ហៀល វែលឌី
អ្នកទស្សទាយចិនមួយចំនួន បានប្រកាសថា ឆ្នាំ ២០១២ ឆ្នាំរោង នឹងជាឆ្នាំនៃការងាយផ្លាស់ប្តូរជាពិសេស។ ដោយអះអាងថា មិនចាំបាច់ជឿតារារាសីចិន ផ្អែកតាមការសិក្សាមួយចំនួន និងការកត់ត្រាទុកនូវស្ថានភាពសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់ និងពិភពលោក Vikram Nehru នៃទាយជ្ជទាន Carnegie ធ្វើការប្រមាណថា ឆ្នាំនេះ អាចជាឆ្នាំមួយដែលវឹកវរសំរាប់ អាស៊ីអគ្នេយ៍។ ក្នុងឆ្នាំ ២០១២ អាស៊ីអគ្នេយ៍ ប្រឈមនឹងលទ្ធភាពមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច ដែលបង្កឡើងដោយការលំបាកខាងម៉ាក្រូសេដ្ឋកិច្ច នៃបណ្តាប្រទេសជឿនលឿន (ពិសេស អឺរ៉ុប តែក៏មានសហរដ្ឋអាមេរិក និងជប៉ុន ផង) ក៏ដូចជា លទ្ធភាព នៃការថយល្បឿនថែមទៀតរបស់ចិន។
សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីភាគអគ្នេយ៍ មិនគ្រាន់តែស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលចាត់ទុកថាមានភាពបើកចំហរបំផុត ចំពោះពាណិជ្ជកម្ម និងលំហូរហិរញ្ញវត្ថុក្នុងពិភពលោកទេ តែ ក៏មានសមាហរណកម្មយ៉ាងជិតស្និត តាមរយៈបណ្តាញផលិតកម្មជាមួយចិន ហើយតាមរយៈ ចិន ជាមួយទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។ ការបើកចំហរចំពោះពាណិជ្ជកម្ម និងហិរញ្ញវត្ថុ បាននាំអោយសេដ្ឋកិច្ចទាំងឡាយនៅអាស៊ីអគ្នេយ៍បានទទួលផលចំណេញយ៉ាងសម្បើម តែ ភាពបើកចំហរពេលនេះ បានធ្វើអោយសេដ្ឋកិច្ចទាំងនោះ មានភាពងាយរងគ្រោះពីសកម្មភាពនៃសេដ្ឋកិច្ចដ៏ទៃ។
មេដឹកនាំ អាស៊ីអគ្នេយ៍ ត្រូវតែមានការព្រួយបារម្ភ។ មានលទ្ធភាពយ៉ាងធំថា អឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ីភាគអគ្នេយ៍ នឹងធ្លាក់ចូលស្ថានភាពធ្លាក់ចុះនៅឆ្នាំ ២០១២ នេះបើថាអ្វីៗ វាប្រព្រឹត្តិទៅយ៉ាងល្អទេ។ ផលប៉ះពាល់ពាណិជ្ជកម្ម មានអ្នកដឹងលឺច្រើន តែអាចថាប៉ាន់ស្មានមិនទាន់ដល់នៅឡើយ ពិសេស បើសិនជា ការធ្លាក់ចុះនៃអឺរ៉ុប ធ្វើអោយឈប់នូវការងើបឡើងវិញទាំងស្រុងនៅសហរដ្ឋអាមេរិក។ ប្រតិឃាតហិរញ្ញវត្ថុ លំបាកនឹងរំពឹងថាយ៉ាងណាៗ បានណាស់ ព្រោះ ទីផ្សារហិរញ្ញវត្ថុសកល កំពុងតែមានសមាហរណកម្មយ៉ាងស្អិតរមួត ដែលការកើនឡើងភ្លាមៗ ក្នុងសេចក្តីត្រូវការសាច់ប្រាក់ បន្ទាប់ពីគ្រោះមិនល្អ ឬការភ្ញាក់ផ្អើលអ្វីមួយនៅអឺរ៉ុប អាចនឹងប្រែដោយងាយទៅជា ការប្រែក្រឡាស់មូលធន (capital reversal) នៅផ្នែកម្ខាងទៀតនៃពិភពលោក។
ក្នុងដំណើរកាលពីពីរឆ្នាំកន្លងទៅនេះ សាច់ប្រាក់ដែលបានចាក់បញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ សកល ដោយធនាគារកណ្តាលអឺរ៉ុប និងស្ថាប័នធនបំរុងសហព័ន្ធសហរដ្ឋអាមេរិក បានហូរយ៉ាងលឿនទៅទើនឹងច្រាំងនៃប្រទេសអាស៊ីភាគអាគ្នេយ៍ ដើម្បីស្វែងរកចំណូលខ្ពស់។ លំហូរទាំងនោះ ក៏អាចនឹងប្រែក្រឡាស់ទិសដៅយ៉ាងងាយដែរ។ នេះ ជាបាតុភូតមួយ ដែលអាស៊ីអគ្នេយ៍បានឃើញបីដងហើយ ក្នុងការចងចាំថ្មីនេះ គឺ មុនវិបត្តិហិរញ្ញវត្ថុអាស៊ី រួចទៅ ការដួលលំនៃធនាគារ Lehman Brothers ឆ្នាំ ២០០៨ និង (មួយចំណែកណានោះ) ដំណើរឈានមករហូតដំណាច់ឆ្នាំកន្លងទៅ។ បើសិនជាវាកើតមានម្តងទៀត ស្ថានភាពវិបត្តិចំពោះសាច់ប្រាក់ (ឬ សន្ទនីយ៍ភាព) អត្រាការប្រាក់ និងអត្រាប្តូរប្រាក់ ក៏ដូចជាការវិនិយោគ និងកំណើន អាចនឹងលំបាកគ្រប់គ្រងជាមិនខាន។ ឥណ្ឌូនេស៊ី ជាប្រទេសដែលមានភាពងាយរងគ្រោះជាងគេ ក្នុងន័យនេះ ដោយសារភាគហ៊ុនដ៏ធំនៃទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី ជារបស់អ្នកមិនតាំងលំនៅក្នុងស្រុក ហើយ មកដល់ពេលនេះ ថៃ និងម៉ាឡេស៊ី ក៏ស្ថិតក្រោមឥទ្ធិពលនេះ។
ការថយចុះ និងការធ្វើតុល្យកម្មឡើងវិញរបស់ចិន ចំពោះប្រភពក្នុងស្រុក បន្ថែមមួយស្រទាប់ ទៀតនៃភាពមិនច្បាស់លាស់សំរាប់អាស៊ីអគ្នេយ៍។ ផលិតផលក្នុងស្រុកសរុប របស់ចិន មានទំហំពីរដងកន្លះនៃអាស៊ីអាគ្នេយ៍ ហើយពេលនេះជាអ្នកនាំចូលធំបំផុតទីពីរនៃពិភពលោក។ ក្នុងតែមួយជំហានខុស ដោយអ្នករៀបចំគោលនយោបាយចិន ខណៈពួកគេស្វះស្វែងធ្វើយ៉ាងណាអោយមានការចុះចតតាមសម្រួល ឬ ផលវិបាកដែលមិនបានរំពឹងទុក ខណៈនៃការឡើងថ្លៃប្រាក់ renminbi ជះឥទ្ធិពលតាមរយៈតម្លៃសនិទាន ទៅក្នុងតារាងតុល្យភាព នៃសហគ្រាស និងធនាគារនានា ក៏នឹងមាន ផលវិបាកដែលអាចហៀរហូរចូលទៅប្រទេសអាស៊ីភាគអគ្នេយ៍។
សេដ្ឋកិច្ចអាស៊ីអគ្នេយ៍ ភាគច្រើនបំផុត មិនមានជំហររឹងមាំដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងការភ្ញាក់ផ្អើលណាមួយ នៅឆ្នាំ ២០១២ ជាងស្ថានភាពដែលពួកគេស្ថិតនៅកាលពីវិបត្តិហិរញ្ញវត្ថុសកលវាយលុកកាលពីឆ្នាំ ២០០៨ ទេ។ ពិតណាស់ អតិផរណាកំពុងតែចុះខ្សោយ ការបំរុងក្រៅប្រទេសកំពុងតែមានបរិបូរណ៌ ហើយកំណើនក៏មានភាពក្លៀវក្លា។ តែ ប្រទេសអាស៊ីភាគអគ្នេយ៍ ភាគច្រើន កំពុងតែអស់លំហរសារពើពន្ធហើយៗ នេះ នឹងកំរិតនូវជំរើសគោលនយោបាយសាធារណៈ ក្នុងការជំរុញសេចក្តីត្រូវការក្នុងស្រុក ក្នុងករណីមានការធ្លាក់ចុះសកលមួយថ្មីទៀត។ ជាងនេះទៀត មានការសង្ស័យយ៉ាងខ្លាំងថា តើចិន នឹងចូលទៅជួយជាថ្មីម្តងទៀត ជាមួយនឹងកញ្ចប់ជំរុញសេដ្ឋកិច្ចដ៏ធំទៀតទេ ដោយសារថារដ្ឋាភិបាលនៅឯនោះ កំពុងតែដោះស្រាយអ្វីដែលនៅសេសសល់ពីបញ្ហាដែលទើបកន្លងទៅ។ នៅទីបំផុត ដោយលើកប្រទេសសិង្ហបុរី មួយចេញ សេដ្ឋកិច្ចអាស៊ីអគ្នេយ៍ ពឹងផ្អែកក្នុងកំរិតខុសៗ គ្នា លើការនាំចេញទំនិញ និងធនធានធម្មជាតិ ហើយតម្លៃទំនិញ ក្នុងពេលខាងមុខនេះ ក៏មានសភាពមិនខ្ជាប់ខ្ជួនផងដែរ។
តាមវ៉ែបសាយត៍ Bloomberg ថ្ងៃ ២៧ កុម្ភៈ ២០១២ អោយដឹងថា ប្រធានធនាគារពិភពលោក Robert Zoellick អះអាងថា ចិន នឹងមានការថយចុះកំណើនសេដ្ឋកិច្ចតិចតួចនៅឆ្នាំនេះ ទោះបីជារដ្ឋាភិបាលត្រូវធ្វើការរុះរើសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងវិត្ថារកម្មសំរាប់ពីរទសវត្សខាងមុខនោះក៏ ដោយ។ បន្ទាប់ពីមានការវិភាគជាច្រើនថា សេដ្ឋកិច្ចចិន នឹងត្រូវថយចុះយ៉ាងខ្លាំងដោយសេដ្ឋវិទូលោកខាងលិចជាច្រើន ក្នុងការផ្សព្វផ្សាយរបាយការណួមួយក្រោមចំណងជើង “ចិន ឆ្នាំ ២០៣០” រៀបរៀងដោយអ្នកស្រាវជ្រាវជាម្ចាស់កម្ចី និងរដ្ឋចិន Robert Zoellick យកការសន្និដ្ឋានមួយថា សេដ្ឋកិច្ចចិន អាចនឹងមាន “ការចុះចតក្នុងកម្រិតសម្រាលទម្ងន់បាន” ដោយជុនជាមតិថា ប្រទេសចិនត្រូវរៀបចំតួនាទីរបស់រដ្ឋាភិបាលឡើងវិញ កែសំរួលរចនាសម្ព័ន្ធសហគ្រាសរដ្ឋ និងជាបណ្តើរៗ អនុញ្ញាតអោយមានអត្រាការប្រាក់កំណត់ទៅតាមទីផ្សារ។
កាលពី ខែវិច្ឆិកា ២០១១ ធនាគារពិភពលោក បាននិយាយថា ចិន កំពុងឆ្ពោះទៅមានការថយចុះបន្តិចបន្តួចក្នុងកំណើនលើសពី ៨% ក្នុងឆ្នាំ ២០១២ ហើយក៏មានលទ្ធភាពដើម្បីនឹងសម្រាលការប៉ះទង្គិចនៃសេដ្ឋកិច្ចរបស់ខ្លួន ពីការរីករាលដាលនៃវិបត្តិបំណុលអឺរ៉ុបផងដែរ។ របាយការណ៍ ចិន ២០៣០ បានជមរុញអោយចិន “ពង្រឹងប្រព័ន្ធសារពើពន្ធ” និងធានាថា “រដ្ឋាភិបាលមូលដ្ឋាន មានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីស្រាយការទទួលខុសត្រូវកាន់តែធ្ងន់ឡើង និងឡើងមិនឈប់”។ គួរបញ្ជាក់ថា រដ្ឋាភិបាលមូលដ្ឋានចិន មានឲបំណុលប្រមាណជា ១,៧ ពាន់/ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ ២០១០ ក្នុងនោះ ៧៩% ត្រូវសងទៅធនាគារ។
ពិតណាស់ ប្រទេសនិមួយនៅអាស៊ីភាគអគ្នេយ៍ មានស្ថានភាពមិនដូចគ្នាទេ។ នៅចុងម្ខាងគឺ ឥណ្ឌូនេស៊ី ដែលមានជំរើសនយោបាយច្រើន ដោយសារតែមានកំណើនរឹងមាំ (៦.៤% ក្នុងឆ្នាំ ២០១១) មានបន្ទុកបំណុលរដ្ឋាភិបាល និងក្រៅប្រទេសទាប ហើយមានឱនភាពសារពើពន្ធតូចផង។ នៅចុងម្ខាងទៀត គឺវៀតណាម ដែលរងគ្រោះពីការវាយលុកមួយដងមួយយាម ពីអស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច (ដូចជា អតិផរណាឡើងលើស ១៨% ក្នុងឆ្នាំ ២០១១) បន្តនៅមានឱនភាពគណនីចរន្តក្រៅប្រទេស និងសារពើពន្ធខ្ពស់ មានវិស័យសហគ្រាសរដ្ឋធំ ដែលកំពុងត្រូវការអោយមានការកែទំរង់ និងកំពុងតែរងគ្រោះពីការកើនឡើងនៃចំនួនកូដកម្មការងារមិនផ្លូវការ។
តាមទស្សនាវត្តី The Jakarta Globe ថ្ងៃ ១៥ កុម្ភៈ ២០១២ មានការយល់មិនចុះសម្រុងគ្នារវាងប្រធានាធិបតី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឥណ្ឌូនស៊ី ស្តីកំណើនក្នុងឆ្នាំ ២០១២។ ខណៈដែលប្រធានាធិបតី ស៊ូស៊ីឡូបាំបាំង យូដ្យូណូ មានជំនឿថា ឥណ្ឌូនេស៊ី អាចសមិទ្ធិកំណើនសេដ្ឋកិច្ចបាន ៦,៧% ក្នុងឆ្នាំនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ហាក់ដូចជាមិនសូវជាច្បាស់ក្នុងចិត្តទេ។ ការនេះ បានធ្វើអោយមានការបន្ថយការព្យាករណ៍កំណើន មកត្រឹមតែក្នុងរង្វង់ពី ៦,៥% ទៅ ៦,៦% ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលអាចកើតមាន ពីវិបត្តិអធិបតេយ្យ (បំណុលរដ្ឋាភិបាល) និងការថយកម្លាំងសេដ្ឋកិច្ចសកល។ គួរកត់សំគាល់ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ី ត្រូវបានពង្រីក ៦,៥% កាលពីឆ្នាំកន្លងទៅ ធ្វើអោយឥណ្ឌូនេស៊ី នាំមុខសេដ្ឋកិច្ចរីកចំរីនថ្មីដូចគ្នា មានយ៉ាង ម៉ាឡេស៊ី និងថៃ។
ល្បឿនកំណើននេះ មានកំរិតខ្ពស់ធៀបទៅឆ្នាំ ១៩៩៦។ គួរកត់សំគាល់ថា ទោះបីជា ឥណ្ឌូនេស៊ី អាស្រ័យខ្លាំងណាស់ទៅលើការប្រើប្រាស់ក្នុងស្រុក ដើម្បីជួយអោយប្រទេសអាចធនទ្រាំនឹងភាពមិនប្រាកដប្រាជានៃសេដ្ឋកិច្ចសកលបានមែន តែឥណ្ឌូនេស៊ី បានចាប់ផ្តើមមើលឃើញសញ្ញាធ្លាក់ចុះនៃការនាំចេញ។ កំណើនការនាំចេញនៅក្នុងខៃ ធ្នូ ២០១១ បានធ្លាក់ទៅនៅត្រឹមតែ ២.២% ធៀបទៅឆ្នាំមុន បន្ទាប់ពីកើនដល់ ១០,២% ក្នុងខែវិច្ឆិកា។ ក្នុងនោះ ថ្នាក់ដឹកនាំសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានបង្ហាញនូវការព្រួយបារម្ភ ពីការហក់ឡើងនៃថ្លៃប្រេងឆៅ នឹងប្រការដែលថា ឥណ្ឌូនេស៊ី អាចនឹងមិនអាចសំរេចគោលដៅផលិត ៩៥០ ពាន់ធុងក្នុងមួយ ថ្ងៃនាឆ្នាំនេះ។
ថ្ងៃ ០១ មករា ២០១២ តាមវ៉ែបសាយត៍ VOV អ្នកវិភាគបានកំណត់ថា សេដ្ឋកិច្ចវៀតណាម កាន់តែមានការពឹងអាស្រ័យនសសដ្ឋកិច្ចសកល ហើយក៏មានការលំបាកនឹងអូសទាញការវិនិយោគត្រង់ពីបរទេស នៅក្នុងពេលខាងមុខ ដោយសារតែបញ្ហាកើតមាននៅតាមក្រុមហ៊ុនធំៗ នៅឯបរទេស។ មានការសិក្សាថា វៀតណាម នៅតែជាចំណុចទាក់ទាញក្នុងតំបន់ គិតពីការទាក់ទាញការវិនិយោគត្រង់ពីបរទេស ហើយថា ថ្វីបើមានការធ្លាក់ចុះនូវការវិនិយោគត្រង់ពីបរទេសក៏ដោយ ក៏មិនមានការដកចេញទៅវិញច្រើន នូវទុនបរទេស ក្នុងរយៈពេលមួយយូរ។ លោក Alain Cany ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអឺរ៉ុប និយាយថា “ទំនុកចិត្តក្នុងធុរៈកិច្ចនៅវៀតណាម កំពុងតែស្រុតចុះ ដោយសារតែហេតុផលមួយចំនួន ដូចជា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណា និងអត្រាការប្រាក់ខ្ពស់។”
យ៉ាងណាក្តី អ្នកសេដ្ឋកិច្ចនិយាយថា វៀតណាម មានកាលនុវត្តភាពដើម្បីនឹងធ្វើអោយមានចីរភាពកំណើន ដោយគេបានលើកពីសមាហរណកម្មសកល ពិសេសការចូលរួមរបស់វៀតណាមក្នុង ភាពជាដៃគូនៃតំបន់ប៉ាស៊ីហ្វិក ផ្តើមគំនិតដោយសហរដ្ឋអាមេរិក ដែលមានអ្នកជឿថា អាចនឹងជួយអោយវៀតណាម ស្រូបបានទុនបច្ចេកវិទ្យា និងវិនិយោគពីលោកខាងក្រៅ។ យ៉ាងណាក្តី សេដ្ឋកិច្ចវៀតណាមនៅប្រឈមមុខនឹងបញ្ហាជាច្រើន មានដូចជាដំណើរការរដ្ឋបាល ប្រព័ន្ធពត៌មាន ថាមពល និងការដឹកជញ្ជូន។ ជាការពិតណាស់ថា សមាហរណកម្មសកល បាននាំអោយវៀតណាមនូវការប្រឈម និងកាលានុវត្តភាពក្នុងពេលជាមួយគ្នា តែអ្វី ដែលសេដ្ឋវិទូជាច្រើនចោទសួរ គឺ ជាមួយនឹងកាលានុវត្តភាព តើវៀតណាមនឹងធ្វើអ្វី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព។
វៀតណាមមានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលចង់រក្សាកំណើនសេដ្ឋកិច្ច ៦% និងរក្សាអត្រាអតិផរណាអោយនៅក្នុងកំរិតមួយខ្ទង់លេខ។ ក្នុងពេលជាមួយគ្នានោះ តាមផែនការ វៀតណាមចង់អោយកំរិតការចំណាយថវិការដ្ឋ ក្រោម ៤,៨% កំណើនឥណទានត្រឹម ១៣% ទៅ ១៥% និងឱនភាពពាណិជ្ជកម្មត្រឹម ១១% ទៅ ១៣%។
នៅក្នុងចន្លោះនៃចុងទាំងសងខាង ឬប្រទេសទាំងពីរ គឺជាសេដ្ឋកិច្ចឯទៀតនៃអាស៊ីភាគអគ្នេយ៍ ដែលសេដ្ឋកិច្ចនិមួយៗ មានកម្លាំង និងភាពងាយរងគ្រោះដោយឡែកៗ ពីគ្នា ដូចជា ថៃ ដែលកំណើននឹងកើនឡើងពី ចំណុចទាបបំផុតក្នុងឆ្នាំ ២០១១ ក្នុងនាមជាសេដ្ឋកិច្ចកសាងឡើងវិញបន្ទាប់ពីទឹកជំនន់បំផ្លាញកាលពីឆ្នាំកន្លងទៅ ម៉ាឡេស៊ី មានថវិកាវិត្ថារកម្មរំពឹងសំរាប់ឆ្នាំនៃការបោះឆ្នោត ឃើញថានៅមានកំនើនក្នុងអត្រាប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ កម្ពុជា និងឡាវ បន្តត្រូវបានជំរុញដោយភាពនៅសម្បូណ៌ធនធានធម្មជាតិ (ក្នុងនោះគិតចូលវារីអគ្គិសនីផង) ក៏ដូចជាទីផ្សារកំពុងកើនឡើងខ្លាំង ក្នុងតំបន់ក្បែរខាងខ្លួន កត់សំគាល់ជាងគេគឺ ចិននិងវៀតណាម ហើយ សិង្ហបុរី និងប្រ៊ុយណេ ដែលជារដ្ឋតូច តែមានទ្រព្យនៃអាស៊ីភាគអគ្នេយ៍ ដែល សិង្ហបុរី ជំរុញដោយអំណាចរបស់ខ្លួន ក្នុងវិស័យពាណិជ្ជកម្ម សេវានវានុវត្តន៍ និងថ្នាក់ខ្ពស់ រីឯ ប្រ៊ុយណេ ដោយអំណាចនៃប្រេងរបស់ខ្លួន។
និយាយពីប្រទេសថៃ កាលពីថ្ងៃ ២៤ កម្ភៈ ២០១២ មូលនិធិរូបិយវត្ថុអន្តរជាតិ បានចេញនូវការរំពឹងទុកថា សេដ្ឋកិច្ចថៃ នឹងងើបឡើងវិញរឹងមាំនៅឆ្នាំ ២០១២ នេះ ក្រោយពីមានទឹកជំនន់ធ្ងន់ធ្ងរ ដែលកំហិតដល់អត្រាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១១។ Thomas Rumbaugh ប្រធានផ្នែក មូលនិធិសំរាប់អាស៊ី/ប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុ និយាយថា ថៃ នឹងមានកំណើនម្តុំ ៥,៥% នៅឆ្នាំ ២០១២ និង ៧,៥% នៅឆ្នាំ ២០១៣។ គ្រោះទឹកជំនន់ បានគោះទម្លាក់កំណើនសេដ្ឋកិច្ចថៃ ៣,៧% ពីកំណើនក្នុងឆ្នាំ ២០១១ ដែលធ្វើអោយអត្រាពង្រីកសេដ្ឋកិច្ចមានសឹងតែមិនដឹង គឺ ០,១% ដោយផលិតផលក្នុងស្រុកសរុបនៅត្រីមាសទីបួន រួញអស់ ១០,៧% គិតក្នុងរយៈពេលជាត្រីមាសដូចគ្នា និង ៩% គិតជាឆ្នាំ។
Malaysia’s Dilemma អោយដឹងថា ធនាគារកណ្តាល បានដាក់ចេញនូវវិធានការណ៍មួយចំនួន ថ្មី ក្នុងគោលបំណងជំរុញអោយមានការប្រកួតប្រជែងជណរុញសេដ្ឋកិច្ចជាតិ និងជាពិសេស វិស័យហិរញ្ញវត្ថុ។ ធនាគារ សង្ឃឹមថា ការកែទំរង់មួយចំនួន នឹងជួយសំរាលផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចអឺរ៉ុប និងការគំរាមកំហែង នៃការដែលអាចមានរយៈពេលមួយទៀត នៃភាពមិនច្បាស់លាស់នៃទីផ្សារសកល។
យ៉ាងណាក្តី ពីជ្រុងនយោបាយ មេដឹកនាំបក្សប្រឆាំង Anwar Ibrahim រំពឹងថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Najib Razak នឹងរៀបចំការបោះឆ្នោតមួយឆ្នាំ មុនកាលបរិច្ឆេទដំណាច់អាណត្តិរដ្ឋាភិបាល ដែលណោសល់ជាងមួយឆ្នាំទៀត។ Anwar Ibrahim បានព្យាការណ៍ថា នាយករដ្ឋមន្ត្រី Najib Razak នឹងរៀបចំការបោះឆ្នោត មុនខែ មិនា ២០១៣ ជាមិនខាន ដោយឃើញថា រដ្ឋាភិបាលបានប្រកាសកម្មវិធីគាំទ្រប្រាក់ចំនូល ដែលជាសញ្ញាមួយប្រាប់ថា រដ្ឋាភិបាលសម្រុះម៉ាឡេស៊ី ត្រៀមប្រជាជនសំរាប់ការបោះឆ្នោតជាតិហើយ។ មេដឹកនាំប្រឆាំងនិយាយថា ម៉ាឡេស៊ី បានធ្លាក់ចុះទៅនៅក្រោយគេក្នុងតំបន់ស្តីពីស្ថានភាពសេដ្ឋកិច្ច ធៀបទៅ កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី ថៃ វៀតណាម និងថ្មីៗ នេះ ហ្វ៊ីលីពីន ដែលទាញបានយ៉ាងធំនូវទុនវិនិយោគបរទេស មានកំណើន និងភាពប្រកួតប្រជែងផង។
ទោះបី ស្ថិតក្នុងស្ថានភាពមិនដូចគ្នាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចអាស៊ីអគ្នេយ៍នឹងពិតជាជួបប្រទះនឹងការប្រឈមរួមគ្នា ខណៈដែលឆ្នាំ ២០១២ លាតសន្ធឹងទៅមុខ។ ប្រទេសទាំងនេះ នឹងសម្លឹងជាមួយខ្សែភ្នែកព្រួយបារម្ភ អំពី អឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលឆ្នាំនេះ អាចនឹងនាំមក ឬមួយ ជាការងើបឡើងវិញទាំងស្រុង ឬរប៉េះរប៉ោះ ឬក៏ថាមានការធ្លាក់ចុះមួយទៀត នៅឡើយ។ តាមផ្លូវណាក៏ដោយ អ្នកធ្វើគោលនយោបាយអាស៊ីអគ្នេយ៍ ត្រូវតែត្រៀមខ្លួនចំពោះការសាកល្បងនៃពេលវេលាខាងមុខ ...៕























