Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

របៀប និង​ន័យ​នៃ​ការដូរ​ផ្លាស់ របស់ មី​យ៉ាន់​ម៉ា

ហៀ​ល វែ​ល​ឌី

លោកអ្នក​អាន​ជាទីគោរព ពីមួយថ្ងៃ​ទៅមួយថ្ងៃ មី​យ៉ាន់​ម៉ា ហាក់​បាន​ចល័ត​ទៅកាន់​បង្គោល​ប្រាប់​ចំងាយ​មួយ​ថ្មី ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម និង​កែ​ទំរង់​របស់ខ្លួន។ ហាក់ដូចជា​មិនមាន​ការបន្ថយ​ល្បឿន​ទេ ក្នុង​ការកែ​ទំរង់​នយោបាយ​របស់ មី​យ៉ាន់​ម៉ា។ បើ​ស្តាប់ទៅ វា​ហាក់ដូចជា​ប្រវត្តិសាស្ត្រ​មួយ ដូច​ដំណើរការ​ស្វែងរក​ការសម្រុះសម្រួល​ជាតិ និង​សន្តិភាព នៅ​កម្ពុជា​អញ្ចឹង។ តែ នៅតែមាន​សំណួរ​ថា ហេតុអ្វី​បានជា​របប​យោធា ដែល​កាន់អំណាច​តាំងពី​ឆ្នាំ ១៩៦២ បែរជា​ធ្វើ​រឿងនេះ​នៅពេលនេះ ហើយ​លឿន​ទៀត។

បើ​ប្រៀបធៀប​ទៅនឹង​ការ​វឹកវរ​នយោបាយ​បង្ហូរឈាម​គ្នា​នៅ​មជ្ឈិមបូព៌ា ការ​បដិវត្តន៍​របស់​មី​យ៉ាន់​ម៉ា មាន​ទំរង់​ចេញ​ពីលើ​មកក្រោម ភាគច្រើន​ដោយ​សុខសាន្ត ហើយ ស៊ី​ជំរៅ​ជាង​អ្វីដែល​បានកើត​មាននៅ​លី​ប៊ី ឬ​អេ​ហ្ស៊ី​ព​នោះ​ផង។ កាលពី​ថ្ងៃ ១ កុម្ភៈ ២០១២ Joshua Kurlantzick នៃ ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស (ក្រុម​វិភាគ​យុទ្ធសាស្ត្រ​មួយ​ក្នុងចំណោម​ក្រុម​រាប់មិនអស់​នៅ​សហរដ្ឋអាមេរិក) បានធ្វើ​ការវិភាគ​ពី​មូលបទ​ខាងលើ ដែល​ស្មេរ​បាន​បញ្ចូល​គ្នា​នឹង​ទស្សនៈ​សារពត៌មាន​មួយចំនួនទៀត ជំរាបជូន​លោកអ្នក​បន្ថែម​ជាការ​ឆ្លុះ​អោយ​កាន់តែ​ឃើញ​ពី​ការពាក់ព័ន្ធ​របស់​មហា​អំណាច នៅ​អាស៊ីអាគ្នេយ៍។

 

មី​យ៉ាន់​ម៉ា ដែល​ធ្លាប់តែ​ជា​រដ្ឋ​មួយ​ប្រើការ​កៀបសង្កត់​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈ ៥ ទសវត្ស​កន្លងមក បានដាក់​ចេញភ្លាមៗ នូវ​អន្តរកាល​នយោបាយ​មួយ​ក្នុង​ឆ្នាំ​កន្លងទៅ។ រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​យោធា ថែ​ន សេន (Thein Sein) កំពុង​ប្រុងប្រៀប​ធ្វើការ​បោះឆ្នោត​បំពេញបន្ថែម​ក្នុង​ខែមេសា​ខាងមុខ ដែល​ក្នុងការ​បោះឆ្នោត​នោះ ជន​ប្រឆាំង អោ​ង សាន​ស៊ូ​គ្យី នឹងចូលរួម​ប្រកួត​ដែរ។ រដ្ឋាភិបាល កំពុងតែ​អញ្ជើញ​អ្នកជំនាញ អ្នកសង្កេតការណ៍ ពី​ខាងក្រៅ  និង​សូម្បីតែ​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​ធ្វើជា​កសិណ​នៃ​ការបោះឆ្នោត។ ជាមួយគ្នា ឃើញថា រដ្ឋាភិបាល​ក៏​ប្រឹងប្រែង​បញ្ចប់ទំនាស់​ស៊ីវិល​ទាំងឡាយ ជាមួយ​កងទ័ព​ជនជាតិភាគតិច និង​ដោះលែង​អ្នកទោសនយោបាយ​ក្នុង​ចំនួន​ដ៏​ច្រើន។

ការដូរ​ផ្លាស់​ដ៏​លឿន​ស្លេវ​នេះ បានធ្វើអោយ​សកម្មជន​នយោបាយ​ជាច្រើន​នៅក្នុង​ប្រទេស​មានការ​ភ្ញាក់ផ្អើល។ ទើប​តែមួយ​ឆ្នាំមុន មន្ត្រី​កំពូល​បំផុត​របស់​សហរដ្ឋអាមេរិក​ភាគច្រើន បាន​លើក​ហេតុផល​ថា ពួក​ឧ​ត្ត​ម​សេនីយ៍​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នឹងមិន​ស្ម័គ្រចិត្ត​ផ្ទេរអំណាច​ទេ។ ក្នុងពេល​ជាមួយគ្នា ជាការ​គួរ​នឹង​កត់សំគាល់ ផលប៉ះពាល់​តិចតួច​បំផុត​នៃ​ការប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដើម្បី​នឹងដាក់​ទណ្ឌកម្ម ក៏ដូចជា​កៀបសង្កត់​របប​នៅ​មី​យ៉ាន់​ម៉ា  ក្នុង​រយៈកាល ២០ ឆ្នាំនេះ។

ការព្រួយបារម្ភ​រយៈពេល​យូរអង្វែង រួមវិភាគទាន​ដល់​ការដូរ​ផ្លាស់​ចិត្ត​របស់​ពួក​ឧ​ត្ត​ម​សេនីយ៍។ ក្រោយ​ច្រើន​ទសវត្ស​នៃ​ផែនការកម្ម​សង្គមនិយម រួច​ទៅ​ពីរ​បី​ទសវត្ស​ទៀត​នៃ​មូលធននិយម ស្និទ្ធ​នឹង​យោធា របប​បានដឹង​ច្បាស់​ឡើង​ថា ប្រទេស​មី​យ៉ាន់​ម៉ា​មួយ​ដែល​ពីមុនមក​សម្បូរ​ណ៌​សប្បាយ នៅក្នុង​ដៃ​របស់ខ្លួន​បាន​ធ្លាក់​ទៅ​ឆ្ងាយ​ពី​ប្រទេស​នៅក្បែរ​ខាង។ នៅក្នុង​ខណៈ​ខ្លះ ការ​ខ្មាសអៀន​នេះ ជំរុញ​មនុស្ស​មួយចំនួន​តូច​អោយ​ស្វែងរក​ព្រេងសំណាង​ដោយ​ពុករលួយ។ ក្នុង​ស្មារតី​បើកចំហរ ដែល​កំពុងតែ​រសាត់អណ្តែត​ពាសពេញ​ប្រទេស មន្ត្រី (មី​យ៉ាន់​ម៉ា) ហាក់​ទទួលស្គាល់ថា សេដ្ឋកិច្ច​ស្ថិតក្នុង​សភាព​មិនល្អ បន្ទាប់ពី​ការចូល​តាម​ផែនការ​របស់ មី​យ៉ាន់​ម៉ា ក្នុង​ទីផ្សារ​តែមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ នា​ឆ្នាំ ២០១។ អ្វី​លើសពីនេះ​ទៀត​គឺ មនុស្ស​ជាច្រើន​ក្នុង​រដ្ឋាភិបាល ចង់អោយ​ប្រទេស​មាន​ការតភ្ជាប់​ឡើងវិញ​ទៅកាន់​ធនធាន​ហិរញ្ញវត្ថុ​អន្តរជាតិ ពិសេស មូលនិធិ​រូបិយវត្ថុ និង​ធនាគារពិភពលោក។ មី​យ៉ាន់​ម៉ា ត្រូវបាន​បដិសេធ​ទំនាក់ទំនង​នេះ ក្រោម​ការដាក់ទណ្ឌកម្ម​ពី លោកខាងលិច។

កាលានុវត្តភាព​នយោបាយ

ល្បឿន​នៃ​ការដូរ​ផ្លាស់​នៅ មី​យ៉ាន់​ម៉ា បាន​កើនឡើង តាំងតែ​ពី​ការបោះឆ្នោតជាតិ ត្រូវបាន​រៀបចំ​អោយមាន​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១។ ក្នុងពេល​ជាមួយគ្នា សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទាស​ការបោះឆ្នោត ថា​ជា​វិធី​ដើម្បី​ពួកយោធា​អាចបង្កើត​បានជា​រដ្ឋាភិបាល​ជា​រណសិរ្ស ដែល​នៅ​ពីក្រោយ​នោះ​ពួកយោធា​នឹង​បន្ត​កាន់អំណាច។ គណៈបក្ស​សម្ព័ន្ធជាតិ​សំរាប់​ប្រជាធិបតេយ្យ (NLD) របស់ លោកស្រី ស៊ូ​គ្យី បោះបង់​ការចូលរួម។ តែ ការបោះឆ្នោត​ហាក់បីដូចជា​បាន​បើក​គម្លាត​នយោបាយ​ខ្លះ និង​បានផ្តល់​ជា​ក្តីសង្ឃឹម​តិចតួច​សំរាប់​ការដូរ​ផ្លាស់។ ការបោះឆ្នោត ត្រូវបាន​បន្ត​ដោយ​ការតែងតាំង លោក ថែ​ន សេន (Thein Sein) ជា​ប្រធានាធិបតី និង​ការ​បង្កើតជា​សភា​ស៊ីវិល​មួយ។

តាំងពី​ពេលនោះ​មក ទាំង​សភា ទាំង ថែ​ន សេន បានបង្ហាញ​សញ្ញាសំខាន់ៗ ពី​ការកែ​ទំរង់ ខណៈដែល​អតីត​មេដឹកនាំ​យោធានិយម ថា​ន់ សេ្វ (Than Shwe) បាន​បាត់​ខ្លួន​ពី​គំហើញ​ជា​សាធារណៈ។ ទទួលបាន​ការដោះលែង​ពី​ការជាប់​ឃុំឃាំង​ក្នុងផ្ទះ ស៊ូ​គ្យី បានចាប់ផ្តើម​ការសន្ទនា​ជាមួយ ថែ​ន សេន ដែល​បណ្តាលអោយ​មានកា​រ​ធ្វើ​សមាហរណកម្ម​ឡើងវិញ​នូវ NLD ទៅក្នុង​នយោបាយ និង​ការកសាង​ជាថ្មី​នូវ​បក្ស។ សភា ទោះបី​នៅ​ត្រួតត្រា​ដោយ​ពួក​អតីត​យោធា ក៏មាន​ភាព​សកម្ម​មិនអាច​នឹង​ស្មាន​ដល់ ក្នុងការ​ចោទសួរ​គោលនយោបាយ​នានា​របស់​រដ្ឋាភិបាល។

កាន់តែ​បង្ហាញ​ពី​ល្បឿន​កែ​ទំរង់​ថែមទៀត តាម​ទិន្នានុប្បវត្តិ The Economist កាលពី​ដើមខែ កុម្ភៈ ជា​លើកដំបូង​ហើយ​តាម​ដែល​អាច​ចាំបាន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បាន​ទម្លាយ​អោយដឹង លំអិត ពី​ថវិកា​រដ្ឋាភិបាល។ ក្នុង​សេចក្តី​ថ្លែង​មួយ​ទៅកាន់​សភា (ដែល​ពីមុនមក​គេ​នាំគ្នា គិតថា​មាន តែ រឿង​លេងសើច​ប៉ុណ្ណោះ) លោក​ក៏បាន​បករឿង​ស្ងាត់កំបាំង​អំពី​ថា មី​យ៉ាន់​ម៉ា​មាន​បំណុល​បរទេស​ប៉ុន្មាន (១១ ពាន់​លាន​ដុល្លារ)។ រួច​ទៅ ពីរ​បី​ថ្ងៃក្រោយ របប បាន​ព​ន្ល​យ​ប្រាប់​ទៅ​បេសកជន​សិទ្ធមនុស្ស​សហប្រជាជាតិ ថា ខ្លួន​នឹង​ពិចារណា​អនុញ្ញាតអោយ​អ្នកសង្កេតការ​ចូលទៅ​មី​យ៉ាន់​ម៉ា ពិនិត្យមើល​ការបោះឆ្នោត​បំពេញបន្ថែម​នៅ​ថ្ងៃ ១ មេសា។

រដ្ឋាភិបាល ក៏បាន​រៀបចំ​អោយមាន​ជា​គណៈកម្មការ​សិទ្ធមនុស្ស​ជាតិ​មួយ អញ្ជើញ​ជននីរ​ទេស​ដោ​យ​សារ​នយោបាយ​អោយ​វិលត្រឡប់​ចូល​ប្រទេស និង​បន្ធូ​បន្ថយ​ការត្រួត​មើល​លើ​បណ្តាញ​សារពត៌មាន​ក្នុងស្រុក។ កាលពី​ខែ​កន្លងទៅ រដ្ឋាភិបាល បាន​ដោះលែង​អ្នកទោសនយោបាយ​រាប់រយ​នាក់។ ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​មី​យ៉ាន់​ម៉ា រដ្ឋបាល លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បង្កើន​កំរិត​ទាក់ទង​ការទូត កាលពី​ខែ​កន្លងទៅ និង​អាច​នឹង​រុញ​សភា​អោយ បន្ធូរបន្ថយ ឬ​លើកលែង​ការដាក់ទណ្ឌកម្ម​នៅក្នុង​ឆ្នាំក្រោយ​នេះដែរ។

តាម​ការគិត​របស់ The Economist ជាការ​វិវត្តន៍​មិនធម្មតា​មួយ ដែល​សំរាប់​អាសនៈ​សភាដំបូងៗ មួយចំនួន គណៈបក្ស អោ​ង សាន​ស៊ូ​គ្យី (National League for Democracy/NLD) ចូលរួម​ប្រកួតប្រជែង បន្ទាប់ពី​ត្រូវបាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល តែ​ប៉ុន្មាន​ខែ​កន្លងទៅ។ ស៊ូ​គ្យី ខ្លួនឯង​កំពុងតែ​ឃោសនា​រក​អាសនៈ ហើយក៏​បានធ្វើ​ការជួប​ជុំ​នយោបាយ​លើកដំបូង​នៅក្រៅ​រដ្ឋធានី ចាប់តាំងពី​ថ្ងៃ​ត្រូវបាន​ដោះលែង​ពី​ការ​ឃុំឃាំង​ក្នុងផ្ទះ​កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១។ ការបោះឆ្នោត​បំពេញបន្ថែម នឹង​ក្លាយជា​ការសាកល្បង​នូវ​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាល។ បើ​ការបោះឆ្នោត​នោះ ត្រូវបាន​ពិនិត្យឃើញថា​សេរី និង​មាន​យុត្តិធម៌ វា​នឹងមាន​ឥទ្ធិពល​យ៉ាង​ធំ​អូសទាញ​នីតិបញ្ញតិ​ករ​អាមេរិក អោយ​ចាប់ផ្តើម​លើក​ចេញ​នូវ​ការដាក់ទណ្ឌកម្ម​លើ មី​យ៉ាន់​ម៉ា តាំងពី​ពាក់កណ្តាល ទសវត្ស​ឆ្នាំ ១៩៩។

សភា​ក៏​កំពុង​ពិចារណា​ច្បាប់​សារពត៌មាន​ថ្មី​មួយ តាម The Economist ដែល​តាម​ទ្រឹស្តី នឹង ផ្តល់ អោយ មី​យ៉ាន់​ម៉ា នូវ​បរិស្ថាន​ធ្វើ​សេចក្តីរាយការណ៍​ដោយ​សេរី​មួយ ក្នុង​តំបន់។ ទើបតែ មួយ ឆ្នាំ​មុននេះ ឯកសារ​នានា មិនត្រូវ​បានអនុញ្ញាត​អោយ​និយាយ​ដល់​ឈ្មោះ ស៊ូ​គ្យី ទេ ហើយ​ការ បោះពុម្ព​របស់​ក្រុម​មាន​ទស្សនៈ​ឯករាជ​ពីរ​បី ក៏ត្រូវ​បង្ខំ​ខ្លួន​ប្រើ​វិធី​និយាយ​បញ្ឆិតបញ្ឆៀង។ ទាក់ ទង​នឹង ការដោះលែង ស៊ូ​គ្យី ពី​ការឃុំខ្លួន​ក្នុងផ្ទះ មាន​សេចក្តីរាយការណ៍​មួយ ដែល​ប្រើ​ចំណងជើង​បញ្ឆិតបញ្ឆៀង ចេញពី​ការប្រកួត​បាល់ទាត់​អង់គ្លេស ដូចជា ក្រុម Sunderland ដោះលែង​ក្រុម Chelsea ឬ ក្រុម (Manchester) United គាំង​យោបល់​ដោយ​ក្រុម (Aston) Villa និង ក្រុម Arsenal បោះពួយ​ទៅមុខ​ស្រវា​ចាប់​ក្តីសង្ឃឹម ទៅវិញ ជាដើម។

The Economist ក៏​គិត​ដូចគ្នា​ដែរ​ថា ជំនឿ​បុគ្គល​រវាង ថែ​ន សេន និង ស៊ូ​គ្យី បានរួម​វិភាគទាន​យ៉ាង​ធំធេង​ដល់​ការដូរ​ផ្លាស់​រហូតមក​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា។ រដ្ឋាភិបាល​ដឹងថា ស៊ូ​គ្យី ជា​អ្នក​ដែល​អាចដាក់ និង​ដក​ការដាក់ទណ្ឌកម្ម​បាន​ដោយ​សម្តី​របស់គាត់ ដែលជា​ជំហរ​តថ្លៃ​មួយ​ដ៏​មាន​កម្លាំង។ តែ The Economist សន្ម​ត់​ថា ស៊ូ​គ្យី ក៏​គង់​ត្រូវតែមាន​ការបត់បែន​ដែរ។ សំរាប់​គំនិត​សុញ​នៃ​អ្នក​ដែល​កោតស្ញប់ស្ញែង​ភាព​ដាច់អហង្ការ​របស់ ស៊ូ​គ្យី ដោយ​ការចូលរួម​ប្រជែង​អាសនៈ​សភា លោកស្រី​ត្រូវ​បានឃើញ​ហាក់ដូចជា​បាន​ភ្លេច​ពាក្យសន្យា​ស្តីពី​ការប្រឆាំង​ជាគោលការណ៍​ដល់​ការចូលរួម​ក្នុង​នយោបាយ ក្រោម​លក្ខខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ បាន​ឆ្លង​នៅ​ឆ្នាំ ២០០៨ ដែល ពិសេស​បំផុត ការពារ​កងទ័ព​នៅក្នុង​នយោបាយ។

តាមពិត ទាំង ថែ​ន សេន ទាំង ស៊ូ​គ្យី បានដឹង​ពី​គុណធម៌​នៃ​ការណ៍​និយម។ ក្នុងជំនួប​ដ៏​សំខាន់​កាលពី​ខែ សីហា ដែល ស៊ូ​គ្យី មិនបាន​និយាយ​ពី​វា​ទេ ដោយ​អ្នក​ទាំងពីរ​ប្រាកដជា​មានការ​ត្រូវរ៉ូវ​គ្នា​អ្វី​ម្យ៉ាង  ហើយ​ក្រោយមក ល្បឿន​នៃ​ការដូរ​ផ្លាស់​ក៏​ចាប់ផ្តើម​ដើរ​លឿន។ ក្នុងន័យ​ទូលាយ វា​ហាក់ដូចជា​ថា លោក ថែ​ន សេន បាន​សន្យា​ជំរុញ​ទៅមុខ​ការដោះលែង​អ្នកទោសនយោបាយ និង​ផ្តល់​ការយល់ព្រម​ចំពោះ​ការកែ​ទំរង់​នយោបាយ ដែល​នៅ​ថ្ងៃ​ណាមួយ​អាច​អនុញ្ញាតអោយ NLD ឈានទៅ​កាន់អំណាច​បាន។ ដូរ​មកវិញ ស៊ូ​គ្យី បាន​សន្យា​ចូលរួម (ដូច​នោះ នឹងធ្វើ​អោយស្រប​ច្បាប់) ដំណើរការ​នយោបាយ ហើយ​ធ្វើ​ការងារ​ឆ្ពោះទៅ​ការលើក​ចេញ​នូវ​ទណ្ឌកម្ម។ តាម​ការ​កាត់​យល់ ហោចណាស់ NLD ហាក់ដូចជា​បាន​ព្រមព្រៀង​ថា ការ​ចងកម្ម​ពៀរ ឬ​ដាក់ទោស​ណាមួយ នឹងមិន​បានអនុញ្ញាត​អោយមាន​ទេ ប្រឆាំងនឹង​ពួក​ឧ​ត្ត​ម​សេនីយ៍ សំរាប់​ឧក្រិដ្ឋកម្ម និង​កំហុស​ពី​អតីតកាល បើសិនជា​ពួកខ្លួន​បាត់បង់​អំណាច​នៅ​ថ្ងៃ​ណាមួយ។

អន្តរកាល មានការ​រៀបចំ

ក្នុង​រដ្ឋាភិបាល​មួយ​ដែល​ទទួល​នូវ​ឯកោ​ភាពជា​ច្រើន​ឆ្នាំ ជាការ​មួយ​មិនអាច​នឹង​ដឹង​អោយ​ច្បាស់​បានទេ​ថា ហេតុអ្វី​បានជា​ការដូរ​ផ្លាស់​មួយ​ស្រាប់តែ​កើតមានភ្លាមៗ ដូច្នេះ។ អ្នកធ្វើ​គោលនយោបាយ​លោកខាងលិច​មួយចំនួន បាន​លើក​ហេតុផល​ថា ក្រោយ​ការដាក់ទណ្ឌកម្ម​រយៈពេល​ពីរ​ទសវត្ស លើ​ការវិនិយោគ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប របប​នេះ មានការ​បារម្ភ​អំពី​ទទួលយក​ទៅវិញ អោយចូល​ក្នុង​សហគមន៍​អន្តរជាតិ ដូចជា​រដ្ឋ​ធម្មតា និង​អាចនឹងទទួល​បាន​នូវ​ការវិនិយោគ​ពី​លោកខាងលិច និង​ជំនួយ​សំរាប់​សេដ្ឋកិច្ច​កំពុងស្ថិត​ក្នុង​សភាព​វឹកវរ ដែល​ក្រីក្រ​ជាងគេ​បំផុត​នៅ​អាស៊ី​បូព៌ា។

តែ​ការជាក់ស្តែង​វា​មាន​សភាព​ស្មុ​គ្រ​ស្មាញ​ជាង។ ការដាក់ទណ្ឌកម្ម មិនបាន​រារាំង​ការវិនិយោគ​បរទេស​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ។ វា​គ្រាន់តែ​បាន​រារាំង​ការវិនិយោគ​របស់លោក​ខាងលិច​តែប៉ុណ្ណោះ។ ក្រុមហ៊ុន​ចិន កូរ៉េខាងត្បូង ថៃ និង​ឥណ្ឌា បាន​ចូលទៅ​ធ្វើការ​វិនិយោគ​យ៉ាង​ធ្ងន់ ពិសេស​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន។ យោងតាម The Diplomat វ៉ែ​ប​សាយ​ត៍​ដំណឹង​អាស៊ី​នាំមុខគេ​មួយ មី​យ៉ាន់​ម៉ា បានទទួល​ទឹកប្រាក់​ប្រមាណ​ជា ២០ ពាន់​លាន​ដុល្លារ ជាការ​វិនិយោគ ដែល​បានទទួល​នូវ​ការយល់ព្រម ក្នុង​ឆ្នាំ ២០១០ និង ២០១។ ការវិនិយោគ ត្រូវបាន​រាយការណ៍​ថា​ធ្វើអោយ​ពួក​ឧ​ត្ត​ម​សេនីយ៍​ភាគច្រើនបំផុត​មានបាន។ ការដាក់ទណ្ឌកម្ម ក៏​មិនបាន​រារាំង​មី​យ៉ាន់​ម៉ា មិនអោយ​ចូលរួម​ក្នុង​អង្គការ​តំបន់​សំខាន់ ដូចជា អាស៊ាន កាលពី​ទសវត្ស​ឆ្នាំ ១៩៩០ ទេ។

ផ្ទុយទៅវិញ កត្តា​ផ្សេងទៀត ហាក់ដូចជា​បាន​នាំទៅដល់​ការផ្លាស់ប្តូរ​គួរអោយភ្ញាក់ផ្អើល​ទាំងឡាយ។ ថា​ន់ ស្វេ និង​ពួក​ឧ​ត្ត​ម​សេនីយ៍ អាច​នឹង​ជឿថា ដោយ​អនុញ្ញាត​អោយមាន​អន្តរកាល ជាបណ្តើរៗ ដឹកនាំ​ដោយ ថែ​ន សេន ជា​សម្ព័ន្ធមិត្ត​ដែល​ពួកខ្លួន​ជឿទុកចិត្ត ពួក​ទាំងនោះ​អាច​ជៀស​ផុតពី​ការបះបោរភ្លាមៗ របស់​ប្រជាជន ដែល​អាច​នាំ​ដល់​ការ​វាយតប​យ៉ាង​យង់ឃ្នង។ ថា​ន់ ស្វេ ដែល​កំពុងមាន​វ័យ​ចិតសិប​ក្រាស់ និង​មាន​សេចក្តីរាយការណ៍​មក​ថា​មាន​ជំងឺ​ផង អាច​នឹង​ចង់​ធានាថា គ្រួសារ​គាត់​នៅ​រក្សា​ធនធាន​មួយចំនួនធំ ដែល​ខ្លួន​បាន​ប្រមែប្រមូល។

យុទ្ធសាស្ត្រ​របស់​ពួក​ឧ​ត្ត​ម​សេនីយ៍ ហាក់ដូចជា​បាន​ផល។ ទោះបី ថែ​ន សេន បានដាក់​ចេញ​នូវ​ដំណើរការ​នៃ​ការធ្វើ​សេរីភាវូបនីយកម្ម គាត់​តែងមាន​ការប្រុងប្រយ័ត្ន មិន​ប៉ះពាល់​អំណាច​ពួកយោធា​ច្រើន​ទេ។ ថវិកា​ការពារ នៅតែ​ភាគច្រើន​មិនមាន​ការកត់ត្រា និង​ការត្រួត​មើល​ពី​សភា​ទេ។ យ៉ាងណាក្តី យោងតាម​សេចក្តីរាយការណ៍​តាម​សារពត៌មាន​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ ដោយ​សំអាងថា​ជាការ​ដកស្រង់​ឯកសារ​បែកការ​របស់​រដ្ឋាភិបាល លើកឡើងថា ថវិកា​ការពារ​ឆ្នាំ ២០១១ របស់ មី​យ៉ាន់​ម៉ា រួមមាន​ប្រមាណ ២៥% នៃ​ថវិកា​សរុប​របស់​ប្រទេស ជា​តួលេខ​មួយ​ខ្ពស់ សំរាប់​ប្រទេសមួយ​ក្រីក្រ​ដូចនេះ។ មេបញ្ជាការ​កងទ័ព តាម​សមរភូមិ​នៅមាន​អំណាច​យ៉ាង​សម្បើម ដើម្បី​នឹងធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​បះបោរ​ដែល​នៅ​សេសសល់ មិន​ថា​រដ្ឋាភិបាល​ស៊ីវិល​និយាយថា​ដូចម្តេច​ឡើយ។

មាន​មនុស្ស​ជាច្រើន​សន្ម​ត់​ថា ការដាក់ទណ្ឌកម្ម​ទាំងនេះ មិន​ធ្វើអោយ​ពួក​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ​ព្រួយបារម្ភ​ទេ ពីព្រោះ​ពួកគេ​អាច​ពឹងផ្អែក​បាន​លើ​ជំនួយ​របស់​ចិន​វិញ។ មិនមែន​អញ្ចឹង​ឯណា។ ពិសេស​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា អាកប្បកិរិយា​ក្រអឺតក្រទម និង​ពេលខ្លះ​សាហាវ​របស់​ក្រុមហ៊ុន​ចិន នៅ​ទីបំផុត​ធ្វើអោយ​សូម្បីតែ​រដ្ឋាភិបាល​ក៏​លែង​ទទួល​នូវ​ការ​ជិតស្និត​ដែរ។ ជាងនេះទៀត ជំនួយ​បច្ចេកទេស និង​អប់រំ ដែល​ហៅថា “ការកសាង​សមត្ថភាព” ដែល មី​យ៉ាន់​ម៉ា​ស្រេកឃ្លាន ចិន​មិន​បានធ្វើ​ទេ។ ដូចនេះ ពួក​ឧ​ត្ត​ម​សេនីយ៍ ក៏​ត្រូវតែ​បង្ខំចិត្ត​ងាក​ទៅរក​លោកខាងលិច និង ការកែ​ទំរង់​នយោបាយ។

ពេលនេះ រដ្ឋាភិបាល​ដឹងថា កត្តា​ផ្សេងទៀត​ក៏ត្រូវ​តែ​គិត​ដែរ។ មន្ត្រី​នៅ​ថ្នាក់ខ្ពស់​មួយរូប​ទទួលស្គាល់ថា ដំណើរ​ការកែ​ទំរង់​ត្រូវបាន​ព​ន្លឿ​ន​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​កន្លងទៅ ដោយសារតែ​ការរីក​សុះសាយ​នៃ​សភាពការណ៍​នៅ​អារ៉ាប់។ ការ​នេះ បានធ្វើអោយ​ពួក​ឧ​ត្ត​ម​សេនីយ៍​មានការ​ភ័យខ្លាច។ របប​មានការ​បារម្ភ​ថា ក្រុម​ប្រឆាំងនឹង​ចេញមុខ​តាមផ្លូវ​ថ្នល់​ជាថ្មី ដូចដែល​បានធ្វើ​កាលពី​ឆ្នាំ ១៩៨៨ និង ២០០៧ ដែល​អាច​សម្របសម្រួល​គ្នា​ជាមួយ​ក្រុម​ប្រដាប់អាវុធ ក្នុងនោះ​មាន​ជនជាតិភាគតិច Karen និង Kachin ដែលជា​ក្រុម​ជនជាតិភាគតិច​វាយ​តយុទ្ធ​នៅតាម​តំបន់​ព្រំដែន។ ពួក​មន្ត្រី​ទាំងនោះ​និយាយថា ដល់ពេល​ត្រូវមាន​ការសម្រុះសម្រួល​ជាតិ​ហើយ។

ចំពោះ​អ្វីដែល​លោកខាងលិច ពិសេស​សហរដ្ឋអាមេរិក និយាយ​បូរបាច់​តាម​សារពត៌មាន អំពី​ការដូរ​ផ្លាស់​នៅ មី​យ៉ាន់​ម៉ា គឺ សូម្បីតែ​មន្ត្រី​ផ្ទាល់​របស់ ថែ​ន សេន ក៏មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការដែល​លោក​ប្រកាន់យក​ការកែ​ទំរង់​ដោយ​ក្តី​សាទរ។ គេ​និយាយថា គឺ​ផ្ទុយគ្នា​អោយ​ទាំងស្រុង​ទៅនឹង ថា​ន់ ស្វេ លោក ថែ​ន សេន ត្រៀមខ្លួន​ជាស្រេច​ទទួលយក​នូវ​ការបរាជ័យ​របស់រប​ប និង​និយាយថា ប្រទេស​ត្រូវតែ​រៀនសូត្រ​ពី​ប្រទេសផ្សេង។ ជនជាតិ​ភូមា​មួយចំនួន​គិតថា ភាពស្មោះត្រង់​របស់ ថែ​ន សេន ចំពោះ​កងទ័ព ត្រូវបាន​កាត់បន្ថយ​ច្រើន នៅពេលដែល​គាត់​ដោះ​ឯកសណ្ឋាន​ចេញ។ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេសមួយ ដែល​ទៅ​ទស្សនកិច្ច (នៅ​មី​យ៉ាន់​ម៉ា) រាយការណ៍​ថា ថែ​ន សេន បាន​ប្រាប់​គាត់​កាលពី​ឆ្នាំទៅ​ថា វា​យូរ​ក្រែល​ហើយ​ដែល​គាត់​បាន​និយាយ​ចុងក្រោយ​ទៅកាន់ ថា​ន់ ស្វេ (ដែល​គេ​នៅតែ​សន្ម​ត់​ថា ជា​អ្នក​ញាក់​ខ្សែ​នៅឡើយ)។

ស៊ូ​គ្យី អ្នក​សម្រុះសម្រួល

យោងតាម​មន្ត្រី​មី​យ៉ាន់​ម៉ា​ជាច្រើន ពួកយោធា​នៅ​ទីបំផុត​ក៏បាន​ដឹងថា ជាមួយ ស៊ូ​គ្យី នៅក្នុង​ឆាកនយោបាយ ពួកគេ​មាន​សម្ព័ន្ធមិត្ត​ប្រកបដោយ​សក្តានុពល​បំផុត ក្នុង​អន្តរកាល​ដោយ​សុខសាន្ត។ ដូចជា ដា​ឡៃ ឡា​ម៉ា នៅ​ទី​បេ​ត៍ ស៊ូ​គ្យី អាចជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​មី​យ៉ាន់​ម៉ា ដែលមាន​ភាពស្របច្បាប់​ខាង​សីលធម៌ ដើម្បី​នឹង​ណែនាំ​ប្រជាជន​មី​យ៉ាន់​ម៉ា អោយទទួល​យក​នូវ​ការកែ​ទំរង់យឺតៗ និង​មាន​គណនេយ្យភាព​តិចតួច សំរាប់​មេដឹកនាំ​ជា​អតីត​យោធា។ តែ ក៏​អាច​ថា មកពី​ដឹងថា​នេះ​ជា​ឱកាស​ចុងក្រោយ​ដើម្បី​ជួយ​ប្រទេស ស៊ូ​គ្យី ក៏មាន​ឆន្ទៈ​ពិសេស ដើម្បី​ធ្វើការ​ជាមួយ ថែ​ន សេន ទោះបី​មានការ​បន្ត​បំពាន​នៅតាម​តំបន់​ជនជាតិភាគតិច​នានា នៃ​ប្រទេស និង​ការ​ដែលថា មាន​អ្នកទោសនយោបាយ​រាប់រយ​នាក់​ស្ថិតនៅក្នុង​ពន្ធ​ធនាគារ​នៅឡើយ​ក៏ដោយ។

មេដឹកនាំ​ជនជាតិភាគតិច​ខ្លះ បាន​ទាំង​ចាប់ផ្តើម​រិះគន់​មេដឹកនាំ​ប្រឆាំង ដែល​ពីមុន​រក​បន្ទោស​មិនបាន ដោយ​ព្រួយបារម្ភ​ថា លោកស្រី មិន​ធ្វើ​ដឹង​ធ្វើ​លឺ​ចំពោះ​ការវាយប្រហារ និង​ការរំលោភ ដោយ​កងទ័ព ប្រឆាំង​ក្រុម​ជនជាតិភាគតិច Kachin នៅ​ភាគ​ខាងជើង។ ស៊ូ​គ្យី ហាក់ដូចជា​បាន​យល់​ពី​សេចក្តីត្រូវការ​ធ្វើ​តុល្យ​កម្ម​រវាង​គណនេយ្យភាព ជាមួយនឹង​ត្រូវធ្វើ​យ៉ាងណា​អោយ​ពួក ឧ​ត្ត​ម​សេនីយ៍​នៅក្នុង​បន្ទាយ។ ថ្លែង​ទៅកាន់​អ្នក​ស្តាប់​ជា​សាធារណៈ (ក្នុងនោះ​មាន​ទាំង ក្រុម​សិក្សា​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក the Council on Foreign Relations/CFR) ផង កាលពី​ឆ្នាំ​កន្លងទៅ ស៊ូ​គ្យី បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត អោយ​ប្រទេស​ដកខ្លួន​ចេញពី​អតីតកាល ដោយ​ស្នើថា លោកស្រី​នឹងមិន​ជំរុញអោយមាន​ការកាត់ទោស​អតីត​មេដឹកនាំ​យោធា​ដោយ​តុលាការ ឬ​បណ្តឹង​ផ្លូវច្បាប់​អ្វី​ឡើយ។

ទោះបីថា ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច មិនមាន​ប៉ះពាល់​ដល់​ទ្រព្យធន​របស់​មេដឹកនាំ​យោធា​កំពូល​ក៏ដោយ មន្ត្រី​ដែលមាន​វ័យ​នៅ​ក្មេង និង​មានការ​ត្រេកត្រអាល​ចង់បាន​តិច មានការ​ខកចិត្ត​ច្បាស់​ណាស់ ការដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ធ្លាក់​ទៅ​នៅក្រោយ​គេ ធៀប​នឹង​បណ្តា​ប្រទេស​ក្បែរ​ខាង យោងតាម​មន្ត្រី​ជាច្រើន​អោយដឹង​នៅក្នុង​ប្រទេស។ ប្រធានាធិបតី ថែ​ន សេន បានទទួល​សារភាព​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​ថា មី​យ៉ាន់​ម៉ា បាន​នៅក្រោយ​ដាច់​ឆ្ងាយ​គេ​ក្នុងការ​អភិវឌ្ឍន៍ ដែលជា​ការទទួលស្គាល់​មួយ​ដ៏​ស្ងប់ស្ងាត់ ពី​ការបរាជ័យ​នៃ​គោលនយោបាយ​ពី​អតីតកាល ដោយ​របប​យោធា។

ដូរ​ផ្លាស់សន្សឹមៗ ជា​វិធី​ល្អ, គិតគូរ​ពិពិធ​កម្ម​ដៃគូ

ដោយសារ​គ្រោះថ្នាក់ធំៗ ទាំងនេះ ការដូរ​ផ្លាស់សន្សឹមៗ កើតមាន​នៅ​មី​យ៉ាន់​ម៉ា ទោះបីថា​វា ធ្វើអោយ​តឹងទ្រូង​ដល់​សកម្មជន​ជើងចាស់​ជាច្រើន និង​ក្រុម​បះបោរ​ជនជាតិភាគតិច​នានា​ក៏ដោយ ក៏​អាចជា​វិធី​ដែល​ល្អ​បំផុត​នៃ​ការកែ​ទំរង់​ដោយ​សន្តិវិធី​ដែរ។ រក្សា ស៊ូ​គ្យី អោយនៅ​ជា​ស្នូល​នៃ​ដំណើការ​គឺជា​ការសំខាន់។ ស៊ូ​គ្យី គឺជា​ឥស្សរជន ដែល​អាចដឹកនាំ​គំនិត​ផ្តើម​ទូទាំងប្រទេស​បែបណា​មួយ តាមរបៀប សន្និសីទ Panglong ឆ្នាំ ១៩៤៧ (ជា​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​មួយ នៅ Panglong ក្នុង​រដ្ឋ Shan ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ការចូលរួម​ពី​ជនជាតិ Shan ជនជាតិ Kachin និង​ជនជាតិ Chin ក្នុង​របៀបវារៈ​ដណ្តើម​ឯករាជ​ពី​អង់គ្លេស និង​ការរៀបចំ​អនាគត ភូមា ក្រោយ​ឯករាជ ជា​សាធារណរដ្ឋ​រួបរួម - ដកស្រង់​បន្ថែម​ពី Wikipedia) និង​ដែល​អាច​រៀបរៀង​បានជា​កិច្ចព្រមព្រៀង​ស្វ័យភាព​មួយចំនួន សំរាប់​ក្រុម​ជនជាតិភាគតិចធំៗ នានា។

ក្នុងពេល​ជាមួយគ្នា ដោយ​ជំរុញ​ពួក​ឧ​ត្ត​ម​សេនីយ៍​ថ្នាក់​ខ្ពស់បំផុត អោយចូល​និវត្តន៍ ជាជាង ជំរុញភ្លាមៗ អោយមាន​គណនេយ្យភាព សំរាប់​ឧក្រិដ្ឋកម្ម​ដ៏​ច្រើន​របស់​ពួកនេះ តួអង្គ​បរទេស​ទាំងឡាយ និង​មេដឹកនាំ​ស៊ីវិល មី​យ៉ាន់​ម៉ា អាចបង្កើត​នូវ​ស្ថេរភាព​មួយបែប ដែល​នឹង​អនុញ្ញាតអោយ​ប្រទេស​ទាញយក​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន ម្ចាស់ជំនួយ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយចំនួនធំ  ដែល​កំពុង​រង់ចាំ​នឹង​មាត់ទ្វារ ដោយ​សង្ឃឹមថានឹង​ចាយលុយ​មួយចំនួនធំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា។

បន្ថែម​លើ​នេះ​ទៀត ទិដ្ឋភាព​នៃ​ការ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ចិន ក្នុងពេលដែល​មានការ​ដាក់អោយ​ឯកោ​កាន់តែខ្លាំង​ឡើង​ពី​លោកខាងលិច អាចជា​ផ្កាភ្លើង​ដោយ​ប្រយោល​ជួយ អោយមាន​ដូរ​ផ្លាស់​នេះដែរ។ ឧ​ត្ត​ម​សេនីយថ្នាក់ខ្ពស់ៗ ជាច្រើន មិនមាន​ក្តី​ស្រឡាញ់​អ្វី​ពិតប្រាកដ​ចំពោះ​ក្រុង​ប៉េកាំង​ទេ ព្រោះតែ​ពួកគេ​បាន​វាយ​ប្រយុទ្ធ​នឹង​បក្សកុម្មុយនិស្ត​មី​យ៉ាន់​ម៉ា​គាំទ្រ​ដោយ​ចិន ក្នុងពេលដែល​ពួកគេ​នៅ​ជាម​ន្ត្រី​យោធាក្មេងៗ កាលពី​ទសវត្ស​ឆ្នាំ ១៩៦០ និង​ដើម​ទសវត្ស ១៩៧។

មេដឹកនាំ​សព្វថ្ងៃ​របស់​មី​យ៉ាន់​ម៉ា មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​អំពី​ការពឹង​ផ្អែកលើ​ដៃគូ​ជា​យុទ្ធសាស្ត្រ​តែមួយ។ ការដាក់ចេញ​នូវ​ការកែ​ទំរង់ អាច​នឹង​ជួយ​អោយ​ពួកគេ​ធ្វើ​ពិពិធ​កម្ម​ដៃគូ និង​ជៀស​ផុតពី​ការពឹងផ្អែក​ខ្លាំងពេក​តែ​លើ​ក្រុង​ប៉េកាំង។ នៅក្នុង​សញ្ញា​ធំ​មួយ​នៃ​ការដូរ​ផ្លាស់ កាលពី​ឆ្នាំ​កន្លងទៅ រដ្ឋាភិបាល​បានអោយ​មោឃភាព​ដល់​គំរោង​ផ្តល់​លុយ​ដោយ​ចិន​ធំ​មួយ គឺ ទំនប់​វា​រី​អគ្គិសនី Myitsone Dam នៅ​ភាគ​ខាងជើង​មី​យ៉ាន់​ម៉ា។ ក្រោយមក រដ្ឋាភិបាល ហាក់ដូចជា​បាន​ត្រៀមខ្លួន​ជាស្រេច លើក​ពេល ឬ​អោយ​មោឃភាព​គំរោង​គាំទ្រ​ដោយ​ថៃ​ធំ​មួយទៀត ហៅថា កំពង់ផែ Dawei។

ក្លាយជា​ដៃគូ សំរាប់ វ៉ាស៊ីនតោន?

ក្នុង​ប្រាំ​ឆ្នាំ​កន្លងទៅ មី​យ៉ាន់​ម៉ា បានក្លាយ​ខ្លួន​កាន់​តែមាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ឡើង ចំពោះ​សហរដ្ឋអាមេរិក។ ក្រៅពី​ប្រេង និង​ឧស្ម័ន មី​យ៉ាន់​ម៉ា មាន​ធនធានធម្មជាតិសំខាន់ៗ ផ្សេងទៀត និង​អាចជា​ទីផ្សារ​ថ្មី​ធំ​មួយ​សំរាប់​ក្រុមហ៊ុន​អាមេរិក។ ការគំរាមកំហែង ដោយ មាន​ភស្តុតាង ដែល​លេច​ចេញមក​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ នេះ គឺ​ការ​បង្ហាញថា របប​មី​យ៉ាន់​ម៉ា អាច បាន​នាំចូល​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​កាំជ្រួច ពី​កូរ៉េខាងជើង។ ជាងនេះទៀត ការកើនឡើង​នូវ​ជនភៀសខ្លួន ដោយសារ ការបះបោរ​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ នេះ ធ្វើអោយមាន​ហានិភ័យ​អ​ស្ថេ​រ​ភាវូបនីយកម្ម​ដល់​តំបន់​ព្រំដែន​ថៃ ឥណ្ឌា និង​នីរ​តី​នៃ​ប្រទេស​ចិន។

ការ​មាន​ស្ថេរភាព​ខ្លះ ក៏​ផ្តល់អោយ​អ្នកត្រួតពិនិត្យ​អន្តរជាតិ ក្នុងនោះ​មាន​ទាំង​អាមេរិក​ផង នូវ​កាលានុវត្តភាព​ល្អ​ជាង​មុន ដើម្បី​នឹង​សាកសួរ​មី​យ៉ាន់​ម៉ា ពី​ទីតាំង​នុយក្លេអ៊ែរ ឬ​កាំជ្រួច​ណាខ្លះ ហើយ​កាត់បន្ថយ ឬ​បញ្ចប់​វត្តមាន​កូរ៉េខាងជើង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា។ ការអូសបន្លាយ​ពេល​នៃ​តម្លាភាព មិន​ទាត់ចោល​នូវ​លទ្ធភាព​នៃ​ការ​បង្កើតជា​គណនេយ្យភាព​តាម​ទំរង់​ណាមួយ នៅពេល​ក្រោយ​ទេ ប្រហែលជា​អាច​យកតាម​គំរូ គណៈកម្មការ​ការពិត និង​សម្រុះសម្រួល​របស់ ទី​ម័​រ​ឡែ​ស្ត ក៏បាន។ តែ​សំរាប់​ពេលនេះ ការអោយ​សញ្ញា​ណាមួយ ដែល​អាច​ទាញ​ពួក​ឧ​ត្ត​ម​សេនីយ៍ថ្នាក់ខ្ពស់ៗ អោយ​វិល​ចូលទៅ​នយោបាយ​វិញ វា​នឹង​គ្រាន់តែ​ពន្លិច​ឱកាស​របស់​មី​យ៉ាន់​ម៉ា តែប៉ុណ្ណោះ ហើយ​រារាំង​ដល់​ឆ្នាំ​នៃ​ការកែ​ទំរង់ មិនអោយ​រីក​ធំធាត់​ទៅជា​ការកែ​ទំរង់​កាន់តែ​ស៊ី​ជំរៅ។

លោកអ្នក​អាន​ជាទី​មេត្រី ឃើញថា​ទស្សនៈ​ពួក​អ្នកវិភាគ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក ដែល​ពីមុន​រត់មាត់​តែ​នឹង​ពាក្យ​ថា ដូរ​ផ្លាស់​របប ឬ Regime Change ពេលនេះ បែរជា​ស្រុះស្រួល​បាន​នឹង​គំនិត​ថា កងទ័ព​មាន​អារម្មណ៍​សុខសាន្ត​ដើម្បី​នឹង​ប​ន្ធួ​រការ​ក្តាប់​អំណាច។ ពិតណាស់ អ្នកនយោបាយ​នៃ​ក្រុមប្រឆាំង បាន​និយាយ​សម្រាល​ពី​ការទទួលខុសត្រូវ​ចំពោះ​រឿង​អតីតកាល ហើយ​បាន​លួងលោមគ្រប់ៗ គ្នា​អោយ​សម្លឹង​ទៅ​អនាគត។ ដូចនេះ របៀបឈ្នះៗ នៅ មី​យ៉ាន់​ម៉ា ថ្វីត្បិតតែ​ពួក​ឧ​ត្ត​ម​សេនីយ៍ និង​ក្រុមគ្រួសារ អាច​រក្សា​ឡាន​ទំនើប Ferraris ក៏ដោយ ក៏​ទាំងអស់គ្នា​មើលឃើញថា សន្តិភាព នឹងត្រូវ​កើតមាន​សំខាន់​ជាង​យុត្តិធម៌។ តើ​គេ​កំពុង​សិក្សា និង​សរសើរ​ដោយ​មិន​ចំពោះ​ពី​ការអនុវត្ត​នយោបាយឈ្នះៗ ក្នុង​ទំនាក់​ទំនងជា​អន្តរ​អាស្រ័យ​រវាង​ម្ខាង​សន្តិភាព និង​ម្ខាង​ទៀត​យុត្តិធម៌ តាមរបៀប​កម្ពុជា​ឬ? យ៉ាងណា​ក៏ដោយចុះ ដល់​ពេលដែល​មហាអំណាច​ខ្លះ​ដឹងថា នេះ​ជា​តម្លៃពិត​នៃ​ការដូរ​ផ្លាស់​មួយ នៅ​អាស៊ីអាគ្នេយ៍៕

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ របៀប និង​ន័យ​នៃ​ការដូរ​ផ្លាស់ របស់ មី​យ៉ាន់​ម៉ា