Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អាស៊ីអាគ្នេយ៍៖ ផ្លូវ​ដើរ​សំរាប់​សហរដ្ឋអាមេរិក

ហៀ​ល វែ​ល​ឌី

ថ្មីៗ នេះ Ernest Z. Bower នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បានធ្វើ​ការវិភាគ​អំពី ផ្លូវ​ដើរ​សំរាប់​សហរដ្ឋអាមេរិក ក្នុង​អាស៊ីអាគ្នេយ៍ តែ​ដែល​ស្មេរ​ឃើញថា​ជាការ​ពិនិត្យ​ទូទៅ​មួយ​ពី​ដំណើរ​វិល​ចូល និង​បោះស្នឹង​នៅ​អាស៊ី ក្នុង​បរិបទ​នៃ​ការ​ហក់​ឡើង​ខាង​សេដ្ឋកិច្ច និង​ការសំរេច​នូវ​ផែនការ​ចិញ្ចឹម​សន្តិសុខ​ថាមពល តាមផ្លូវ​ការទូត និង​ការបកស្រាយ​ដោយ​លោកខាងលិច​ពី​ការបង្ការ​ដោយ​មធ្យោបាយ​យោធា​របស់​ចិន។ ការវិល​ទៅ​ចាក់រឹស​នៅ​អាស៊ី ប៉ា​ស៊ី​ហ្វ៊ិ​ក និយាយ​ជារួម តំបន់​អាស៊ីអាគ្នេយ៍ និយាយ​ដោយឡែក នៅ​ជា​មូលបទ​នៃ​ការពិភាក្សា និង​ពិចារណា​ដោយ​ក្រុម​សិក្សា​យុទ្ធសាស្ត្រ​ជាច្រើន ដែល​ស្មេរ​សូម​លើកយក​ភាគ​ផ្សំគ្នា​នៃ​ការវិភាគ​ទាំងនោះ មក​ជំរាបជូន បន្ថែម​លើ​អត្ថបទ​ដែល​បាន​ជំរាបជូនពីមុន។

អស់កាល​ជាង​ពីរ​សប្តាហ៍ (គិត​ត្រឹម​ថ្ងៃ ២ កុម្ភៈ) រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក Leon Panetta និង​មន្ត្រីសំខាន់ៗ របស់គាត់ ក្នុងនោះ​មាន​ឧ​ត្ត​មនា​វី​ឯក Robert Willard មេបញ្ជាការ​នៃ បញ្ជ​ការ​ប៉ាស៊ីហ្វិក​សហរដ្ឋអាមេរិក បាន​ពន្យល់​លំអិត​យ៉ាងសកម្ម ពី​ការប្រកាស​ថ្ងៃ ០៥ មករា របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អំពី​ថវិកា​ការពារ​ប្រទេស​ថ្មី និង​ផលប៉ះពាល់​សំរាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ សម​ភាគី​អាស៊ី​ភាគ​អាគ្នេយ៍ ចង់​យល់​អោយបាន​ច្បាស់​ពី​ចេទនា​របស់​សហរដ្ឋអាមេរិក ដើម្បីអោយ​ប្រទេស​ទាំងនេះ​អាច​វាស់​ស្ទង់​បាន​នូវ​ការឆ្លើយតប​របស់​ចិន និង​អាច​បកប្រែ​ផែនការ​រួមជាមួយ​សហ​រដ្ឋ​អាមេរិក អោយ​ក្លាយជា​សេចក្តីថ្លែងការណ៍​នយោបាយ​ក្នុងប្រទេសរៀងៗ ខ្លួន។

 

តាមពិតទៅ ការវិលត្រឡប់​ទៅ​តាំង​វត្ត​មាននៅ​អាស៊ី គឺជា​អាទិភាព​តាំងពី​ដំបូងដៃ​នៃ​រដ្ឋបាល អូ​បា​ម៉ា ដោយសារតែ​ប្រមុខ​នៃ​រដ្ឋបាល​នេះ ដឹងថា ប្រវត្តិសាស្ត្រ​ពិភពលោក​ក្នុង​សតវត្ស​ទី ២១ នឹងត្រូវ​តាក់តែង​នៅក្នុង​តំបន់​អាស៊ី។ តំបន់​នេះ នឹងមាន​កំណើនសេដ្ឋកិច្ច​ធ្វើអោយមាន​ការប្រែប្រួល នៅលើ​ផែនដី។ ទីក្រុង​ជាច្រើន​នៃ​តំបន់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សកល​ខាង​ពាណិជ្ជកម្ម និង​វប្បធម៌។ ពេលដែល​មនុស្ស​កាន់តែ​ច្រើន នៅ​ទូទាំង​តំបន់​មានលទ្ធភាព​ទទួលបាន​ការសិក្សា និង​កាលានុវត្តភាព តំបន់​នឹង​បានឃើញ​នូវ​ជំនាន់​មនុស្ស​ថ្មី និង​មេដឹកនាំ​កំរិត​សកល​ថ្មី ក្នុង​ធុរកិច្ច និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នយោបាយ និង​សិល្បៈ។

ការចូលរួម​គ្រប់​ទិដ្ឋភាព

ខណៈដែល​សហរដ្ឋ​អា​មេ​ដ​រិ​ក ចាត់​វិធានការណ៍​នានា ដើម្បី​អនុវត្ត​ការសន្យា​ជា​គោលនយោបាយ​បោះស្នឹង​នៅ​អាស៊ី របស់ អូ​បា​ម៉ា អ្នក​រៀបរៀង​គោលនយោបាយ​សហរដ្ឋអាមេរិក គួរតែ​វិនិយោគ​ពេលវេលា​អោយបាន​គ្រប់គ្រាន់ ពន្យល់​សហសេវិក​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ចេទនា​របស់​សហរដ្ឋអាមេរិក។

ដោយ​ធ្វើ​ដូច​នោះ វា​នឹងមាន​សារសំខាន់​ដើម្បី​នឹង​ចង្អុល​បង្ហាញថា វត្តមាន​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​លើក​កំពស់​ឡើង​នៅក្នុង​តំបន់ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ គិត​ចូល​នូវ​ការចូល​ពាក់ព័ន្ធ​ដ៏​មាំមួន​ក្នុង​វិស័យសេដ្ឋកិច្ច និង​នយោបាយ។ និយាយបាន​ម្យ៉ាង​ទៀតថា សហរដ្ឋអាមេរិក ត្រូវតែ​ច្បាស់​ថា យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​របស់ខ្លួន មិនមែនជា​អភិក្រម​ដែល​ត្រួតត្រា​ដោយ​សន្តិសុខ​ទេ តែ ជាការ​ប្តេជ្ញា​មួយ​ទូលំទូលាយ និង​យូរអង្វែង។

សហរដ្ឋអាមេរិក កំពុងតែ​សង្កត់ធ្ងន់​ឡើងវិញ នូវ​ការប្តេជ្ញា​យូរអង្វែង​ខាង​សន្តិសុខ និង​សេដ្ឋកិច្ច ចំពោះ​តំបន់ និង​បន្ថែម​ជាការ​យកចិត្តទុកដាក់​នយោបាយ​ថ្មី ដោយ​លោកស្រី រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ ២៨ តុលា ២០១១ ថា “នៅ​គ្រប់ទិសទី​ដែល​យើង​ទៅ យើង​នឹង​ជំរុញ​គោលដៅ​ធំ​មួយ គឺ​ធ្វើអោយមាន​ចីរភាព និង​ពង្រឹង​ការដឹកនាំ​របស់ អាមេរិក នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយក៏​ដើម្បី​ធ្វើអោយ​ប្រសើ​ឡើង​នូវ​សន្តិសុខ លើក​កំពស់ វិបុលភាព និង​ជំរុញ​តម្លៃ​របស់​យើង។

ពិតជា​ដូច​លោកស្រី ហៀ​ឡា​រី គ្លី​ន​តុ​ន មានប្រសាសន៍​មែន សកម្មភាព​ដ៏​មមាញឹក​នៃ​មន្ត្រី​សហរដ្ឋអាមេរិក ទាំង​ក្នុង​នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ មាន​លក្ខណៈ​សកម្ម​នាំមុខ​គួរអោយកត់សំគាល់ មិន​ថា​នៅទីណា​នៃ​អាស៊ី​ឡើយ។ មនុស្សពូកែៗ ខាង​ការទូត​របស់​សហរដ្ឋ​អាមេរិក តាំងពី​មន្ត្រី​ថ្នាក់ខ្ពស់ អ្នកជំនាញ​ខាង​ការងារ​អភិវឌ្ឍន៍ ក៏ដូចជា​បញ្ហាធំៗ ជាច្រើន​ទៀត ត្រូវបាន​បញ្ជូនទៅ​គ្រប់​កៀនកោះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រាប់ទាំង​មក​កម្ពុជា​ផង។ ដោយ​ធ្វើ​ដូចនេះ សហរដ្ឋអាមេរិក ពិតជា​បញ្ជាក់ថា បាន​ព​ន្លឿ​ន និង​ពង្រីក​ទំហំ​នៃ​ការចូលរួម​ក្នុង​គ្រប់​ទិដ្ឋភាព​របស់ខ្លួន​ក្នុង​តំបន់ ទាំង​ជាមួយ​ប្រទេស​ដៃគូ ទាំង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត ក៏ដូចជា​ប្រជាជន​ខ្លួនឯង​ផ្ទាល់​តែម្តង។

តុល្យ​ភាពជា​កូនសោរ

តុល្យភាព ជា​ធាតុ​ផ្សំ​សំខាន់បំផុត​ក្នុង​រឿងនេះ។ បើសិនជា​បណ្តា​ប្រទេស​អាស៊ី​ទាំងឡាយ មិនមាន​ទំនុកចិត្ត​ថា សហរដ្ឋអាមេរិក​មាន​ចេទនា​បង្កើតជា​វិធាន​នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ទេ ប្រទេស​ទាំងនោះ​នឹងមិន​ទទួលយក​ទិដ្ឋភាព​សន្តិសុខ​នៃ “ការបោះ​ស្នឹង” ក្នុង​តំបន់​ទេ។

សកម្មភាព​ជាក់លាក់​ទាំ​ង​ឡាយ ក្នុងន័យនេះ​មាន​សារៈសំខាន់ និង​គិត​ចូល​នូវ​កត្តា​ដូចតទៅ (ក) បន្ត​វ​ឌ្ឈ​នា​ការ និង​ការយកចិត្តទុកដាក់​កំរិត​មេដឹកនាំ​លើ​វិស័យ​ពាណិជ្ជកម្ម ពិសេស​ការចរចា​ភាពជា​ដៃគូ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ខ) ពន្យល់​ប្រជាជន​អាមេរិក​អំពី​ការរួមចំណែក​នៃ​ពាណិជ្ជកម្ម​អាស៊ី​ចំពោះ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ក៏ដូចជា​កំណើន​យូរអង្វែង (គ) ទទួល​ស្វាគមន៍​ការវិនិយោគ​ពី​អាស៊ី (ឃ) បង្ហាញ​នូវ​ឆន្ទៈ​ពិភាក្សា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង (ង) រៀបចំ​អោយមាន​ជា​បេសកកម្ម​ធុរៈកិច្ច ថ្នាក់​ប្រធានាធិបតី និង/ឬ ថ្នាក់​រដ្ឋមន្ត្រី ដោយ​មន្ត្រី​ជា​ប្រធាន​ប្រតិបត្តិ (CEO) របស់​សហរដ្ឋអាមេរិក​ទៅកាន់​តំបន់។

ការយល់​ពី​ការជាប់​ទាក់ទង​គ្នា​ទាំងនេះ និង​ការពង្រីក​នូវ​រឿង​ដែល​ត្រូវ​ពិភាក្សា​នៃ​មន្ត្រី​សហរដ្ឋអាមេរិក ជាការ​សំខាន់ ហើយ​ត្រូវតែ​ក្លាយជា​សម្លេង​នៃ​កែទម្រង់​ដែល​គាំទ្រ​ដោយ​សកម្មភាព។

ការធានា​អំពី​ចិន

អាស៊ីអាគ្នេយ៍​ត្រូវការ​សហរដ្ឋអាមេរិក អោយ​បង្ហាញ​ច្បាស់​ពី​ចេទនា​របស់ខ្លួន។ តំបន់​ត្រូវ​ការយល់​អោយបាន​ថា គោលដៅ​ចុងក្រោយ​របស់​សហរដ្ឋអាមេរិក គឺ​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន។ យុទ្ធសាស្ត្រ​ដ៏​ធំ​មាន​ប្រសិទ្ធិភាព និង​ចីរភាព សំរាប់​សហរដ្ឋអាមេរិក ត្រូវតែមាន​គោលដៅ​ឆ្ពោះទៅ​ធ្វើអោយ​ចិន​ជឿទុកចិត្ត​ថា ខ្លួន​អាច​ដោះស្រាយបាន​គោលបំណង ស្វែងរក​សន្តិសុខ​ថាមពល ស្បៀងអាហារ និង​ទឹក ហើយ​អាចធ្វើ​វិត្ថារ​កម្ម​ការ​ខ្លាំងពូកែ​ខាង​សេដ្ឋកិច្ច​របស់ខ្លួន​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សន្តិសុខ និង​ពាណិជ្ជកម្ម​តំបន់។

តំបន់​នៅមាន​ការព្រួយបារម្ភ ពីព្រោះ​មិនដឹងថា​ចិន​ចង់បាន​អ្វី។ តំបន់​មិនដឹងថា តើ​ក្នុង​ប៉ុន្មាន​ទសវត្ស​ខាងមុខ ចិន នឹង​កំណត់ថា​ខ្លួន​ជា​អ្វី។ អំណាច និង​កំណើនសេដ្ឋកិច្ច​ត្រូវបាន​ស្វាគមន៍ តែ​ការប្រើ​សាច់ដុំ​រកបាន​ថ្មី ដើម្បី​កំណត់​អធិបតេយ្យភាព ក្នុង​តំបន់​មានទំនាស់ ដូចជា សមុទ្រ​ចិន​ភាគខាងត្បូង តំបន់​ព្រំដែន​ចិន/ឥណ្ឌា និង​ទី​ដ៏ទៃទៀត បានធ្វើអោយ​ប្រទេសជិតខាង​ចិន​មានការ​ប្រុងប្រយ័ត្ន។

សម្លឹង​មើលទៅ​អន្តរកាល​នៃ​ការដូរ​ផ្លាស់​អ្នកដឹកនាំ​របស់​ចិន​ឆ្នាំនេះ សូម្បីតែ​អ្នកជំនាញ​បំផុត​នៃ​កិច្ចការ​ចិន មិនអាច​និយាយ​អោយ​ប្រាកដ​បានទេ​ថា តើ​ធាតុ​អ្វីខ្លះ ដែល​នឹង​កំណត់​ពី​ស្ថានភាព​ថ្មី​របស់​ប្រទេស​ក្នុង​ឆ្នាំ ២០១៣ និង​ហួស​ពី​នោះ។ ជា​ប្រតិមតិ ខណៈដែល​ភាពមិនច្បាស់លាស់​នៃ​អាស៊ីអាគ្នេយ៍​អំពី​ចិន បាន​ជំរុញ​ប្រទេស​នានា​អោយ​លើកទឹកចិត្ត​តួនាទី​សកម្ម​មុន​ច្រើនឡើង នៃ​សហរដ្ឋអាមេរិក​ក្នុង​តំបន់ វា​ក៏​បង្កើន​ការព្រួយបារម្ភ​នៃ​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍​ថា ការវិល​ចូលមក​ពាក់ព័ន្ធ​ជាថ្មី​នៃ​សហរដ្ឋអាមេរិក ត្រូវបាន​យល់ និង​បកស្រាយ​ថា ជាការ​ប្រឹងប្រែង​ដើម្បី​រារាំង ឬ​ប្រឆាំង​ចិន។

អាស៊ី​ភាគ​អាគ្នេយ៍ ពេលនេះ​ទទួលបាន​នូវ​ទំនុកចិត្ត​ថា សហរដ្ឋអាមេរិក មិន​ស្ថិតក្នុង​ស្ថាន​ភាពលិច​ស្រឹម​ទៅខាង​សេដ្ឋកិច្ច​ទេ។ សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​បាន​ជំរុញ​មេដឹកនាំ និង​អ្នករៀបចំ​គោលនយោបាយ​ថា ទំរង់​សហរដ្ឋអាមេរិក បន្តធ្វើ​ការ​បាន និង​ធ្វើអោយមាន​លទ្ធផល។ ម្យ៉ាងវិញទៀត ការភ័យខ្លាច​នៃ​សហ​វិ​ជិត​រាជ្យ (ក្នុង ច្បាប់​អន្តរជាតិ ពាក្យ សហ​វិ​ជិត​រាជ្យ ឬ condominium មានន័យថា ជា​ដែន​នយោបាយ ដែល​ក្នុង ឬ​ពីលើ​នោះ​អំណាច​អធិបតេយ្យ​ពីរ ឬ​ច្រើន យល់ព្រម​ចែករំលែក​ការត្រួតត្រា​ស្មើគ្នា តែ​អនុវត្ត​សិទ្ធិ​រួមគ្នា ដោយ​មិន​បែង​ចែកជា​តំបន់​ជាតិ​ឡើយ - ដកស្រង់​ពី Wikipedia) រវាង​សហរដ្ឋអាមេរិក និង​ចិន ឬ​ហៅថា មហា​យក្ស​ពីរ (G-2) ក៏ត្រូវ​តែ​លែង​អោយមាន​តទៅទៀត។

សហរដ្ឋអាមេរិក និង​ចិន បានធ្វើអោយ​ធម្មតា​ឡើងវិញ និង​សេ្ថ​រ​ភាវូបនីយកម្ម​នូវ​ទំនាក់ទំនង​រវាង​គ្នា តែ​អាច​ឃើញច្បាស់​ថា ប្រទេស​ទាំងពីរ​នៅ​មិន ទាន់​ស៊ីសង្វាក់​គ្នា​លើ​ឧ​ត្ត​មា​នុ​ភាព​នៃ​បញ្ហា​សកល​នានា។ អ្វីដែល​គ្មាន​ប្រទេស​ណាមួយ​នៅ អាស៊ី​ភាគ​អាគ្នេយ៍​ចង់បាន​គឺ ការប្រកួតប្រជែង​ដោយត្រង់ៗ ក្នុង​សង្គ្រាមត្រជាក់​ថ្មី រវាង​សហរដ្ឋអាមេរិក និង​ចិន។ ជា​សំណាងល្អ ទាំង​ក្រុង​ប៉េកាំង ទាំង​វ៉ាស៊ីនតោន ហាក់ដូចជា​ព្រមព្រៀងគ្នា លើ​ចំណុច​នេះ។

ពី​ចំណែក​ខ្លួន សហរដ្ឋអាមេរិក​អះអាងថា បាន​ចាត់​វិធានការណ៍​មួយចំនួន ពង្រឹង​ចំណងទាក់ទង​ជាមួយ​អាស៊ាន ប្រធានាធិបតី អូ​បា​ម៉ា បាន​ចូល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​មេដឹកនាំ​អាស៊ាន ដែល​បង្ហាញ​ពី​ការ​មាន​ចេទនា​យ៉ាង​ហ្មត់ចត់ ហើយក៏​មានការ​លើកយក​ទៅ​ពិភាក្សា​ក្នុង​វេទិកា​តំបន់​អាស៊ាន អំពី​បញ្ហា​កូរ៉េខាងជើង និង​សមុទ្រ​ចិន​ភាគខាងត្បូង​ផងដែរ។

ទំនាក់ទំនង តែ​មិនមាន​មូលដ្ឋាន(យោធា)ទេ

ការជជែក​ត្រង់​ទៅ​ត្រង់​មក និង​ធ្វើតាម​អ្វីដែល​បាន​និយាយ ជា​រូបមន្ត​ស្នៀត​ឈ្នះ​សំរាប់​សហរដ្ឋអាមេរិក។ ជា​យុទ្ធសាស្ត្រ សហរដ្ឋអាមេរិក ត្រូវ​បន្ត​ធ្វើអោយ​ស៊ី​ជំរៅ​ទំនាក់ទំនង​ទាំងឡាយ ជុំវិញ​អាស៊ី។ សហរដ្ឋអាមេរិក​ត្រូវតែ​ស្តាប់ និង​យល់ថា ដៃគូ​ចាស់​ពី​ដើមរឿង​មក និង​ដៃគូ​ថ្មី ចង់បាន និង​ត្រូវការ​អ្វី។ ស្ថានភាព​នេះ ត្រូវបាន​ឆ្លុះ​អោយឃើញ​ក្នុង​អភិក្រម​ការពារ​ថ្មី​នៅ​អាស៊ី។ ឧ​ត្ត​មនា​វី Willard និយាយថា ការផ្តោត​ការយកចិត្តទុកដាក់​គឺ សំដៅលើ “ទំនាក់ទំនង មិនមែន​មូលដ្ឋាន (យោធា)” ជាការ​បញ្ជាក់​ពី​ដានជើង​សហរដ្ឋអាមេរិក​កំរិត​ស្រាល តែ​មាននៅ​គ្រប់ទិសទី​ក្នុង​អាស៊ី។

ក្នុងន័យនេះ ឃើញថា ការវិភាគ​របស់​ក្រុម​ពិចារណា​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក និង ការសំដែង​មតិ​តាមរយៈ​សម្តី នៃ​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក ហាក់ដូច​ជាមាន​ភាពស៊ីសង្វាក់​គ្នា​ដែរ ដោយ​លោកស្រី​លើកឡើងថា៖ “យើង​ចង់អោយមាន​ការដឹកនាំ​របស់​អាមេរិក នៅក្នុង​កំ ណើ​ន​សេដ្ឋកិច្ច សន្តិសុខ​តំបន់ និង​ការរក្សា​នូវ​តម្លៃ។

សំរាប់​កំណើនសេដ្ឋកិច្ច អាស៊ី នៅតែ​ចង់បាន អាមេរិក ជា​ដៃគូ​ដែលមាន​សុទិដ្ឋិនិយម ចូល​ពាក់ព័ន្ធ បើកទូលាយ និង​ច្នៃប្រឌិត ក្នុង​ប្រតិសកម្ម​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ដែល​កំពុងតែ​រីក បំព្រង។ យ៉ាងណាមិញ អ្នកវិភាគ​យុទ្ធសាស្ត្រ​នានា ក៏​យក​តម្រុយ​នៃ​ការគិត និង​ធ្វើ​បទ​បង្ហាញ​របស់​ស្មេរ​កាលពី​ឆ្នាំ ១៩៩៤ អំពី​ករណី​កម្ពុជា មក​សំអាង​ដែរ​ថា វឌ្ឍនភាព​សេដ្ឋកិច្ច​អាច​នឹងមាន​ចីរភាព​ទៅបាន វា​អាស្រ័យ​លើ​ការវិនិយោគ​គត់មត់​ក្នុង​ស្ថេរភាព និង​សន្តិសុខ ដែល​សហរដ្ឋអាមេរិក នឹង​បន្ត​វិនិយោគ​តទៅទៀត។ ស្តាប់​មើល​ផង បើ​សហរដ្ឋអាមេរិក នៅឯ​ក្រៅ​តំបន់ ត្រូវ​មក​វិនិយោគ​លើ​ស្ថេរភាព និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី ដើម្បី​វឌ្ឍនភាព​សេដ្ឋកិច្ច ហេតុអ្វី ក៏ កម្ពុជា មិនអាច​វិនិយោគ​លើ​ស្ថេរភាព និង​សន្តិសុខ ដើម្បី​វឌ្ឍនភាព និង​សន្តិភាព​របស់ខ្លួន?

នោះ​ជា អភិក្រម​មួយ​ឈ្លាសវៃ និង​ចីរភាព បើសិនជា​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ និង​ប្រកបដោយ​ស​ង្គ​ត​ភាព។ អាស៊ី ប្រហែលជា​អាច​នឹង​បានឃើញ​នូវ​វត្តមាន​ថ្មី​នៃ​សហរដ្ឋអាមេរិក “នៅឯ​ជើងមេឃ” ក្នុង​ទសវត្សខាងមុខៗ ដែល ចែករំលែក​មធ្យោបាយ​នានា សង្កត់ធ្ងន់​ពី​ប្រតិបត្តិការ​រវាង​គ្នា ការធ្វើ​សមយុទ្ធ​រួមគ្នា ហើយ​ដែល​សំខាន់​ការផ្តល់​ជា​ទំនិញ​សាធារណៈ​ទាំងឡាយ ដូចជា ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ។ ជាការ​រំពឹងទុក ការប្រឹងប្រែង​នេះ​មិន​គ្រាន់តែ​រាប់​ចូល​នូវ​សម្ព័ន្ធមិត្ត​ដែលមាន​សន្ធិសញ្ញា​នឹង​គ្នា ដូចជា​អូស្ត្រាលី ហ្វីលីពីន និង​ជប៉ុន ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវបាន​ពង្រីក​ដល់​ទៅ​សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម និង​អាច​ថា​ទាំង ឥណ្ឌូនេស៊ី មួយទៀត នៅពេល​អនាគត។

គោលដៅ​ចុងក្រោយ គឺ​ទាញ​អោយ​ចិន​ចូលរួម​ក្នុងការ​ប្រឹងប្រែង​ទាំងនេះ។ កម្រិត​សំគាល់​សំខាន់ គឺ​ការដែល​ឃើញថា ចិន​នឹង​ទទួលយក​នូវ​ការអញ្ជើញ ដែល​បានស្នើ​ទៅជា​ច្រើនលើកច្រើនសារ កាលពីដើម​រៀងមក អោយ​ចូលរួម​ក្នុង​សមយុទ្ធ​តំបន់​ដូចជា Cobra Gold ជាដើម។ កសាង​ទំនុកចិត្ត​គ្នា និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ផ្នែក​យោធា​ចិន គឺជា​គោលដៅ​យូរអង្វែង​សំរាប់​សហរដ្ឋអាមេរិក។ ការធ្វើ​បែប​នោះ នឹងដាក់​អោយ​ដៃគូ​ទាំងឡាយ​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ មានការ​ស្ងប់​អារម្មណ៍ និង​ផ្តល់​ជា​លទ្ធភាព​មាន​ចំណេញ​ទ្វេ ទាំង​សន្តិភាព ទាំង​វិបុលភាព ក្នុង​តំបន់​ដែល​ប្រកបដោយ​ឋា​ម​វ័​ន្ត​បំផុត​នៃ​ពិភពលោក។

គ្មានអ្វី​សង្ស័យ​ទេ ពី​ម​ហិ​ច្ឆិ​តា​នៃ​ការវិល​មកចាក់​រឹស​ជាថ្មី​នៅ​អាស៊ី របស់​សហរដ្ឋអាមេរិក នៅពេលដែល​លោកអ្នក​ស្តាប់​ការអះអាង​ដូចតទៅ​របស់លោក​ស្រីរ​ដ្ឋ​មន្ត្រី​ការបរទេស ហៀ​ឡា​រី គ្លី​ន​តុ​ន៖ “នៅពេល​ចាប់ផ្តើម​ទស្សនកិច្ច​ទៅកាន់​អាស៊ី​លើក​ទី ៦ របស់ខ្ញុំ ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស ខ្ញុំ​មាន​សុ​ទិ​ដ្ខិ​និយម និង​ទំនុកចិត្ត​ពី​អនាគត​របស់​អាស៊ី ហើយ​ក៏័​មាន​សុទិដ្ឋិនិយម និង​ទំនុកចិត្ត​អំពី​អនាគត​របស់​អាមេរិក​ដែរ។ លើសពីនេះ គឺមាន​សុទិដ្ឋិនិយម និង​ទំនុកចិត្ត អំពី​អ្វីដែល​បណ្តា​ប្រទេស​ទាំងឡាយ​ក្នុង​តំបន់​អាចធ្វើ​រួមគ្នា​ជាមួយ ការដឹកនាំ​របស់​អាមេរិក ក្នុង​ឆ្នាំ​ខាងមុខ។

សហរដ្ឋអាមេរិក វាយតម្លៃថា សម្ព័ន្ធភាព​ជាមួយ​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ថៃ និង​ហ្វីលីពីន ជា​ផែន​គ្រឹះ​នៃ​ការចូល​ពាក់ព័ន្ធ​ជា​យុទ្ធសាស្ត្រ ពិសេស​ដោយបាន​ថែរក្សា​សន្តិភាព និង​សន្តិសុខ​តំបន់​អស់​ពាក់កណ្តាល​សតវត្សមកហើយៗ ក៏បាន​គាំទ្រ​អោយមាន​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​គួរអោយកត់សំគាល់​ដែរ។ សហរដ្ឋអាមេរិក កំពុងធ្វើការ មិនមែន​គ្រាន់តែ​ដើម្បី ថែរក្សា តែ​ធ្វើ​បច្ចុប្បន្ន​កម្ម​ថែមទៀត ដើម្បីអោយ​សម្ព័ន្ធភាព​នោះ​មាន​ប្រសិទ្ធិភាព​ក្នុង​បរិបទ​នៃ​ពិភពលោក​មួយ​ដែលមាន​ការផ្លាស់ប្តូរ។

ហួស​ពី​សម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក កំពុងតែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដៃគូ​ថ្មី។ ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ ២០១១ បាន​ដើរតួនាទី​នាំមុខ​ក្នុង​តំបន់ ពិសេស​ក្នុង​ស្ថាប័ន​តំបន់​នានា ដូចជា វេន​ប្រធាន​អាស៊ាន​ជាដើម ដែលជា​អ្នករៀបចំ​ផងដែរ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា។ ខណៈដែល​នៅ​ឆ្នាំ ២០១២ នេះ កម្ពុជា ដឹកនាំ​អាស៊ាន វា​ក៏មាន​ការនិយាយ​ជា​ហូរហែរ និង​ការសម្របសម្រួល​ខាង​ការទូត​រួចទៅហើយ​ពី​សំណាក់​ប្រទេស​ពាក់ព័ន្ធ​នានា។ មាន​សេចក្តីរាយការណ៍​រួចហើយ ពី​ការ​ដែលថា ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​អាចមក​ជាន់ដី​កម្ពុជា សំរាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា។

លោកស្រី ហៀ​ឡា​រី គ្លី​ន​តុ​ន បាន​ថ្លែង​កាលពី​ឆ្នាំ​កន្លងទៅ​ថា ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក មាន​ភាព​ស្មុ​គ្រ​ស្មាញ និង​មាន​ផលវិបាក​ធំធេង​ណាស់ ហើយ “សហរដ្ឋអាមេរិក កំពុង​ប្រឹងប្រែង​កែកុន​វា។ លោកស្រី​ថា “មាន​អ្នកខ្លះ ក្នុងប្រទេស​ទាំងពីរ គិតថា ផលប្រយោជន៍​ចិន និង​សហរដ្ឋអាមេរិក មិន​ចូលគ្នា​ទេ។ ពួកគេ​ធ្វើ​វិធីបូក​ដក​ស្មើ​សូន្យ សំរាប់​ទំនាក់ទំនង​នេះ។ មានន័យថា បើ​មួយ​ជោគជ័យ មួយទៀត​ត្រូវតែ​បរាជ័យ។ តែ​នោះ មិនមែនជា​ទស្សនៈ​រប​ស់​យើង​ទេ។ ក្នុង​សតវត្ស​ទី ២១ មិនមែនជា​ផលប្រយោជន៍​អ្នកណា​ទាំងអស់​ដែល សម្លឹង​ឃើញថា សហរដ្ឋអាមេរិក និង​ចិន មើលគ្នា​ក្នុងនាម​ជាស​ត្រូវ”

លោកស្រី​បន្តថា “យើង​កំពុងតែ​ត្រាយផ្លូវ​អោយមាន​ទំនាក់​ទំនងជា​វិជ្ជមាន សហប្រតិបត្តិការ និង​គ្រប់​ជ្រុងជ្រោយ។ ស្តាប់​តាម​សម្តី​នេះ មាន​ហេតុផល​អ្វី ដែល​ប្រទេស​ឯទៀត ត្រូវ​តែបើ មិន​ទៅតាម​ចិន ត្រូវ​ទៅតាម​សហរដ្ឋអាមេរិក ឬ​ត្រូវ​រើស​ណាមួយ​ក្នុងចំណោម​មហាអំណាច​ទាំងពីរ?

ចំណាយ​ការពារ របស់ សហរដ្ឋអាមេរិក និង​ចិន

ងាក​ទៅ​បញ្ហា​ថវិកា​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​វិញ កាលពី​ថ្ងៃ ១៣ កុម្ភៈ រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក Leon Panetta បាន​ការពារ​ការកាត់បន្ថយ​ថវិកា​ការពារ អោយនៅ​ត្រឹម៦១៤ ពាន់​លាន​ដុល្លារ ដើម្បី​ប្រាប់​ទៅ​សភា​ថា ជាការ​បង្ហាញថា​រដ្ឋបាល​ម៉ឺងម៉ាត់​ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកា។ ថវិកា​ការពារ ដែល​បាន​ស្នើសុំ​សំរាប់​ឆ្នាំសារពើពន្ធ ចាប់ផ្តើម​ពីថ្ងៃ ០១ តុលា គិត​ចូល​នូវ​ការចំណាយ​ជា​មូលដ្ឋាន មាន ៥២៥.៤ ពាន់​លាន​ដុល្លារ និង ៨៨.៥ ពាន់​លាន​ដុល្លារ សំរាប់​ប្រតិបត្តិការ​នៅ​អា​ហ្វ​កា​នី​ស្ថាន និង​អ៊ីរ៉ាក់។ គិត​ជារួម ថវិកា​មាន​ទំហំ ៣២ ពាន់​លាន​ដុល្លារ​តិចជាង​ថវិកា​ឆ្នាំនេះ។

មិនមែនជា​ការប្រៀបធៀប​អ្វី​ទេ តែ​ចង់អោយ​លោកអ្នក​អាន​បាន​ជ្រាបថា ក្នុងពេល​ជាមួយគ្នានេះ ថ្ងៃ ១៤ កុម្ភៈ ២០១២ នេះ មាន​សេចក្តីរាយការណ៍​តាម​កាសែត The Economic Times ថា​ថវិកា​ការពារ​ប្រទេស​របស់​ចិន នឹងមាន​ចំណួន​ពីរដង​កើនឡើង ក្នុង​រវាង​ឆ្នាំ ២០១១ និង ២០១។ ផ្អែក​តាម​តួលេខ​នៃ​ក្រុម​ស្រាវជ្រាវ​សកល IHS កាសែត​អះអាងថា ថវិកា​ការពារ​របស់​ចិន ស្ថិតនៅ​ត្រឹម ១១៩.៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លងទៅ និង​អាច​ឡើងដល់ ២៣៨.២ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៥៕

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ អាស៊ីអាគ្នេយ៍៖ ផ្លូវ​ដើរ​សំរាប់​សហរដ្ឋអាមេរិក