ហៀល វែលឌី
តាមវ៉ែបសាយត៍ Global Research សាស្ត្រាចារ្យ James Petras បានសរសេរអត្ថបទមួយ វិភាគ និងបកស្រាយពី ការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០១២ ដោយហៅថា វានឹងជា ទស្សនៈស្តីពីមហន្តរាយឆ្នាំ ២០១២ នៃវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម។ ស្មេរមិនមានការចេះដឹងអ្វីពីវិស័យសេដ្ឋកិច្ចទេ តែពិនិត្យឃើញថា អត្ថបទបង្ហាញនូវការវិភាគមួយដែល លោកអ្នកអានគួរតែបានដឹង។ អត្ថបទទាំងស្រុងជារបស់ James Petras ដោយស្មេរគ្រាន់តែ បន្ថែមពត៌មាន ស្រាយអត្ថន័យពាក្យ ឃ្លា ឬគំនិតមួយចំនួន ដើម្បីលោកអ្នកងាយយល់តែប៉ុណ្ណោះ។
ការប្រមើលសេដ្ឋកិច្ច នយោបាយ និងសង្គមសំរាប់ឆ្នាំ ២០១២ ឃើញថាមានសភាពអវិជ្ជមានយ៉ាងជ្រាលជ្រៅ។ ការស្ទាបស្ទង់មតិរួមសឹងតែជាទូទៅ សូម្បីតែក្នុងចំណោមអ្នកសេដ្ឋកិច្ចគម្ពី និយមក៏មានការពិចារណាទុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចពិភពលោកដែរ។ សូម្បីការប្រមើលអាចនិយាយបានពីទំហំ និងជំរៅនៃវិបត្តិក៏ដោយ ក៏មានហេតុផលខ្លាំងៗ ដើម្បីនឹងជឿថា ចាប់ផ្តើម ឆ្នាំ ២០១២ ពិភពលោកនឹងរុលដំណើរទៅរកការធ្លាកើចុះកាន់តែជ្រៅ ជាងអ្វីដែលធ្លាប់បានឆ្លងកាត់កាលពីវិសម្ពាធសេដ្ឋកិច្ចឆ្នាំ ២០០៨/០៩ ទៅទៀត។ ដោយមានធនធានកាន់តែតិច បំណុលកាន់តែធំ និងការតតាំងរបស់ប្រជាជន ដើម្បីនឹងរែកពន់បន្ទុកក្នុងការសង្គ្រោះប្រព័ន្ធ មូលធននិយម រដ្ឋាភិបាលទាំងឡាយមិនអាចជួយប្រព័ន្ធនេះបានទេ។
ស្ថាប័ន និងទំនាក់ទំនងសេដ្ឋកិច្ចធំៗ ជាច្រើន ដែលជាមូលហេតុផង ជាផលវិបាកផង នៃវិត្ថារកម្មមូលធននិយមក្នុងពិភពលោក និងតំបន់ កាលពីបីទសវត្សកន្លងទៅ កំពុងតែស្ថិតក្នុងដំណើរនៃការលែងសមាហរណកម្មគ្នាបាន និងបែកបាក់។ ម៉ាស៊ីនសេដ្ឋកិច្ចពីមុនៗ នៃវិត្ថារកម្មសកល ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានខ្សោះនូវសក្តានុពលរបស់ឋ្លួន និងកំពុងតែដាំទីងចុះ។ មជ្ឈមណ្ឌលកំណើនថ្មីៗ ដូចជា ចិន ឥណ្ឌា ប្រេស៊ីល និងរុស្ស៊ី ជាដើម ដែលមួយទសវត្សយ៉ាងខ្លី បានផ្តល់ជាកម្លាំងជំរុញថ្មីសំរាប់កំណើនសេដ្ឋកិច្ចពិភពលោក ចេះតែបន្តដំណើររបស់ខ្លួន និងកំពុងតែបន្ថយល្បឿនយ៉ាងគំហុក។ ប្រទេសទាំងនេះ នឹងបន្តដំណើរដូចនេះពេញមួយឆ្នាំ ២០១២ នេះជាមិនខាន។
ការដួលរលំនៃសហភាពអឺរ៉ុប
និយាយអោយចំ សហភាពអឺរ៉ុបដែលហែកហួរដោយវិបត្តិ នឹងត្រូវបែកប្រេះ ហើយអ្វីដែលជារចនាសម្ព័ន្ធមានច្រើនជាន់ច្រើនថ្នាក់ ក៏នឹងវិលទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេ និងពហុភាគី មួយខ្សែតែប៉ុណ្ណោះ។ អាឡឺម៉ង បារាំង និងប្រទេសនៅអឺរ៉ុបភាគខាងក្រោមជាប់ព្រំដែនជាមួយបារាំង និងអាឡឺម៉ង់ ដូចជា បែលហ្ស៊ីក ហូឡង់ និងលុចហ្សំបួរ ព្រមគ្នានឹង បណ្តាប្រទេសនៅអឺរ៉ុបខាងជើង ដូចជា ដាណឺម៉ាក ន័រវែស ហ្វាំងឡង់ អ៊ីស្លង់ ស៊ុយអែដ ជាដើម ពិតជាមានបំណងដើម្បីនឹងសំរបសំរួលការធ្លាក់ចុះនេះ។ អង់គ្លេស និយាយអោយចំទីក្រុងឡុងដ្រ៍ ដែលនៅឯកោពីគេ នឹងត្រូវធ្លាក់ចុះទៅក្នុងកំណើនអវិជ្ជមាន ដែលជាហេតុធ្វើអោយក្រុមផ្តល់ហិរញ្ញប្បទាននៃប្រទេសនេះ ពពាក់ពពូនស្វះស្វែងអោយមានកាលានុវត្តភាព ថ្មី ក្នុងចំណោមបណ្តាប្រទេសមានប្រេងនៅក្នុងឈូងសមុទ្រ និងទីតាំងផ្សេងទៀត។
អឺរ៉ុបខាងកើត និងកណ្តាល ពិសេសប៉ូឡូញ និងសាធារណរដ្ឋឆេក នឹងរឹតចំណងទាក់ទងថែមទៀតជាមួយអាឡឺម៉ង់ តែក៏ត្រូវតែរងគ្រោះពីផលវិបាកនៃការធ្លាក់ចុះជាសកលនៃទីផ្សារពិភពលោកដែរ។ អឺរ៉ុបខាងត្បូង (ក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ីតាលី) នឹងឈានដល់វិសម្ពាធយ៉ាងជ្រៅ ខណៈដែលការបង់ថ្លៃបំណុលដ៏សន្ធឹកសន្ធាប់ ដុតបញ្ឆេះដោយការវាយលុកយ៉ាងសាហាវ លើប្រាក់កំរៃ និងផលលាភសង្គម នឹងកាត់បន្ថយនូវសេចក្តីត្រូវការប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
ការបាត់អាជីព និងមានការងារធ្វើមិនបានគ្រប់គ្រាន់ ដោយសារតែកំរិតនៃវិសម្ពាធសេដ្ឋកិច្ច ដែលឡើងរហូតដល់ មួយភាគបីនៃកម្លាំងពលកម្ម នឹងធ្វើអោយផ្ទុះឡើងនូវទំនាស់សង្គមជាយូរឆ្នាំមួយ ហើយដែលនឹងពង្រឹងខ្លួនរហូតក្លាយជាការបះបោរប្រជាជន។ ដោយហេតុនេះ ការបែកប្រេះសហភាពអឺរ៉ុប សឹងតែជាការជៀសមិនផុត។ ជំរើសរូបិយប័ណ្ណអឺរ៉ូ នឹងត្រូវជំនួសដោយ ឬបង្វិលទៅជាបញ្ហាជាតិ ដែលមានអមដោយការបញ្ចុះតម្លៃ និងការគាំពារនិយម។ ជាតិនិយម នឹងក្លាយជាព្រំដែនវិញជាមិនខាន។ បណ្តាធនាគារនៅអាឡឺម៉ង់ បារាំង និងស្វ៊ីស នឹងត្រូវរងនូវការខាតបង់យ៉ាងធំ ពីការអោយខ្ចីទៅបណ្តាប្រទេសនៅភាគខាងត្បូងអឺរ៉ុប។ ការ ផ្តល់ថវិកាសង្គ្រោះនឹងគឺជាការចាំបាច់ ធ្វើអោយសង្គមអាឡឺម៉ង់ និងបារាំង នឹងមានការប្រកាន់ប៉ូលរៀងៗ ខ្លួន ដែលម្ខាងជាភាគច្រើនដែលបង់ពន្ធ និងម្ខាងទៀតជាពួកធនាគារិក។ យុទ្ធិកៈសហជីព និងពួកស្តាំនិយម (ឬប្រតិកិរិយា) ជ្រកក្រោមផ្លាក “ប្រជារាស្ត្រនិយម” (ឬហ្វាស៊ីស្តនិយមបែបថ្មី) ក៏នឹងពង្រឹងការតស៊ូវណ្ណៈ និងជាតិ ជាមិនខាន។
អឺរ៉ុបមួយ ដែលមានវិសម្ពាធសេដ្ឋកិច្ច បែកបាក់គ្នា និងប្រកាន់ប៉ូលរៀងខ្លួន អាចថាមិនមានលទ្ធភាពដើម្បីនឹងចូលរួមក្នុងចលនាស្តារ និងការពារជ្វីវ និងអ៊ីស្រាអែល (ស្យូនីស្ត) ញ៉ាំងដោយការផ្សងព្រេងយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ (ឬសូម្បីតែ ស៊ីរី ផងនោះ) បានទេ។ អឺរ៉ុប ដែលស្ពាយជាមួយខ្លួនដោយវិបត្តិ នឹងពិតជាមិនព្រមអោយពួកប្រឈមមុខនិយមនៃក្រុងវ៉ាស៊ីនតោន ធ្វើផ្តេសផ្តាសជាមួយរុស្ស៊ី និងចិនទេ។
សហរដ្ឋអាមេរិក៖ ការធ្លាក់ចុះវិលមកវិញជាមួយនឹងការសងសឹក
សេដ្ឋកិច្ចសហរដ្ឋអាមេរិក រងគ្រោះពីវិបាកទាំងឡាយនៃឱនភាពសារពើពន្ធដែលប៉ោងឡើងមិនឈប់ ហើយក៏នឹងមិនអាចចរចារកឃើញនូវច្រកចេញពីការធ្លាក់ចុះពិភពលោកឆ្នាំ ២០១២ បានទេ។ សហរដ្ឋអាមេរិក ក៏មិនអាចនឹងពឹងផ្អែកលើ “ការនាំចេញ” កំណើនអវិជ្ជមានដ៏ខ្លាំងរបស់ឋ្លួន ដោយងាកទៅទ្វីបអាស៊ីដែលមានថាមពលដូចពីមុនដែរ ព្រោះ ចិន ឥណ្ឌា និងភាគ ឯទៀតនៃអាស៊ី ក៏កំពុងតែបាត់បង់នូវលំហូរសេដ្ឋកិច្ចរបស់ឋ្លួនដែរ។ ចិននឹងមានកំណើនទាបជាងមធ្យមភាគ ៩% របស់ខ្លួន។ ឥណ្ឌា ក៏នឹងធ្លាក់ចុះពី ៨% ទៅនៅត្រឹមតែ ៥% ឬទាបជាងនេះផង។ ជាងនេះទៅទៀត គោលនយោបាយយោធា “ឡោមព័ទ្ធ” នៃរដ្ឋបាលលោក អូបាម៉ា គោលនយោបាយសេដ្ឋកិច្ចដែលមិនរាក់ចូល និងគាំពារនិយម នឹងរារាំងមិនអោយមានការជំរុញថ្មីណាមួយពីចិនទេ។
យោធានិយម ធ្វើអោយការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ
សហរដ្ឋអាមេរិក និងអង់គ្លេស នឹងក្លាយជាអ្នកដែលើចាញ់ធំជាងគេ ពីការកសាងសេដ្ឋកិច្ចអ៊ីរ៉ាក់នាដំណាក់កាលក្រោយសង្គ្រាម។ ពីក្នុងសាច់ប្រាក់ ១៨៦ ពាន់លានដុល្លារ សំរាប់គំរោងហេដ្ឋារចនាសម្ព័ន្ធនានា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងបានចំណេញមិនដល់ ៥% ទេ (កាសែត Financial Times ថ្ងៃ ១៦ ធ្នូ ២០១១)។ អាចថា លទ្ធផលវាមិនខុសគ្នាទេ ពីករណីប្រទេសលីប៊ី និងនៅទីនានាផ្សេងទៀត។ យោធានិយមសហរដ្ឋអាមេរិក ដើម្បីបំផ្លាញបច្ចាមិត្រ សុខចិត្តទម្លាក់ខ្លួនចូលបំណុល ហើយពួកមិនមែនអ្នកធ្វើសង្គ្រាមប្រមូលកិច្ចសន្យាស្ថាបនាឡើងវិញក្រិយសង្គ្រាមដ៏កាក់កប។
សេដ្ឋកិច្ចសហរដ្ឋអាមេរិក នឹងធ្លាក់ចុះក្នុងឆ្នាំ ២០១២ ហើយ “ការងើបឡើងវិញពីភាពគ្មានការងារធ្វើនៅឆ្នាំ ២០១១” នឹងត្រូវជំនួសដោយការហក់ឡើងយ៉ាងខ្លាំងនៃ ការបាត់អាជីព ក្នុងឆ្នាំ ២០១។ តាមពិតទៅ កម្លាំងការងារនឹងរួញតូច ខណៈដែលប្រជាជនបាត់បង់ផលលាភពីការគ្មានអាជីព នឹងលែងទៅចុះបញ្ជី។ ការជិះជាន់ពលកម្ម (ផលិតភាព) នឹងកាន់តែមានប្រាកដដោយពួកមូលធននិយមបង្ខំអោយកម្មករផលិតអោយបានច្រើនឡើង ផ្តល់កំរៃកាន់តែតិច ដូចនេះនឹងពង្រីកកាន់តែធំនូវគម្លាតប្រាក់ចំណូល រវាងសោធន និងប្រាក់ចំណេញ។
ការដាំដូងចុះក្រោមនៃសេដ្ឋកិច្ច និងកំណើននៃការគ្មានការងារធ្វើ នឹងត្រូវភ្ជាប់ជាមួយដោយ ការកាត់ចោលយ៉ាងសាហាវនៃកម្មវិធីសង្គមកិច្ចនានា ដើម្បីធ្វើការឧបត្ថម្ភធនហិរញ្ញវត្ថុដល់ធនាគារ និងឧស្សាហកម្មដែលមានបញ្ហា។ ការពិភាក្សាដេញដោលមតិគ្នាក្នុងចំណោមបណ្តាភាគីនានា នឹងប្រមូលផ្តុំលើបញ្ហាថា តើត្រូវកាត់ទំហំប៉ុណ្ណា ពីកម្មករ និងនិវត្តជន ដើម្បីធានា អោយមាន “ទំនុកចិត្ត” នៃភាគីម្ចាស់មូលប្បទានប័ត្រទាំងឡាយ។ ប្រឈមមុខនឹងជំរើសគោលនយោបាយមានកំរិតដូចគ្នា មណ្ឌលបោះឆ្នោតនឹងមានប្រតិកម្មជាការបោះឆ្នោតទម្លាក់អ្នកកំពុងនៅក្នុងតំណែង ធ្វើអនុប្បវាទកម្ម និងតាមរយៈការធ្វើចលនាមហាជនដោយមិន គ្រោងទុក និងដោយមានការរៀបចំទុក ដូចជា ការប្រឆាំងតវ៉ា ដែលមានឈ្មោះថា “ការកាន់កាប់ Wall Street” ជាដើម។
ការមិនពេញចិត្ត ការតាំងជំហរអមិត្ត និងការលែងទ្រាំបាន នឹងជ្រួតជ្រាបពេញវប្បធម៌ជាមិនខាន។ ពួកប្រជាធិបតេយ្យប្រជាភិថុត នឹងទម្លាក់កំហុសអោយចិន។ ពួកសាធារណរដ្ឋប្រជាភិថុត នឹងរិះគន់ថាមកពីជនចំណូលស្រុក។ ទាំងពីរខាងនឹង ស្រែកក្តែងៗ ថ្កោលទោស “ហ្វាស៊ីស្តអ៊ីស្លាម” និងជាពិសេសគឺ អ៊ីរ៉ង់។
សង្គ្រាមថ្មីៗ កណ្តាលវិបត្តិ៖ ស្យូនិស្ត ជាគំនាស់
មុននឹងបន្តសាច់រឿង សូមអនុញ្ញាតជំរាបជូនថា លទ្ធិស្យូនិស្ត (អានតាមភាសាហេប្រ៊ូ ថា Tsiyonut) ជាចលនានយោបាយជ្វីវ ដែលបានគាំទ្រសិទ្ថស្វ័យសំរេចនៃប្រជាជនជ្វីវ ក្នុងដែនដីអធិបតេយ្យរបស់ជ្វីវ។ ក្រុមរិះគន់ ចាត់ថាលទ្ធិ ស្យូនិស្ត ដូចជាចលនាអាណានិគមនិយម ឬជាតិសាសន៍និយមមួយអញ្ចឹង។
“ប្រធានទាំង ៥២ នៃអង្គការជ្វីវអាមេរិក” និង ពួកដើរតាម ហៅថា “អ៊ីស្រាអែលមុនគេ” នៅក្នុងសភាសហរដ្ឋអាមេរិក ក្រសួងការបរទេស រតនាគារ និងមន្ទីប៉ង់តាហ្គោន នឹងជំរុញអោយមានសង្គ្រាមជាមួយអ៊ីរ៉ង់។ បើពួកនេះធ្វើបានសំរេច វានឹងបណ្តាលអោយមានជាការប្រឈមមុខគ្នាក្នុងតំបន់ និងវិសម្ពាធពិភពលោក។ ដោយសារជោគជ័យនៃរបបអ៊ីស្រាអែលជ្រុលនិយម ក្នុងការធ្វើអោយមានការគោរពប្រណិបត្តិទាំងងងឹតងងល់ ចំពោះគោលនយោបាយសង្គ្រាមរបស់ខ្លួន ពីសំណាក់សភា និងសេតវិមានសហរដ្ឋអាមេរិក ការសង្ស័យណាមួយអំពីលទ្ធភាពកើតមាននូវធាតុចេញមហន្តរាយធំពិតប្រាកដណាមួយ អាចនឹងត្រូវបានទុកមួយឡែកសិន។
ចិនៈ យន្តការទូទាត់នានា ក្នុងឆ្នាំ ២០១២
ចិន នឹងប្រឈមជាមួយការធ្លាក់ចុះសកលនៃឆ្នាំ ២០១២ ជាមួយនឹងលទ្ធជាច្រើននៃការកែសំរួលផលប៉ះពាល់។ ក្រុងប៉េកាំងអាចនឹងដូរទៅការផលិតទំនិញ និងសេវាសំរាប់អ្នកប្រើប្រាស់ ក្នុងស្រុក ៧០០ លាននាក់ ដែលបច្ចុប្បន្ននៅក្រៅរង្វង់នៃផលសេដ្ឋកិច្ច។ ដោយបង្កើនប្រាក់កំរៃ សេវាសង្គម និងសុវត្ថិភាពបរិស្ថាន ចិនអាចទូទាត់ការបាត់បង់នៃទីផ្សារក្រៅប្រទេសបាន។
កំណើនសេដ្ឋកិច្ចចិន ដែលពឹងផ្អែកមួយចំណែកធំលើការទិញ/លក់អចលនទ្រព្យ នឹងរងនូវផលវិបាកយ៉ាងខ្លាំង នៅពេលដែលពពុះសាប៊ូនោះវាផ្ទុះបែក។ ហេតុនេះ ការដាំដូងចុះលឿនស្លេវនឹងកើតមាន នាំដល់ការបាត់បង់ការងារ ការក្ស័យធននៃក្រុងនានា និងការលេចចេញនូវកំណើនទំនាស់សង្គម និងវណ្ណៈ។ ស្ថានភាពនោះ អាចនឹងនាំអោយមានជាការធ្លាក់ចុះកាន់តែធំ ឬមានប្រជាធិបតេយ្យនីយ៍កម្មសន្សឹម។ ធាតុចេញវានឹងមានផលយ៉ាងជ្រាលជ្រៅលើទំ នាក់ទំនងរវាងទីផ្សារនិងរដ្ឋរបស់ចិន។ វិបត្តសេដ្ឋកិច្ច អាចនឹងពង្រឹងការត្រួតត្រារបស់រដ្ឋលើទីផ្សារផងដែរ។
រុស្ស៊ី ជួបវិបត្តិ
ការបោះឆ្នោតនៅរុស្ស៊ី នៃប្រធានាធិបតី ពូទីន នឹងនាំដល់ការសហការកាន់តែតិច ក្នុងការគាំទ្រការបះបោរ និងការដាក់ទណ្ឌកម្មជំរុញដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី។ ពូទីន នឹងងាកទៅបង្កើនចំណងទាក់ទងជាមួយចិន ហើយក៏នឹងបានទទួលផលពីការបែកប្រេះនៃសហភាពអឺរ៉ុប និងការចុះខ្សោយរបស់ ណាតូ ជាមិនខាន។
ពួកប្រឆាំងដែលមានការគាំទ្រពីប្រព័ន្ធឃោសនាលោកខាងលិច នឹងប្រើឥទ្ធិពលហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីទម្លាក់រូបភាពរបស់ ពូទីន និងជំរុញអោយមានពហិកាវិនិយោគ ទោះបីជា ពួកខ្លួន នឹងចាញ់ការបោះឆ្នោតប្រធានាធិបតីក្នុងទំហំមួយធំក៏ដោយ។ ការធ្លាក់ចុះនៃពិភពលោក នឹងធ្វើអោយសេដ្ឋកិច្ចរុស្ស៊ីខ្សោយ ហើយជំរុញអោយរុស្ស៊ី ត្រូវរើសយករវាង កម្មសិទ្ធភាពសាធារណៈធំឡើងទៀត ឬការពឹងផ្អែកកាន់តែច្រើនលើថវិការដ្ឋ ដើម្បីជួយសង្គ្រោះពួកធុរកិច្ចដែលមានទាំងលុយមានទាំងឥទ្ធិពល។
អន្តរកាល ២០១១/២០១២៖ ពីការមិនទៅមុខ និងការធ្លាក់ចុះតំបន់ ទៅវិបត្តិពិភពលោក
ឆ្នាំ ២០១២ បានគូសវាសជាទំរង់នៃការបែកប្រេះនៃសហភាពអឺរ៉ុប។ វិបត្ត បានចាប់ផ្តើមជាមួយនឹងទីបំបញ្ចប់នៃប្រាក់អឺរ៉ូ ការមិនទៅមុខក្នុងសហរដ្ឋអាមេរិក និងការផ្ទុះឡើងជាការប្រឆាំងរបស់ប្រជាជនប្រឆាំងនឹងវិសមភាពមិនអាចទទួលយកបានកំរិតសកល។ ព្រឹត្តិការណ៍ នានាក្នុងឆ្នាំ ២០១១ គឺជា ការសំដែងយ៉ាងល្អឯកសំរាប់ឆ្នាំថ្មី ដែលនឹងមានសង្គ្រាមពាណិជ្ជកម្មពេញទំហឹង រវាងមហាអំណាចធំៗ ការសំរួចនូវការតស៊ូរវាងប្រទេសធំដូចគ្នា និងលទ្ធភាពដែលនឹងអាចកើតមានការបះបោរប្រជាជន ឈានដល់ការបដិវត្តន៍។ ជាងនេះទៀត ការរីកដុះដាលនៃជំងឺចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានចាត់ចែងអោយមានដោយលទ្ធិស្យូនិស្ត ពីឆ្នាំ ២០១១ គូសបញ្ជាក់ជាមុនថា នឹងមានសង្គ្រាមកំរិតតំបន់ធំបំផុត គិតចាប់តាំងពីទំនាស់សហរដ្ឋអាមេរិក/ឥណ្ឌា/ចិន។ យុទ្ធនាការ និងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក រុស្ស៊ី និងបារាំង នឹងធ្វើអោយទំនាស់សកល និងវិបត្តសេដ្ឋកិច្ច កាន់តែមានភាពស៊ីជំរៅ។
ក្នុងឆ្នាំ ២០១១ រដ្ឋការ អូបាម៉ា បានប្រកាសគោលនយោបាយយោធាប្រឈមជាមួយរុស្ស៊ី និង ចិន និងគោលនយោបាយដែលបានតាក់តែង ដើម្បីកំទេច និងកាត់បន្ថយការងើបឡើងរបស់ចិន ជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ នៅចំពោះមុខនៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែជ្រៅ ក៏ដូចជាការស្រុតចុះនៃទីផ្សារនៅក្រៅប្រទេស ពិសេសនៅអឺរ៉ុប សង្គ្រាមពាណិជ្ជកម្មធំមយយ នឹងអាចកើតមានជាមិនខាន។ វា់ស៊ីនតោន នឹងអនុវត្តតាមគោលនយោបាយយ៉ាងកំរោល កំហិតការនាំចេញ និងវិនិយោគរបស់ចិន។ សេតវិមាន នឹងបង្កើនការប្រឹងប្រែងដើម្បីធ្វើអោយពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន មានភាពរអាក់រអួល នៅអាស៊ី អាហ្វ្រិក និងទីដ៏ទៃទៀតជាមិនខាន។
គេអាចរំពឹងបានផងដែរពី ការប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីយកចំណេញពីទំនាស់ជនជាតិភាគតិច និងប្រជាជនចិនផ្ទៃក្នុង ហើយបង្កើនវត្តានយោធារបស់ខ្លួន នៅនឹងក្បែរឆ្នេរសមុទ្រចិន។ ការបង្ករឿង ឬការប្រឌិតឧបទ្ទេវហេតុ ក្នុងទិសនៃបរិបទនេះ មិនអាចមិនរាប់ចូលបានទេ។ លទ្ធផលក្នុងឆ្នាំ ២០១២ អាចនាំដល់ការហៅរកដោយវាតទីនិយម អោយមាន “សង្គ្រាមត្រជាក់” មួយថ្មី។ មានការកត់សំគាល់ថា អូបាម៉ា បានផ្តល់ជាក្របខ័ណ្ឌ និងហេតុផលសំរាប់ការប្រឆាំងមួយទ្រង់ទ្រាយធំ យូរអង្វែងជាមួយចិន ក្នុងន័យថា ជាការប្រឹងប្រែងដោយអសសង្ឃឹម ដើម្បីនឹងទ្រោលឡើងវិញនូវឥទ្ធិពល និងទីតាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅអាស៊ី។ សម្ព័ន្ធភាព “មុំបួននៃអំណាច” យោធាសហរដ្ឋអាមេរិក គឺ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង ជាមួយនឹងការគាំទ្រជារណបពី ហ្វីលីពីន នឹងដាក់ទំនាក់ទំនងរវាងទីភ្សាររបស់ចិន ទល់នឹងការកសាងយោធារបស់សហរដ្ឋអាមេរិក ក្នុងស្ថានភាពមួយប្រកួតប្រជែងជាមិនខាន។
អឺរ៉ុប៖ កាន់តែត្បិតត្បៀត និងពង្រឹងការតស៊ូវណ្ណៈ
កម្មវិធីត្បិតត្បៀត ដែលដាក់អោយប្រើនៅអឺរ៉ុប ចាប់ពីអង់គ្លេស ដល់ប្រទេសឡាតវី ដល់អឺរ៉ុបខាងត្បូង នឹងមានពាសពេញនៅឆ្នាំ ២០១។ ការបណ្តេញចេញពីការងារក្នុងវិស័យសាធារណៈ ការកាត់បន្ថយបៀរវត្សក្នុងវិស័យឯកជន និងកាលានុវត្តភាពការងារ នឹងនាំឆ្នាំ ២០១២ អោយក្លាយជាឆ្នាំនៃសង្គ្រាមវណ្ណៈជាអចិន្ត្រៃយ៍មួយ ក៏ដូចជា ការប្រឈមសំរាប់របបដឹកនាំនានា។ គោលនយោបាយត្បិតត្បៀត នៅអឺរ៉ុបភាគខាងត្បូង នឹងត្រូវភ្ជាប់ជាមួយដោយការមិនអាចសងបំណុល ដែលនាំអោយធនាគារមិនអាចដំណើរការបាននៅបារាំង និងអាឡឺម៉ង់។
វណ្ណៈកាន់អំណាចហិរញ្ញវត្ថុអង់គ្លេស ដោយនៅឯកោពីអឺរ៉ុប តែនៅតែត្រួតត្រាគេនៅអង់គ្លេស នឹងនៅតែទទូចថា ពួកអភិរក្ស “កៀបសង្កត់” ការចលាចលការងារ និងប្រជាជន។ ការដឹកនាំបែបអត្តាធិបតេយ្យរបៀប ថាច់ឈឺថ្មី នឹងកើតមាន ការប្រឆាំងជាសហជីពការងារ នឹងចេញជាការប្រឆាំង។ សូមជំរាបថា លទ្ធិថាច់ឈឺ ឬ ថាច់ឈឺនិយម អះអាងពីការជំរុញអោយមានអតិផរណាទាប ទីផ្សាររដ្ឋតូច និងសេរី តាមរយៈការត្រួត្រាការផ្គត់ផ្គង់សាច់ប្រាក់អោយបានហ្មត់ចត់ ការរាំងស្កាត់ចលនាការងារ។ រដ្ឋាភិបាលរបវស់ តូនី ប្លែរ និង ហ្គ័រដុន ប្រោន ត្រូវបានពណ៌នាថា ជារដ្ឋាភិបាល “បែបថាច់ឈឺថ្មី។
សង្គ្រាមមកដល់ បញ្ចប់អាមេរិក “ដូចដែលយើងដឹង”
នៅក្នុងសហរដ្ឋអាមេរិក អូបាម៉ា បានរៀបចំអោយមានជាសង្គ្រាមមួយថ្មី និងធំជាង នៅមជ្ឈិមបូព៌ា ដោយដាក់ពង្រាយកងទ័ពមកពីអ៊ីរ៉ាក់ និងអាហ្វកានីស្ថាន ហើយប្រមូលផ្តុំពួកនេះប្រឆាំងនឹងអ៊ីរ៉ង់។ ដើម្បីបង្ក្រាបអ៊ីរ៉ង់ វ៉ាស៊ីនតោន កំពុងពង្រីកប្រតិបត្តិការយោធា និងស៊ីវិលដោយលួចលាក់ ប្រឆាំងសមប័ន្ធមិត្តអ៊ីរ៉ង់ នៅស៊ីរី ប៉ាគីស្ថាន វ៉េណេហ្ស៊ូអេឡា និងចិន។ គន្លឹះនៃយុទ្ធសាស្ត្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចុះពោះអ៊ីរ៉ង់ គឺសង្គ្រាមមួយខ្សែនៅតាមបណ្តារដ្ឋជិតខាង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទូទាំងពិភពលោក ការវាយលុកតាមអាំងទែរណែត ក្នុងបំណងធ្វើអោយលែងដំណើរការនូវឧស្សាហកម្មសំខាន់ៗ នានា និងការធ្វើឃាតបែបភេរវករដោយលួចលាក់ នូវអ្នកវិទ្យាសាស្ត្រ និងមន្ត្រីយោធា។ ការរុញ ការរៀបចំផែនការ និងការអនុវត្តនូវគោលនយោបាយសហរដ្ឋអាមេរិក នាំដល់សង្គ្រាមជាមួយអ៊ីរ៉ង់ អាចដោយមិនមានការសង្ស័យ ជាប់ពាក់ព័ន្ធជាមួយការគន់គូររៀបចំអំណាចស្យូនិស្ត អោយកាន់កាប់ទីតាំងយុទ្ធសាស្ត្រនានា ក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ប្រព័ន្ធឃោសនា និងសង្គមស៊ីវិល ...។
សរុបមក សូចនាករទាំងឡាយបង្ហាញថា ឆ្នាំ ២០១២ ជាឆ្នាំរបត់មួយ នៃវិបត្តិសេដ្ឋកិច្ចមិនព្រម ទន់ទេ ដែលនឹងរាយសាយចេញពីអឺរ៉ុប និងសហរដ្ឋអាមេរិក ទៅអាស៊ី និងទ្វីបរណបឯទៀត ដូចជា អាហ្វ្រិក និងអាមេរិកឡាទីន។ វិបត្តិនឹងមានទ្រង់ទ្រាយសកល។ ការប្រឈមមុខគ្នារវាងប្រទេសធំៗ និងសង្គ្រាមអាណានិគម នឹងធ្វើអោយខូចការប្រឹងប្រែងដើម្បីកែសំរួលវិបត្តិ នេះ។ ជាការឆ្លើយតប ចលនាមហាជននានា នឹងកើតមាន ហើយចលនាក្នុងរយៈពេលមួយ ពីបាតុកម្មប្រឆាំងតវ៉ា ទៅជា ការបះបោរ ហើយសង្ឃឹមថា ជាការបដិវត្តន៍សង្គម និងអំណាចនយោបាយ៕





















