ហៀវ វែលឌី
ពិភពលោកបានផ្អើលគឹកកងអំពីមរណភាពរបស់មេដឹកនាំពីររូបហើយ ដែលនៅម្ខាងម្នាក់នៃផែនដី។ ម្នាក់ជាជនប្រឆាំងកុម្មុយនិស្ត ម្នាក់ទៀត ជាជនដែលគេស្អប់ និងចាត់ថាជាជនកុម្មុយនិស្ត។ សូមលោកអ្នកអានមេត្តាគិតមើលចុះ បន្ទាប់ពីអានអត្ថបទនេះហើយ ថាតើមេដឹកនាំ ដែលមាលក្ខណៈសម្បត្តិផ្ទុយគ្នានេះ មានការបកស្រាយដូចគ្នា ឬខុសគ្នាដូចម្តេចខ្លះ ពីប្រព័ន្ធឃោសនាលោកខាងលិច? ស្មេរ បានយកអត្ថបទដើមចេញពី Global Research តែបាន បន្ថែមព័ត៌មានមួយចំនួន ក៏ដូចជា យកព័ត៌មានប្រៀបធៀបខ្លះចេញ ដើម្បីលោកអ្នកងាយយល់ពីដំណើរការប្រៀបធៀបនេះ។
អ្នកនិពន្ធរឿងល្ខោន វ៉ាក្លាវ ហាវ៉ែល ដែលចេះប្រើភាពសកម្មនិយមសិទ្ធមនុស្សអោយក្លាយខ្លួនជាប្រធានាធិបតីក្រោយរបបកុម្មុយនិស្តនៅអតីតប្រទេសឆេកូស្លូវ៉ាគី គឺជាមេដឹកនាំចលនាធម្មនុញ ៧៧ គាំទ្រប្រជាធិបតេយ្យ មិនគ្រាន់តែជាអ្នកនយោបាយស្អប់ពណ៌ក្រហម (កុម្មុយនិស្ត) ក្នុងដំណើរស្វែងរកអំណាចនោះទេ។ សូមជំរាបថា ធម្មនុញ្ញ ៧៧ ជាគំនិតផ្តើមស៊ីវិលមិនផ្លូវការមួយ ក្នុងជំនាន់ឆេកូស្លូវ៉ាគីកុម្មុយនិស្ត ពីឆ្នាំ ១៩៧៦ ដល់ ១៩៩២ ដែលមានឈ្មោះដូចនេះ កាលពីខែមករា ១៩៧។ សមាជិកស្ថាបនិក មានលោក វ៉ាក្លាវ ហាវ៉ែល ជាដើម។ ជំនាន់នោះ ការផ្សព្វផ្សាយអត្ថបទធម្មនុញ្ញ ៧៧ គឺជាឧក្រិដ្ឋកម្មនយោបាយ។ ក្រោយបដិវត្តកាំម្ញី ( Velvet Revolution ) ឆ្នាំ ១៩៨៩ សមាជិកជាច្រើននៃ ធម្មនុញ្ញ ៧៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងឆាកនយោបាយឆេក និងស្លូវ៉ាគ ជាប្រទេសពីរបំបែកចេញពី ឆេកូស្លូវ៉ាគី។
ក៏ប៉ុន្តែ សារពត៌មាន បានសរសើគាត់ពីអ្វីដែលគាត់បានប្រឆាំង ជាងអ្វីដែលគាត់បានជឿ។ សំរាប់អ្នកដែលស្រឡាញ់គាត់ ក៏ពេញចិត្តគាត់ដោយសាររឿងទាំងពីរ។ មានសេចក្តីរាយការណ៍មួយថា៖”អ្នកចូលរួមមរណទុក្ខស្ងប់ស្ងៀមរាប់ពាន់នាក់ បានជូនដំណើរ វ៉ាក្លាវ ហាវ៉ែល កាត់កណ្តាលទីក្រុងប្រាហ្គ ខណៈដែលសាធារណរដ្ឋឆេក ចាប់ផ្តើមរយៈពេលបីថ្ងៃនៃការកាន់ទុក្ខកំរិតជាតិ សំរាប់អ្នកនាំមុខនៃបដិវត្តកាំម្ញី។ អ្នកចូលរួមមរណទុក្ខប្រមាណ ១០ ម៉ឺននាក់ ស្លៀកពាក់ភាគច្រើនពណ៌ខ្មៅ ខ្លះកាន់ទង់ជ័យឆេក និងស្លូវ៉ាក ចូលរួមក្នុងដំណើរដង្ហែរសព ធ្វើឡើងចំពោះម្ឈូសរបស់អតីតប្រធានាធិបតី ពីវិហារមួយ កាត់តាមផ្លូវតូចចង្អៀតនានា ឆ្ពោះទៅប្រាសាទក្រុងប្រាហ្គ ដែលជាអាសនៈប្រធានាធិបតីឆេក កាលពីថ្ងៃពុធ។
លោក វ៉ាក្លាវ ហាវ៉ែល ជាបញ្ញវ័ន្ត ជាអ្នកបដិវត្តអហឹង្សា ដែលធ្វើជាប្រធាននៃការបំបែកប្រទេសរបស់គាត់ជាពីរ៖ សាធារណរដ្ឋឆេក និងស្លូវ៉ាក។ នៅពេលដែលសម័យកាលរបស់គាត់បានបញ្ចប់ទៅ ក្នុងជំរៅនៃវិបត្តិសេដ្ឋកិច្ច ប្រទេសរបស់គាត់ក៏ជ្រើសយកការងាកទៅស្តាំ ដោយបោះបង់ចោលវេទយិទភាពមនុស្សជាតិនិយមរបស់គាត់ តាមរយៈការខិតទៅរកពួកស្តាំនិយម គាំទ្រអាមេរិក និងចាប់យកនូវមូលធននិយមណាណីតែម្តង។
ប្រធានាធិបតី Vaclav Klaus ជាគូប្រជែងជំរុញគោលគំនិតទីផ្សារសេដ្ឋកិច្ចដ៏រឹងត្អឹង តែងតែធ្វើការរិះគន់យ៉ាងខ្លាំង កាលពីពេលដែល វ៉ាក្លាវ ហាវែល នៅរស់ តែដូចជាមានភាពសប្បុរសជាងមុន ក្នុងមរណភាពរបស់ វ៉ាក្លាវ ហាវ៉ែល ដោយនិយាយថា៖ “ជីវិតរបស់ វ៉ាក្លាវ ហាវ៉ែល បានឆ្លុះបញ្ចាំងមួយផ្នែកធំនៃសតវត្សទី ២០៖ សង្គ្រាម ការដណ្តើមអំណាចដោយពួកកុម្មុយនិស្ត ការរលំរលាយបន្តិចម្តងៗ នូវទសវត្ស ១៩៦០ ការដួលរលំនៃលទិធិកុម្មុយនិស្ត ការកសាងប្រជាធិបតេយ្យ ការបំបែកប្រទេស និងសមាហរណកម្មទៅក្នុងអឺរ៉ុប និងស្ថាប័នសកលនានា។
ការដង្ហែរសពមានការចូលួមពីមេដឹកនាំលោកខាងលិច ក្នុងនោះមានលោក បៀល និងលោកស្រី ហៀឡារី គ្លីនតុន ព្រមទាំងមេដឹកនាំពីអឺរ៉ុប និងអឺរ៉ុបខាងកើតជាច្រើនទៀត។ ចាប់តាំងពី ការឡើងកាន់អំណាចរបស់ ហាវ៉ែល ទីផ្សារប្រទេសឆេក បានបើកទូលាយសំរាប់ការវិនិយោគ និងការលក់សម្ភារៈយោធា ពីលោកខាងលិច។ ហាវ៉ែល មានទំនាក់ទំនងល្អជាមួយ ឥស្សរជនវប្បធម៌អាមេរិក ដូចជា Frank Zappa និងកវី Allen Ginsberg ជាងពួកអភិរក្សជំនាន់ថ្មីនៅ វ៉ាស៊ីនតោន។ សូមជំរាបថា Frank Zappa (១៩៤០ ដល់ ១៩៩៣) ជាអ្នកនិពន្ធសាច់ភ្លេងអាមេរិក អ្នក និពន្ធកំណាព្យចម្រៀង អ្នកលេងហ្គីតាអគ្គិសនី និងជាផលិតករភាពយន្ត។ កវី Allen Ginsberg (១៩២៦ ដល់ ១៩៩៧) ជាអ្នកប្រឆាំងនឹងយោធានិយម សម្ភារៈនិយម និងការកៀបសង្កត់ផ្លូវ ភេទ។
មិនមែនប្រជាជនឆេកគ្រប់រូប សុទ្ធតែងប់ងល់ជាមួយគាត់នោះទេ ដូចមានសរសេរដោយ Smoker X តាមអាំងទែរណែត ថា៖ “បើសិនជាគាត់ដឹងថា នឹងមានអ្វីកើតឡើងនោះ គាត់ក៏នឹងមិនបានធ្វើយ៉ាងដូចនោះទេ។ អ្វីដែលគាត់បានសន្យាថា នឹងធ្វើសំរាប់ប្រជាជនឆេកូស្លូវ៉ាគី មិនដែលបានកើតមានទេ។ ខ្ញុំរស់នៅក្នុងភាពផ្តាច់ការ ដូចដែលអ្នកធ្លាប់ហៅនៅឆេកូស្លូវ៉ាគី តែខ្ញុំនិយាយថា កាលពីពេលនោះមនុស្សហាក់ដូចជាសប្បាយជាង។ ប្រព័ន្ធពេលនោះ គឺគាំទ្រមនុស្ស។ ប្រព័ន្ធដែលយើងកំពុងរស់នៅនេះ ប្រឆាំងនឹងប្រជាជន ហើយគាំទ្រពួកចង្រៃមានៗ តែពីរបីនាក់ប៉ុណ្ណោះ។
មានការនិយាយថា សង្គមនិយម វាមិនសុក្រិត្យទេ ឯមូលធននិយម គឺជាបិសាចសុទ្ធសាធ។ អ្វីដែលគេនិយាយពី ហាវ៉ែល គឺជាអ្វីដែលគេបានលឺតាមទូរទស្សន៍ និងកាសែត។ ហាវ៉ែល មិនបានរំដោះប្រជាជននៅឆេកូស្លូវ៉ាគីទេ គាត់ដាក់ពួកគេក្នុងពន្ធធនាគារ។ ខ្ញុំនឹងវិលទៅកាន់សង្គមនិយមវិញនៅថ្ងៃស្អែក បើសិនជាអាចទៅរួច។ មិនមានអ្នកណាដឹងទេ ថាវាល្អដូចម្តេចទៅដែលរស់នៅដោយសេរី គ្មានការតឹងចិត្ត និងអត់ឃ្លាន។ មានជំនួយ នៅពេលត្រូវការ មានការងារធ្វើជានិច្ច និងមានការថែទាំសុខភាព និងការអប់រំដោយសេរី ...”។
មានការគិតខ្លះថា ហាវ៉ែល បានទទួលនូវការឱបក្រសោបពីលោកខាងលិច ដោយសារតែគាត់ជានិមិត្តរូបប្រឆាំងកុម្មុយនិស្ត តែម្យ៉ាងគត់។ គេបានធ្វើមិនដឹងមិនលឺចំពោះទស្សនវិជ្ជា ក៏ដូចជាការរិះគន់សង្គមរបស់គាត់។ តទៅនេះ ជាទស្សនៈដែលលោកអ្នកមិនងាយនឹងបានឃើញតាមរយៈសារពត៌មានលោកខាងលិចទេ។
នៅមួយចំហៀងពីគ្នានៃពិភពលោក មានមនុស្សរាប់លាននាក់ដែលបង្ហូរទឹកភ្នែក ដើម្បីកាន់ទុក្ខនៃមរណភាពរបស់ គីម ជុងអ៊ីល នៃប្រទេសកូរ៉េខាងជើង (សូមអាន៖ ១) កូរ៉េខាងជើង៖ ពី គីមទីពីរ ទៅ គីម ទីបី និង២) មរតក៌ ៩ នៃមរណភាព គីម ជុងអ៊ីល)។ មានមេដឹកនាំលោកខាងលិចតិចតួចទេ ដែលបានបញ្ជូននូវសាររំលែកទុក្ខ សូម្បីតែកូរ៉េខាងត្បូង និងជប៉ុន ក៏មានសេចក្តអាណិតអាសូរដើម្បីនឹងធ្វើដូចនោះដែរ។
កាសែត The Chicago Tribune រាយការណ៍ថា “កូរ៉េខាងជើង បានអះអាងថា មរណភាពរបស់លោក គីម បានធ្វើអោយមានការបាតុភូទធម្មជាតិពិសេសៗ មួយចំនួន ដូចជាធ្វើអោយមានស្រមោលអាថ៌កំបាំងនៅកំពូលភ្នំជាទីគោរពមួយ ការរហែកផ្ទាំងទឹកកកក្នុងបឹងមួយ ដោយអោយសូរ និងធ្វើអោយសត្វក្រសារផ្អើលហើរក្រឡឹងរូបសំណាកស្ថាបនិកនៃប្រទេស ...”។
បើថា គាត់មានការគោរពដល់ម្លឹងនៅក្នុងប្រទេស ជាមួយនឹងមហិទ្ធិរិទ្ធបំផ្លើសនេះ គឺគាត់គ្រាន់តែជា មនុស្សដែលគេបានប្រដូចជាបិសាចមួយរូប នៅក្នុងពិភពលោក។ ទាំងក្នុងមរណ កាល ទាំងក្នុងពេលនៅមានជីវិត គាត់ត្រូវបានគេចាត់ចែងអោយមើលទៅឃើញដូចជា ជនផ្តាច់ការនៃ “អាណាចក្រឯកោ។ ប្រមាថហើយ ប្រមាថទៀត ដូចជា ថាជាអ្នកពាក់ស្បែកជើងតកែង មានបណ្ណាល័យភាពយន្តលោកខាងលិចជាច្រើនចំណងជើង ជាដើម។ លោកអ្នកពិត ជាបានលឺមិនតិចដងទេ មែនទេតាមប្រព័ន្ធឃោសនាលោកខាងលិច។
បើសិនជា គីម មិនមានគ្រាប់បែកបរិមាណូពីរឬបីគ្រាប់ទេ គាត់ប្រហែលជាត្រូវផ្តួលរំលំពីយូរមកហើយ។ ទោះបីជាមានការកំណត់ចរិតគាត់ជាប្រចាំថាជាជនចម្លែក ឬជាជនចម្កួតក៏ដោយ មន្ត្រីការបរទេសសហរដ្ឋអាមេរិកជាច្រើនរូប ដែលបានរួមដំណើរជាមួយអតីតរដ្ឋមន្ត្រីការបរទេស Madeline Albright ទៅកាន់កូរ៉េខាងជើង បានប្រាប់ កាសែត the New York Times ពីការចាប់អារម្មណ៍ចំពោះការគិតជាយុទ្ធសាស្ត្ររបស់គាត់ និងការដែលគាត់ជាមនុស្សដែលមានព័ត៌មានគ្រប់គ្រាន់។
តាមរយៈកញ្ចក់នៃសារព័ត៌មាន លោកខាងលិច បានមើលឃើញគាត់ គ្រាន់តែជានិមិត្តនៃកុម្មុយនិស្តដ៏គួរអោយស្អប់ ដោយនិយាយដដែលៗ ថាគាត់ជាសត្រូវគួរអោយខ្លាច។ ដូចជា ហាវ៉ែល ដែរ ទស្សនៈរបស់ គីម ត្រូវបានគេសំរាយអោយងាយយល់ តែទៅតាមទិសខុសគ្នា។
គីម ត្រូវបានបង្ហាញជារូបភាពដូចជា បណ្ឌិត បិសាច ក្នុងខ្សែភាពយន្ត ០០៧ ឬ James Bond។ ក្នុងខ្សែភាពយន្តនេះ បណ្ឌិត បិសាច ដែលសំដែងដោយ Mike Myers តែងតែបង្កើតជាកលល្បិចដើម្បីបំភ័យ និងដណ្តើមយកពិភពលោក។ ប្រទេសរបស់លោក គីម ត្រូវបានគេស្គាល់តាមរយៈគំនូរផ្សាយថាជា ប្រទេសនៃ “ខ្សែទាក់ទងនៃបិសាច” តែ ប្រធានាធិបតី ប៊ូស មិនបានវាយប្រហារ លោក គីម ទេ។
ក្នុងពិភពនៃដំណឹងតែពីរ គឺ ស និងខ្មៅ លោក គីម ត្រូវបានរិះគន់ចំពោះគ្រប់តែបញ្ហា ក្នុងប្រទេស។ ពិតហើយ នៅទីនោះ ប្រជាជនក្រីក្រ រងការលំបាកពីភាពអត់ឃ្លាន និងមិនមានការអភិវឌ្ឍន៍។ ប្រជាជននៅទីនោះ ពិតជាត្រូវការអោយជួយ តែជំនួយត្រូវបានគេប្រកែកមិនទទួល យក ដោយសារតែឯករាជភាព និងមនោគមវិជ្ជា ជូឆេ ឬខ្លួនទីពឹងខ្លួន។
ចុះ លោកអ្នកអានមានចាំទេ ប៉ុន្មានទសវត្សដែលកូរ៉េខាងត្បូង ស្ថិតក្រោមជនផ្តាច់ការមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយដែលមានការសហការជាមួយក្បាលម៉ាស៊ីនសង្គ្រាមរបស់ជប៉ុន? ជននោះត្រូវបានប្រជាជនរបស់គាត់ស្អប់ និងធ្វើបាតុកម្មប្រឆាំងគាត់ជាច្រើនឆ្នាំ សូម្បីតែមន្ទី ប៉ង់តាហ្គោន ក៏បានគាំទ្រគាត់ ហើយវិនិយោគិនលោកខាងលិច ក៏ទាញបាននូវផលចំណេញពីសេដ្ឋកិច្ចក្នុងពេលនោះដែរ។
ភាពឡប់នៃ “ផ្នែកស៊ើបការសម្ងាត់” លោកខាងលិច ត្រូវបានស្លាប់ ពេលដែល គីម ស្លាប់។ ការព្រួយបារម្ភថា កូនប្រុសរបស់គាត់ “អ្នកស្នងតំណែងដ៏មហិមា” នឹងបើកការវាយលុកជាសង្គ្រាមមួយ បានក្លាយជារឿងប្រឌិត។ លោកអ្នកអាចបានស្តាប់ ទស្សនា ឬអានព័ត៌មាន ពី ប្រព័ន្ធឃោសនាលោកខាងលិច អំពីសេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិក ឬពីកូរ៉េ អោយមានការប្រុងប្រៀបជើងការជាមុន ជាហូរហែរ។
តែក្នុងប៉ុន្មានដូចជាពីរបីថ្ងៃ យើងដឹងថា អំណាចរបស់លោក គីម ត្រូវបានចែករំលែកជាមួយ ស្ថាប័នយោធាការិយាធិបតេយ្យនិយមរបស់កូរ៉េខាងជើង។ ភ្លាមៗ នេះ ក៏ដឹងថា មេដឹកនាំត្រកូល គីម ទីបី មិនអាចធ្វើអ្វីបានស្រេចតែនឹងចិត្ត ដូចដែលប្រព័ន្ធឃោសនាលោកខាងលិច ប៉ប៉ាច់ប៉ប៉ោចនោះទេ។ អន្តរកម្មអំណាចនៅទីនោះ បានប្រព្រឹត្តិទៅអោយរលូន ជាការបញ្ជាក់បានជាថ្មីម្តងទៀតថា ប្រព័ន្ធឃោសនាលោកខាងលិចពិតជាមានព័ត៌មាន ឬដឹងតិចតួចណាស់ ពីប្រទេសកូរ៉េចខាងជើង ក៏ដូចជា ប្រវត្តិសាស្ត្រដែលប្រទេសមួយនេះ បានធ្វើអោយអ្នកឈ្លានបានមុនៗ ត្រូវបរាជ័យ។
ក្នុងឯកសារសង្គ្រាម អ្វីៗ កាលពីឆ្នាំ ១៩៥០ ខែ មិថុនា ត្រូវបានទម្លាក់ថាជាកំហុសនៃការឈ្លានពានរបស់កូរ៉េខាងជើង តែម្នាក់ឯងគត់។ មានអ្នកសារពត៌មាន និងវិទ្យាករជាច្រើន ដូចជា ប្រវត្តិវិទូ Bruce Cumings ជាដើម បានបកស្រាយអំពី ករណីដូចម្តេចខ្លះ ដែលប្រទេសកូរ៉េខាងជើងត្រូវបានគេអុជអាលអោយមានកំហឹង និងបុព្វហេតុនៃទំនាស់វាស្មុគ្រស្មាញដូចម្តេច? តាមការបំភ្លឺទាំងនោះ កូរ៉េខាងជើងបានបាត់បង់ជីវិតមនុស្ស ១ លាននាក់ តែប្រទេសនេះនៅតែរស់រានបាន។
ប្រជាជនកូរ៉េខាងជើង អាចថាមានសិទ្ធិ ដូចជា សិទ្ធិ ដែលយើងគ្រប់គ្នាគិតថាយើងមាន តែ ពួកគេហាក់ដូចជាបានជ្រើសយកការគាំទ្ររដ្ឋាភិបាល និងប្រព័ន្ធ សូម្បីតែមានការបង្ហាញថាមានការរំលោភសិទ្ធមនុស្ស និងជនបះបោរ ក្នុងគោលនយោបាយរបស់ក្រុងព្យុង្គយ៉ាង្គក្តី។
ដូចនេះឃើញថា ការប្រៀបធៀបរវាងមេដឹកនាំពីរនាក់ គឺ លោក គីម និង លោក ហាវ៉ែល ពិតជាមានការតំរង់ទិសនយោបាយផ្ទុយគ្នា ដែលមិនអាចនឹងរៀបរាប់អស់នេះម្យ៉ាង។ ម្យ៉ាងទៀត ការឃោសនាទាំងឡាយពីប្រព័ន្ធឃោសនាលោកខាងលិច ពីមនុស្សទាំងពីរនាក់នេះ ក៏បង្ហាញកាន់តែច្បាស់ថា ប្រព័ន្ធទាំងនោះ បំរើអោយគោលដៅនយោបាយមួយជាក់លាក់ រហូតដល់ពេលខ្លះ លើកយកទឡ្ហីករណ៍ ដែលស្របមកគាំទ្រគំនិតមួយអំពី ហាវ៉ែល តែវាក៏បែរជាទៅផ្ទុយក្នុងពេលតែមួយជាមួយ នឹងករណី គីម ជុងអ៊ីល ឬ ... អ្នកណាទៀត ... អ្នកណាទៅដឹងបានវ៉ឺយ?























