Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ទស្សនៈ​វិភាគ ៖ តើ​​ជា​​លិខិត​​ស្នើសុំ​ព្រះ​រាជ​អន្តរាគមន៍ ឬក៏​ជា​ការ​ប្រមាថ?

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន និង​កំពុង​ភ្លេច​នូវ​តួនាទី​របស់​ខ្លួន​ឯង​ជា​អ្នកតំណាងរាស្ត្រ ជា​អ្នកចេះ​ច្បាប់ និង​មាន​កាតព្វកិច្ច​ត្រូវតែ​គោរព និង​អនុវត្ត​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស ប៉ុន្តែ បែរជា​ហ៊ាន​បង្គាប់បញ្ជា និង​ធ្វើការ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​ដែល​ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ពល​រដ្ឋ​កម្ពុជា​ទៅវិញ។

លោក សុន ឆ័យ បាន​សរសេរ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១១ ផ្ញើជូន​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ជំរុញ​ឱ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ពិនិត្យ​ស្រាវជ្រាវ ដើម្បី​ដាក់វិន័យ​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​តុលាការ​ខេត្តកណ្តាល ក្រោម​ហេតុផល​ដើម្បី​ពង្រឹង​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធតុលាការ។

 

ប៉ុន្តែ  សេចក្តីសន្និដ្ឋាន​ចុងបញ្ចប់​នៅក្នុង​លិខិត​នោះ​ត្រូវបាន​លោក សុន ឆ័យ ប្រើ​វិធី​របៀប​អង្វ​ករ​សុំ​ការអន្តរាគមន៍ លាយឡំ​ជាមួយនឹង​ការប្រមាថត្រង់ៗចំពោះ​ព្រះមហាក្សត្រ​កម្ពុជា ត្រង់​ពាក្យ​ថា « ព្រះមេត្តា​ជំរុញ​ឱ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​មិនទាន់​ឯករាជ្យ​ផងដែរ​នេះ បំពេញ​តួនាទី​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដោយ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ជាក់លាក់​ត្រឹមត្រូវ ដើម្បី​ដាក់វិន័យ និង​ផ្តន្ទាទោស​ចៅក្រម និង​ព្រះរាជអាជ្ញា....... ឱ្យ​សម​នឹង​បទល្មើស......»។

ច្បាប់រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា ជំពូក​ទី២ អំពី​ព្រះមហាក្សត្រ មាត្រា៧ បាន​ចែងថា អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ។ បន្ថែម​ពីលើ​នេះ​រដ្ឋធម្មនុញ្ញ​ក៏បាន​ចែង​ផងដែរ​ថា ព្រះមហាក្សត្រ​ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នកធានា​នូវ​ឯករាជ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី ទ្រង់​ជា​អ្នកធានា​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការគោរព​សិទ្ធិសញ្ញា​អន្តរជាតិ ។ ក្នុងន័យនេះ សួរថា​តើ​លិខិត​របស់លោក សុន ឆ័យ ជា​ចេតនា​ដោយស្មោះ​ដើម្បី​ស្នើសុំ​ព្រះរាជអន្តរាគមន៍ ឬក៏​ជាការ​ប្រមាថ?។ ពីព្រោះ​សិទ្ធិ​ស្របច្បាប់​របស់​ព្រះអង្គ​នៅក្នុង​ខណៈពេល​នេះ​អាច​ត្រូវបាន​គេ​មើលឃើញថា មានការ​បំពារបំពាន​ដោយ​អ្នកតំណាង​ម្នាក់​របស់​គណបក្សប្រឆាំង។

លោក សុន ឆ័យ មិនអាច​នឹង​បដិសេធ​បានឡើយ​អំពី​ការស្តីបន្ទោស ការប្រឈមមុខ​ផ្លូវច្បាប់ ឬក៏​ជាការ​ប្រតិកម្ម​តប​ណាមួយ​ពី​សាធារណជន ក្នុង និង​ក្រៅប្រទេស ដែលមាន​សេចក្តី​គោរព និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះមហាក្សត្រ​កម្ពុជា។

លោក សុន ឆ័យ បានដឹង​យ៉ាង​ប្រាកដ​ណាស់​ថា  ព្រះមហាក្សត្រ ព្រះអង្គ​គង់​ជា​ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ ហេតុនេះ ការចេញលិខិត​ជា​ផ្លូវការ​ណាមួយ​ដែល​បង្កប់​ដោយ​ពាក្យសម្តី​ប្រមាថ​ចំពោះ​ការបំពេញ​ព្រះរាជកិច្ច​របស់​ព្រះមហាក្សត្រ គឺមាន​តម្លៃ​ស្មើនឹង​ការប្រមាថ​ចំពោះ​ព្រះអង្គ​ដោយផ្ទាល់ ដែល​អំពើ​នោះ​ត្រូវ​ទទួលទោស​បន្ថែម​ពីលើ​ការរំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ។

ព្រះរាជតួនាទី​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​បំផុត​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​គង់​ជា​ព្រះប្រធាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អាច​កោះអញ្ជើញ​សមាជិក​ទាំងអស់​របស់​ព្រះអង្គ ដើម្បី​ពិភាក្សា​នូវ​រាល់​ការងារ​ពាក់ព័ន្ធ​ទៅនឹង​គ្រប់​បញ្ហា​ដែល​មានចែង​នៅក្នុង​អំណាច​នៃ​ស្ថាប័ន​នោះ។ ការដាក់ទោសទណ្ឌ ឬ​ដាក់វិន័យ ទៅលើ​ចៅក្រម និង​ព្រះរាជអាជ្ញា បើទោះជា​មានការ​តម្រូវ​ឱ្យ​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទាំងអស់​ប្រជុំ ពិភាក្សាគ្នា​យ៉ាងណា មុន​នឹងមាន​សេចក្តីសំរេច​លើ​វិធានការ​អ្វីមួយ គឺ​មិនអាច​ត្រូវបាន​ធ្វើឡើង​ដោយ​ការគាបសង្កត់ ឬ​ទទួល​ការបង្គាប់បញ្ជា​ដោយ​ត្រង់​ពី​សំណាក់​បុគ្គល​ណាមួយ​ឡើយ។ អំណាច​របស់​ព្រះមហាក្សត្រ​មានតម្លៃ​ជា​ធរមាន ដោយ​មិនអាច​ត្រូវបាន​ជន​ណាមួយ ឬ​អ្នកនយោបាយ​ណាមួយ​ដកហូត​បានទេ។

បើ​ពិចារណា​ទៅលើ​លិខិត​របស់លោក សុន ឆ័យ ហាក់ដូចជា​លោក​តាំងខ្លួន​ជា​ឥស្សរជន​ខ្លាំង​តែម្នាក់ឯង ហើយ​ត្រូវ​ទទួលរង​នូវ​ការឈឺចាប់ និង​ទុក្ខទោស​ទារុណកម្ម​ដ៏​ធ្ងន់ធ្ងរ​ហួស​កំរិត​ពី​សង្គម​សព្វថ្ងៃ ហើយ​ថា ក្នុងឋានៈ​ខ្លួន​លោក​ជា​អ្នកតំណាងរាស្ត្រ គឺ​ពុំ​អាច​ទទួលយកបាន​នូវ​ការប្រើ​អំណាច​ដោយ​រំលោភ​លើ​ប្រព័ន្ធតុលាការ​សព្វថ្ងៃ ក្នុងការ​ប្រើប្រាស់​តួនាទី​ខ្លួន​បំរើ​បក្សពួក​នយោបាយ ធ្វើការ​ជិះជាន់​ចោទប្រកាន់ ដាក់ទោស​ដល់​អ្នកនយោបាយ និង​សកម្មជន​នៃ​គណបក្ស​មិន​នៅក្នុង​រដ្ឋាភិបាល​បានឡើយ ។

ការចេញមុខ​ការពារ​សមាជិក និង​ប្រធាន​ក្រុមបក្សនយោបាយ​របស់ខ្លួន ដែល​អ្នកខ្លះ​កំពុងមាន​ពិរុទ្ធភាព និង​មួយចំនួន បាន និង​កំពុង​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស និង​អ្នក​ខ្លះទៀត​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​នានា ជាពិសេស​ការផ្តល់​មធ្យោបាយ​ក្នុង​សកម្មភាព​រំដោះ​អ្នកទោស​ចេញពី​ពន្ធនាគារ គឺអាច​ចាត់ទុក​ទង្វើ​របស់លោក សុន ឆ័យ ថា ជា​ចេតនា​រួមគំនិត​គ្នា​មិន​អនុវត្ត​តាមច្បាប់ និង​គោរព​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការកសាង​នីតិរដ្ឋ​នោះឡើយ។

លិខិតតវ៉ា​របស់លោក សុន ឆ័យ បាន​ចងភ្ជាប់​នូវ​បញ្ហា​ជាច្រើន​បង្កប់​ដោយ​ចរិត​មុត​ស្រួច ហាក់ដូច​បិទ​ភ្នែក ឬ​ជាការ​មើលរំលង ពី​ភាពខុស​ច្បាប់​របស់​បុគ្គ​ល​ទាំងនោះ ហើយ​បែរជា​ភ្ជាប់​បញ្ហា​កំហុស​បុគ្គល​មក​ច្នៃ​បន្លំ​ជា​រឿង​នយោបាយ ដើម្បី​ធ្វើជា​លេស​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ហើយ​ថា​ជន​ណា​ក៍ដោយ​បើ​ធ្វើ​ខុស​ត្រូវតែ​ដោះស្រាយ​ជាមួយ​ផ្លូវច្បាប់ បញ្ហា​នេះ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូចគ្នា​ដែរ។

មន្ត្រី​អ្នកមានអំណាច​មួយចំនួន​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ ជា​នគរបាល​យុត្តិធម៌ ប៉ូលីស ទាហាន​ដែលមាន​បុណ្យ​សក្តិធំៗ និង​មន្ត្រីរាជការ​ស៊ីវិល​ខ្លះ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​បំពាន​ច្បាប់ អ្នកខ្លះ​បាន និង​កំពុង​ជាប់ពន្ធនាគារ ប៉ុន្តែ លោក សុន ឆ័យ  ពុំមាន​សេចក្តីក្លាហាន​ទទួលយក​ការពិត និង​សរសើរ​ពី​ជោគជ័យ​នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​សោះឡើយ លោក​បាន​មើលរំលង​អំពី​បញ្ហា​នេះ ដោយ​ទាញ​យកតែ​ផលប្រយោជន៍​នយោបាយ និង​បង្កើត​តែ​គំនិត​ដៀល​ត្មេះ​និយម​មកលើ​ស្ថាប័ន​តុលាការ ដែល​ឥរិយាបថ​នេះ ដូចគ្នា​ទៅនឹង​អ្វីដែល​លោក សម រង្ស៊ី បាន និង​កំពុង​ធ្វើ​អី​ញ្ចឹ​ង​ដែរ។

ចុងក្រោយ​នេះ តាមរយៈ​លិខិត​ដែល​លោក​សុន ឆ័យ បាន​ផ្ញើជូន​ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​អ្វីមួយ​ដែល​ខ្លួន​ចង់ឃើញ​ឱ្យមាន​ការពង្រឹង​ស្ថាប័ន​យុត្តិធម៌ ប៉ុន្តែ សួរថា  តើ​លោក សុន ឆ័យ មាន​ខួរក្បាល និង​បញ្ញា​ស្មារតី គិត​អំពី​ទិដ្ឋភាព​ច្បាប់​ដែរឬទេ នៅពេលដែល​ខ្លួន​ជា​អ្នកតំណាងរាស្ត្រ បែរជា​ហ៊ាន​ប្រើពាក្យ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​ខ្លួនឯង​បែបនេះ?៕

អត្ថបទ​រៀបរៀង​ដោយៈ សាន ពន្លក

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ទស្សនៈ​វិភាគ ៖ តើ​​ជា​​លិខិត​​ស្នើសុំ​ព្រះ​រាជ​អន្តរាគមន៍ ឬក៏​ជា​ការ​ប្រមាថ?