Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

មូលហេតុ​ជោគជ័យ​របស់​ចិន​នៅ​អាហ្វ្រិក

ហៀ​ល វែ​ល​ឌី

មុននឹង​ឈានទៅ​ដូរ​ប្រធានបទ​និយាយ​ពី​ស្ថានការណ៍​ក្នុងប្រទេស​ថៃ នៅ​លេខ​ក្រោយ ស្មេរ សូម​លោក​អ្នកអាន ពិនិត្យ​មូលហេតុ​មួយចំនួន​ជា​សារ​វ័​ន្ត ដែល​ធ្វើអោយ​ចិន កសាង​បានជា​ឥទ្ធិពល និង​មិត្ត​ភ័​ក្រ កាន់តែច្រើន​ឡើងលើ​ពិភពលោក ក្នុងនោះ​មួយចំនួនធំ​នៅ​អាហ្វ្រិក ក្នុង​យុគសម័យ។ ស្មេរ គ្រាន់តែ​ចង់​ជួយ​អោយ​លោកអ្នក​អាន មាន​មូលដ្ឋាន​អាច​ថ្លឹងថ្លែង​បាន​ពី ទីតាំង​អំណាច​របស់​ចិន ទាំង​ខាង​សេដ្ឋកិច្ច នយោបាយ​របស់​ចិន បន្ថែម​លើ​អ្វីដែល​បាន​ជំរាប​មកមុនៗ ដែល​ហាក់ដូចជា​ធ្ងន់​បន្តិច​ទៅខាង​យោធា​រួចទៅហើយ។

មហាអំណាច​មួយចំនួន ខំ​និយាយ​ពី​ការព្រួយបារម្ភ អំណាច​រឹង ឬ​ការបង្ខិតបង្ខំ ឬ​យោធា របស់​ចិន ដែល​គេ​ខិតខំ​និយាយ​មិន​ឈប់​ថា គ្មាន​តម្លាភាព និង​រីកធំឡើង​គួរអោយ​បារម្ភ តែ​តាមពិត​វិញ ដូចដែល​អត្ថបទ​នេះ​ជួយ​បាន​មួយផ្នែក ប្រហែលជា​មហាអំណាច​ទាំងនោះ បារម្ភ ធំ​ពី​អំណាច​ទន់ តែ​អោយ​ផល​ដ៏​រឹងមាំ​របស់​ចិន​ទៅវិញ​ទេ។ ស្មេរ​បាន​ដកស្រង់​ទស្សនៈ និង​ការវិភាគ​របស់ Richard Aidoo សាស្ត្រាចារ្យ​អម​នៃ​អាសនៈ​នយោបាយ និង​ភូមិសាស្ត្រ
សកលវិទ្យា​ល័យ Coastal Carolina មក​ធ្វើជា​មូលដ្ឋាន ដើម្បី​លោកអ្នក​អាន យក​ជា​គោល​ក្នុង​ការសិក្សា។

 

ប្រមាណ​ជា​បួន​ទសវត្ស​មកហើយ ចិន​បាន​ពុះពារ​នឹង​កត្តា​ធម្មជាតិ ដើម្បី​ជួយ​កសាង​អ្វីដែល​បាន​តំណាង​ជា​និ​ម​ត្ត​រូប​ធំ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ចិន/អា​ហ្រិ្វ​ក គឺ ផ្លូវដែក Tazara ចម្ងាយ ២០០០ គីឡូម៉ែត្រ លាតសន្ធឹង​ពី​ប្រទេស ហ្សំ​ប៊ី ដែល​គ្មាន​ច្រកចេញ កាត់​ប្រទេស តង់​ហ្សា​នី ទៅ​រហូតដល់​ឆ្នេរសមុទ្រ។ ដោយ​ត្រូវ​បានផ្តល់​តាំងពី​ពាក់កណ្តាល​នៃ​សម័យ​បដិវត្ត​វប្បធម៌ អំណោយ​នេះ​តំណាងអោយ​របៀបវារៈរ​បស់​ចិន ក្នុងការ​ឈោង​ចាប់ សូម្បីតែ​ស្ថិតក្នុង​ពេលវេលា​មួយ​ដ៏​ច្របូកច្របល់​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ គំរោង​ដ៏​ថ្លៃ​នេះ ក៏​ឆ្លុះ​អោយឃើញ​ពី​ការឈាន​ទៅមុខ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្បូង/ត្បូង ដែល​ត្រូវបាន​ផ្តើមគំនិត​កាលពី​ឆ្នាំ ១៩៥៥ នៅ​ទីក្រុង បាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី។

លោកអ្នក​អាន​ជាទីគោរព នេះ​ជាការ​និយាយ​យោង​ទៅរក​សន្និសីទ​អាស៊ី​អាហ្វ្រិក​ខ្នាត​ធំ​លើកទីមួយ ឬ​ដែល​គេ​ហៅ​ដោយ​ខ្លី​ថា​ជា​សន្និសីទ​ក្រុង បាន​ឌុ​ង រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ភូមា ប៉ា​គី​ស្ថាន ស្រីលង្កា (កាលនោះ​ហៅថា Ceylon ) និង​ឥណ្ឌា។ ២៩ ប្រទេស​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ថ្ងៃ ១៨ ដល់ ២៤ មេសា ឆ្នាំ ១៩៥៥ នោះ ភាគច្រើន​ជា​ប្រទេស​បានទទួល​ឯករាជ​ថ្មី និង​តំណាងអោយ​មួយ​ភាគ​បួន​នៃ​ផ្ទៃដី​លើ​ពិភពលោក និង​មាន​ប្រជាជន​សរុប ១,៥ ពាន់​លាន​នាក់។ គោលដៅ​នៃ​សន្និសីទ​នេះ ត្រូវបាន​អះអាងថា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌ រវាង​បណ្តា​ប្រទេស​អាហ្វ្រិក និង​អាស៊ី ហើយ​ប្រឆាំង​អាណានិគមនិយម ក៏ដូចជា អាណានិគមនិយម​បែប​ថ្មី ដែល​គិត​ចូល​ទាំង​សហរដ្ឋអាមេរិក សហភាពសូវៀត​នាពេលនោះ ក្នុងសម័យ​នៃ​សង្គ្រាមត្រជាក់។

លោកអ្នក​អាន​ជាទី​មេត្រី កិច្ចសហប្រតិបត្តិការ​ត្បូង/ត្បូង ជា​ពាក្យ​ប្រើ​ដោយ​អ្នករៀបចំ​គោលនយោបាយ និង​វិទ្យាករ ដើម្បី​ពណ៌នា​ពី​ការដោះដូរ​ធនធាន បច្ចេកវិទ្យា និង​ចំណេះដឹង រវាង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយក៏​ត្រូវបាន​គេ​ស្គាល់​ផងដែរ ជា បណ្តា​ប្រទេស​នៅ​ពិភពលោក​ភាគខាងត្បូង (Global South)។ ឆ្នាំ ១៩៧៨ សហប្រជាជាតិ បាន​បង្កើត​ក្រុម  សហប្រតិបត្តិការ​ត្បូង/ត្បូង ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការសហការ​ត្បូង/ត្បូង ក្នុងចំណោម​ភ្នាក់ងារ​របស់ខ្លួន។ យ៉ាងណាក្តី គំនិត​កិច្ចសហប្រតិបត្តិការ​ត្បូង/ត្បូង ទើបតែ​ចាប់ផ្តើម​មាន​ឥទ្ធិពល​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ចុង​ទសវត្ស ១៩៩០ ទេ។ ដោយសារ​វិសាល​គម​ន៍​ភូមិសាស្ត្រ កិច្ចសហប្រតិបត្តិការ​នេះ ក៏ត្រូវ​បាន​ស្គាល់​ផងដែរ​ជា កិច្ចសហប្រតិបត្តិការ​អាមេរិក និង​អាហ្វ្រិក​ភាគខាងត្បូង (Wikipedia)។

កាលពី​ខែ​មុន ជាថ្មី​ម្តងទៀត ចិន បានផ្តល់​នូវ​រចនាសម្ព័ន្ធ​ជា​និមិត្តរូប​មួយទៀត ជាទី​ស្នាក់ការ​តម្លៃ ២០០ លាន​ដុល្លារ សំរាប់​សហភាព​អាហ្វ្រិក។ ពិតណាស់ រចនាសម្ព័ន្ធ​ដ៏​មហិមា​នេះ បាន​ដូរ​ផ្លាស់​ជើងមេឃ​នៃ​ទីក្រុង Addis Ababa តែ​កាន់តែ​សំខាន់​ជាង​ទៀត បាន​បន្ថែម​នូវ​ស្រទាប់​មួយ​ដ៏​សំខាន់​ទៀត ចំពោះ​ការ​បូរបាច់​ពី​ទំនាក់ទំនង​ចិន/អាហ្វ្រិក គឺ ការជួយ​ភ្ជាប់​អាហ្វ្រិក​បច្ចុប្បន្ន​ទៅកាន់​អតីតកាល​របស់ខ្លួន។

សូម​ទាញអារម្មណ៍​ថា សហភាព​អាហ្វ្រិក រួមមាន​រដ្ឋ​អាហ្វ្រិក ៥៤ ជា​សមាជិក ដែល​មានតែ​រដ្ឋ​អាហ្វ្រិក​មួយគត់​មិន​នៅក្នុង​នោះ គឺ ម៉ូ​រ៉ុ​ក្កូ។ សហភាព​អាហ្វ្រិក ជាការ​បន្តម​រត​ក៌​នៃ សភា​សហភាព​អាហ្វ្រិក ដែលជា​កិច្ចប្រជុំ​ពាក់កណ្តាល​ឆ្នាំ​នៃ​បណ្តា​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល អាហ្វ្រិក ជា​សមាជិក។ ទីស្នាក់ការ​របស់ សហភាព​អាហ្វ្រិក តាំងនៅ​ទីក្រុង អា​ឌី​ស អា​បា​បា នៃ​ប្រទេស អេ​ត្យូ​ពី។

ចាប់តាំងពី​ពហុកីឡាដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង រហូតដល់​ការិយាល័យ​រដ្ឋាភិបាល និង​អាគារ​វប្បធម៌​នានា នៅ​អាហ្វ្រិក​ខាងលិច រហូតដល់​គំរោង​វា​រី​អគ្គិសនី​ជាច្រើន នៅ​ភាគ​ខាងជើង​នៃ​ទ្វីប ទាំង​អ្នក​សូម​ខមាទោស ទាំង​អ្នក​រិះគន់​ការចូល​ពាក់ព័ន្ធ​របស់​ចិន​នៅ​អាហ្វ្រិក បាន​រកឃើញ​មូលដ្ឋាន​រឹងមាំ​សំរាប់​ទឡ្ហីករណ៍​របស់​ពួកគេ​នៅក្នុង​សំណង់​ជា​រចនាសម្ព័ន្ធ​ទាំងនោះ។

ភាគច្រើនបំផុត ការលើក​ហេតុផល​គួរអោយ​រំជួលចិត្ត ទាក់ទង​នឹង​បញ្ហា​នានា​ជុំវិញ​តែ​អនុ​បាត ពលករ​ចិន​ធៀប​ទៅនឹង​ពលករ​អាហ្វ្រិក​នៅតាម​កា​រដ្ឋា​ន​គំរោង​ទាំងនោះ សារជាតិ​នៃ​ហិរញ្ញប្បទាន​ពាក់ព័ន្ធ​នឹង​គំរោង​និមួយៗ គុណភាព​នៃ​សំណង់ និង​ចេទនា​លាក់​ពីក្រោយ​អ្វីដែល​ហាក់បី ដូចជា ការ​ស្រវាឱបអ្វីៗ គ្រប់យ៉ាង​របស់​អាហ្វ្រិក។ វា​ពិតជា​ការពិភាក្សា​មួយ​ដែល​ត្រូវតែ​ធ្វើ តែ​ត្រូវដាក់​នៅក្នុង​ចង្កោម​នៃ​សារ​ដ៏​ឈឺចាប់ ដែល​ការរួមវិភាគទាន​ក្នុង​ទីតាំង​ជា​យុទ្ធសាស្ត្រ​ទាំងនេះ (មាន​ទាំង​ទីស្នាក់ការ សហភាព​អា​ហ្រិ្វ​ក មួយ​ផង) ដោយ​ប្រទេស​ចិន បាន​បញ្ជូន​អោយ ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​នៃ​ទ្វីបអាហ្វ្រិក។ កាយវិការ​ទាំងនោះ ធ្វើអោយមាន​ការស្វែងយល់​យ៉ាង​ល្អិតល្អន់ និង​ការប៉ះពាល់​នានា ដើម្បី​យល់បាន​ពី​ទំនាក់ទំនង​ចិន/អាហ្វ្រិក ពិសេស​សំរាប់​លោកខាងលិច។

ទីមួយ ភាព​អាច​បត់បែន​បាន​នៃ​អភិក្រម​របស់​ចិន ក្នុង​ការចូល​ពាក់ព័ន្ធ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក អាចជា​ការទទួលខុសត្រូវ​មួយផ្នែក សំរាប់​អោយមាន​ការ​ពូន​ឡើង​របស់ខ្លួន ជា​ឥទ្ធិពល​សេដ្ឋកិច្ច​សំខាន់​មួយ​នៅក្នុង​ទ្វីប។ គិត​តាំងពី​ការជួបគ្នា​ដំបូង​ជាមួយ​ទ្វីប​តាំងពី​សន្និសីទ បាន​ឌុ​ង នា​ឆ្នាំ ១៩៥៥ មកទល់​គ្នា​នឹង​បច្ចុប្បន្ន ចិន​បាន​ដើរតួនាទី​ច្រើនយ៉ាង នៅក្នុង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក។ ក្រុង​ប៉េកាំង បានចេញ​មុខ​ពី ជា​ប្រទេស​បាន​ជួបគ្នា​ដោយ​ការជំរុញ​មួយផ្នែកធំ​ពី​មនោគមន៍វិជ្ជា ទៅជា តួអង្គ​ជាក់ស្តែង​និយម​ជំរុញ​ដោយ​ហេតុផល​សេដ្ឋកិច្ច ដែល​មួយចំណែក​ធំ​ត្រូវ​បានបង្ហាញ​តាមរយៈ​ធនធាន​របស់ខ្លួន និង​ការ​ស៊ីសង​គ្នា​ខាង​ទីផ្សារ ក៏ដូចជា តួនាទី​រស់​រវើក​ជា “នាយក​សាងសង់។

ទោះបី​មានការ​ប្រឈម​នានា វាយឆ្មក់​លើ​កិច្ចព្រមព្រៀង​ស៊ីសង​ធនធាន​របស់​ចិន និង​ការ​មាន​ទីផ្សារ​ជាដើម ដែល​រាប់បាន​តាំងពី​ឧបសគ្គ​ខាង​ភាសា រហូតដល់ ការតវ៉ា​ប្រឆាំង​ចិន ដែលមាន​ការរៀបចំ ក៏ដូចជា​ការ​លួច​ចាប់ខ្លួន​កម្មករ​ចិន​ជាដើម​ក៏ដោយ ការចូល​ពាក់ព័ន្ធ​គ្នា​នៃ​ចិន/អាហ្វ្រិក នៅតែ​ដំណើរការ​យ៉ាង​ល្អ តាមផ្លូវ​វាង​បត់បែន​នានា។ កាលពី​ខែ កញ្ញា ឆ្នាំ ២០១១ ពិភពលោក​បាន​សម្លឹង​មើល​ដោយ​ក្តី​រំពឹង ខណៈដែល​ជន​ប្រឆាំង នៅ ហ្សំ​ប៊ី លោក Michael Sata បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ដោយ​ប្រើ​សន្លឹក​បៀរ​នៃ​រលក​យុទ្ធនាការ​ប្រឆាំង​ចិន។ នៅពេលដែល​ធូលី​នយោបាយ​បាន​ស្ងប់ វា​ក៏​មើលឃើញ​ច្បាស់​ថា ចិន មិន​ត្រូវបាន​រលំរលាយ​ដោយ​ពាក្យសម្តី​ប្រឆាំង​ចិន​របស់ Sata ឯណា ខណៈដែល​ផលប្រយោជន៍​របស់​ក្រុង​ប៉េកាំង ក្នុង​ឧស្សាហកម្ម​ទង់ដែង កាន់តែ​ស៊ី​ជំរៅ ដោយ ក្រុមហ៊ុន ដូចជា Jinchuan Group និង Non-Ferrous China Africa (NFCA) កំពុងតែ​ពង្រឹង​ការវិនិយោគ​របស់ខ្លួន ផ្នែក​ទង់ដែង(ឬ​ស្ពាន់) នៅ​ប្រទេស ហ្សំ​ប៊ី។

គួរអោយ​ចាប់អារម្មណ៍ ជំហរ​ប្រឆាំង​ចិន ដោយ​រិះគន់​មិន​ពិ​រោះ​ស្តាប់​របស់ Sata បាន​ដកថយ​ទៅរក​ស្ថានភាព​សហប្រតិបត្តិការ​ជាង ខណៈដែល​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ការវិនិយោគ​បរទេស និង​ការប្រយ័ត្នប្រយែង​ចំពោះ​គ្រប់​អ្នកវិនិយោគ​បរទេស​ទាំងអស់ (ក្នុងនោះ​មាន​ចិន​ផង) អោយ​អនុវត្ត​ទៅតាម​ច្បាប់​ការងារ ក្នុងការ​ថ្លែង​សុន្ទរកថា​ទទួល​មុខតំណែង​របស់គាត់។

មានការ​ប្រឆាំង​កើនឡើង​យ៉ាងពិត​ប្រាកដ ចំពោះ​វត្តមាន​រី​ធំ​របស់​ចិន នៅ ហ្សំ​ប៊ី ក៏ដូចជា ប្រទេស​នានា នៅ​អាហ្វ្រិក តែ ចិន និង​អ្នកវិនិយោគ​របស់ខ្លួន រកបាន​កន្លែង​សម្ងំ​មួយចំនួន​ជាការ​គាំទ្រ​ពី​វណ្ណៈ​ខ្ពស់​នៅ​អាហ្វ្រិក និង​មួយចំណែក​ធំ​នៃ​ប្រជាជន ដែល​ឬមួយ​មានការ​ពេញចិត្ត​ដែល​បាន​ធ្វើជា​ដៃគូ​ក្នុងការ​អភិវឌ្ឍន៍ ឬ​ត្រូវបាន​អូសទាញ​ដោយ​ការបូជា​របស់​ចិន ក្នុងការ​សំរេច​គំរោង​ទាំងឡាយ​អោយបាន​តាម​កាលកំណត់។

ទី​ពីរ ដោយ​កសាង​ជាទី​ស្នាក់ការ​សហភាព​អាហ្វ្រិក ក្រុង ប៉េកាំង​បានអោយ​សញ្ញា​យ៉ាងច្បាស់ ពី​បំណង​ដើម្បី​ចូល​ពាក់ព័ន្ធ​ជាមួយ​ទ្វីបអាហ្វ្រិក​ទាំងមូល មានន័យថា​គ្រប់​ប្រទេស​ទាំងអស់ មិន​គិតពី​នយោបាយ ប្រវត្តិសាស្ត្រ ក៏ដូចជា ទំហំ និង​ទីតាំង​ភូមិសាស្ត្រ​ឡើយ។ ជាថ្មី​ម្តងទៀត នៅ​សន្និសីទ​បាន​ឌុ​ង ឆ្នាំ ១៩៥៥ ចិន បាន​កំដៅ​សាច់ដុំ​ជាមួយ​ប្រទេស​អាហ្វ្រិក ៦ គឺ អេ​ហ្ស៊ី​ព អេ​ត្យូ​ពី ឆ្នេរ​មាស(បច្ចុប្បន្ន​ហៅថា ហ្គា​ណា) លី​បេ​រី​យ៉ា លី​ប៊ី និង​ស៊ូដង់។ សព្វថ្ងៃ ចិន​មាន​ចំណងទាក់ទង​ជាមួយ​សឹងតែ​គ្រប់​ប្រទេស​នៅ​អាហ្វ្រិក លើកលែងតែ បួ​គី​ណា​ហ្វា​សូ, ហ្គាំ​ប៊ីយ៉ា, ស្វា​ហ្ស៊ី​ឡឹ​ន, សាវ​តូ​ម៉េ និង​ប្រាំង​ស៊ី​ព ដោយសារ​ប្រទេស​ទាំងនេះ ទទួលស្គាល់​តៃវ៉ាន់។

ការរិះគន់​មួយ​នៃ​ទំនាក់ទំនង​ចិន/អាហ្វ្រិក គឺ​ការនិយាយ​យោង​ដល់​ការ​ចងសម្ព័ន្ធ​របស់​ចិន ជាមួយ​រដ្ឋ​ទុច្ចរិត ដោយសារតែ​ការអនុវត្ត​នូវ គោលការណ៍​មិនមាន​លក្ខខណ្ឌ របស់ខ្លួន។ តែ​នេះ ជាការ​និយាយ​អោយ​ងាយ​យល់​ពី​បញ្ហា​តែប៉ុណ្ណោះ។ ក្នុង​បំណង​ជំរុញ​ដោយមាន​ប្រសិទ្ធិភាព​បុព្វហេតុ​របស់ខ្លួន​នៅ​អាហ្វ្រិក ក្រុង​ប៉េកាំង បានធ្វើ​អោយមាន​តុល្យភាព​យ៉ាង​ល្អ រវាង​ការទទួលយក​នូវ បុ​រេ​លក្ខខណ្ឌ​អប្ប​បរិ​មា របស់ខ្លួន ដែល​គិត​ចូល​នូវ​ការទទួលយក គោលនយោបាយ​ចិន​មួយ និង ការចូល​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​អាហ្វ្រិក​នានា ដែលមាន​ការគិត​ថា​ជា​រដ្ឋ​ទុច្ចរិត ដូចជា ហ្ស៊ី​ម​បាប​វ៉េ និង​ស៊ូដង់ ជាដើម។ ដូចគ្នា​ដែរ ដោយ​មិនមាន​សម្ពាយ​អាណានិគម​ដូច​រដ្ឋ​លោកខាងលិច ចិន​មានសំណាង​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ជាមួយ​បណ្តា​ប្រទេស អាហ្វ្រិក ដោយ​មិនចាំបាច់​មាន​អារម្មណ៍​វិប្បដិសារី​យ៍​ឡើយ។

ដូច្នេះ ផលប្រយោជន៍​របស់​ក្រុង​ប៉េកាំង លាតសន្ធឹង​តាំងពី ស្រទាប់​ផ្លា​ទីន “មិនមាន​អ្នកណា​ដឹង” នៅ ហ្ស៊ី​ម​បាប​វ៉េ រហូតដល់ បរិមាណ​ប្រេង​ដែល​គេ​ដឹង នៅ​អង់​ហ្គោ​ឡា និង​នី​ហ្សេ​រី​យ៉ា។ ដើម្បី​ទទួលបាន​ធនធាន​ទាំងនេះ​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក ជា​ឧទាហរណ៍ ទាមទារ​អោយមាន​បច្ចេកវិទ្យា នៅក្នុង​តំបន់​ហួតហែង នៃ​ស៊ូដង់ ឬ​ការដឹកជញ្ជូន​ចេញពី​ប្រទេស​គ្មាន​ច្រកចេញ ហ្សំ​ប៊ី ទៅកាន់​ឆ្នេរសមុទ្រ មូ​ហ្ស៊ាំ​ប៊ី​ក ជាដើម។ និយាយ​ដល់​នេះ វា​ក៏​ត​ភ្ជាប់​ទៅ ការប្រឹងប្រែង​ដែល​អ្នកណា​ក៏​ដឹង​ដែរ​មួយទៀត​របស់​ចិន គឺ ជួយ​កសាង និង​កសាង​ឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រទេស​អាហ្វ្រិក​ជាច្រើន។ ការប្រឹងប្រែង​នេះ ជា​សារ​វ័​ន្ត គឺជា​ស្ថានភាព​ឈ្នះ/ឈ្នះ សំរាប់​គ្រប់ភាគី​ក្នុង​មជ្ឈដ្ឋាន​ចិន/អាហ្វ្រិក។ អញ្ចឹង ទោះបីថា​វា​ជា​នយោបាយ ឬ​ភូមិសាស្ត្រ​ខុសគ្នា​ក៏ដោយ វា​ជាការ​ច្បាស់​ណាស់​ថា ការប្រឹងប្រែង​របស់​ក្រុង​ប៉េកាំង ដើម្បី​ទទួលបាន​ធនធាន កសាង​ជាទី​ផ្សារ និង​ធ្វើអោយ​សាមគ្គីភាព​រវាង ប្រទេស​ត្បូង/ត្បូង​មានជីវិត​សកម្ម​ជាថ្មី នៅ​អាហ្វ្រិក ច្បាស់​ណាស់​ថា​មិន​ត្រូវបាន​រារាំង​ដោយ​កត្តា​ទាំងឡាយ ដែល​អ្នកផង​អាច​នឹង​មើលឃើញថា​មិនអាច​នឹង​យកឈ្នះ​បាន​នោះឡើយ។

លោកអ្នក​អាន​ជាទី​មេត្រី ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ នេះ ចិន​ពាន​ស្វះស្វែង​ដើម្បី​បន្ថែម​ការប្រើប្រាស់​នូវ អំណាច​ទន់ បន្ថែម​លើ​អំណាច​រឹង​ជា​ប្រពៃណី ដូច្នេះ រដ្ឋាភិបាល​ចិន បាន​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង តាម​ដែល​អ្នកវិភាគ​នានា​បាន​មើលឃើញ ចំពោះ​ការទូត​សាធារណៈ។ ដូចដែល​ទីភ្នាក់ងារ​សារពត៌មាន​ចិន ស៊ីន​ហួរ បាន​រៀបរាប់ កាលពី​ថ្ងៃ ១៨ មករា ឆ្នាំ ២០១១ ថា ការប្រើ​ការទូត​អំណាច​ទន់ នៅតែ​បន្ត​ជាការ​ជំរុញ​ជា​គន្លឹះ នៃ​ទំនាក់ទំនង​ដែល​ត្រូវបាន​ពង្រឹងឡើង របស់​ចិន ជាមួយនឹង​អាហ្វ្រិក ហើយក៏​អាច​នឹង​រុញ​ចិន​អោយមាន​ឥទ្ធិ​ភល​សេដ្ឋកិច្ច និង​យោធា​សកល​កាន់តែខ្លាំង​ឡើង ពី​ពេលបច្ចុប្បន្ន​នេះដែរ។

សូម​ជំរាប​ថា ពាក្យ​ថា អំណាច​ទន់ គឺជា​សមត្ថភាព​ក្នុងការ​ទទួលបាន​នូវ​អ្វីដែល​ចង់បាន តាមរយៈ​ការអូសទាញ​អោយចូល​ជាមួយ និង​ការទាក់ទាញ។ វា​ជា​ពាក្យ​ដែល​គេ​និយម​ប្រើ ក្នុងន័យ​ផ្ទុយទៅនឹង​ពាក្យ​ថា អំណាច​រឹង ដែល​មានន័យ​ស្មើនឹង​ការ​ការបង្ខំ  និង​ការ​ចាយលុយ។ អំណាច​ទន់ អាច​ប្រើ​បាន​មិនមែន​តែ​ដោយ​តួអង្គ​ជា​រដ្ឋ​ទេ សូម្បីតែ​តួអង្គ​ទាំងឡាយ​ក្នុង​នយោបាយ​អន្តរជាតិ មានដូចជា​អង្គការក្រៅរដ្ឋាភិបាល ឬ​ស្ថាប័ន​អន្តរជាតិ​នានា ក៏​អាច​ប្រើ​វា​បានដែរ។

ចុងក្រោយ សន្លឹក​បៀរ​អាត់​របស់​ចិន ក្នុងការ​ប្រកួតប្រជែង​ជាមួយ​អ្នក​ដឹកមុខ​សេដ្ឋកិច្ច​កំពុង​ចេញមុខ​នានា រាប់​តាំងពី​អាស៊ី និង​អាមេរិក​ឡាទីន រហូតដល់ មហាអំណាច​ពី​ដើម​រៀងមក ដូចជា​អឺរ៉ុប និង​អាមេរិក នៅ​អាហ្វ្រិក គឺ​ហាក់បី​ជា សមត្ថភាព​មិនចេះ​នឿយហត់​ដើម្បី​នឹង​កែប្រែ​ទេសភាព​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទ្វីបអាហ្វ្រិក នោះឯង។ ក្នុង​ការធ្វើ​បទសម្ភាសន៍ថ្មីៗ នេះ រដ្ឋមន្ត្រី​អង់​ហ្គោ​ឡា បាន​ប្រៀបធៀប​ការឆ្លើយតប​របស់​ចិន និង​លោកខាងលិច ក្នុង​ការជួយ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ក្រោយ​សង្គ្រាម។ ខណៈដែល លោកខាងលិច​ចូលមក​ជាមួយនឹង​ការផ្តល់អោយ​ដោយមាន​លក្ខខណ្ឌ  ចិន បានផ្តល់​ជំនួយ​ចំពោះមុខភ្លាមៗ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​ចាំបាច់។ ប្រការនេះ បើ​និយាយ​ទៅ វា​ដូចជា​ចំណងជើង​ដែល ត្រូវបាន​លើក​មក​និយាយដដែលៗ នៅ​ទូទាំង​ទ្វីបអាហ្វ្រិក។ អាច​ថា​មានការ​ពិភាក្សា​លំអិត ស្តី ពី​អនុ​បាត​ពលករ​អាហ្វ្រិក​ធៀប​នឹង​ពលករ​ចិន នៅតាម​ការដ្ឋាន​សាងសង់ ក៏ដូចជា “សោហ៊ុយ​ទាំង​មាន​ពិត ទាំង​លាក់កំបាំង” នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ តែ ហោចណាស់​មានការ​ពិត​មួយ​ដែល​មិនអាច​បដិសេធ​បាន អំពី​សេចក្តីត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាហ្វ្រិក ដែល​នោះ​គឺ ភាព​បន្ទាន់​របស់​វា​នោះឯង។

ជាការ​ពិតមែន បណ្ឌិត Moses Kavanga នាយក​ប្រតិបត្តិ​នៃ​វិទ្យា​សា្​ថន​សិក្សា​នយោបាយ​អាហ្វ្រិក​ខាងកើត និយាយថា “ចិន ជា​តួអង្គ​សេដ្ឋកិច្ច​សកល​ធំ​មួយ មិនដឹងថា តើ​ការប្រើ​អំណាច​ទន់ អាច​រុញ​ចិន​អោយទៅដល់​ណា​ទេ។ នៅ​អាហ្វ្រិក អំណាច​ទន់ បានធ្វើអោយ​ចិន​មានជោគ​ជ័យ​ល្អ​ណាស់។ លោក​ក៏​អះអាង​បញ្ចាក់​ផងដែរ​ថា លទ្ធផល​សំខាន់​នៃ​ទំនាក់ទំនង​រីកចំរើន​ឡើង​រវាង​ចិន និង​អាហ្វ្រិក ផ្អែកលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ជាពិសេស​ផ្លូវថ្នល់ ការស្រោចស្រប់ មន្ទី​ពេទ្យ ដែល​បាន​កើតមាន​ក្នុង​ល្បឿន​មួយ​លឿន ជាង​ការដែល​ទ្វីបអាហ្វ្រិក​អាច​ទទួលបាន ពី​ការរង់ចាំ​ជាពិសេស តែ​ពី​លោកខាងលិច ជា​ដៃគូ​យុទ្ធសាស្ត្រ​សកល របស់ខ្លួន។ លោក​បន្តថា “ខណៈដែល លោកខាងលិច កំពុងតែ​ស្រូតរូត​ប៉ះប៉ូវ​អ្វីដែល​កន្លង​ហួស​ទៅ ចិន​កំពុងតែ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នោះ​រួចទៅហើយ។

"Kenyans are pleased with the way Chinese contractors are building our roads. Kenyans are accustomed to delays and poor workmanship but the Chinese are doing perfect job and are very timely," said Ndung'u Wainaina, executive director of the Kenya- based International Center for Policy and Conflict.

Diplomats define soft power as the ability to obtain what one wants through co-option and attraction rather than use of coercion and payment.

In his book, "The Rise of China's Soft Power", author Joseph S. Nye, who is also a Harvard University Distinguished Service Professor, said in a global information age, soft sources of power such as culture, political values, and diplomacy are part of what makes a great power. "Success depends not only on whose army wins, but also on whose story wins," he said in the book. China is careful to support African-led efforts to develop sound governance and sustainable development throughout the continent," the book added.

 

បើសិន​ជាមាន​ផែនការ​ណាមួយ សំរាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​មាន​អត្ថន័យ និង​ចីរភាព នៅតាម​បណ្តា​ប្រទេស​អាហ្វ្រិក ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ហើយ​នៅ​ក្នុងន័យនេះ ក្រុង​ប៉េកាំង ក៏​កំពុងតែ​មមាញឹក​រួចទៅហើយ។ រាប់​តាំងពី​បណ្តា​ប្រទេស​ក្រោយ​ទំនាស់ ដូចជា អង់​ហ្គោ​ឡា, សៀ​រ៉ា​ឡេ​អូន និង​លី​បេ​រី​យ៉ា ដល់​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ស្ថិតក្នុង​អន្តរកាល ដូចជា ហ្គា​ណា និង​អ៊ូ​ហ្គ​ង់​ដា​ជាដើម ចិន បាន​សង្វាត​ដាក់​ជា​ផ្លូវ​រាប់​គីឡូ ជួសជុល​ផ្លូវ​រទេះភ្លើង និង​កសាង​ជា​ទំនប់​វា​រី​អគ្គិសនី។ ទាំងអស់នេះ អាច​ថា​នឹង​កើតមាន​ដោយមាន​ការបង់ថ្លៃ​ខ្លះ​ជាមិនខាន តែ ហោចណាស់ វា​ជា​សេចក្តីត្រូវការ​ដែល​នឹង​ជួយ​អោយមាន​ផលចំណេញ​ក្នុង​កំរិត​ណាមួយ ដល់​ប្រជាជន​អាហ្វ្រិក​ដែរ។

គិត​អោយ​កាន់តែ​ជ្រៅ ខណៈដែល​យើង​ចង់​ស្វែងយល់​ពី​ការ​ពូន​ឡើង​នៃ​ឥទ្ធិពល​ចិន នៅ​អាហ្វ្រិក ការពិនិត្យ​មើល​ស្ថិតិ និង​ការនិទានខ្លីៗ ផ្តល់អោយ​យើង​នូវ​រូប​ភាពជា​មូលដ្ឋាន​ខ្លះ នៃ​ផ្លូវ​ដែល ប៉េកាំង​ប្រកាន់យក ដើម្បី​នឹង​ស្រវាឱប​ទ្វីបអាហ្វ្រិក​មួយ ដែល​កំពុងតែ​ស្វះ​ស្វែងរក​ទិសដៅ​ថ្មី​សំរាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច។ សំរាប់​ប្រទេស​ខាងលិច ការរួមចំណែក​ដ៏​ធំធេង​របស់​ចិន ដូចជា ទីស្នាក់ការ​សហភាព​អាហ្វ្រិក កាលពីពេលថ្មីៗ នេះ ត្រូវតែ​មានការ​គិតថា ជា​បដិរូប នៃ​ទំនាក់ទំនង​នៃ​ភាព​រលាំ​គ្នា និង​ថាមភាព រវាង​ចិន និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ដែល​ត្រូវការ ការ​រាប់អាន​ដោយ​ជឿទុកចិត្ត​បាន ជាជាង ការស្រែក​ឆោឡោ។

អ្នកវិភាគ​ជាច្រើន​និយាយថា អំណាច​ទន់ ដែល​មួយផ្នែក​តាក់តែងឡើង​ដោយ​និយមន័យ នៃ​ការគោរព​នូវ​ចម្រុះ​ភាព​នៃ​ប្រជាជន​អាហ្វ្រិក និង​ការទូត​របស់ខ្លួន​កំពុង​ធ្វើអោយ​ចិន មាន​មិត្ត​កាន់តែ​ច្រី​ន​ឡើង​ហើយ​នៅ​អាហ្វ្រិក។ ដូច​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែរ អ្នកស្រាវជ្រាវ​មួយរូប​នៃ​មជ្ឈមណ្ឌល​មួយ​សំរាប់​គោលនយោបាយ និង​ទំនាស់ នៅ​ប្រទេស​កេ​ន្យ៉ា និយាយថា “ប្រជាជន កេ​ន្យ៉ា មាន​សេចក្តី​រីករាយ​ជាមួយ​វិធី​ដែល​ចិន សាងសង់​ជា​ផ្លូវ​អោយ។ ជនជាតិ កេ​ន្យ៉ា ធ្លាប់តែ​នឹង​ការអូសបន្លាយ​ពេល ក៏ដូចជា​ទឹកដៃ​កំរិតអន់ៗ តែ ពួក​ចិន ធ្វោះ​ការ​បានល្អ​ឥតខ្ចោះ ហើយ​ទាន់ពេល​ទៀតផង។ ដូចនេះ គ្មាន​សង្ស័យ​ទេ ដែល​ការទូត​អំណាច​ទន់​របស់​ចិន វា​មាន​ប្រសិទ្ធិភាព ក្នុងការ​បកប្រែ​អោយក្លាយ​ទៅជា​ឥទ្ធិពល​របស់​ចិន និង​មានការ​ទាក់ទាញ​មិត្ត​បាន ជាង​របៀប “ដូរ​របប” របស់​មហាអំណាច​ប្រពៃណី​មួយចំនួន៕

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ មូលហេតុ​ជោគជ័យ​របស់​ចិន​នៅ​អាហ្វ្រិក