ហៀល វែលឌី
មួយរយៈនេះ លោកអ្នកអានបានជ្រាបពីទស្សនៈមួយចំនួន ពាក់ព័ន្ធទៅនឹងកាលានុវត្តភាពនៃសតវត្សអាស៊ី ពីការប្រកួតប្រជែងរវាងមហាអំណាចក្នុង និងក្រៅតំបន់ ក៏ដូចជាព្រឹត្តិការណ៍ខ្លះៗ ដែលឆ្លុះអោយឃើញពីទស្សនាទាននៃអំណាច ក្នុងបរិបទតំបន់ និងសកលលោកសព្វថ្ងៃ។ មានការគិតជាច្រើន ហើយសឹងតែដូចៗ គ្នា ថា ចិន កំពុងតែក្លាយជាមហាអំណាចដែលមានកម្លាំងធំ និងអាចជាការគំរាមកំហែង ដល់សន្តិសុខតំបន់ និងសកលលោក ថ្វីបើចិន ខ្លួន ឯងតែងតែបញ្ជាក់ហើយបញ្ជាក់ថា “ការងើបឡើងរបស់ចិន មិនគំរាមកំហែងអ្នកណា និងដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក៏ដោយ។
ដើម្បីជាការផ្គូរផ្គងទស្សនាទានដែលបានជំរាបពីមុនៗ អំពីក្តីបារម្ភរបស់មហាអំណាចក្រៅតំបន់ ពិសេសសហរដ្ឋអាមេរិក អំពីតួនាទីរបស់ចិន ស្មេរសូមលើកយកនូវទស្សនៈរបស់លោក Minxin Pei នាយកមជ្ឈមណ្ឌល Keck សំរាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ នៃ Claremont McKenna College ដែលលោកបានអះអាងថា មានការគិតប្រាំយ៉ាងពីប្រទេសចិន មិនមែនជាការ ពិតទេ។ សូមជំរាបថា លោក Minxin Pei ជាអ្នកឯកទេសខាងអភីបាលកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ទំនាក់ទំនងសហរដ្ឋអាមេរិក និងអាស៊ី និងការងារប្រជាធិបតេយ្យនីយ៍កម្ម តាមប្រទេសកំពុងអភិវឌ្ឍន៍។ ដើម្បីមានមូលដ្ឋានច្រើន ក្នុងការយល់ពីការបកស្រាយរបស់ លោក Minxin Pei ស្មេរបានបន្ថែមពត៌មានមួយចំនួន។
ការងើបឡើងរបស់ចិន កំពុងធ្វើអោយខ្សោយឥទ្ធិពលអាមេរិកនៅអាស៊ី
តាមពិតវាផ្ទុយទៅវិញទេ។ ជាការត្រឹមត្រូវហើយថា អំណាចរបស់ចិននៅអាស៊ី កំពុងតែរីកដុះ ដាល។ សេដ្ឋកិច្ចរបសើចិន ធំជាងគេបង្អស់នៅក្នុងតំបន់ ហើយចិន ជាដៃគូពាណិជ្ជកម្មធំបំផុតសំរាប់គ្រប់ប្រជាជាតិក្នុងតំបន់អាស៊ី។ ទំនើបភាវូបនីយ៍កម្មយោធារបស់ចិន បានធ្វើអោយ កងទ័ពរំដោះប្រជាជន ក្លាយជាកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់ជាងមុន។
ក៏ប៉ុន្តែ ផ្ទុយពីធ្វើអោយខ្សោយ ឬជំនួសឥទ្ធិពលសហរដ្ឋអាមេរិក អំណាចដែលកំពុងតែមានវិត្ថារកម្មរបស់ចិន កំពុងតែរុញប្រទេសជាច្រើននៅអាស៊ី អោយខិតទៅជិតក្រុងវ៉ាស៊ីនតោន ដែលតាមរយៈនោះលើកកំពស់ស្ថានភាពរបស់អាមេរិក។ វត្តមានរបស់ ពូ Sam (រដ្ឋាភិបាលសហរដ្ឋអាមេរិក) នៅតែមានការស្វាគមន៍ ដោយសារតែវារារាំងមហាអំណាចក្នុងតំបន់មួយ មិនអោយត្រួតត្រាប្រទេសភូមិផងរបងជាមួយខ្លួន និងពូនជ្រុំតុល្យភាពជាយុទ្ធសាស្ត្រ។ សព្វថ្ងៃ កាលបើចិនកាន់តែមានអំណាចច្រើនប៉ុណ្ណា ការប្តេជ្ញារបស់សហរដ្ឋអាមេរិកក៏កាន់តែសំខាន់សំរាប់តំបន់ប៉ុណ្ណោះដែរ ហើយដូចនេះ ក៏ធ្វើអោយក្រុងវ៉ាស៊ីនតោន មានឥទ្ធិពលកាន់តែធំឡើងដែរ។
ដូចនេះ មិនមានអ្វីភ្ញាក់ផ្អើលទេ ថា ពេលដែល រដ្ឋបាល អូបាម៉ា ថ្មីៗ នេះ បានប្រកាសពីការបោះស្នឹងជាយុទ្ធសាស្ត្រនៅអាស៊ី ចិនក៏មានការព្រឺរោម ខណៈដែលប្រទេសច្រើនបំផុតក្នុងតំបន់ ចាប់អារម្មណ៍ថាមានការធានាឡើងវិញ និងអបអរសាទរដោយស្ងៀមស្ងាត់។ សព្វថ្ងៃ ចំណងទាក់ទងសន្តិសុខសហរដ្ឋអាមេរិក ជាមួយប្រទេសអាស៊ីសំខាន់ៗ ដូចជា ឥណ្ឌា អូស្ត្រាលី ជប៉ុន កូរ៉េ និងសូម្បីតែវៀតណាមផង ឃើញថាល្អជាងមុន។
ធនបំរុងរូបិយប័ណ្ណបរទេសដ៏ច្រើនរបស់ចិន ផ្តល់អោយចិននូវឥទ្ធិពលដ៏ធំ
ចិនមានលុយប្រមាណជា ២ ពាន់/ពាន់លានដុល្លារ ក្នុងរតនាគារសហរដ្ឋអាមេរិក និងបានបញ្ចាំបំណុល ៨០០ ពាន់លានដុល្លារ ជាប័ណ្ណរតនាគារអឺរ៉ុប។ ការដែលចិនមានទំហំលុយដ៏ធំនេះ អាចធ្វើអោយមានការព្រួយបារម្ភនៅក្នុងលោកខាងលិច ហលយផ្តល់អោយក្រុងប៉េកាំង នូវកិត្យានុភាព ក៏ដូចជាសិទ្ធិក្នុងការអួតអាងនានា តែវា មិនបានធ្វើអោយចិនទាញបានកម្លាំងការទូតច្រើនទេ។
សេណារីយ៉ូ ដែលមានការភ័យខ្លាចច្រើនថា ចិន ចាក់បំណុលអធិបតេយ្យរបស់សហរដ្ឋអាមេរិកទៅលើទីផ្សារពិភពលោក ដើម្បីពត់ក្រុងវ៉ាស៊ីនតោនអោយអោនតាមឆន្ទៈរបស់ខ្លួន នៅមិនទាន់ក្លាយជាការពិតទេ ហើយក៏ប្រហែលជាមិនអាចកើតមានដែរ។ មូលនិធិទ្រព្យាអធិបតេយ្យ របស់ចិន ដែលវិនិយោគមួយផ្នែកនៃធនបំរុងទាំងនោះ ច្រើនតែធ្វើក្នុងអចលនៈទ្រព្យមានហានិភ័យទាប (ដូចជា ភាគហ៊ុនតូចមួយថ្មីៗ នេះ ក្នុងផ្នែកផ្គត់ផ្គង់ទឹករបស់អង់គ្លេស) ហើយក៏តែងតែ គេចចេញពីការប្រទាំងប្រទើសខាងភូមិសាស្ត្រនយោបាយ។ ហើយនៅក្នុងវិបត្តិបំណុលអឺរ៉ុបវិញ ចិនបង្ហាញពីអវត្តមានរបស់ខ្លួនអោយច្បាស់ទែងតែម្តង។
សូមជំរាបថា តាមការអោយដឹងពីសារពត៌មាន Bloomberg សាជីវកម្មវិនិយោគរបស់ចិន ដែល ជាមូលនិធិធនធានអធិបតេយ្យរបស់ប្រទេស បានប្រកាសកាលពីថ្ងៃ ២០ មករា ថាបានទទួលភាគហ៊ុន ៨,៦៨% នៃក្រុមហ៊ុន Thames Water នៃប្រទេសអង់គ្លេស ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ទឹក និងប្រព័ន្ធបង្ហូរទឹកសំអុយធំបំផុតនៅប្រទេសអង់គ្លេស។ សារពត៌មានអះអាងថា នោះគឺជាការវិនិយោគលោកតំបូងក្នុងប្រទេសអង់គ្លេស ដោយសាជិវកម្មវិនិយោគរបស់ចិន ដែលត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៧ និងមានទ្រព្យសកម្មប្រមាណជា ៤១០ ពាន់លានដុល្លារ។
ការពូនគរនូវរូបិយប័ណ្ណរបស់ចិន បន្ថែមទំងន់តិចណាស់ដល់កម្លាំងភូមិសាស្ត្រនយោបាយ របស់ខ្លូន ពីព្រោះ ការគរទុកនោះវាកើតចេញពីយុទ្ធសាស្ត្រកំណើន ដែលពឹងផ្អែកលើរូបិយប័ណ្ណដែលកំណត់តម្លៃទាប ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងការនាំចេញ។ បើចិនគំរាមកាត់បន្ថយការវិនិយោគរបស់ខ្លួនក្នុងបំណុលសហរដ្ឋអាមេរិក ចិននឹងត្រូវតែ ឬមួយស្វែងរកការវិនិយោគមួយថ្មីជាចម្លាស់ (មិនមែនជាការងាយទេក្នុងស្ថានភាពសព្វថ្ងៃ) ឬនាំចេញតិចជាងមុនទៅសហរដ្ឋអាមេរិក (មិនជាការល្អទេសំរាប់កម្មន្តករ/ផលិតករចិន)។ ជាងនេះទៅទៀត ដោយបានវិនិយោគយ៉ាងច្រើនក្នុងបំណុលលោកខាងលិច ចិនអាចនឹងរងនូវការបាត់បង់មូលធនដ៏អន្តរាយ បើសិនជា ចិនធ្វើអោយទីផ្សារហិរញ្ញវត្ថុ (ផ្សារហ៊ុនជាដើម) មានការភ័យខ្លាច។
បក្សកុម្មុយនិស្តចិនត្រួតត្រាអាំងទែរណែត
ទោះបីថាមានការវិនិយោគយ៉ាងធំធេងរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា និងកម្លាំងមនុស្ស បក្សកុម្មុយនិស្ត កំពុងតែមានការលំបាកក្នុងការបន្សាំងលំហរអាំងទែរណែតដ៏ញាប់ញ័ររបស់ចិន។ ខណៈដែលបច្ចេកវិទ្យាសំរាំងពត៌មានតាមអាំងទែរណែតរបស់ចិនកាន់តែពូកែ ហើយនិយតកម្មរបស់ខ្លួនកាន់តែស្មុគ្រស្មាញជាងរបបផ្តាច់ការដូចគ្នាឯទៀត កំណើនប្រជាជនដែលប្រើអាំងទែរណែតរបស់ចិន (ពេលនេះលើសពី ៥០០ លាននាក់) និងការរីកចំរើននៃបច្ចេកវិទ្យា (ដូចជា វ៉ែបសាយត៍ប្រើទំហំសារ និងរូបភាពតូចៗ បែបប្តូរសារគ្នា ឬ Twitter) បានធ្វើអោយការរារាំងភាគច្រើនមិនមានប្រសិទ្ធិភាព។ រដ្ឋាភិបាល ជានិច្ចកាលលេងបិទពួនក្នុងបញ្ហានេះ ហើយការប្រឹងប្រែងចុងក្រោយនេះ គឺ បង្ខំអោយអ្នកបង្កើតវ៉ែបសាយត៍ប្រើទំហំសារតូចៗ ទាំងនោះ ចុះបញ្ជីដោយប្រើឈ្មោះពិតប្រាកដ។ និយតកម្មទាំងនោះ តែងតែបង្ហាញថាចុះសោហ៊ុយធំដើម្បីនឹងធ្វើបាន សូម្បីក្នុងករណីរបបឯកបក្សក៏ដោយ។
មានការលើកមកនិយាយមួយ ថា ប្រទេសចិន បានចំណាយច្រើនបំផុតក្នុង វិស័យយោធា របស់ខ្លួន ដើម្បីការពារសន្តិសុខផ្ទៃក្នុង។ កាសែត The Wall Street Journal ខែ មិនា ឆ្នាំ ២០១១ បានសរសេរថា សភាប្រជាជនចិន ពិនិត្យគំរោងចាយវាយកាន់តែធំលើការងារសន្តិសុខផ្ទៃក្នុង កាលពីឆ្នាំ ២០១១ កន្លងទៅ ក្រោយពីបានចាយយ៉ាងច្រើនកាលពីឆ្នាំ ២០១០ ដើម្បីពង្រឹងការត្រួតត្រាខាងបច្ចេកវិជ្ជា បង្ក្រាបអ្វីដែលហៅថា “បដិវត្តន៍ផ្កាម្លិះ” ដែលបាន និងកំពុងធ្វើអោយ ពិភពអារ៉ាប់រង្គោះរង្គើ។ តាមរយៈការផ្សាយនោះ កាលពីឆ្នាំកន្លងទៅ ប្រទេសចិន បានបង្កើនការចំណាយ ១៣% លើសពីឆ្នាំ ២០១០ លើកិច្ចការប៉ូលីស សន្តិសុខរដ្ឋ កងឈ្លបស៊ីវិលប្រដាប់អាវុធ តុលាការ និងពន្ធធនាគារកិច្ច។ អ្នកវិភាគគិតថា ពីក្នុងទំហំថវិកាយោធា ៩១,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១១ កន្លងទៅ ចិន បានចំណាយលើកិច្ចការសន្តិសុខផ្ទៃក្នុង ដែលរួមមានការពង្រឹងការត្រួតពិនិត្យសេវាអាំងទែរណែតផង ច្រើនជាងចំណាយលើការការពារ។
លោកអ្នកអានក៏អាចនៅចាំបាន អត្ថបទរបស់ស្មេរ ថ្ងៃ ០៦ ធ្នូ ២០១១ “អាំងទែរណែត៖ ឧបករណ៍ភេរវកម្ម និងសង្គ្រាមកំបាំងអត្តសញ្ញាណ” ដែលសរសេរថា កាលពីខែកក្កដា ឆ្នាំ ២០១០ ទស្សនាវត្តី The Economist បានធ្វើការវិភាគពីសង្គ្រាមតាមអាំងទែរណែត ឬហៅជាសាអង់គ្លេសថា Cyberwar “តើកុំព្យូទ័រជាឧបករណ៍ថ្មីនាំអោយមានទំនាស់?” ថាមានការគំរាមកំហែង សន្តិសុខ ទាំងផ្ទៃក្នុង ទាំងស្ថាប័នសាធារណៈ ទាំងសាជីវកម្ម ទាំងយោធា។ ដោយប្រកាសថា ហេដ្ឋារចនាសម្ព័ន្ធឌីជីតាល់របស់អាមេរិក ជា “ទ្រព្យទុនជាតិជាយុទ្ធសាស្ត្រ” ប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama តែងតាំងអតីតប្រធានសន្តិសុខក្រុមហ៊ុនកុំព្យូទ័រ Microsoft លោក Howard Schmidt ជាស្តេចខាងសន្តិសុខអាំងទែរណែតរបស់សេតវិមាន។ មានប្រទេសជាច្រើនក៏បាន និងកំពុងតែមានវិធានការណ៍ពីកិច្ចការនេះ។ នៅក្នុងលំអាននេះ តើសហរដ្ឋអាមេរិក ក៏ដូចជាមហាអំណាចទាំងឡាយ រំពឹងថាចិន ត្រូវមើលរំលងសន្តិសុខរបស់ខ្លួន ដូចជាការតានតឹងជាតិសាសន៍នៅទីបេត៍ និង/ស៊ីនជាង កាលពីពេលកន្លងទៅថ្មីៗ នេះឬ?
យ៉ាងណាក្តី ច្រើនបំផុត បក្សអាចធ្វើការត្រួតពិនិត្យដោយចោះៗ អ្វីដែលខ្លួនគិតថា “រសើប” ព្រោះថានៅពេលមានដំណឹង ឬហេតុការណ៍ក្តៅមួយកើតឡើង រឿងអាស្រូវពុករលួយ ឧបទ្ទេវហេតុសុវត្ថិភាពសាធារណៈធ្ងន់ធ្ងរ ឬការបាតុកម្មធំប្រឆាំងរដ្ឋាភិបាលជាដើម អាំងទែរណែត តែងតែមានសេចក្តីរាយការណ៍ និងការរិះគន់ពាសពេញចំពោះរដ្ឋាភិបាល។ នៅពេលដែលការត្រួតត្រាស្តារការត្រួតពិនិត្យបានខ្លះ ក៏ការខូចខាតនយោបាយបានកើតរួចហើយ។
របបរបស់ ចិន បានទិញវណ្ណកណ្តាលរួចទៅហើយ
ពិបាកនឹងថាអីចឹងណាស់។ រយៈពេលបីទសវត្សនៃកំណើនសេដ្ឋកិច្ចបីខ្ទង់ បានរុញប្រជាជនចិនប្រមាណ ២៥០ ទៅ ៣០០ លាននាក់ ពិសេសអ្នករស់នៅតាមទីក្រុង អោយមានស្ថានភាព ជាវណ្ណៈកណ្តាល។ តាំងពីពេលដែលរបប បានបង្ក្រាបចលនាប្រជាធិបតេយ្យនៅទានអានម៉េន កាលពីឆ្នាំ ១៩៨៩ វណ្ណៈកណ្តាល ក៏ជាប់រវល់តែនឹងការតាមរកទ្រព្យធន មិនទាមទារសេរីភាពនយោបាយអ្វីទេ។ តែនេះ មិនមានន័យថា ក្រុមនេះបានផ្តល់ការគាំទ្រពីក្រោយបក្សកាន់អំណាចនោះទេ។ មានការខុសគ្នាឆ្ងាយណាស់ រវាងភាពមិនរវល់នឹងនយោបាយ និងភក្តីភាពជាប់មិនដាច់។
ច្រើនបំផុត វណ្ណៈកណ្តាលចិន អាចអនុគ្រោះស្ថានភាពដដែល ពីព្រោះវាជាការធ្វើអោយប្រសើរឡើងហើយ ធៀបទៅការដឹកនាំផ្តាច់ការកាលពីអតីតកាល ហលយដោយសារមិនមាន ចម្លាស់អ្វីជាក់ស្តែង ឬភ្លាមៗ ខាងមុខនេះដែរ។ ក៏ប៉ុន្តែ ដូចដែល ការដុះដាលប្រឆាំងនៅអារ៉ាប់ បង្ហាញ ព្រឹត្តិការណ៍តែមួយ ឬការដើរខុសមួយជំហានដោយមេដឹកនាំផ្តាច់ការ អាចប្រែក្លាយពលរដ្ឋវណ្ណៈកណ្តាលដែលព្រងើយកន្តើយនឹងនយោបាយ អោយទៅជាអ្នកបដិវត្តន៍ដាច់ខាតបាន។
ការនេះវាអាចនឹងកើតមាន សូម្បីតែមិនមានការធ្លាក់មកនូវវិបត្តិសេដ្ឋកិច្ចក៏ដោយចុះ។ សព្វថ្ងៃ វណ្ណៈកណ្តាលរបស់ចិន កំពុងតែមិនពេញចិត្តជាមួយវិសមភាព អំពើពុករលួយ តម្លៃផ្ទះថ្លៃ ការខូចបរិស្ថាន និងការផ្តល់សេវាមិនបានល្អ។ នៅ សៀងហៃ កាលពីពីរបីឆ្នាំមុន ពលរដ្ឋវណ្ណៈកណ្តាលរាប់ពាន់នាក់ បានធ្វើ “ដំណើររួមគ្នា” និងបញ្ឈប់នូវការសង់ផ្លូវដែកតាមផែនការ ជាគំរោងមួយដែលគំរាមកំហែងដល់តម្លៃគេហដ្ឋានរបស់ពួកគេ។ មានការបាតុកម្មដូចគ្នាមួយ កាលពីឆ្នាំទៅ នៅ ក្រុង Dalian នាំអោយមានការបិទរោងចក្រផលិតផលគីមីទាញចេញពីសំណល់ប្រេង និងឧស្ម័ន ដែលធ្វើអោយខូចបរិស្ថាន។
សារពត៌មាន ប៊ីប៊ីស៊ី ផ្សាយថា កាលពីខែ មិនា ឆ្នាំ ២០១១ អតិផរណាតម្លៃទំនិញនៅប្រទេសចិន បានហក់ឡើងដល់ ៥,៤% ដែលជាកំរិតខ្ពស់គិតក្នុងរយៈពេលបីឆ្នាំ។ ធនាគារពិភពលោក អះអាងថា ថ្វីបើសេដ្ឋកិច្ចចិនមានកំណើនពីរខ្ទង់លេខក៏ដោយ គម្លាតប្រាក់ចំណូលក្នុងចំណោមវណ្ណៈកណ្តាល មិនជាការងាយស្រាយទេ ព្រោះថា ការនាំខ្លួនពីប្រទេសមានកំរិតប្រាក់ចំណូលកណ្តាល ទៅ ប្រាក់ចំណូលខ្ពស់ វាលំបាកជាងនាំប្រទេសពីប្រាក់ចំណូលទាប ទៅកាន់ប្រាក់ចំណូលកណ្តាល។ តែលោកអ្នកអានក៏គួរតែពិនិត្យតួលេខមួយទៀតដែរ ដែលនៅប្រទេសអង់គ្លេសឯណោះវិញ វិសមភាពប្រាក់ចំណូលក្នុងចំណោមមនុស្សពេញវ័យធ្វើការ បានកើនឡើងយ៉ាងលឿន ជាងប្រទេសសមាជិកអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយសារ ការកើតមាននូវសេវាហិរញ្ញវត្ថុពួកវណ្ណៈខ្ពស់ ដែលតាមរយៈអាពាហ៍ពិពាហ៍ និងការសិក្សា បានទាញយកធនធានចូលទៅនៅក្នុងដៃមនុស្សភាគតិច។
សេដ្ឋវិទូអោយដឹងតាមកាសែត The Guardian ថា ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ ក្នុងចំណោមអ្នកមានចំណូលខ្ពស់លើគេ ១០% នៅចក្រភពអង់គ្លេស កាលពីឆ្នាំ ២០០៨ មានត្រឹម ៥៥.០០០ ផោន ឬ ១២ ដងខ្ពស់ជាង អ្នកនៅស្រទាប់បាត ១០% ដែលមានតែ ៤.៧០០ ផោនប៉ុណ្ណោះ។ ដូចជាករណី ចលនាកាន់កាប់ Wall Street នៅសហរដ្ឋអាមដេរិកជាដើម បាតុករបានបង្ហាញនូវការមិនពេញចិត្ត និងទាមទារអោយរដ្ឋាភិបាលសហរដ្ឋអាមេរិកពិនិត្យនូវគម្លាត ទ្រព្យធនរវាង អ្នកដែលប្រមូលទ្រព្យធនក្នុងប្រទេសតែម្នាក់ឯងដែលមាន ១% នៃចំនួនប្រជាជនសហរដ្ឋអាមេរិកទាំងអស់ និង ៩៩% ទៀត ដែលស្ថិតក្នុងស្ថានភាពផ្ទុយ ហើយដែលគិតថាខ្លួនជាអ្នកត្រូវបង់ថ្លៃចំពោះកំហុសដែលពួកភាគតិចក្នុងសង្គមបានធ្វើ ក្នុងវិស័យហិរញ្ញវត្ថុ កន្លងទៅ។
លោក Minxin Pei សន្និដ្ឋានថា បក្សកុម្មុយនិស្តចិនដឹងថាមិនអាចទុកចិត្តលើការគាំទ្រនៃវណ្ណៈកណ្តាលបានទេ ដោយហេតុនេះ អសន្តិសុខនៅពីក្រោយភាពឃោឃៅ បន្តកើតមាន ចំពោះអ្នកមានមតិយោបល់នយោបាយផ្ទុយ។ ចុះអ្នក ៩៩% នៅសហរដ្ឋអាមេរិកវិញ?
កំណើនសេដ្ឋកិច្ចលឿនរបសចិន មិនបង្ហាញសញ្ញាថាចុះថយ
ល្បឿននៃកំណើនកំពុងតែចុះកំដៅបន្តិចហើយ ពី លើ ១០,៣% ក្នុងឆ្នាំ ២០១០ មកនៅត្រឹម ៩,២ % កាលពីឆ្នាំកន្លងទៅ ហើយ ការធ្លាក់ចុះនឹងកាន់តែកើនល្បឿននៅឆ្នាំខាងមុខ។
ដូចជាកូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលរកបានកំណើនគំហុកដូចគោស្ទាវរយៈពេលបីទសវត្ស តែក៏ថយចុះបណ្តើរៗ តាំងពីទសវត្សឆ្នាំ ១៩៩០ សេដ្ឋកិច្ចចិន នឹងជួបប្រទះខ្យល់បោកបក់ពីមុខដ៏ខ្លាំងជាមិនខាន។ ប្រជាជនមានវ័យចំណាស់ ពលរដ្ឋអាយុ ៦០ និងចាស់ជាង មានដល់ ១២,៥% នៃប្រជាជនក្នុងឆ្នាំ ២០១០ ហើយត្រូវបានរំពឹងថានឹងឡើងដល់ ១៧% ក្នុងឆ្នាំ ២០២។ ការនេះ នឹងកាត់បន្ថយសញ្ជ័យ និងការផ្គត់ផ្គង់កម្លាំងកម្មករ ហើយបង្កើនប្រាក់សោធន និងការចំណាយលើការថែទាំសុខភាព។ បើចិន ចង់រក្សាអត្រាកំណើនខ្ពស់ ចិនត្រូវតែសំរេចអោយបានក្នុងការធ្វើអោយមានផលិតផលបច្ចេកទេសខ្ពស់ និងមានតម្លៃបន្ថែមខ្ពស់រចនាដោយចិនខ្លួនឯង។ វាត្រូវការអោយមាន នវានុវត្តភាព (ការប្រែទៅរបៀបថ្មី) ដែលវាទាមទារអោយមានការត្រួតត្រាដោយរដ្ឋាភិបាលតិច និងមានសេរីភាពខាងបញ្ញាស្មារតីច្រើន។
យ៉ាងណាមិញ អ្នកជំនាញ និងអ្នកប្រាជ្ញចូលរួមវេទិកាសេដ្ឋកិច្ចចិនទី ១១ ដែលដំណើរការកាលពីថ្ងៃ ២៤ ធ្នូ ២០១១ បានបង្ហាញនូវសុទិដ្ឋិនិយមប្រយ័ត្នប្រយែងអំពីសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០១។ អគ្គលេខាធិការមជ្ឈមណ្ឌលចិនសំរាប់ការផ្លាស់ប្តូរយោបល់សេដ្ឋកិច្ចអន្តរជាតិ (the China Center for International Economic Exchanges) ថ្លែងថា “កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិន អាចនឹងធ្លាក់ទៅដល់ម្តុំ ៨% នៅឆ្នាំ ២០១២។ Wu Xiaoling អតីតអភិបាលរង ធនាគារកណ្តាលរបស់ចិន និយាយថា “ប្រទេសមិនត្រូវគិតតែពីតួលេខនៃផលិតផលក្នុងស្រុកសរុបពេកទេ ពិព្រោះ កំណើនផលិតផលក្នុងស្រុកសរុបនឹងមិនមានន័យអ្វីទេ បើមិនមានការបង្កើនធនធានជាតិ។ លោក Liu Yuhui នៃបណ្ឌិតសភាចិនផ្នែកវិទ្យាសង្គម និយាយថា “ចិនគួរតែប្តូរល្បឿននៃការត្រួតត្រាគ្រៀងជំរុញនៃកំណើនសេដ្ឋកិច្ច ពីដៃរដ្ឋាភិបាល ទៅដៃសហគ្រិន និងសេដ្ឋកិច្ចឯកជន ដោយត្រូវអភិវឌ្ឍសហគ្រាសកម្មន្តសាល និងសេវានេះម្យ៉ាង ហើយម្យ៉ាងទៀត ត្រូវជំនះឧបសគ្គទាំងឡាយនៃប្រព័ន្ធ និងយន្តការបច្ចុប្បន្ន” លោកមានជំនឿថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលអានាគតរបស់ចិន នឹងអាចជៀសផុតបានពីការត្រូវចុះចតជាមួយនឹងទម្ងន់ធ្ងន់។
ដែលសំខាន់បំផុត គំរូសេដ្ឋកិច្ចជំរុញដោយការវិនិយោគ និងដឹកនាំដោយរដ្ឋ ដែលទទួលខុសត្រូវចំពោះកំណើនសេដ្ឋកិច្ចដ៏លឿនស្លេវរបស់ចិន ត្រូវតែទុកផ្លូវអោយគំរូសេដ្ឋកិច្ចមានប្រសិទ្ធភាពជាង ជំរុញដោយការប្រើប្រាស់ និងតំរង់ទិសដោយទីផ្សារ។ ការដូរផ្លាស់មួយដូចនេះ មិនអាចធ្វើទៅបានទេ បើមិនមានការកាត់បន្ថយការចូលពាក់ព័ន្ធរបស់រដ្ឋ និងធ្វើអោយបក្សទទួលខុសត្រូវចំពោះប្រជាជនចិន៕
























