត្តចិនអោយជ្រាតជ្រែកដល់នយោបាយក្នុងប្រទេស ដោយគាំទ្រសហគមន៍ជនជាតិចិនភាគតិច។
តាម Asia News Network ថ្ងៃ ១៣ កក្កដា ក្នុងការជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហៀឡារី គ្លីនតុន នៅភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន Yang Jiechi ថ្លែងជំហរអំពីបញ្ហានេះថាចិនសង្ឃឹមសហរដ្ឋអាមេរិក នឹងគោរពផលប្រយោជន៍ ក៏ដូចជាការព្រួយបារម្ភរបស់ចិន និងប្រទេសនានា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពិនិត្យពីមហាយក្សទាំងពីរ មួយជាយក្សប្រពៃណី និងមួយទៀតជាយក្សថ្មី សហរដ្ឋអាមេរិក និងចិន មានផលប្រយោជន៍ប្រទាក់ប្រទងគ្នាបំផុត ហើយក៏មានការប្រតិសកម្មគ្នាបំផុតក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសចិន គិតថា ចិន និងសហរដ្ឋអាមេរិក ត្រូវតែបង្កើតជាអន្តរសកម្មជាគំរូមួយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការឈ្នះ/ឈ្នះ។
ពីក្នុងការអះអាងរបស់ ហៀឡារី គ្លីនតុន វិញ គេអាចស្តាប់លឺនូវសម្តីថា សហរដ្ឋអាមេរិក ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងវិជ្ជមាន សហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយចិន ហើយទំនាក់ទំនងសហរដ្ឋអាមេរិក/ចិន មានភាពសំខាន់ណាស់។ នៅមុនជំនួបជាមួយរដ្ឋមន្ត្រី ការបរទេសចិន លោកស្រីថែមទាំងបានប្រាប់អ្នកសារពត៌មានថា “ប្រទេសទាំងពីរ មិនត្រឹមតែ អាចប៉ុណ្ណោះទេ តែនឹងធ្វើការរួមគ្នាក្នុងអាស៊ី។ មានការដកស្រង់សម្តីខ្លះថា សហរដ្ឋអាមេរិក មិនមានការទាមទារទឹកដីក្នុងតំបន់ទេ ហើយក៏ “មិនកាន់ជើងខាងណាដែរ ក្នុងទំនស់អំពីទឹកដី ឬព្រំប្រទសល់សមុទ្រ” ក្រៅតែពី “ផលប្រយោជន៍ខាងសេរីភាពនាវាចរ ការរក្សាសន្តិភាព និងស្ថេរភាព ការគោរពច្បាប់អន្តរជាតិ និងពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំងក្នុងសមុទ្រចិនខាងត្បូង។
ពាក់ព័ន្ធនឹងជំហរសហរដ្ឋអាមេរិក ក្នុងទំនាស់អធិបតេយ្យសមុទ្រចិនខាងត្បូងនេះ ទោះដោយចំហរ ឬកំបាំងក្តី Shen Yamei អ្នកស្រាវជ្រាវសិក្សាស្តីពីអាមេរិក ជាមួយវិទ្យាស្ថានចិនសំរាប់ការសិក្សាអន្តរជាតិ និយាយថា សម្តីរបស់ គ្លីនតុន ដែលបង្ហាញពីឆន្ទៈដើម្បីសហប្រតិបត្តិការ នោះ វាស្របគ្នានឹងជំហរអព្យាក្រិត្យរបស់វ៉ាស៊ីនតោន អំពីទំនាស់ដែនសមុទ្ររវាងចិន និងប្រទេសនៅអាស៊ីអគ្នេយ៍ជាសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកមានទស្សនៈថា “សហរដ្ឋអាមេរិក មិនចង់អោយចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការជាមួយចិន ត្រូវប៉ះទង្គិចដោយការអះអាងប្រជែងរបស់ហ្វីលីពីន ជាមួយចិនអំពីសមុទ្រចិនខាងត្បូងទេ។ លោក Shen Yamei ថែមទាំងបន្ថែមថា “សហរដ្ឋអាមេរិក មិនសប្បាយចិត្តជាមួយសម្ព័ន្ធមិត្តរបស់ខ្លយន ដែលបានបញ្ចុះបញ្ចូល ហើយនិយាយខុសពីសហរដ្ឋអាមេរិក ស្តីពីបញ្ហានេះ។
យ៉ាងណាក្តី មានសារព័ត៌មានមួយចំនួន បានកត់សំគាល់ថា ប្រទេសអាស៊ីអគ្នេយ៍ភាគច្រើនដែលមិនមានទំនាស់ដែនសមុទ្រជាមួយចិន មានបំណងចង់អោយការតានតឹងបានធូរស្រាល ក្នុងតំបន់ និងមានកិច្ចសហប្រតិបត្តិការមានផលចំណេញទៅវិញទៅមកជាមួយចិន។ លោក Shen កត់សម្គាល់ថា បណ្តាប្រទេសអាស៊ីអគ្នេយ៍ បានបែកផ្លូវគ្នា អំពីវិធីដោះស្រាយទំនាស់ថ្មីៗ នេះ ជាមួយក្រុងប៉េកាំង ខណៈដែលហ្វីលីពីន ដឹកនាំការរុញអោយអាស៊ានរួបរួមគ្នា ដើម្បី ស្នើទៅចិននូវក្រមប្រតិបត្តិ សំរាប់សមុទ្រចិនខាងត្បូង។ យ៉ាងណាក្តី កាសែតថៃ The Nation បានផ្សាយ រដ្ឋមន្ត្រីការបរទេសថៃ អះអាងកាលពីថ្ងៃពុធថា “ថៃមិនអោយទំនាស់ក្នុងសមុទ្រចិនខាងត្បូង រារាំងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនទេ។
លោកអ្នកអានជាទីមេត្រី សូមនិយាយសរុបមកវិញត្រង់នេះថា រឿងដែលធ្វើអោយកើតមានការតានតឹងកន្លងមក រហូតការមិនចុះសម្រុងក្នុងសម័យប្រជុំការបរទេសអាស៊ាននេះ គឺការយល់ និងប្រកាន់យកនីតិវិធីស្រាយទំនាស់ខុសគ្នា។ ចិន នៅតែទទូចថា មានឆន្ទៈចរចា តែចង់សោះស្រាយបញ្ហានេះ ជាទ្វេភាគី ជាមួយប្រទេសដែលអះអាងអធិបតេយ្យក្នុងសមុទ្រ។ ប្រទេសមួយចំនួន ក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផង រិះគន់អភិក្រមនេះថា នឹងមិនត្រឹកមតែកាត់បន្ថយកម្លាំងទប់ខ្លួននៃប្រទេសតូចៗ ដូចជា ហ្វីលីពីន និងវៀតណាមប៉ុណ្ណោះទេ តែក៏អាចជម្រុញអោយមានការបែកបាក់ក្នុងអាស៊ីអាគ្នេយ៍កាន់តែជ្រៅ ប្រហាក់ប្រហែលអ្វីដែលបានកើតមានកាលពីថ្ងៃព្រហស្បត្តិកន្លងទៅ។
ពិតណាស់ ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានកន្លងទៅ ជាមួយនឹងការធ្វើអោយមានការពិចារណាផ្សេងៗ គ្នាដោយអ្នកការទូត អ្នកសារពត៌មាន ក៏ដូចជាមជ្ឈដ្ឋាននានាដែលមានការចាប់អារម្មណ៍ ពីសិល្បៈនៃការដោះស្រាយរបស់កម្ពុជា ក្នុងស្ថានការដ៏តឹងតែងមួយដូចនេះ។ មានការលើកឡើងហើយថា ការបែកខ្ចាយខាងការទូតនេះ ជាសញ្ញាគួរអោយខ្វល់ សំរាប់អាស៊ាន ដែលកំពុងតែអនុវត្តផែនការបង្កើតជាសហគមន៍សេដ្ឋកិច្ចតំបន់ក្នុងឆ្នាំ ២០១៥ ដើម្បីប្រែក្លាយ អាស៊ីអគេ្នយ៍មួយ ជាប្លុកសមាហរណកម្មមួយ មានអ្នកប្រើប្រាស់ ៦០០ លាននាក់។
យ៉ាងណាក្តី ចូរស្តាប់សម្តីរបស់គ្លីនតុន ដែលបាននិយាយនាយប់ថ្ងៃព្រហស្បត្តិនៅភ្នំពេញថា “កិច្ចប្រជុំថ្ងៃនេះមានសភាពតឹងតែង តែធ្វើអោយមានជាពន្លឺដ៏វិជ្ជមាន។ ហោចណាស់ ប្រទេសអាស៊ានទាំងឡាយ កំពុងតែបានយកការមិនចុះសម្រុងគ្នាមកដាក់បង្ហាញអោយឃើញ បន្ទាប់ពីមានអ្នកវិភាគជាច្រើន បាននិយាយជាច្រើនឆ្នាំមកហើយថា មានការជៀសពីទំនាស់លើបញ្ហាដែលធ្វើអោយប្លុកបែកបាក់។ លោកស្រីបន្ត “ខ្ញុំគិតថា វាជាសញ្ញាអំពីភាពចាស់ទុំរបស់អាស៊ាន ដែលពួកគេកំពុងតែប្រវាយប្រតប់ជាមួយនឹងបញ្ហាលំបាក។ គេមិនគេចពីបញ្ហាឯណា”
ជាការបែកបាក់គ្នា ឬជាការចាប់ផ្តើមមានភាពចាស់ទុំ ស្មេរមិនមានមូលដ្ឋានរឹងមាំដើម្បីនឹងអះអាងថាយ៉ាងណាមួយទេ តែ បើស្តាប់អគ្គលេខាធិការអាស៊ាន ដែលក្រៅពីនិយាយបូរបាច់ជាច្រើន ក៏ចុងក្រោយត្រូវគេស្រង់សម្តីថា “យើងនិងប៉ះប៉ូវស្ថានការបានវិញ។ ពួកយើងនឹងពិចារណាបញ្ហាជាថ្មី។ ពួកយើងនឹងធ្វើអោយមានជាថ្មីនូវភាពនឹងធឹង” នោះ ស្មេរគិតថា ស្ថានភាព អាស៊ាន ដែលគេតែងនិយាយថា “ជាកន្លែងផឹកកាហ្វេព្រោកប្រាជ្ញ ៤៥ ឆ្នាំមកនេះ” បានប្រែប្រួលហើយ ក្នុងវេនប្រធានអាស៊ានរបស់កម្ពុជាលើកនេះ៕























