Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

វ្លា​ឌី​មៀរ ​ពូ​ទីន​ មហិមា​

​ខណៈ​ដែល​ វ្លា​ឌី​មៀរ ​ពូ​ទីន បាន​ជាប់ឆ្នោត​ជាថ្មី​ម្តង​ទៀត​ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ​នៃ​ប្រទេស​រុស្ស៊ី ​កាលពី​ថ្ងៃ ​០៤ ​មិនា ​ឃើញថា ​មាន​មេដឹកនាំ​លោក​ខាង​លិច​ជាច្រើន ​ដែល​នៅ​រួញរា​នឹង​អបអរសាទរ​ចំពោះ​លោក ​ខណៈដែល​សារពត៌មាន​លោកខាងលិច​ក៏​តាំង​ជំហរ រិះគន់​ចាស់ដៃ​ផងដែរ​។

យ៉ាងណាក្តី ឃើញថា មាន​កុងសង់ស៊ុស​មួយ ដែល​រឹងមាំ​ឬ​យ៉ាងណា មានតែ​ពេលវេលា​ទេ​ដែល​អាច​បញ្ជាក់បាន លើ​ចំណុច​ថា ពូ​ទីន ជា​អ្នក​ស្រោចស្រង់​រុស្ស៊ី ហើយ​សំរាប់​ប្រជាជន​រុស្ស៊ី​ប្រមាណ ៦៤% គិតថា ជា​មេដឹកនាំ​កំពូល តែ​សំរាប់​ប្រជាជន​រុស្សី​ា លុះ​ដោយ​មនោគមន៍វិជ្ជា​រត់​តាម​ផលប្រយោជន៍​អប្ប​ជ​នា​ធិបតេយ្យ (​ភាគតិច​កាន់អំណាច ឬ oligarchs) ពិសេស​អ្នក​ដែល​ចង​ខ្លួន​នឹង​ផលប្រយោជន៍​ជាមួយ​លោកខាងលិច​មួយចំនួន ពិតជា​មិន​សប្បាយ​ចិត្តនឹង​អោយ​មេដៃ​របស់ខ្លួន​ឡើយ​។​

 

​ដោយ​និយាយថា “​បន្ទាប់ពី​ច្រើន​សតវត្ស​នៃ​ភាពជា​ខ្ញុំគេ (​របស់​ប្រជាជន​រុស្ស៊ី​) ពូ​ទីន បានផ្តល់ នូវ​វិបុលភាព​” លោក Lawrence Solomon នាយក​ប្រតិបត្តិ Energy Probe របស់ Financial Post តាំងពី ពីរ​ថ្ងៃមុន​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី បាន​សរសេរ​អត្ថបទ​ខាងក្រោម ដែល​ស្មេរ​ឃើញ​មាន​ទឡ្ហីករណ៍​រឹងមាំ​មួយចំនួន សំរាប់​ចែក​ជូ​កលោក​អ្នកអាន​បាន​ជ្រាប​។ ដូច​ធម្ម​តរា ស្មេរ បាន​បន្ថែម​ពត៌មាន​យោង​មួយចំនួន ដើម្បី​ជួយ​ជា​មូលដ្ឋាន​ក្នុង​ការយល់​ពី ការ​អះអាងថា វ្លា​ឌី​មៀរ ពូ​ទីន កំពុង​ក្លាយជា​មេដឹកនាំ​មហិមា​របស់​រុស្ស៊ី និង​ពី​សភាពការណ៍ នៃ​ប្រទេសមួយ​ដ៏​ធំ សម្បូរ​ណ៍​ធនធានធម្មជាតិ នៅ​ឆ្ងាយ​ពី​យើង តែមាន​ទំនាក់ទំនង​ក្នុង​កំរិត​មួយ​ជិតស្និត ក្នុងដំណាក់កាល​មួយ​នៃ​ប្រវត្តិសាស្ត្រ ក៏ដូចជា​កំពុងតែបន្ត​មាន​នាពេល​បច្ចុប្បន្ន ជាមួយ​កម្ពុជា​។​

​ថ្ងៃអាទិត្យ​នេះ វ្លា​ឌី​មៀរ ពូ​ទីន នឹងត្រូវ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​រុស្ស៊ី​ជាថ្មី ហើយ​អាច​ថា​ក្នុង​ចំនួន​ច្រើន ដែល​គាត់​មិនចាំបាច់​ចាត់ចែង​ការបោះឆ្នោត​នោះទេ​។ នៅ​ដំណាច់​អាណត្តិ​ថ្មី​នេះ គឺ​ចប់​នៅ​ឆ្នាំ ២០១៦ គាត់​នឹង​បាន​បំរើ​មុខតំណែង​ជា​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​បួន​អាណត្តិ ហើយក៏​ប្រៀបដូចជា មេដឹកនាំ​តែមួយគត់​របស់​រុស្ស៊ី ក្នុង​សតវត្ស​ទី ២១​។ ក្នុង​ព្រឹត្តិការណ៍​ដែល​មិនអាច​នឹង​កើតមាន ដែល​គាត់​នឹង​ជ្រើស​យក​ការចូលនិវត្តន៍ គាត់​នឹងធ្វើ ដោយ​មានការ​អះអាងថា ជា​មេដឹកនាំ​ដ៏​មហិមា​របស់​ប្រទេស ចាប់តាំងពី​សម័យ​ស្តេច ត្សា​រ នៃ​សតវត្ស​ទី ១៧ ស្តេច ភី​ធើរ ដ៏​មហិមា (Peter the Great) និង ស្តេច កា​តេ​រី​ន ដ៏​មិ​ហ​មា (Catherine the Great)​។​

​ប្រជា​ប្រី​យ៍​ភាព​ដែល​ធ្វើអោយ​គ្រប់គ្នា​ស្រឡាំងកាំង និង​អូស​បន្លាយពេល​ដ៏​យូរ របស់ ពូ​ទីន ដូចដែល​មានការ​ធានា ក្នុងការ​ស្ទង់​សាធារណមតិ​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ដ៏​ច្រើន វា​មាន​លើសពី​អ្វីដែល​គេ​បានឃើញ នៅក្នុង​ប្រជាធិបតេយ្យ​លោកខាងលិច​។ ក្រៅពី​ការធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០១១ ដែល​គាត់​បាន​ហក់​ឡើង​មកវិញ អ្នក​ដែល​ចូលចិត្ត ពូ​ទីន មិនដែល​ស្ថិតនៅក្រោម ៦៥% ទេ ហើយ​ជា​ញឹកញយ​តែងតែ​លើសពី ៨០% ផង ហើយ​អ្នក​ដែល​មិន​ចូលចិត្ត​គាត់ ច្រើនតែ​ស្ថិតក្នុង​វ័យ ២០ ឆ្នាំ ឬក៏​ក្មេង​ជាង​នេះ​។ ស្រីៗ ជាពិសេស កើត​ខ្យល់​ដោយសារតែ​ស្ទីល​ថតរូប​បញ្ចេញ​សាច់ដុំ​របស់គាត់ តែ​អ្នក​ទាំងនោះ​មិនមែន​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​តែឯង​ទេ​។ ពូ​ទីន មាន​ប្រជា​ប្រី​យ៍​ភាព​ជាមួយ​ប្រជាជន​រុស្ស៊ី​ភាគច្រើន ទាំង​អ្នកមាន ទាំង​អ្នកក្រ ទាំង​ក្មេង ទាំងចាស់ ជា​រុស្ស៊ី ឬ​ជនជាតិភាគតិច ក៏ដូចជា ទាំង​ជា​បុរស ទាំង​ជា​ស្ត្រី ដោយសារតែ​មានរឿងរ​ប​ស់វា​។ បន្ទាប់ពី​រាប់​សតវត្ស​នៃ​ភាពជា​ខ្ញុំកញ្ជះ​គេ និង​ភាពអត់ឃ្លាន ក្រោម​ស្តេច ត្សា​រ ជាច្រើន​ទសវត្ស​ក្រោយពី​ការធ្វើផែនការ​ពី​ថ្នាក់កណ្តាល និង​ការមិន​បានសំរេច​ដូច​បំណង ក្រោម​ការដឹកនាំ​របស់​ពួក​កុ​ម្មុយ​និ​ស្ត និង​ក្រោយ​មួយ​ទសវត្ស​នៃ​ភាពវឹកវរ និង​ការខ្វះខាត ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ ពូ​ទីន បានធ្វើអោយ​មាន​ស្ថេរភាព និង​វិបុលភាព​។​

​នៅ​ដំណាច់ឆ្នាំ ២០០៦ ចំណុចកណ្តាល​នៃ​ការ​សោយរាជ​របស់គាត់​គិត​មកដល់​សព្វថ្ងៃនេះ គាត់​បានធ្វើអោយ​ល្បីឈ្មោះ​។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​រុស្ស៊ី កើនឡើង​សឹងតែ​បី​ដង លើសពី​រយៈពេល​បួន​ឆ្នាំមុន ខណៈដែល​ធន​បំរុង​បាន​កើន​ជាង ៦ ដង ប្រាក់​រូ​ប្ល មាន​ស្ថាន​ភាពរឹងមាំ អតិផរណា​ត្រូវបាន​កាត់បន្ថយ​ពាក់កណ្តាល សេដ្ឋកិច្ច​កើនឡើង​ក្នុង​ម្តុំ ៧% ដែល​សឹងតែ​គ្រប់គ្នា​ត្រូវបាន​ធ្វើអោយមាន​ស្ថាន​ភាពល្អ​ជាង​មុន​។ ទោះបី​មានការ​ធ្លាក់ចុះ​ថ្មីៗ នេះ ធ្វើអោយ​ប៉ះទង្គិច​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ដែល​ពឹង​ផ្អែកលើ​ថាមពល​យ៉ាងខ្លាំង​ជាពិសេស​ក៏ ដោយ ពេលនោះ​ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់ចុះ ៨% ក្នុង​ឆ្នាំ ២០០៩ ប្រទេស​រុស្ស៊ី​ក៏ ឆាប់​ងើប​ឡើងវិញ ហើយ​សព្វថ្ងៃ​អួតខ្លួន​ថា ជា​សេដ្ឋកិច្ច​កំពុង​រីកចំរើន​លឿន​បំផុត​ទី​បី នៃ​ពិភព លោក​។ ដោយនិយាយ​រឿង​ទាំងនេះ ចាប់តាំងពី ពូ​ទីន ឡើងកាន់​អំណាច​នៅ​ដំណាច់ឆ្នាំ ១៩៩៩ ផលិតផល​ក្នុងស្រុក​សរុប​គិត​ជា​មនុស្ស​ម្នាក់ៗ កើនឡើង​ប្រមាណ​ជា ៦ ដង យោងតាម​មូលនិធិ​រូបិយវត្ថុ ហើយ​ប្រាក់ចំណូល​សល់​ពី​ការ​កាត់​ពន្ធ​ហើយ ក៏មាន​កំរិត​ខ្ពស់បំផុត​មិន ធ្លាប់មាន​ដែរ​។​

​ការសំរេចបាន​ខាង​សេដ្ឋកិច្ច​នោះ ដែល​គិត​ចូល​ទាំង​ការរកបាន​សមាជិកភាព​វណ្ណៈ​ខ្ពស់​របស់​រុស្ស៊ី ជា​ប្រទេស G8 មួយ ជា​ហេតុផល​គ្រប់គ្រាន់​ដើម្បី​នឹង​បោះឆ្នោតអោយ​ម្តងទៀត ដល់​អ្នកណា​ក៏ដោយ តែ ពូ​ទីន មានការ​សក្តិសម​ជាង​សំរាប់​គាត់ គឺ ការស្តារ​ឡើងវិញ​មោទនភាព​ជាតិ​រុស្ស៊ី​។ ក្រោយពី​ការដួលរលំ​នៃ​ចក្រភព​សូ​វៀត ពួក​រុស្ស៊ី បាន​ជួបនឹង​ក្តី​អាម៉ាស់ ពី​ការបាត់បង់ ស្ថាន​ភាពជា​មហាអំណាច​កំពូល ក៏ដូចជា រដ្ឋ​រណប​ជាច្រើន ហើយ​ក្លាយជា​ប្រទេស​ខូច​ទឹកចិត្ត ដែល​លោកខាងលិច​បង្វិល​បាន​តាមតែ​អំពើ​ចិត្ត​។​

​លែង​អញ្ចឹង​ទៀតហើយ​។ ក្រោម​ការដឹកនាំ​របស់​ពូ​ទីន ជាថ្មី​ម្តងទៀត រុស្ស៊ី បង្ហាញ​សាច់ដុំ ដំ​អោយ​សំប៉ែត​នូវ​ការបះបោរ​ផ្តាច់ខ្លួន​នៅ ឈៀ​ឆ្ញៀ ឈ្លានពាន​ប្រទេស ហ្សេ​អ័​រ​ហ្ស៊ី ដាក់​ប្រទេស​អ៊ូ​ក្រែ​ន អតីត​រដ្ឋ​រណប​អោយនៅ​មួយកន្លែង បង្ខំ​សហរដ្ឋអាមេរិក​អោយ​បោះបង់​ផែនការ​ដាក់តាំង​ប្រព័ន្ធ​ការពារ​ទប់ទល់​កាំជ្រួច នៅ​ប៉ូឡូញ និង​សាធារណរដ្ឋ​ឆេ​ក និង​បង្ក្រាប​ផែនការ​សហរដ្ឋអាមេរិក សំរាប់​ប្រទេស​ស៊ី​រី តាមរយៈ​ការបោះឆ្នោត​វ៉េតូ​នៅ​សហប្រជាជាតិ និង​ដោយ​ការតាំង​នាវា​ដឹក​យន្តហោះ​របស់​រុស្ស៊ី នៅ​នឹង​ច្រាំង​សមុទ្រ​នៃ​ប្រទេស​ស៊ី​រី​។ អ្វីដែល​ប្រទេស​លោកខាងលិច មើលឃើញថា ជាការ​សម្លុត ឬ សូម្បីតែ “​គួរអោយ​ស្អប់​” ផង​នោះ បើ​ដកស្រង់​ការរៀបរាប់​ពី​ចរិតលក្ខណៈ​របស់ ហៀ​ឡា​រី គ្លី​ន​តុ​ន ពី​ការបោះឆ្នោត​វ៉េតូ​របស់​រុស្ស៊ី សាធារណ មតិ​រុស្ស៊ី ជាទូទៅ​ឃើញថា វា​ជា ការគួរ​អោយ​សរសើ និង​ប្រកបដោយ​កិត្តិយស​ទៅវិញ​ទេ​។ ខណៈដែល​រដ្ឋបាល​អូ​បា​ម៉ា កំពុង​ពិចារណា​ពី​កា​រព​ង្រួ​ញ​យ៉ាងខ្លាំង​នូវ​ចំណាយ​យោធា ក្នុងនោះ ការកាត់បន្ថយ ៨០% នូវ​គំនរ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​តាំង ពូ​ទីន កំពុងតែ​ឈរឈ្មោះ ស្វែងរក​ការជាប់ឆ្នោត​ជាថ្មី ជាមួយនឹង​ការសន្យា​ពង្រីក​សមត្ថភាព​យោធា​របស់​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​។​

​ចុះ​ទីបំផុត​វា​យ៉ាងម៉េច​? ទោះបីជា​មានការ​សន្ម​ត់​ពី​របប​របស់គាត់​ថា មិនជា​គួរ​អោយមាន​កិត្តិយស​ក៏ដោយ ដូចជា​ការរីក​រាលដាល​នៃ​អំពើពុករលួយ និង​ភាព​មានជីវិត​មិនយូរ​នៃ​ពួក​អ្នករាយការណ៍​ពត៌មាន​ដែល​ម៉ឺងម៉ាត់​ហួសពេក មានការ​រំពឹងថា ពូ​ទីន នឹង​ឈ្នះ​ហោចណាស់ ៦៦% នៃ​សន្លឹកឆ្នោត ក្នុងការ​បោះឆ្នោត​នា​ថ្ងៃអាទិត្យ ដោយ​នាំមុខ​ប្រមាណ​ជា ៥០ ភាគរយ លើ​គូប្រជែង​នៅ​កៀក​នឹង​គាត់​បំផុត ដែល​ស្ថិតនៅ​ប្រមាណ​ជា ១៥% ប៉ុណ្ណោះ​។​

​រួមជាមួយ​ស្ថានភាព​ដែល​ពិភពលោក​ចេញ​ផុតពី​ការធ្លាក់ចុះ​ខាង​សេដ្ឋកិច្ច និង​ត្រូវការ​ប្រេង និង​ឧស្ម័ន​កាន់តែច្រើន​ពី​រុស្ស៊ី ដែលមាន​ទំហំ​ដល់​ទៅជិត​ពីរភាគបី នៃ​ផលទុន​ពី​ការនាំចេញ​របស់​រុស្ស៊ី ពាក់កណ្តាល ឬក៏​លើស​នេះ ក្នុង​ថវិកា​របស់​រដ្ឋាភិបាល ហើយក៏​ប្រមាណ​ជា ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស វា​ជា​ការងាយ​ណាស់​ដើម្បី​នឹង​ប្រមើល​ពី​ការបន្ត​ទៅទៀត​នៃ​វិបុល​កម្ម​ក្នុង​អាណត្តិ​ទី​បួន​របស់ ពូ​ទីន​។ វា​ក៏​ជាការ​ងាយ ដើម្បី​នឹង​ប្រមើល​ពី​ការដួលរលំ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​បន្ទាប់ពីនោះ ក្រោយពី​ការដួលរលំ​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​។​

​ទោះបីថា ស្ថានភាព​ទូទៅ​នៃ​ប្រទេស​រុស្ស៊ី បានល្អ​ឡើង​ហ​ច្រើន​ក្នុង​ទសវត្ស​កន្លងទៅ​ក៏ដោយ ប្រទេស​នៅ​មិនទាន់​អស់រឿង​រញ៉ីរ​ញ៉ៃ​ទេ​។ ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​រំលឹក​ពី ទំនាញ​ស្ថានការណ៍​រុស្ស៊ី ពេលដែល ពូ​ទីន ឡើងកាន់​អំនាច ដែល​តាម​ការលើកឡើង​របស់​អ្នកវិភាគ​នយោបាយ​រុស្ស៊ី គាត់ ត្រូវ​ទទួល​មរ​ត​ក៌​មួយ ដែល ពួកសេរីនិយម បាន លក់​ប្រទេស​ទាញយក​ចំណេញ​ពី​ធនធានធម្មជាតិ​ដាក់ចូល​ហោប៉ៅ ដែល​មិន​ធ្លាប់មាន ក្នុងខណៈដែល​ប្រទេស​កំពុងតែ​ងើបឡើង​ពី​ការស្រុតចុះ​ដោយ​របប កុ​ម្មុយ​និ​ស្ត​និយម​។​

​និយាយ​ពី​ពួកសេរីនិយម​រុស្ស៊ី ឃើញថា​មាន​បក្ស​សេរីនិយម​មួយចំនួន ដែលមាន​ការគាំទ្រ និង​ជាពិសេស​មាន​តំណាង​នៅក្នុង​សភា​។ បិតា​នៃ​លទ្ធិ​សេរីនិយម​រុស្ស៊ី ត្រូវបាន​ភាគច្រើន​គិតថា គឺ Mikhail Speransky (​មករា ១៧៧២ – កុម្ភៈ ១៨៣៩) ហើយ​ដែល​គំនិត​របស់គាត់​ត្រូវបាន​ពួក​មូល​វិ​វដ្ត​និយម​រុស្ស៊ី​ជ​ណាន់​សតវត្ស​ទី ១៩ លើក​មក​បកស្រាយ​។ បក្ស​ប្រជាធិបតេយ្យ​សេរី​រុស្ស៊ី មិនត្រូវ​បាន​ប្រភព​ឯកសារ​លោកខាងលិច​ចាត់ទុកថា​ជា ពួកសេរីនិយម​ទេ តែ​ជា ពួក ជាតិនិយម ស្តាំនិយម និង​ប្រជា​និយម ដោយសារតែ​សំអាង​ទៅលើ​ការអះអាង​របស់​បក្ស​នេះ ថា “​ខ្លួន​ជា​ពួក​កណ្តាល​និយម និង​កែទម្រង់​”​។

​ដោយ​អះអាងថា “​វណ្ណៈ​បញ្ញា​វ័​ន្ត​សេរីនិយម​រុស្ស៊ី ក្លាយជា​ជនរងគ្រោះ​នៃ​ឧ​ត្ត​ម​គតិ​របស់ខ្លួន​” លោក Boris Kapustin នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី និយាយថា សេរីនិយម​រុស្ស៊ី​កំពុង ស្ថិតក្នុង​វិបត្តិ ហើយ​បើ​និយាយ​ជា​នយោបាយ​វិញ សឹងតែ​ថា លែងមាន​អត្ថិភាព​ទៅហើយ​។ ពួកនេះ មិនមាន​តំណាង​ក្នុង​សភា​ទៀត​ទេ ដោយ​បាត់​ខ្លួន​ពី​ការយកចិត្តទុកដាក់រ​បស់​សាធារណៈមតិ​រុស្ស៊ី​ទៅហើយ សូម្បីតែ​ក្នុងចំណោម​បញ្ញវ័ន្ត​រុស្ស៊ី​ផង​។ ពាក្យ​ថា សេរីនិយម​រុស្ស៊ី សំដៅ​ទៅដល់​ការអនុវត្ត​ជា​កើ​ស្តែង ឬ​ភ្នាក់ងារ​នយោបាយ​ទាំងឡាយ​ដែល​ប្រកាន់​យកគំនិត​សេរីនិយម ទាំង​សេរីនិយម​ថ្មី ទាំង​សេរីនិយម​សង្គម ដូចដែល​បាន​ជំរាបជូន​ខាងលើ​។ បើ​យោងតាម​ការវិភាគ​នេះ ឃើញថា ការដែល ពូ​ទីន ទទួលបាន​អាណត្តិ​ប្រធានាធិបតី​ថ្មី មិន​ដូចជា ហេតុផល​ទាំងឡាយ ដែល​សារពត៌មាន ក៏ដូចជា​មេដឹកនាំ​លោកខាងលិច​មួយចំនួន អះអាង​ទេ​។​

​ដូច​បាន​អះអាង​រួចហើយ​ដែរ កំហុស​ក្នុងដំណាក់កាល​នៃ​ការដឹកនាំ​ដណ្តើម​អំណាច​ពី ហ្គ័​របា​ឆូវ ត្រូវបាន ពូ​ទីន កែសម្រួល ពេលដែល គាត់​ដេញ​ពួក​អប្ប​ជ​នា​ធិបតេយ្យ ចេញពី​វិមាន​ក្រឹម​ឡាំង ពេលដែល​ឡើងកាន់​អំណាច​។ សារៈសំខាន់ ត្រង់​នេះឯង ដែលមាន​មនុស្ស​ជាច្រើន​បាន​ភ្លេច​វា​។ បើ មិនបាន​ស្រាយ​សំអាត​បញ្ហា​ទាំង​នោះទេ រុស្ស៊ី​មិនអាច​មាន​ថ្ងៃនេះ​ទេ ហើយក៏​មិនអាច​ល្អ​ជាង​មុន​បានដែរ​។ អ្នកវិភាគ​រុស្ស៊ី​មួយចំនួន គិតថា អ្នក​ទាំងឡាយណា​ដែល​ច្រានចោល​ជ័យជំនះ​របស់​ពូ​ទីន លើ​ពូក អប្ប​ជ​នា​ធិបតេយ្យ ពិតជា​មិនអាច​នឹង​ដឹងបាន​ទេ​ថា តើ​មេដឹកនាំ​ពិភពលោក​ប៉ុន្មាន ដែល​បានទទួល​ជោគជ័យ​ក្នុងការ​ប៉ះទង្គិច​ជាមួយនឹង​វណ្ណៈ​ធុរៈកិច្ច ក្នុងពេល​ថ្មីៗ នេះ​។ ចម្លើយ​ដ៏​ងាយ ដូចដែល​គេ​និយាយ គឺ “​គ្មាន​ម្នាក់​ទេ​”​។​

​រហូតមកទល់​គ្នា​នឹង​ពេល​ថ្មីៗ នេះ សហរដ្ឋអាមេរិក គឺជា​អ្នក​នាំចូល​ធំ​បំផុត​នូវ​ឧស្ម័ន​ធម្មជាតិ ក្នុង​ពិភពលោក​។ ពេលនេះ សហរដ្ឋអាមេរិក ជា​អ្នក​នាំចេញ​ឧស្ម័ន​ធម្មជាតិ​សំខាន់​មួយ អាស្រ័យ​ដោយមាន​បច្ចេកវិទ្យា​ថ្មី ក្នុងការ​ទាញយក​ឧស្ម័ន ដែល​ធ្វើអោយមាន​ការផ្គត់ផ្គង់​បាន​យ៉ាង​ធំ​ទូលាយ​។ សហរដ្ឋអាមេរិក នៅតែ​ជា​អ្នក​នាំចូល​ប្រេង​ដ៏​ធំ​បំផុត​។ សហរដ្ឋអាមេរិក អាច​នឹង​ក្លាយជា​ប្រទេស​នាំ​ប្រេង​ចេញ​មួយ នៅពេល​ឆាប់​ខាងមុខ អាស្រ័យ​ដោយ​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​ទាញយក​ប្រេង ដែល​អាច​នឹងធ្វើ​អោ​យស​ហ​រដ្ឋ​អាមេរិក ក្លាយជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​លើ​ពិភពលោក​បាន​។​

​ពេលនេះ​ជា​ប្រទេស​នាំចូល​យ៉ាងសំខាន់​នូវ​ប្រេង និង​ឧស្ម័ន ចិន​មាន​សក្តានុពល​ធំ​បំផុត​ទី​ពីរ លើ​ពិភពលោក សំរាប់​ការទាញយក​អ៊ី​ដ្រូ​កា​បោ​ន (​ជា​ធនធាន​ថាមពល​សំខាន់បំផុត​មួយ​នៃ​ផែនដី​ប្រើ​ជា​ឥន្ធនៈ ហើយ​បើជា​រូបធាតុ​រឹង មាន​ទំរង់​ជា asphalt ឬ​កៅស៊ូ​ចាក់​ថ្នល់​) ដែល​ពេលនេះ​កំពុងអភិវឌ្ឍន៍​។ ប្រទេស​នានា​នៅ​អឺរ៉ុប ដូចជា ប៉ូឡូញ អ៊ូ​ក្រែ​ន និង​អង់គ្លេស ក៏មាន​អាង​បំរុង​ដ៏​ធំ​នៃ​អ៊ី​ដ្រូ​ការ​បោ​ន ដែល​អា​ញ​ទាញយក​បានដែរ ធ្វើអោយ​អឺរ៉ុប​ទាំងមូល​មាន​ក្តីសង្ឃឹម ពី​ការផ្គត់ផ្គង់​ខ្លួន​ដោយ​ខ្លួនឯង​ក្នុង​ផ្នែក​ថាមពល ជាពិសេស ដោយសារ​ប្រទេស​អឺរ៉ុប​ទាំងឡាយ​នៅ​នឹង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ទើបតែ​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ស្រទាប់​ដ៏​ធំ​នៃ​ប្រេង និង​ឧស្ម័ន​ធម្មតា ដែល​ដេក​នៅក្រោម​បាតសមុទ្រ​។ ប្រភព​ថ្មី និង​ធំៗ នៃ​ឧស្ម័ន និង​ប្រេង នឹង​ជន់​ជោរ​ចូល​ទីផ្សារ​អន្តរជាតិ ហើយក៏​សកម្មភាព​ធ្វើអោយមាន​សម្ពាធ​លើ​ប្រាក់ចំណូល ដែល​សេដ្ឋកិច្ច​រុស្ស៊ី​ពេលនេះ​កំពុង​អាស្រ័យ​លើ ខណៈដែល​ក៏​កំពុងតែ​មានការ​រកឃើញ​ថ្មី សំខាន់ៗ នូវ​ប្រេង និង​ឧស្ម័ន នៅ​អាហ្វ្រិក និង​អាមេរិក​ខាងត្បូង​។​

​រូបមន្ត​របស់​ពូ​ទីន សំរាប់​ជោគជ័យ​សេដ្ឋកិច្ច មិន​ខុសគ្នា​ពី ស្តេច ភី​ធើ មហិមា និង កា​តេ​រី​ន មហិមា ទេ ដែល នាំចូល​បច្ចេកវិទ្យា​ពី​លោកខាងលិច មក​អភិវឌ្ឍន៍​វត្ថុធាតុដើម​របស់​រុស្ស៊ី សំរាប់​ការនាំចេញ ភាគច្រើនបំផុត ក្រោម​ការ​គៀប​យ៉ាង​តឹង​នៃ​ការត្រួតត្រា​របស់​រដ្ឋ​រុស្ស៊ី​។ ទាំង​ហ្វូង​ស្តេច ត្សា​រ នា​សតវត្ស​ទី ១៨ ទាំង​អ្នក​បន្តវេន​ក្រោយៗ មក មិនបាន​រំដោះ​សេដ្ឋកិច្ច​រុស្ស៊ី ទេ នៅតែ​ទុកអោយ​សេដ្ឋកិច្ច​នេះ​អន់ថយ និង​ទីបំផុត​គឺ​ងាយ​រងគ្រោះ ទោះបីថា រុស្ស៊ី មាន​ធនធានធម្មជាតិ​ដ៏​សន្ធឹកសន្ធាប់​ក៏ដោយ​។ ប្រទេស​រុស្ស៊ី របស់ ពូ​ទីន ក៏​នឹងមាន​ជោគវាសនា​ដូចគ្នា​មិន​ខាន បើសិនជា​នៅក្នុង​អាណត្តិ​ដែល​សេសសល់​របស់គាត់ៗ បន្ត​ដើរ​តាមដាន​នៃ​អ្នកកាន់អំណាច (​រុស្ស៊ី​) មុន​គាត់​។​

​ដូច​បាន​ជំរាប​ពី​ខាងដើម សហរដ្ឋអាមេរិក អបអរសាទរ​ប្រជាជន​រុស្ស៊ី ពី​ការបញ្ចប់​នូវ​ការបោះឆ្នោត​ប្រធានាធិបតី តែ មិន​អបអរ​ចំពោះ ពូ​ទីន ជា​បុគ្គល​ទេ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស និយាយ​ជាមួយ ពូ​ទីន តាម​ទូរស័ព្ទ ពី “​ការកសាង​ទំនាក់ទំនង​អោយ​រឹងមាំ​” ទោះបី​មាន​ការមិនចុះសំរុង​គ្នា និង​ចំនុច​គួរអោយ​ព្រួយបារម្ភ​ក៏ដោយ តែ​ក៏​មិនបាន​ជូនពរ​ប្រធានាធិបតី​ជាប់ឆ្នោត​នេះ​ផង​ទេ​។ ដូចគ្នា​ដែរ Catherine Ashton ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប ប្រកាស​ដឹងលឺ​ពី​លទ្ធផល​បថ​ម​នៃ​ការបោះឆ្នោត និង​ជា​ជោគជ័យ​យ៉ាងច្បាស់​របស់ វ្លា​ឌី​មៀរ ពូ​ទីន តែ​ក៏​មិន​អបអរ​ដោយផ្ទាល់​ជា​បុគ្គល ចំពោះ​ប្រធានាធិបតី ក្លាយជា នាយករដ្ឋមន្ត្រី និង​ក្លាយជា​ប្រធានាធិបតី​ម្តងទៀត ពី​ជោគជ័យ​របស់គាត់​ដែរ​។

​យ៉ាងណាក្តី មានប្រតិកម្ម​យ៉ាង​កក់​ក្តៅ​ពី​ដៃគូ​សំខាន់បំផុត​មួយ គឺ​ប្រទេស​អាឡឺម៉ង់​។ អធិការបតី Angela Merkel បាន​អបអរសាទរ ពូ​ទីន និង​ធានា​អះអាង​នឹង​គាត់​ថា លោកស្រី​នឹង​បន្ត​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រវាង អាឡឺម៉ង់ និង​រុស្ស៊ី​។ ប្រធានាធិបតី​បារាំង អបអរ វ្លា​ឌី​មៀរ ពូ​ទីន និង​សំដែង​ក្តីសង្ឃឹម​សំរាប់​ការធ្វើអោយមាន​កិច្ចសហប្រតិបត្តិការ​ស្ថាបនា រវាង បារាំង និង​រុស្ស៊ី​។ ក្រៅពីនេះ មេដឹកនាំ​នៃ​រដ្ឋ​ឯករាជ្យ​ក្នុង Commonwealth ប្រធានាធិបតី អ៊ីរ៉ង់ ស៊ី​រី វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា ចិន និង​ជប៉ុន សុទ្ធតែ​បាន​អបអរ​ដល់​ជ័យជំនះ​របស់ វ្លា​ឌី​មៀរ ពូ​ទីន​។ លោកអ្នក​ពិតជា​គិត​ហើយ​មែន​ទេ ថា​ប្រទេស​តាំង​នេះ កំពុង​តែមាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​រុស្ស៊ី ទាំង​លើ​វិស័យ​ការទូត វិស័យសេដ្ឋកិច្ច ធុរៈកិច្ច យោធា និង​នយោបាយ​។ ដូចនេះ មិនមាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​។​

​យ៉ាងណាក្តី បទពិសោធន៍​រុស្ស៊ី​មួយ​នេះ​បង្ហាញ ប្រជាជន​រុស្ស៊ី ភាគច្រើន បន្ទាប់ពី​វិបត្តិ​មនោគមន៍វិជ្ជា នយោបាយ និង​សេដ្ឋកិច្ច ទីបំផុត បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​ឡើងវិញ សម្លឹង​ឃើញ​យ៉ាងច្បាស់​ថា មិនមាន​អ្វី​ប្រសើរ​ជាង មេដឹកនាំ​ដែល​បានផ្តល់​នូវ​អ្វី ដែល​ពិ​មុន​មិន​ធ្លាប់មាន ទាំង​ក្នុង​កំរិត​បុគ្គល និង​កំរិត​ជាតិ​នោះឡើយ​។ គង​ថ្ងាស​បន្តិច តើ​ការនិយាយ​អំពី ភាពជា​ខ្ញុំគេ និង​ក្រីក្រ នៅ​រុស្ស៊ី ដែល ពូ​ទីន បាន​ឈូស​ចោល វា​មាន​ភាពស្រដៀងគ្នា​អ្វី​ទេ ទៅនឹង​ភាពក្រីក្រ ដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ ក្នុង​ប្រវត្តិសាស្ត្រ​ទាំង​បុរាណ ទាំង​សម័យ​? បើ​នៅ រុស្ស៊ី ស្ថានភាព​ទាំងនោះ​ត្រូវបាន​ធ្វើអោយ​ល្អ​ឡើង ហើយ​ប្រជាជន​ផ្តល់នូវ​ការគាំទ្រ ចុះ​មាន​ហេតុផល​អ្វី​ដែលថា មេដឹកនាំ​ប្រទេស​ដ៏​ទៃ ក្នុងនោះ មាន​ទាំង​កម្ពុជា​ផង មិនអាច​ទទួល​នូវ​ការគាំទ្រ​ដូចគ្នានេះ​បាន​? មកដល់​នេះ យើង​សរុប​ទាំងអស់គ្នា​ថា វ្លា​ឌី​មៀរ ពូ​ទីន ឆ្នើម ឬ​មហិមា គឺជា​ការសំរេចចិត្ត​តែមួយគត់​ដោយ​ប្រជាជន​រុស្ស៊ី​៕

​ហៀ​ល វែ​ល​ឌី ថ្ងៃ​/០៧ មិនា ២០១២

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ វ្លា​ឌី​មៀរ ​ពូ​ទីន​ មហិមា​