ហៀល វែលឌី
តាមរយៈទស្សនាវដី្ត អ្នកការទូត (The Diplomat) លោក Minxin Pei សាស្ត្រាចារ្យ មុខវិជ្ជារដ្ឋាភិបាល នៃ Claremont McKenna College បានបង្ហាញទស្សនៈ និងការវិភាគរបស់លោកអំពីតើកត្តាអ្វីខ្លះ ដែលនាំអោយលោកគិតថា ចិន មិនទាន់ មិនមែន និងមិនក្លាយជា មហាអំណាចកំពូល ក្នុងលោកបាន។ Minxin Pei ថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច មិនទៀងទាត់ ជាមូលហេតុចំបងនៃការសន្និដ្ឋានរបស់គាត់។
ពិនិត្យឃើញទឡ្ហីករណ៍សមហេតុផលមួយចំនួន និងហេតុផលត្រូវការពិចារណាបន្ថែមមួយចំនួនទៀត នៃការវិភាគរបស់ Minxin Pei ព្រមទាំងដើម្បីជាការបកស្រាយអោយកាន់តែពិស្តារលើការវិភាគរបស់លោក Minxin Pei ដដែល ដែលចុះផ្សាយរួចហើយដោយកាសែត កម្ពុជាថ្មី “ទស្សនៈចិននៅអាមេរិក៖ រឿងមិនពិតប្រាំយ៉ាងអំពីចិន” លេខកន្លងទៅថ្មីៗ នេះ ស្មេរសូមលើកយកអត្ថបទទាំងស្រុងមកចែកជូនលោកអ្នកបានអាន និងស្វែងយល់ទាំងអស់គ្នា គ្រាន់នឹងបានជាគ្រឿងផ្សំតំរង់ទិសការពិចារណា។
អាណាចក្រកណ្តាល មានគ្រប់ធាតុផ្សំជាមហាអំណាច
ជាមួយនឹងស្ថានភាពដែលសហរដ្ឋអាមេរិក ហាក់ដូចជាស្ថិតច្បាស់ក្នុងការធ្លាក់ចុះចុងក្រោយ ជាមហាអំណាចកំពូលរបស់ពិភពលោកតែឯង សំណួរដែកត្រូវសួរគឺតើប្រទេសណានឹងក្លាយជាមហាអំណាចថ្មី? ហើយចម្លើយដែលសឹងតែឯកច្ឆ័ន្ទគឺ ចិន។ ដោយត្រូវបានថ្លឹងថ្លែងមើលថា នឹងវ៉ាហួសប្រទេសជប៉ុនជាសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោក ក្នុងឆ្នាំ ២០១០ អាណាចក្រកណ្តាល (ប្រទេសចិន) មានគ្រប់ធាតុចាំបាច់ជាមហាអំណាច ដូចជាមូលដ្ឋានឧស្សាហកម្មទូលំទូលាយ ជារដ្ឋរឹងមាំ យោធាមានការបំពាក់ដោយអាវុធនុយក្លេអ៊ែរ ទឹកដីធំ មានអាសនៈអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ និងមានចំនួនប្រជាជនច្រើន ដែលសុទ្ធសឹងជាកត្តាអាចអោយពិចារណាបានថាស្មើដៃគ្នាបំផុត ទាំងសិទ្ធ ទាំងហេតុផល នឹង ពូ Sam (សហរដ្ឋអាមេរិក)។ តាមពិតទៅ ការយល់ថាចិនបានក្លាយរួចទៅហើយជាមហាអំណាចកំពូលទីពីរនៃពិភពលោក បានកើតមានរឹងមាំ រហូតដល់អ្នកខ្លះនៅលោកខាងលិច បានស្នើថា មហាយក្សពីរ (ឬ G2) គឺសហរដ្ឋអាមេរិក និងចិន ជាដៃគូថ្មីដើម្បីដោះស្រាយបញ្ហាតានតឹងបំផុតនានា នៃពិភពលោក។
ដើម្បីនឹងអោយច្បាស់ថែមទៀត ការគិតថាចិនជាមហាអំណាចកំពូលថ្មីមានមូលដ្ឋានហោចណាស់ក៏មួយចំនែកដែរ ពីការងើបឡើងដែលធ្វើអ្នកផងងឿងឆ្ងល់របស់ប្រទេសនេះ ក្នុងរយៈពេលបីទសវត្សកន្លងទៅ។ ជំរុញដោយកំណើនសេដ្ឋកិច្ចដែលសឹងតែមានពីរខ្ទង់លេខ ចាប់តាំងពីឆ្នាំ ១៩៧៩ ចិនបានផ្លាស់ប្តូរខ្លួនឯងពីជាសង្គមមួយដែលនៅឯកោ ក្រីក្រខ្វះខាត និងមិនសូវមានទឹកចិត្ត ទៅជាមហាអំណាចពាណិជ្ជកម្មសកលប្រកបដោយវិបុលកម្មមួយ និងមានទំនុកចិត្ត។ ជាមួយនឹង ផលិតផលក្នុងស្រុកសរុប ៤,៤ ពាន់/ពាន់លានដុល្លារ និងពាណិជ្ជកម្មក្រៅប្រទេសសរុប ២,៦ ពាន់/ពាន់លានដុល្លារកាលពីឆ្នាំ ២០០៨ ចិន បានតាំងខ្លួនយ៉ាងរឹងមាំ ជាប៉ូលអំណាចសេដ្ឋកិច្ចពិភពលោកសំខាន់បំផុត។
... តែមិនមែន ជាមហាអំណាចកំពូលទេ
ក៏ប៉ុន្តែ ទោះបីជាមានសមិទ្ធិផលមិនអាចបដិសេធបាននេះក៏ដោយចុះ វានៅឆាប់នៅឡើយដើម្បីនឹងចាត់ទុកចិនជាមហាអំណាចកំពូលថ្មីនៃពិភពលោក។ គ្មានសង្ស័យទេថា ចិន បានក្លាយជាមហាអំណាចធំមួយ ថានៈដែលបានផ្តល់អោយទៅប្រទេសនានា ដែលមិនគ្រាន់តែការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រសិទ្ធិភាពប៉ុណ្ណោះទេ តែក៏រក្សាបាននូវឥទ្ធិពលដ៏ធំនៅលើពិភពលោកខាងសេដ្ឋកិច្ច និងសន្តិសុខផង។ ក៏ប៉ុន្តែ ជាមហាអំណាចធំមួយ មិនមែនមានន័យថា ជាមហាអំណាចកំពូលនោះទេ។ ក្នុងប្រវត្តិសាស្ត្រពិភពលោក មានតែប្រទេសមួយទេ គឺ សហរដ្ឋអាមេរិក ដែលបានទទួលយ៉ាងពិតប្រាកដនូវសមត្ថភាពគ្រប់យ៉ាងជាមហាអំណាចកំពូល ដូចជា សេដ្ឋកិច្ចជឿនលឿនដោយមានការប្រើបច្ចេកវិទ្យា យោធាដែលបំពាក់ដោយបច្ចេកទេសខ្ពស់ ប្រទេសមួយដែលមានសមាហរណកម្មពេញលេញ មានប្រៀបមិនអាចដណ្តើមបានខាងយោធា និងសេដ្ឋកិច្ច ទល់នឹងគូប្រជែងរបស់ខ្លួន សមត្ថភាពផ្តល់ទំនិញសកលជាសាធារណៈ និងមនោគមន៍វិជ្ជាប្រកបដោយគុណសម្បត្តិ។ សូម្បីថា នៅក្នុងថ្ងៃដែលរីករាយបំផុត អតីតសហភាពសូវៀត ដែលជាមហាអំណាចកំពូលបានមួយជ្រុង អាចប្រជែងជាមួយសហរដ្ឋអាមេរិកបានតែខាងយោធាទេ តែមិនមានលក្ខណៈសំខាន់ៗ ផ្សេងទៀតនៃអំណាចជាតិឡើយ។
ក្នុងគ្រានេះ ការប្រឈមទាំងឡាយដែលចិនត្រូវជួបប្រទះ ដើម្បីក្លាយជាមហាអំណាចកំពូលថ្មី ក៏នៅក្នុងសភាពរួញរា។ សូម្បីតែធាតុចេញនៃសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានរំពឹងថានឹងមានលើសពី ៥ ពាន់/ពាន់លានដុលា្លរនៅឆ្នាំ ២០១០ ប្រាក់ចំណូលគិតតាមមនុស្សម្នាក់ៗ នៅប្រទេសចិន នឹងស្ថិតនៅក្រោម ៤០០០ ដុល្លារ ប្រមាណជាមួយភាគដប់នៃកំរិតសហរដ្ឋអាមេរិក និងជប៉ុន។ ជាងពាក់កណ្តាលនៃប្រជាជនចិន បន្តរស់នៅក្នុងភូមិនៅឡើយ ភាគច្រើនមិនទាន់មានទឹកផឹកមានសុវត្ថិភាព មិនទាន់មានការថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់គ្រាន់ ឬក៏ការសិក្សាអោយបានសមរម្យទេ។ ជាមួយនឹងការរីកធំឡើងនៃនគរូបនីយ៍កម្មក្នុងកំរិត ១% ក្នុងមួយឆ្នាំ ចិនត្រូវការពេល ៣ ទសវត្សទៀត ដើម្បីនឹងកាត់បន្ថយទំហំប្រជាកសិករអោយនៅត្រឹមមួយភាគបួននៃប្រជាជន។ បើកាលណាហើយ ចិននៅតែមានចំនួនប្រជាកសិករធំពេក ជាមួយនឹងអ្នករស់នៅជនបទមានប្រាក់ចំណូលទាបរាប់រយលាននាក់ រស់នៅឆ្ងាយពីភាពទំនើប វាហាក់ដូចជាចិនមិនអាចក្លាយជាមហាអំណាចកំពូលបានទេ។
ដើម្បីនឹងជឿបានថា ចិន ជាមហាអំណាចកំពូលថ្មី វាជាការចាំបាច់ត្រូវសន្មត់ថា កំណើនសេដ្ឋកិច្ចដែលបានទទួលការបញ្ចូលកម្លាំងដ៏កំពូលរបស់ចិននៅតែបន្ត។ ជាការគួរអោយស្តាយ ដោយផ្អែកតែលើការសំរេចបានពីអតីតកាលរបស់ប្រទេស ដើម្បីនឹងព្យាករណ៍ពីអានាគតរបស់ប្រទេសនោះ វាជាការអះអាងមួយប្រកបដោយហានីភ័យ។ ថ្វីបើមានការសំរេចបានកំណើនសេដ្ឋកិច្ចរបស់ចិន ធ្វើអោយគ្រប់គ្នាស្រឡាំងកាំង ចាប់តាំងពីឆ្នាំ ១៩៧៩ មកក៏ដោយ លទ្ធភាពរបស់ចិន ដើម្បីនឹងរក្សាអោយមានកំណើនដូចគ្នានេះ មិនមានអ្វីអាចធានាបានទេ។ តាមពិត លទ្ធភាពដែលកំណើនរបស់ចិន នឹងបន្ថយល្បឿនច្រើនក្នុងពីរទសវត្សខាងមុខ មានការពិតផង ហើយក៏មានទម្ងន់ផងដែរ។ មានកត្តារចនាសម្ព័ន្ធសមប្រកបជាច្រើន ដូចជា ភាគចំណេញបានពីប្រជាសាស្ត្រ (ដកយកពីប្រជាជនដែលមានវ័យក្មេង) ការមានទីផ្សារសកលមិនកំរិត អត្រាសន្សំខ្ពស់ និងការចំណាយលើបរិស្ថានក្នុងកំរិតតិច នឹងបាត់រូបរាងជាបណ្តើ។ ដូចជប៉ុនដែរ ចិនកំពុងក្លាយជាសង្គមមនុស្សវ័យចាស់ ដោយសារមិនមែនមួយផ្នែកតូចទេនៃប្រសិទ្ធិភាពគោលនយោបាយកូនមួយ (កំរិតគ្រួសារនៅតាមទីក្រុងអោយមានតែកូនមួយ) ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល។ ចំណែកប្រជាជនដែលមានអាយុ ៦០ ឆ្នាំ និងលើស នឹងមាន ១៧% នៅឆ្នាំ ២០២០ ហើយការមានវ័យចំណាស់នេះ បង្កើនចំណាយថែទាំសុខភាព និងប្រាក់សោធន ខណៈដែលកាត់បន្ថយសញ្ជ័យ និងការវិនិយោគ។ ទោះបីថា ការកាត់បន្ថយនោះនឹងមានទំហំប៉ុណ្ណាក្នុងសញ្ជ័យ ហើយកំណើននៃការថែទាំសុខភាព ក៏ដូចជាសោធននិវត្តន៍ប៉ុណ្ណា នៅមិនទាន់ដឹងច្បាស់ក៏ដោយ ប្រសិទ្ធិភាពជាអវិជ្ជមានរូមគ្នានៃបច្ច័យទាំងពីរ លើកំណើនសេដ្ឋកិច្ចអាចនឹងមានទម្ងន់ធ្ងន់មិនខាន។
ការនាំចេញ និងបរិស្ថាន ... ក៏ជាឧបសគ្គ
ឧបសគ្គមួយទៀតសំរាប់កំណើននាពេលអនាគតរបស់ចិន នៅត្រង់ទំរង់កំណើននាំមុខដោយការនាំចេញរបស់ប្រទេស។ ជាប្រទេសដែលមានប្រាក់ចំណូលកំរិតកណ្តាល ដែលមានសេចក្តីត្រូវការក្នុងប្រទេសមានកំរិត ចិនបានពឹងផ្អែកលើការនាំចេញ ដើម្បីបង្កើនកំណើនរបស់ខ្លួន។ ខណៈដែល យុទ្ធសាស្ត្រនេះ ត្រូវបានប្រើដោយជោគជ័យនៅអាស៊ីបូព៌ា វាបានបំរើចិនយ៉ាងល្អក្នុងរយៈកាលពីរទសវត្សកន្លងទៅ តែការដែលថាតើវានឹងនៅមានប្រយោជន៍ទៀតទេក្នុងពេលអនាគត កំពុងស្ថិតក្នុងការសង្ស័យ។ ជាប្រទេសនាំចេញធំបំផុតទីពីរលើពិភពលោក (ទោះបីថា មានការរំពឹងថា ចិន នឹងដើរហួសអាឡឺម៉ង់ ជាប្រទេសនាំចេញធំបំផុតក្នុងពិភពលោក កាលពីឆ្នាំ ២០១០ ក៏ដោយ) ចិន កំពុងតែជួបប្រទះនឹងការទប់ទល់គាំពារនិយម ក្នុងទី ផ្សារធំៗ របស់ខ្លួន (សហរដ្ឋអាមេរិក និងអឺរ៉ុប)។ ជាពិសេស គោលនយោបាយចិនរក្សារូបិយបណ្ណ័ទម្លាក់ថ្លៃ ដើម្បីរក្សាការប្រកួតប្រជែងនាំចេញរបស់ខ្លួន កំពុងតែទទួលនូវការរិះគន់ ថាធ្វើអោយខូចតុល្យភាពសកល និងធ្វើអោយចុះខ្សោយសេដ្ឋកិច្ចនៃបណ្តាប្រទេសជាដៃគូ ពាណិជ្ជកម្ម។
មិនដូចជាប្រទេសក្បែរខាងនៅអាស៊ីបូព៌ាទេ ដែលជាមហាអំណាចធ្វើពាណិជ្ជកម្មកំរិតតូចៗ ទំហំដ៏ធំរបស់ចិន មានន័យថា ប្រទេសមានសមត្ថភាពបង្កអោយមានការរអាក់រអួលសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន។ វារលែងតែ រដ្ឋាភិបាលចិនបោះបង់យុទ្ធសាស្ត្រ ដេញរកតែចំណេញនោះចេញ ការជះផលសងមិនល្អជាសកលប្រឆាំងនឹងការនាំចេញរបស់ចិន មិនអាចនឹងបដិសេធបានទេ។ ដោយសារតែ កំណើននាំចេញសុទ្ធ បានផ្តល់អោយចិន ហោចណាស់កំណើន ២% បន្ថែមលើសពីប្រាំឆ្នាំកន្លងទៅ ការថយល្បឿននាំចេញរបស់ចិន ក្នុងពេលអនាគត នឹងមានន័យថាជាការថយអត្រាកំណើនទូទៅហើយ។ ដើម្បីអោយកាន់តែច្បាស់ ចិន អាចនឹងប៉ះប៉ូវសងចំពោះការបាត់បង់នូវសេចក្តីត្រូវការខាងក្រៅ ដោយបង្កើនជាការប្រើប្រាស់ក្នុងផ្ទៃក្នុង។ តែ ដំណើរការនេះទាមទារអោយមានការរុះរើទាំងស្រុង នូវយុទ្ធសាស្ត្រកំណើនរបស់ចិន ជាការលំបាកខាងនយោបាយ និងជាវិធានការណ៍ដ៏ឈឺចាប់ ដែលរដ្ឋាភិបាលក្នុងអំណាច មិនអាចចាប់យកបាន។
ទីបី ភាពមានកំរិតនៃកំណើនអនាគតរបស់ចិន គឺ ការថយចុះនូវផ្នែកបរិស្ថាន។ អស់រយៈជាងបីទសវត្ស ចិនមិនបានយកចិត្តទុកដាក់ដល់បរិស្ថានរបស់ខ្លួន ដើម្បីនឹងធ្វើអោយមានកំណើនសេដ្ឋកិច្ចទេ ពោលគឺមានវិបាកដ៏មហន្តរាយ។ សព្វថ្ងៃ ការខូចខ្យល់ និងទឹក បានសម្លាប់មនុស្ស ៧៥០ ពាន់នាក់ក្នុងមួយឆ្នាំ។ ថ្លៃខូចបរិស្ថានសរុប មានប្រមាណជា ៨% នៃផលិតផលក្នុងស្រុកសរុប។ ការប៉ាន់ស្មានផ្លូវការ បានស្នើថា ការប៉ះប៉ូវវិញចំពោះការខូចខាតបរិស្ថាន ត្រូវការអោយមានវិនិយោគប្រមាណ ១.៥% នៃផលិតផលក្នុងស្រុកសរុបបន្ថែមទៀត ក្នុងមួយឆ្នាំ។ ការដូរផ្លាស់អាកាសធាតុ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់ទឹករបស់ចិន ហើយក៏ធ្វើអោយមានភាពរាំងស្ងួតកាន់តែខ្លាំងឡើងនៅភាគខាងជើងប្រទេស។ វិធីសាស្ត្រធ្វើតាមធម្មតារបស់ចិន ដើម្បីសំរេចកំណើន ដែលពឹងផ្អែកលើថាមពលតម្លៃថោក និងមិនចំណាយលើការខូចបរិស្ថាន លែងមាននិរន្តភាពទៀតហើយ។
... នៅមានកត្តានយោបាយ និងជាតិសាសន៍ទៀត
ទុកការគិតពីសដ្ឋកិច្ចមិនទាន់មានភាពច្បាស់លាស់មួយឡែកសិន ការហក់ឡើងទៅរកស្ថានភាពជាមហាអំណាចកំពូលរបស់ចិន ក៏ត្រូវរារាំងដោយកត្តានយោបាយមួយចំនួន។ ទីមួយ និងដំបូងបង្អស់ មេដឹកនាំចិននឹងដឹងថា ខ្លួនត្រូវស្វែងរកនូវចក្ខុវិស័យសកល និងបេសកកម្មនយោបាយមួយ។ បណ្តាប្រទេសទាំងឡាយ មិនក្លាយជាមហាអំណាចកំពូល គ្រាន់តែដោយសារ ប្រទេសទាំងនោះ មានអំណាចផ្នែករឹង (សម្ភារៈ) នោះទេ។ លំហាត់អំណាច ត្រូវតែមានការជួយជាគំនិត និងចក្ខុវិស័យ ដែលមានការចាប់អារម្មណ៍ជាសកល។ សហរដ្ឋអាមេរិក មិនបានក្លាយជាមហាអំណាចកំពូលពិតៗ មួយទេ រហូតទាល់តែបានចូលរួមក្នុងសង្គ្រាមលោកលើកទី ពីរ ទោះបីសហរដ្ឋអាមេរិក មានគ្រប់ធាតុចាំបាច់ទាំងឡាយនៃមហាអំណាចកំពូល តាំងពីយូរមុនហេតុការណ៍នៅកំពង់ផែ Pearl Harbor ទៅទៀត។ ការប្រឈមនយោបាយសំរាប់ចិន ក្នុងពេលអនាគត គឺថាតើខ្លួននឹងអាចរកឃើញឧត្តមគតិនយោបាយ និងចក្ខុវិស័យទាំងឡាយ ដើម្បីនឹងនាំផ្លូវការប្រើអំណាចរបស់ខ្លួនឬទេ។ នៅក្នុងពេលនេះ ចិន មានវិបុលភាពសេដ្ឋកិច្ច តែក្ស័យធនខាងមនោគមន៍វិជ្ជា។ ចិន មិនជឿលើកុម្មុយនិស្តនិយមទេ តែក៏មិនទុកចិត្តប្រជាធិបតេយ្យសេរីដែរ។ ក្រៅពី ចិនចេញពីជាប្រភពអំណាចផ្នែកទន់ (ស្មារតី) កង្វះនូវឧត្តមគតិ និងចក្ខុវិស័យប្រកបដោយគុណសម្បត្តិ សំរាប់ពិភពលោក ក៏ទទួលខុសត្រូវដែរចំពោះគំនិតមើលត្រលប់មកខ្លួនឯងវិញ នៃមេដឹកនាំចិន ដែលរហូតមកទល់គ្នានឹងពេលនេះ និយាយតែមាត់ទេ ចំពោះការហៅរកអោយចិនទទួលយកនូវការទទួលខុសត្រូវជាអន្តរជាតិធំឡើង។
មិនដូចសហរដ្ឋអាមេរិកទេ ចិននឹងដឹងថាសមត្ថភាពរបស់ខ្លួនដើម្បីនឹងប្រើប្រាស់អំណាចនៅក្រៅប្រទេសអោយបានធំឡើង វាទៅមិនរួច ដោយសារតែកង្វះសមាហរណកម្មនយោបាយក្នុងប្រទេស។ បក្សកុម្មុយនិស្តចិន អាចធ្លាប់មិនទទួលយកអ្វីដែលអ្នកទស្សទាយពីការបរាជ័យ តែងតែបំផ្លើសម្តងហើយម្តងទៀត ពីការដួលរលំរបស់ខ្លួនពីអតីតកាល។ តែភាពផ្តាច់មុខខាងនយោបាយរបស់បក្ស មិនមានអ្វីបញ្ជាក់បានថាសុខសាន្តទេ។ បក្ស បានក្រាញនៅក្នុងអំណាច ដោយម្ខាងផ្តល់ជាការសំរេចបានសេដ្ឋកិច្ចជាទីពេញចិត្ត និងម្ខាងទៀត កៀបសង្កត់អ្នកប្រជែងនឹងអាជ្ញាធររបស់ខ្លួន។ ខណៈដែលសង្គមចិន កាន់តែមានហេតុផល និងស្វ័យភាព បក្សនឹងដឹងថា វាជាការលំបាកដើម្បីនឹងបដិសេធសិទ្ធចូលរួមខាងនយោបាយ ចំពោះវណ្ណៈកណ្តាលនៅទីក្រុង។ ជារបបឯកបក្ស បក្សកុម្មុយនិស្ត ក៏ធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃអំពើពុករលួយផ្ទៃក្នុងដែរ។ ការរួមផ្សំគ្នា នៃការប្រឈមនយោបាយ ពី វណ្ណៈកណ្តាលដែលកំពុងតែងើបឡើង និងការរលួយស្អុយនៅផ្ទៃក្នុងមិនស្រាក នឹងបង្កើនលទ្ធភាពអោយមានការដូរផ្លាស់របបមួយនាពេលអនាគត ក្នុងដំណើរមួយដែលអាចថាធ្វើអោយមានភាពរអាក់រអួល និងសូម្បីតែធ្វើអោយមានមហាវិបត្តិផង។
អន្តរកាលប្រជាធិបតេយ្យមួយអាចកើតមាន មិនមែនគ្រាន់តែជាវត្ថុតែមួយដែលវណ្ណៈកាន់អំណាចរបស់ចិនព្រួយបារម្ភនោះទេ ការដកខ្លួនចេញដោយជនជាតិភាគតិច អាចជាការមួយរឹតតែគំរាមកំហែងទៅទៀត។ និយាយអោយអស់ទៅ ចិន មិនមែនជារដ្ឋនៃប្រជាជាតិមួយទេ តែជាចក្រភពនៃប្រជាជាតិច្រើន ដែលទឹកដីមួយផ្នែកធំរបស់ខ្លួន (ទីបេត៍ និងស៊ីនជាង) តាំងនៅដោយក្រុមជនជាតិភាគតិចមានគំនិតធ្វើអប្បគមន៍។ ហានិភ័យនៃការប្រេះស្រាំផ្ទៃក្នុង បន្ថែមលើបញ្ហាតៃវ៉ាន់ដែលមិនអាចបដិសេធបាន នឹងមានន័យថា ចិន នឹងត្រូវបរិច្ចាកធនធានយោធា និងសន្តិសុខ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ ចំណុចខ្សោយខាងរចនាសម្ព័ន្ធនេះ ធ្វើអោយចិនមានលទ្ធភាពកាន់តែតិច ដើម្បីនឹងប្រើប្រាស់អំណាចរបស់ខ្លួន នៅក្រៅប្រទេស និងកាន់តែងាយរងគ្រោះចំពោះ យន្តការនៃប្រទេសជាគូប្រជែង ដែលនឹងប្រើការតានតឹងជនជាតិភាគតិចរបស់ចិន ដើម្បីចងដៃក្រុងប៉េកាំង។
ស្ថានតម្រូវនៃភូមិសាស្ត្រនយោបាយ
គិតពីភូមិសាស្ត្រនយោបាយ ភាពមានកំរិតនៃអំណាចចិន ក៏មានសភាពធ្ងន់ធ្ងរដែរ។ ខណៈសហរដ្ឋអាមេរិក ទទួលបាននូវពរជ័យពីប្រទេសជិតខាងទន់ខ្សោយ ចិន ត្រូវតែតស៊ូជាមួយនឹងគូប្រជែងខ្លាំងៗ ក្នុងតំបន់ ដូចជា ឥណ្ឌា ជប៉ុន និងរុស្ស៊ី។ សូម្បីតែប្រទេសជិតខាងខ្នាតកណ្តាលរបស់ចិន ដូចជា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងវៀតណាម ក៏មិនមែនស្រួលដឹកនោះទេ។ ការងើបឡើងរបស់ចិន បានធ្វើអោយមានការតម្រង់ឡើងវិញនូវភូមិសាស្ត្រនយោបាយក្នុងតំបន់ ក្នុងគោលបំណងត្រួតពិនិត្យមើលមហិច្ឆិតា និងការឈោងចាប់របស់ប៉េកាំង។ ជាឧទាហរណ៍ សហរដ្ឋអាមេរិក បានធ្វើវិត្ថារកម្មយ៉ាងទូលំទូលាយនូវកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រជាមួយឥណ្ឌា ដើម្បីនឹងអោយក្រុង ញូដែល្លី អាចតទល់ជាមួយប៉េកាំងបាន។ ជប៉ុន ក៏បានបង្កើនជំនួយសេដ្ឋកិច្ចរបស់ខ្លួនអោយទៅឥណ្ឌា សំរាប់គោលបំណងជាយុទ្ធសាស្ត្រដូចគ្នានេះដែរ។ សូម្បី រុស្ស៊ី ដែលជាដៃគូដ៏សុខស្រួលរបស់ចិនក្នុងបច្ចុប្បន្ន ក៏នៅតែប្រុងប្រយ័ត្នចំពោះចិនដែរ។ មូស្គូ ប្រកែកមិនព្រមលក់គ្រឿងសព្វាវុធកំរិតកំពូល ហើយកំរិតការផ្គត់ផ្គង់ថាមពលរបស់ខ្លួន អោយទៅក្រុងប៉េកាំង។ ក្នុងពាក្យសម្តីប្រឆាំងអាមេរិករបស់ខ្លួន កូរ៉េខាងត្បូង នៅតែពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីអោយមានវិបុលភាពសេដ្ឋកិច្ច និងសន្តិសុខដែរ។ ដូចជា សំរាប់វៀតណាម និងឥណ្ឌូនេស៊ី ប្រទេសនៅអាស៊ីភាគអាគ្នេយ៍ទាំងពីរ នៅ មានមន្ទិលច្រើនបំផុតអំពីចេតនាអនាគតរបស់ចិន ធ្វើរបងការពារប្រុងប្រយ័ត្នណាស់។ ក្នុងខណៈដែលមិនចេញមុខធ្វើអោយប៉ះពាល់ចិនដោយចំហរ ពួកគេបានធ្វើអោយបានល្អឡើងយ៉ាងខ្លាំងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដែលជាគូប្រជែងក្នុងតំបន់ ដោយមិនចាំបាច់និយាយរបស់ចិន។
ជាលទ្ធផលនៃ ការទប់ទល់អោយមានតុល្យភាពភូមិសាស្ត្រនយោបាយនេះ ចិន នឹងមិនអាចក្លាយជាអនុត្តរប្រទេសមួយ ដែលមានអំណាចត្រួតត្រាទាំងស្រុងលើគូប្រជែងនានារបស់ខ្លួននៅអាស៊ីទេ។ គិតតាមនិយមន័យ ប្រទេសមួយមិនអាចក្លាយជាមហាអំណាចកំពូលសកលទេ វារលែងតែខ្លួនជាអនុត្តរប្រទេសក្នុងតំបន់សិន ដូចជាសហរដ្ឋអាមេរិក។ ជាមហាអំណាចធំមួយ ព័ទ្ធទៅដោយប្រទេសជិតខាងដែលមានអំណាចដែរ និងប្រយ័ត្នប្រយែង ចិន ត្រូវតែការពារខ្លួនជាប្រចាំ ខណៈដែលប្រឹងប្រែងដើម្បីបញ្ចូលអំណាច និងឥទ្ធិពលទៅលើឆាកសកល។
មហាអំណាចបែបណា ... រៀនរស់ជាមួយ ចិន
ស្ថានភាពបែបនេះ ជាមហាអំណាចធំមួយមានឥទ្ធិពលសកល តែមិនមែនជាមហាអំណាចកំពូលត្រួតត្រាគេបាន មិនអាចអ្នកណាម្នាក់ច្រានចោលងាយៗ ទេ។ ពិភពលោក មិនគប្បីនឹងខ្វល់ខ្វាយដោយការភ័យខ្លាចថា ចិន នឹងក្លាយជាមហាអំណាចកំពូលមួយទៀតនោះឡើយ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះ គប្បីរៀនរស់ជាមួយចិន ក្នុងថានៈជាមហាអំណាចធំមួយ។ សំណួរ វាស្ថិតនៅត្រង់ថា តើចិន ជាមហាអំណាចធំមួយបែបណា?
ជាការគួរអោយអស់សំណើច ខណៈដែលភាគដ៏ទៃទៀតនៃពិភពលោក បានទទួលយកអនាគតរបស់ចិន ជាមហាអំណាចកំពូល ដោយស្រួលៗ មេដឹកនាំចិនខ្លួនឯង ក៏ដឹងកាន់តែច្រើនពី ភាពមានកំរិតនៃកម្លាំងរបស់ប្រទេស។ ដោយហេតុនេះ ប៉េកាំង បានប្រើឥទ្ធិពលកើតមានថ្មីរបស់ខ្លួន ដោយមានការប្រយ័ត្នប្រយែងបំផុត គេចចេញពីការធ្វើអោយជាប់ជំពាក់នានា មិនព្រមធ្វើអោយមានវត្តមានយោធាដោយផ្ទាល់នៅបរទេស ជៀសពីកាតព្វកិច្ចអន្តរជាតិចុះសោហ៊ុយធំ និងរស់នៅជាមួយនឹងបបបទសេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ ដែលបានបង្កើត និងត្រួតត្រាដោយសហរដ្ឋអាមេរិក។ ពិតហើយ ចិនមើលថែផលប្រយោជន៍ជាតិគាត់ ពិសេសអធិបតេយ្យភាពដោយហ្មត់ចត់។ ក្នុងវិស័យបូរណភាពទឹកដី និងសុខមាលភាពសេដ្ឋកិច្ច ក្រុងប៉េកាំង មិនសូវជារួញរានឹងបង្ហាញសាច់ដុំរបស់ខ្លួនទេ។ តែ ចិន បានគូសខ្សែកំរិតការកសាងចក្រភពក្រៅប្រទេស តាមរយៈការបន្លាយអំណាចយោធារបស់ខ្លួន។
សំរាប់អនាគតឆាប់ៗ ខាងមុខ បើខ្លាំងបំផុត ចិន នឹងក្លាយជាមហាអំណាចកំពូលខាងសេដ្ឋកិច្ច តាមគំរូនៃតួនាទីរបស់ខ្លួនជា អំណាចពាណិជ្ជកម្មធំបំផុតមួយនៃពិភពលោក (ក្នុងន័យ ដែលថា ទាំងអាឡឺម៉ង់ និងជប៉ុន ត្រូវតែបានការចាត់ទុកថាជាមហាអំណាចកំពូលសេដ្ឋកិច្ចដូចគ្នាដែរ)។ ឥទ្ធិពលភូមិសាស្ត្រនយោបាយ និងយោធា ក្នុងន័យនេះ នឹងនៅតែមានការរារាំងដោយភាពផុយស្រួយផ្ទៃក្នុង និងការប្រកួតប្រជែងនៅខាងក្រៅ។
ខណៈដែលចិន នៅតែមានកៅអីអង្គុយនៅតុនៃឆាកសកល ឆន្ទៈ និងសមត្ថភាពរបស់ចិន ក្នុងការប្រើការដឹកនាំរបស់ខ្លួន អាចធ្វើអោយអ្នកដែលរំពឹងថា ប៉េកាំងធ្វើខ្លួនអោយដូចជាមហាអំណាចកំពូលមួយ ត្រូវខកចិត្តមិនខាន។ មិនមែនមានន័យថា ចិនមិនចង់ក្លាយជាមហាអំណាចកំពូលទេ។ តែ រឿងពិតជាក់ស្តែងដ៏សាមញ្ញមួយគឺ ចិន មិនមែន ហើយក៏នឹងមិនក្លាយជាមហាអំណាចកំពូលមួយឡើយ៕
























