អ្នកបោះឆ្នោតកម្ពុជាប្រហែលជាង៩លាននាក់ នឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលជាការបោះឆ្នោតសំរាប់ អាណត្តិទី៣ រៀងរាល់ប្រាំឆ្នាំម្តង ស្របតាមច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០០។
គណបក្សនយោបាយដែលមានអាសនៈក្នុងសភាកំពុងរៀបចំត្រៀមសំរាប់ការចូលរួមការបោះឆ្នោត មួយដោយសម្ងាត់ ដោយផ្ទាល់ ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បាននិងកំពុង បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីឈរឈ្មោះជាសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ដែលមានប្រជាប្រិយភាពជាងគេ ដើម្បីដាក់ចូលក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សំរាប់អាណត្តិទី៣។
វិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្នុងគណបក្សប្រជាជនកម្ពុជាសំរាប់ឈរឈ្មោះឱ្យប្រជាជន បោះឆ្នោតបាននិងកំពុងឆ្លុះបញ្ចាំងឱ្យឃើញនូវលក្ខណៈដឹកនាំតាមបែបប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្ស ប្រជាជនកម្ពុជា ហើយលក្ខណៈប្រជាធិបតេយ្យក្នុងបក្សត្រូវបានអនុវត្តតាំងតែពីឆ្នាំ២០០២ ពេលដែលមាន ការបោះឆ្នោតមូលដ្ឋានលើកដំបូងក្នុងប្រទេសកម្ពុជា។
អ្វីដែលជាគំរូដឹកនាំប្រកបដោយជោគជ័យនោះគឺគណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើសន្និបាត ទូទាំង ១៦៣៣ ឃុំ-សង្កាត់ ដើម្បីបូកសរុបវាយតំលៃការអនុវត្តន៍ការងារកន្លងមកពីឆ្នាំ២០០៧-២០១២ និងលើកទិសដៅការងារសំរាប់ឆ្នាំ២០១២-២០១៧ ដែលជាដំណើរការដឹកនាំប្រកបដោយប្រជាធិបតេយ្យ របស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែក គណបក្សប្រឆាំងនៅប្រទេសកម្ពុជាវិញ មេបក្សគឺជាអ្នកជ្រើសតាំងបេក្ខជនសំរាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការដឹកនាំមួយមានភាពផ្តាច់ការក្នុងបក្សរបស់ខ្លួន។ បើសិនដូច្នេះ តើបក្សប្រឆាំងអាចតាំងខ្លួនជាអ្នកប្រជាធិបតេយ្យបានដែរឬទេ សំរាប់ការដឹកនាំបក្ស ឬ ក៏ការដឹកនាំជាតិ ខណៈពេលដែលបេក្ខជនដែលត្រូវឈរឈ្មោះឱ្យប្រជាជនបោះឆ្នោតត្រូវបានចាត់តាំង ដោយមេបក្សយ៉ាងដូច្នេះ? សំរាប់សាធារណៈជនភាគច្រើនដែលជាអ្នកបោះឆ្នោតយល់ឃើញថា មេបក្សប្រឆាំងបានដឹកនាំផ្តាច់ការក្នុងបក្ស អាស្រ័យដោយលក្ខណៈដឹកនាំផ្អែកលើចិត្ត ឬ អារម្មណ៍យល់ឃើញ របស់បុគ្គលដែលជាមេដឹកនាំបក្ស។ ឧទាហរណ៍ថ្មីៗនេះ សម រង្ស៊ី បានតម្រូវឱ្យសមាជិកបក្សរបស់ខ្លួន ពិសេស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវស្បថ និងត្រូវដកហូតទូរស័ព្ទដៃ ដើម្បីបោះឆ្នោតដែលឆ្លុះ បញ្ចាំងឱ្យឃើញនូវការដឹកនាំមួយមានភាពផ្តាច់ការក្នុងបក្សរបស់ខ្លួន។
ដូច្នេះ ជីវភាពនៃសមាជិកគណបក្សសមរង្ស៊ីតែងតែឋិតនៅក្រោមការគាបសង្កត់របស់មេបក្ស និង ការប្រមាថថ្មីៗនេះដល់សមាជិករបស់ខ្លួនពីសំណាក់ យឹម សុវណ្ណ អ្នកនាំពាក្យបក្សសម រង្ស៊ីដែលបានចាត់ ទុកសមាជិករបស់ខ្លួនមួយចំនួន ដែលមិនបានបោះឆ្នោតឱ្យបក្សសម រង្ស៊ីថា ជាស្លឹកឈើជ្រុះពីដើម។
ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា កាលណាមានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស យើងអាច សន្និដ្ឋានបានថា គណបក្សនេះដឹកនាំរដ្ឋាភិបាលក៏មានប្រជាធិបតេយ្យដូច្នោះដែរ។ ជាក់ស្តែងចំពោះបេក្ខជន ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងគណបក្សប្រជាជនកម្ពុជាត្រូវតែជា បេក្ខជនដែលមានប្រជាប្រិយភាពជាងគេ ហើយក៏ជាបេក្ខជនដែលនឹងទទួលបានការគាំទ្រ និងការជឿទុកចិត្តពីប្រជាជននៅមូលដ្ឋានផងដែរ។
បទពិសោធន៍បែបនេះបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជ័យជំនះដ៏លើសលប់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសពីអាណត្តិមួយទៅអាណត្តិមួយ ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិលើកដំបូងក្នុងឆ្នាំ២០០២ និងលើកទី២ ឆ្នាំ២០០។
អ្វីដែលប្រជាជនកម្ពុជាយល់បានយ៉ាងច្បាស់លាស់បំផុតនោះ គឺគណបក្សប្រជាជនកម្ពុជាមានកម្មវិធី នយោបាយច្បាស់លាស់ ដោយរាប់ទាំងគោលការណ៍១១ខ របស់គណបក្ស និងស្នាដៃធំៗ ៨ យ៉ាង របស់គណបក្ស ត្រូវបានប្រកាន់យក និងអនុវត្តឥតងាករេ ដែលបាននិងកំពុងធ្វើឱ្យសង្គមកម្ពុជាយើងមាន សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងប្រទេស ព្រមទាំងការអភិវឌ្ឍជាបន្តបន្ទាប់ជូនដល់ ជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕
ឡុង សុគុណ





















