Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ពូ​ទីន បក្ស​រុស្ស៊ី​រួបរួម និង រុស្ស៊ី​ឆ្នាំ ២០២០

ហៀ​ល វែ​ល​ឌី

យោងតាម​ទីភ្នាក់ងារ​សារពត៌មាន​រុស្ស៊ី ណូ​វ៉ូ​ស្ទី គណៈបក្ស​រុស្ស៊ី​រួបរួម (United Russia party/UR) ដែល​គាំទ្រ វ្លា​ឌី​មៀរ ពូ​ទីន ដណ្តើមបាន​អាសនៈ​ចំនួន ២៣៨ នៅក្នុង​សភា​ឌូ​ម៉ា ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ដែលជា​ភាគច្រើន​ដាច់ខាត​នៅក្នុង​សភា​ជាន់​ទាប ដែលមាន​អាសនៈ ៤៥០ និង​គ្រប់គ្រាន់​ដើម្បី​នឹង​ធានា​ការកែ​ទំរង់​សេដ្ឋកិច្ច​ដោយ​ម្នាក់ឯង​បាន។ ក្នុង​ទស្សនៈ​នៃ​សារពត៌មាន​រុស្ស៊ី​មួយ​នេះ បក្ស​រុស្ស៊ី​រួបរួម នឹង​ត្រូវតែ​រៀបចំ​អោយមាន​ជា​សម្ព័ន្ធភាព ដើម្បី​នឹង​គៀងគរ​សម្លេងឆ្នោត​ចាំបាច់ ដើម្បី​នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ ដូច​លោក​អ្នកអាន បាន​ជ្រាប និង​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍​ពី​លោកខាងលិច ប្រជាជន​រុស្ស៊ី ជាច្រើន​បានធ្វើ បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត ដោយ​មានការ​គាំពារ​ពី​ប្រព័ន្ធ​ឃោសនា​លោកខាងលិច​ថា “មានការ​ក្លែងបន្លំ” ឬ “មិន​យុត្តិធម៌។

សូម​ជំរាប​លោកអ្នក​អាន​ថា បក្ស​រុស្ស៊ី​រួបរួម មាន​សមាជិក​ជាង ២ លាន​នាក់ ជា​មហា​យក្ស​នយោបាយ​បង្កើត​កាលពី​ថ្ងៃ ០១ ធ្នូ ឆ្នាំ ២០០១ ដែល​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០០៧ ដោយបាន​អាសនៈ​ដល់​ទៅ ៣១៥ ក្នុងចំណោម ៤៥០ អាសនៈ ក្នុង​សភា​ថ្នាក់ទាប។ លោក ពូ​ទីន ជា​មេដឹកនាំ​បក្ស ថ្វីបើ​លោក​មិនមែនជា​សមាជិក​បក្ស​ក៏ដោយ។ បក្ស​នេះ​មានកម្ម​វិធី​នយោបាយ កសាង​រុស្ស៊ី អោយទៅជា​មហាអំណាច​ធំ​មួយ និង​ឯករាជ ក្នុង​ពិភពលោក​ពហុ​ប៉ូល ដោយ​ធ្វើ​ការកែ​ទំរង់សន្សឹមៗ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពារជាតិ ដោយ​ផ្អែកលើ​ស្ថេរភាព​នយោបាយ​របស់​ប្រទេស។

 

បក្សកុម្មុយនិស្ត បង្កើត​នៅ​ឆ្នាំ ១៩៩០ ជា​ផ្នែក​មួយ​នៃ​អតីត​បក្សកុម្មុយនិស្ត​ស​ហ​ភាព​សូ​វៀត ជា​កម្លាំង​ប្រឆាំង​ធំ​បំផុត​ទី​ពីរ​នៅ​រុស្ស៊ី មាន​សមាជិក​ប្រមាណ ១៥៣០០ នាក់ ភាគច្រើន​ជា​មនុស្ស​វ័យចាស់ ដែល​នៅ​នឹក​ស្រណោះ​ពី​សម័យ​សូ​វៀត។ ក្រៅពី​មាន​គោលដៅ​បង្កើន​សោធន និង​ប្រាក់កំរៃ បក្ស​អំពាវ​ន​នាវ​អោយមាន​តួនាទី​កា​នើ​តែ​រឹងមាំ​របស់​រដ្ឋ នៅក្នុង​មណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​សង្គម។ បក្ស ប្រជាធិបតេយ្យ​សេរី បង្កើត​កាលពី​ឆ្នាំ ១៩៨៩ មាន​សមាជិក ២០០០០០ នាក់ ជា​បក្ស​ជាតិនិយម​រុស្ស៊ី​មួយ។ បក្ស រុស្ស៊ី​ត្រឹមត្រូវ បង្កើត​កាលពី​ឆ្នាំ ២០០៦ ស្នើអោយ​មានការ​បង្កើន​ប្រាក់​សោធន និង​កំរៃ ដោយ​យក​ពី​កូនជ្រូក​នៃ​ប្រាក់ចំណូល ប្រេង និង​ភ្ជាប់​សារសំខាន់​ទៅនឹង​ការការពារ​បរិស្ថាន។

ថយ​អ្នកគាំទ្រ ១ លាន​នាក់ តែ​នៅតែ​ជា​ភាគច្រើន​ក្នុង ឌូ​ម៉ា

នៅក្នុង​សមរភូមិ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃអាទិត្យ​ទី ៤ ធ្នូ គណៈ​បក្សកុម្មុយនិស្ត​រុស្ស៊ី (CPR) បានទទួល​តែ ៩២ អាសនៈ​ទេ បក្ស រុស្ស៊ី​ត្រឹមត្រូវ (A Just Russia) បានទទួល ៦៤ អាសនៈ និង​បក្ស​ប្រជាធិបតេយ្យ​សេរី (LDPR) បានទទួល ៥៦ អាសនៈ ឬ​ត្រូវជា ២១២ សម្លេង​ក្នុង​សភា​ឌូ​ម៉ា លើសពី ១៥០ អាសនៈ​ចាំបាច់ ដើម្បី​នឹង​រាំង​ស្កាត់​ការដូរ​ផ្លាស់​ណាមួយ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ទាមទារ​អោយមាន​សម្លេង​ពីរភាគបី។

យោងតាម​បទពិសោធន៍​នាពេលថ្មីៗ នេះ បាន​បង្ហាញថា គណៈបក្សប្រឆាំង​ទាំងអស់ នឹង​រួបរួមគ្នា​លើ​ករណី​តិចតួច​ណាស់។ ពិសេស​នៅពេលដែល​សភា​ទីក្រុង​មូ​ស្គូ កាលពី​ខែ តុលា ឆ្នាំ ២០០៩ ដែលជា​ទីក្រុង​ដែលមាន​ចំរុះ​ភាព​នយោបាយ​បំផុត​នៅ​ប្រទេស​រុស្ស៊ី ប្រែក្លាយជា​សភា​មួយ​ដែល​ភាគច្រើនបំផុត​ជា​សមាជិក​គណៈបក្ស​រុស្ស៊ី​រួបរួម។ ណូ​វ៉ូ​ស្ទី គិតថា តាមពិតទៅ គណៈបក្ស​រុស្ស៊ី​រួបរួម អាច​នឹង​ស្វែង​រកបាន​ដៃគូ​ដោយ​ងាយ​នៅក្នុង​បញ្ហា​សេដ្ឋកិច្ច សង្គម និង​បញ្ហា​នានា ដែល​មិនមាន​ការពាក់ព័ន្ធ​ទៅនឹង​អាយុជីវិត​របស់​បក្ស។ ហើយ​បើ​យោងទៅលើ​ភាគច្រើន​ដែល​បក្ស​បានទទួល ក៏​អាច​ថា​មិន​ទាំង​ចាំបាច់​គិត​ផង។

លោក Igor Bunin ប្រធាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នយោបាយ នៅ​ប្រទេស​រុស្ស៊ី និយាយថា “សភា​ឌូ​ម៉ា ពិនិត្យ​សេចក្តីស្នើច្បាប់​ធម្មនុញ្ញ​ម្តង​ក្នុង​មួយឆ្នាំ ម្តង​ក្នុង​រយៈពេល ៦ ខែ។ ភាគច្រើន​ដាច់ខាត ដូចជា ២៣៨ អាសនៈ វា​គ្រប់គ្រាន់​ដើម្បី​នឹង​ឆ្លង​ច្បាប់ធំៗ ថ្មី ក្នុង​គោលដៅ​រុះ រើ​អ្វីដែល​សេសសល់​ពី​ប្រព័ន្ធ​សង្គម អប់រំ និង​សុខភាព​កាលពី​ជំនាន់​សូ​វៀត” យ៉ាងណាក្តី លោក​គិតថា ការដូរ​ផ្លាស់​ជា​ដុំកំភួន​ណាមួយ នឹង​មិនអាច​កើតមាន​ទេ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

ហេតុផល​មួយ​ដែល Bunin យកមក​សំអាង​គឺ នៅ​ខែ​មិនា ពូ​ទីន នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី ហើយ​គាត់​ត្រូវ​ការអោយ​ជាប់​នៅក្នុង​ជុំទីមួយ​តែម្តង ដូចនេះ ពូ​ទីន ពិតជា​មិន​ស្វះស្វែង​ធ្វើអោយ​មណ្ឌល​អភិរក្ស​សំខាន់ មានការ​ខឹងសម្បារ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ទេ។ មណ្ឌល​អភិរក្ស ជាការ​និយាយ​សំដៅទៅ​ប្រជាពលរដ្ឋ​រុស្ស៊ី ដែល​មើល​ទូរទស្សន៍ ជាជាង​ការប្រើ​អាំងទែរ​ណែ​ត ហើយ​ជា​ញឹកញយ​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​អ្វីដែល​នៅ​សេសសល់​ពី​ប្រព័ន្ធ​ចែកចាយ​របស់​អតីត​សហភាពសូវៀត។ ក្នុងពេល​ជាមួយគ្នា ផែនការ និ​គំនិត​សេដ្ឋកិច្ចសំខាន់ៗ ដែលមាន​នៅក្នុង​ឯកសារ​នៃ​ក្រុមការងារ យុទ្ធសាស្ត្រ ២០២០ ហាក់​មានការ​បើក​ទស្ស​នៈ ហើយ​រាប់​ចូល​នូវ​វិធានការណ៍​មិន​ប្រជា​ប្រីយ៍ៗ មួយចំនួន ដូចជា ការកែ​ទំរង់​ប្រព័ន្ធ​បៀវត្ស ដើម្បី​ផ្តល់អោយមាន​ការចូល​ពាក់​ព័ន្ធ​ច្រើនឡើង​នូវ​និវត្តន៍​ជន​ក្នុង​សេដ្ឋកិច្ច ក៏ដូចជា​មុខសញ្ញា​ត្រូវ​ផ្តល់ជំនួយ​សង្គម​ពី​ថវិកាជាតិ។

អ្នកវិភាគ​នយោបាយ​រុស្ស៊ី Stanislav Belkovsky  គិតថា យូរ ឬក៏​ឆាប់ គំនិត​ទាំងនេះ​នឹង​ត្រូវបាន​កែប្រែ​ទៅជា​ច្បាប់ ដោយ​សភា​ឌូ​ម៉ា​ថ្មី បើទោះជា​បក្សនយោបាយ​ទាំងអស់ មានការ​និយាយ​អីចេះ​អីចុះ​ក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួន​តែរៀងៗ ខ្លួន​យ៉ាងណាក៏ដោយ។ ថ្វីបើ​វា​អី​ដឹង​ក៏ពិតមែន ក៏​ប្រៀប​នឹង​ឆ្នាំ ២០០៧ បក្ស​រុស្ស៊ី​រួបរួម ក៏​ថយ​ល្បឿន​របស់ខ្លួន​ដែរ ព្រោះ​នៅពេលនោះ បក្ស​បានទទួល​ការគាំទ្រ​ពី​អ្នកបោះឆ្នោត ៤៥ លាន​នាក់ ហើយ​ដែល​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​អ្នកបោះឆ្នោត​គាំទ្រ ១០ លាន​បាន​ដូរ​ចិត្ត​ទៅហើយ។ វា​ជា​តក្កវិជ្ជា​មួយ​ជៀស​មិន​ផុត ដែល​អ្នកបោះឆ្នោត​រំពឹង​ចង់បាន​ការដូរ​ផ្លាស់​ពី​ថ្នាក់​កំពូល​របស់​បក្ស។

អ្នកជំនាញ​រុស្ស៊ី​គិតថា បើសិនជា បក្ស​រុស្ស៊ី​រួបរួម ត្រូវការ​អោយមាន​សម្ព័ន្ធ​ភាព ជាការ​ដែល​សឹងតែ​ពិត​ហើយ​ថា បក្ស​ប្រជាធិបតេយ្យ​សេរី នឹងត្រូវ​បានជ្រើសរើស​យក​ជា​ដៃគូ ទោះបីថា​លទ្ធភាព​នៃ​ការធ្វើ​សម្ព័ន្ធភាព​ជាមួយ​បក្ស​ណាមួយ​ក្នុងចំណោម​បក្ស​ពីរ​ទៀត គឺ រុស្ស៊ី​ត្រឹមត្រូវ (AJR) និង​សូម្បីតែ​បក្សកុម្មុយនិស្ត​ផង ក៏​មិនអាច​ទាត់ចោល​បានដែរ។ មាន​ការគិត​ជាទូទៅ​ថា សម្ព័ន្ធភាព​ប្រឆាំងនឹង​លោកខាងលិច អាច​នឹងមាន​កំរិត​ខ្ពស់​នៅក្នុង​កិច្ចការ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ការបរទេស ឯ ការរៀបចំ​នយោបាយ​ក្នុងស្រុក បក្ស​រុស្ស៊ី​រួបរួម​កំពុងតែ​បាត់បង់​តួនាទី​របស់ខ្លួន​ដែលមាន​ពីមុន ជា​បច្ច័យ​នៃ​ការបាត់បង់​នូវ​ភាគច្រើន​ក្នុង​សភា​នោះឯង។

បោះឆ្នោតអោយ រុស្ស៊ី​រួបរួម គឺ​បោះឆ្នោតអោយ ពូ​ទីន

លោក Matthew Rojansky អ្នកវិភាគ​នៃ​វិទ្យាស្ថាន Carnegie Endowment សំរាប់​សន្តិភាព​អន្តរជាតិ (Carnegie Endowment for International Peace/CEIP) មាន​យោបល់​មុន​ថ្ងៃ​បោះឆ្នោត​នៅ​រុស្ស៊ី​ថា ការបោះឆ្នោត​សភា​ឌូ​ម៉ា គឺជា​ការសាកល្បង​ដ៏​សំខាន់​មួយ​នូវ​កម្លាំង និង​ភាពស្របច្បាប់​នៃ​បក្ស​រុស្ស៊ី​រួបរួម នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​នា​ខែ​មិនា ឆ្នាំ ២០១២ ដែល​លោកពូ​ទីន វ្លា​ឌី​មៀរ អាច​នឹង​ឈរឈ្មោះ។ លោក​បាន​ពន្យល់ថា សេដ្ឋកិច្ច​គឺជា​បញ្ហា​សំខាន់បំផុត​សំរាប់​អ្នកបោះឆ្នោត នៅក្នុង​ប្រទេសមួយ​ដែល​កំពុងតែ​តយុទ្ធ​នៅឡើយ ដើម្បី​នឹង​បានចេញ​ផុតពី​វិបត្តិ​ហិរញ្ញវត្ថុ។

មិន​ខុស​ទេ ការបោះឆ្នោត​សភា​ឌូ​ម៉ា ឬ​សភា​ថ្នាក់ក្រោម គឺជា​ការបោះឆ្នោត​ដោយ​ប្រជាជន​តែមួយគត់ ពីព្រោះ ពូ​ទីន បាន​ប្តូរ​សភា​ថ្នាក់លើ ឬ​ព្រឹទ្ធសភា​អោយទៅជា​សភា​ដែល​ទទួល​ការតែងតាំង​ពី​ប្រធានាធិបតី​ទៅហើយ។ កាលពី​ឆ្នាំ ២០០៧ បក្ស​គាំទ្រ​លោក ពូ​ទីន ដណ្តើមបាន​ដល់​ទៅ ៦០% នៃ​សម្លេងឆ្នោត​ឯណោះ ហើយ​ចំនួន​ប្រជាជន​ចេញទៅ​បោះឆ្នោត​ក៏មាន​ប្រមាណ​ជា ៦០% ដែរ។ លើក​នេះ ថ្វីបើ ពូ​ទីន មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​របស់​បក្ស​រុស្ស៊ី​រួបរួម ក៏ដោយ គាត់​ជា​អ្នក​កាន់​ទង់បក្ស​យ៉ាង ពិតប្រាកដ​ណាស់។ ពូ​ទីន ត្រូវបាន​គេ​មើលឃើញថា​ជាម​នុស្ស​តែម្នាក់ឯង គ្មាន​បក្ស ដែល​បានរៀបចំ​របៀបវារៈ​អោយ​បក្ស​មួយ ដែល ម៉េ​ដ​វេ​ដេ​វ ជា​អ្នក​ឈរឈ្មោះ​លើ​គេ​ក្នុង​បញ្ជី ហើយក៏​អាច​នឹង​គិត​បាន​ថា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី ក្រោយ​ពេលដែល ពូ​ទីន ជាប់ឆ្នោត​នៅ​ខែ​មិនា និង​ចូលកាន់​តំណែង​នៅ​ខែឧសភា ឆ្នាំ ២០១២ ខាងមុខ​ជាមិនខាន។

អ្នកវិភាគ​នយោបាយ​រុស្ស៊ី​ជាទូទៅ មើលឃើញថា ពូ​ទីន ជា​ជន​ដែល​បាន​តាក់តែង​របៀបវារៈ​អោយ​បក្ស​កាន់អំណាច​ទាំង​ខាង​នីតិបញ្ញតិ ទាំង​ខាង​ប្រតិបត្តិ។ ការបែងចែក​អំណាច​ហាក់ដូចជា​មិនសូវ​ជា​ផ្លូវការ​ប៉ុន្មាន ក្នុង​បរិបទ​នៃ​ប្រទេស​រុស្ស៊ី បើតាម​ការពិចារណារ​បស់ Rojansky ។ ដូចនេះ ការបោះឆ្នោត​អោយ​បក្ស​រុស្ស៊ី​រួបរួម ជាការ​ផ្តល់​ការគាំទ្រ​ដល់​របៀបវារៈ​របស់ ពូ​ទីន ដូចដែល​និយាយ​មក​ខាងលើ ព្រោះ​នោះ​វា​ជា​ការយល់​ដោយ​ប្រជាជន។ ជាធម្មតា​ទេ ស្ថាន​ភាពមិន​អំណោយផល​ខាង​ហិរញ្ញវត្ថុ​សកល ការអូសបន្លាយ​វិបត្តិ​បំណុល​នៅ​អឺរ៉ុប អំពើពុករលួយ និង​អតិផរណា គឺជា​បច្ច័យធំៗ សំរាប់​ការសំរេចចិត្ត​ផ្តល់​សន្លឹកឆ្នោត។ យ៉ាងណាក្តី អ្នកគាំទ្រ បក្ស​រុស្ស៊ី​រួបរួម ដែល មាន​ពូ​ទីន និង​ប្រធានាធិបតី​រុស្ស៊ី បច្ចុប្បន្ន​រួមគ្នា​ដឹកនាំ ថ្វីបើ ពូ​ទីន មិន​ដែលជា​សមាជិក​ប​ក្ស​នោះ​ក៏ដោយ ក៏​មានន័យថា​ជា អ្នក​ពូ​ទីន​និយម​ដែរ។

មូលបទសំខាន់ៗ នៃ​ការបោះឆ្នោត

ដែល Rojansky និយាយថា សេដ្ឋកិច្ច​ជា​មូលបទ​សំខាន់​នោះ វា​ក៏​ពិបាក​នឹង​រក​ទឡ្ហីករណ៍​ណាមួយ​មក​និយាយ​នៅពេលនេះ កាលៈទេសៈ​នេះ​ថា នៅទីណា​ក៏ដោយ​នៃ​ពិភពលោក ក្នុងស្ថានភាព​អូសបន្លាយ​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​យ៉ាងនេះ ថា​វា​មិន​ត្រឹមត្រូវ ឬ​វា​មានរឿង​អ្វី​ណា​ផ្សេង​ទៅវិញ​នោះ។ មិន​ខុសពី​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ដែរ ដែល​ការបោះឆ្នោត​វា​ប្រមូលផ្តុំ​នឹង​ភាព​ឆ្កួត​នៃ​សេដ្ឋកិច្ច។ ប្រជាជន​រុស្ស៊ី ទៅ​ស្ថានីយ៍បោះឆ្នោត ជាមួយនឹង​ការគិត​ពី​គណនី​ធនាគារ​របស់ខ្លួន ពី​ការស្វែងរក​ការងារ​ធ្វើ តើ​នឹងមាន​ការកាត់បន្ថយ​ប្រាក់​សោធន​ឬទេ ឬក៏​តើ​សេដ្ឋកិច្ច​វា​នឹង​នៅតែ​អាប់អួរ​អញ្ចឹង​តទៅ​ឬ​យ៉ាងណា។ ចុះ​កាលពី​បោះឆ្នោត​កន្លងទៅ និង/ឬ ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ខាងមុខ នៅ​សហរដ្ឋអាមេរិក?

រឿងនេះ​វា​កើតមាន​សំរាប់​ប្រជាជន​រុស្ស៊ី​ភាគច្រើន ក្នុងនោះ​មាន​វណ្ណៈ​កណ្តាល​ដែល​កំពុងតែ​កើតឡើង​នៅ​ក្រុង​មូ​ស្គូ និង សេន​ពី​ទែ​រ​បួ​ហ្គ។ នៅ​ជនបទ ប្រជាជន​រុស្ស៊ី​នៅ​មិនទាន់​ចេញ​ផុតពី​វិបត្តិ​នៅឡើយ​ទេ ហើយ​នេះ​ក៏​ជា​ករណី​កើត​មាននៅ​ប្រទេស​ជាច្រើន ដែល​តួលេខ ”គួរអោយ​ចាប់ចិត្ត” នៃ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ ត្រូវបាន​គេ​ប្រកាស។ មាន​ប្រជាជន​រុស្ស៊ី​មួយចំនួន ក៏​តាម​មិនទាន់​នូវ​សភាពការណ៍​ទសវត្ស​ឆ្នាំ ១៩៩០ និង​ការដួលរលំ​នៃ​ប្រព័ន្ធ​សូ​វៀត ដែល​ពួកគេ​នៅចាំ​មើលផ្លូវ ការវិល​មកវិញ​នៃ​ការងារ និង​វិបុលភាព​នៅឡើយ។

ក៏ប៉ុន្តែ ជាហេតុ​ផល​មួយ​ដែរ ពូ​ទីន និង​ម៉េ​ដ​វ៉េ​ដេ​វ បាន​ប្រយុទ្ធ​ដោយ​ជោគជ័យ​ក្នុង​សង្គ្រាម​មួយ​ខ្លី​ជាមួយនឹង​ប្រទេស​ហ្សេ​អ័​រ​ហ្ស៊ី ក៏ដូចជា​ស្រាយ​ចលាចល​ហិរញ្ញវត្ថុ​តាំងពី​ឆ្នាំ ២០០។ ការស្ទង់មតិ​មុន​បោះឆ្នោត​ក៏​បង្ហាញថា ៥៤% នៃ​អ្នកចូលរួម ផ្តល់​ចម្លើយ​វិជ្ជមាន​ពី​ផ្លូវ​ដើរ​នយោបាយ​បច្ចុប្បន្ន​របស់​ប្រទេស ហើយ​អ្នកមាន​ទស្សន​ផ្ទុយ​វិញ​មានតែ ២០% ប៉ុណ្ណោះ។ Igor Bunin និយាយប្រាប់​ទីភ្នាក់ងារ​សារពត៌មាន​ចិន ស៊ីន​ហួរ ថា ក្នុង​ថា​នៈ​ជា​បក្ស​កាន់អំណាច​យូរ ជាធម្មតា​ទេ រុស្ស៊ី​រួបរួម ត្រូវតែ​ប្រឈម​នឹង​ករណី “ការ​នឿយណាយ​នយោបាយ” ក្នុងចំណោម សាធារណជន​រុស្ស៊ី - “ជា​ចិត្ត​សា​ស្ត​ជា​ធម្មជាតិ​ទេ តែ​ប្រជាជន​ធុញទ្រាន់​នឹង​ក្រុម​ដឹកនាំ​ប្រទេស ដោយសារតែ​ការបោះឆ្នោត​ជាច្រើន​ដង​ហើយ វា​នៅតែ​ដដែល។

យ៉ាងណាក្តី លោក​គូសបញ្ជាក់ថា ជាការ​ឆ្លើយតប​ទៅនឹង “ការ​នឿយណាយ​នយោបាយ” នេះ ពូ​ទីន និង​រុស្ស៊ី​រួបរួម បាន​ប្តូរ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ទាក់ទាញ​អោយមាន “មុខថ្មី” ហើយក៏ ដោយហេតុ​នោះឯង​ដែរ ដែល ពូ​ទីន បានស្នើ​អោយមាន​ការដាក់​ចេញ​ជា​អង្គការ​គ្របដណ្តប់​មួយ ហៅថា រណសិរ្ស​ប្រជាជន​រុស្ស៊ី​ទាំងមូល (All-Russia Popular Front) ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស។

ជុំវិញ​ការប្រឆាំង​លទ្ធផល​ឆ្នោត

ការប្រឆាំង​តវ៉ា​បានកើត​មាន និង​អូសបន្លាយ​រហូតមកដល់​ថ្ងៃ​អង្គា​រ៍ ដែល​អ្នក​តវ៉ា បាន​និយាយថា “បក្ស​រុស្ស៊ី​រួបរួម​លួច​ឆ្នោត” ដើម្បី​ផ្តល់ឱកាស​អោយ ពូ​ទីន វ្លា​ឌី​មៀរ។ ការប្រឆាំង​តវ៉ា មិនត្រូវ​ច្បាប់​នោះ មានការ​ចូលរួម​ពី​ប្រជាជន​ប្រមាណ​ជា ៦០០០ នាក់ មិន​ឆ្ងាយ​ពី​វិមាន​ក្រឹម​ឡាំង ស្រែកថា “រុស្ស៊ី​មិនត្រូវ​ការ​ពូ​ទីន” ក្នុងពេលដែល​យុវជន​គាំទ្រ​វិមាន​ក្រឹម​ឡាំង ២០០០ នាក់​ក៏បាន​បង្ហាញខ្លួន និង​ស្រែកថា “គាំទ្រ​ការបោះឆ្នោត និង​គាំទ្រ ពូ​ទីន” ផងដែរ។ អ្នកសង្កេតការណ៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក រិះគន់​ការបោះឆ្នោត តែ​ប្រធានាធិបតី ម៉េ​ដ​វ៉េ​ដេ​វ ថា មិនមាន​ភាពមិនប្រក្រតី​ដែល​អាច​នាំអោយ​សើរើ​ការបោះឆ្នោត​ទេ។

ក្នុងការ​ចោទប្រកាន់​ពី​ការចាប់​ក្រុមបាតុករ​ប្រឆាំង​លទ្ធផល​បោះឆ្នោត លោក Tony Cartalucci នៃ Global Research បាន​ចោទ​សំណួរ​ដ៏ងាយៗ ថា តើ​ពួក​អាមេរិក នឹង​និយាយថា​ម៉េច​ទៅវិញ បើសិនជា នៅតាម​ស្ថានីយ៍បោះឆ្នោត និង​ក្នុង​បក្សនយោបាយ​មួយចំនួន មានការ​ជ្រាតចូល​ដោយ​លុយ​ចិន អ្នកសង្កេតការណ៍​ចិន និង​បេក្ខជន​ដែល​គាំទ្រ​ដោយ​ចិន ដើម្បី​ជំរុញ​ផលប្រយោជន៍​របស់​ចិន ក្នុងការ​បោះឆ្នោត​របស់​អាមេរិក​វិញ​នោះ? ចម្លើយ​គឺ​វា​ពិត​ជាមាន ចាប់ពី ចាប់​ដាក់គុក កាត់ទោស​ពីបទ​ចោទប្រកាន់​ដែល​អាចមាន​ហេតុផល​ពី​ការ​គៃបន្លំ រហូតដល់​ការអុជ​អាល​អោយ​បះបោរ និង​សូម្បីតែ​ទោស​ក្បត់ជាតិ ជាមិនខាន  ដោយ​ត្រូវ​ជាប់ទោស​ពន្ធ​ធនាគារ​មួយ​ជិវិត ឬក៏​ប្រល័យ​បង់ នេះ​មិនទាន់​រាប់​ចូល​នូវ​សកម្មភាព​យោធា ដែល​អាច​នឹង​ចាត់ចែង​អោយមាន ក្នុងករណី​ដែល​ចង់​គិតថា​វា​ជា​អំពើ​បង្ក​សង្គ្រាម។

Cartalucci ថា តាមពិតទៅ ជា​ញឹកញយ​ដង ដែល​ការប៉ុនប៉ង​ធ្វើអោយមាន​ការកែប្រែ​ប្រទេសមួយ និង/ឬ ចូលទៅ​រញ៉ីរ​ញ៉ៃ​នឹង​ការបោះឆ្នោត​ក្នុងប្រទេស​ណាមួយ​នោះ ជា​សកម្មភាព​បង្ក​សង្គ្រាម ជា​សកម្មភាព​ដែល រដ្ឋាភិបាល​ប្រទេស​ធំ​ខ្លះ បានធ្វើ​តាមរយៈ “អង្គការក្រៅរដ្ឋាភិបាល” ជាច្រើន ម្តង​ហើយ​ម្តងទៀត ច្រើន​ទសវត្ស​មកហើយ នៅ​ជុំវិញ​ពិភពលោក​នេះ។ ការពិតទៅ តាម​ដែល Cartalucci សន្និដ្ឋាន “និ​ទាឃ​រដូវ​អារ៉ាប់” ក៏​ជា​មហា​អគ្គីភ័យ​ភូមិសាស្ត្រ​នយោបាយ ដែល​ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​បណ្តា​ប្រព័ន្ធ​ឃោសនា ដែលមាន​ការគាំទ្រ ពី​លោកខាងលិច ដ៏​ច្រើន​រាប់មិនអស់ ជា​អ្នក​បង្កឡើង​ដែរ។

សេណា​រី​យ៉ូ រុស្ស៊ី ២០២០?

នៅពេលដែល មានការ​គិតថា វ្លា​ឌី​មៀរ ពូ​ទីន ត្រៀមខ្លួន​វិល​ទៅកាន់​តំណែង​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១២ ក្រុមការងារ រុស្ស៊ី ២០២០ បាន​ប្រមែប្រមូល​អ្នកជំនាញល្បីៗ ពី​រុស្ស៊ី សហរដ្ឋអាមេរិក និង​អឺរ៉ុប ជិត ៣០ នាក់ បើតាម​ការ​អោយដឹងពី CEIP ដើម្បី​ធ្វើការ​វិភាគ ពី​សេណា​រី​យ៉ូ​ណា​ដែល ការអភិវឌ្ឍន៍ និង​ហានិភ័យ​របស់​រុស្ស៊ី ត្រូវ​ប្រឈម​នាពេលខាងមុខ។ ក្រុម​នេះ​យល់ថា បើទោះជា ពូ​ទីន វិល​មកវិញ​ក៏ដោយ ក៏​យុគសម័យ ពូ​ទីន កន្លងផុត​ហើយ។ លោក James F. Collins និង​សហការី​ស្រាវជ្រាវ​របស់លោក គិតថា ទោះបី នេះ​មិន​មានន័យថា ពូ​ទីន នឹង​បោះបង់​អំណាច​ក្នុងពេលឆាប់ៗ ក៏ដោយ ក៏​គង់តែ​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច ដែល​គាត់​បាន​បង្កើត មិន​ស្រាយ​លក្ខខណ្ឌ​ប្រែប្រួល​យ៉ាង​លឿន​រហ័ស​របស់​រុស្ស៊ី​បានទេ។

ក្រុម​ពិចារណា​អំពី​អនាគត​រុស្ស៊ី​ដល់​ឆ្នាំ ២០២០ និយាយថា មាន​សេណា​រី​យ៉ូ​បី ដែល​រុស្ស៊ី អាច​នឹងមាន​ត្រាច់ចរ គឺ ១) សេណា​រី​យ៉ូ របៀប​ស្តា​លីន ២) សេណា​រី​យ៉ូ គ្រា​ដើម​នៃ​រជ្ជកាល​ពូ​ទីន និង ៣) សេណា​រី​យ៉ូ ប៉េ​រ៉េ​ស្ត្រួ​យ​កា។ ក្រុម​បាន​ពន្យល់ថា ក្នុង​សេណា​រី​យ៉ូ​ទីមួយ រុស្ស៊ី​អាច​នឹង​បន្ត​និន្នាការ​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់ ពូ​ទីន តែ ដែល​និន្នាការ​អាជ្ញានិយម​ណាមួយ នឹងមិន​អាចមាន​និរន្ត​ភាព​យូរអង្វែង​បានទេ។ ក្នុង​សេណា​រី​យ៉ូ ទី​ពីរ អ្នក​ពិចារណា ព្រៀង​គំនិត​ថា នឹង​អាចមាន​ទំនើបភាវូបនីយកម្ម​ដោយ​ចំណែក នៅក្រោម​ការត្រួតត្រា​រប​ស់រ​បប តែ​ពិតជា​នឹង​ទៅតាម​ផ្លូវ​ដែល​វិមាន​ក្រឹម​ឡាំង​ត្រួសត្រាយ​ជាមិនខាន។ ក្នុង​សេណា​រី​យ៉​ទី ៣ ការកែ​ទំរង់​ធំ​មួយ​ក្នុង​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​រុស្ស៊ី ត្រូវបាន​រំពឹង ដែល​នោះ​ពិតជា សេណា​រី​យ៉ូ ដែល​នឹង​គំរាមកំហែង​ដល់​ការ​ក្រាញ​ក្តាប់​អំណាច​របស់ ក្រុម​លោក ពូ​ទីន ជាមិនខាន។ ដូចនេះ ពូ​ទីន ត្រូវបាន​គេ​គិតថា នឹងមិន​រើស សេណា​រី​យ៉ូ មួយ​នេះ​ទេ។

និន្នាការ​ទូទៅ​បីយ៉ាង

ការសន្និដ្ឋាន​ថា​នឹងមាន​សេណា​រី​យ៉ូ​ទាំងនេះ វា​អាស្រ័យ​ដោយ​ក្រុម​សិក្សា​បាន​ពិនិត្យឃើញ​ពី និន្នាការ​ជាទូទៅ​បីយ៉ាង គឺ ១) ការកើនឡើង​នូវ​ស្មារតី​ជាតិនិយម ២) ការ​ប្រឈម​ហានិភ័យ​នៃ​សេដ្ឋកិច្ច និង៣) ចំណោល​នយោបាយ​ពី​ការបោះឆ្នោត​ឆ្នាំ ២០១។ យោងតាម Masha Lipman នៃ CEIP ប្រជាជន​រុស្ស៊ី ៣៥% បានបង្ហាញ​នូវ​ទឹកចិត្ត​ជាតិនិយម ថ្វីបើ​ពលរដ្ឋ​ថ្នាក់​មធ្យម​នៅមាន​ភាព​ញោច​ញើ​ម​ក្នុង​ការគាំទ្រ​បុព្វហេតុ​ជាតិនិយម​ក៏ដោយ។ ស្មារតី​ជាតិនិយម​នេះ ត្រូវបាន​កត់សំគាល់ឃើញ​ទាំង​ក្នុង​មណ្ឌល​នៃ​ពួក​សេរី និង​ទាំង​ក្នុង​មណ្ឌល​នៃ​ពួក​កុ​ម្មុយ​និ​ស្ត ហើយ​ដែល​ហាក់បីដូច​ជាមាន​និន្នាការ​ប្រឆាំងនឹង​របប ពូ​ទីន។

និន្នាការ​ទី​ពីរ ត្រូវបាន​អ្នកស្រាវជ្រាវ​អាមេរិក Clifford Gaddy នៃ Brookings Institution លើក​ហេតុផល​ថា កត្តា​សំខាន់​បីធំៗ នឹង​កំណត់​នូវ​ទ្រង់ទ្រាយ​សេដ្ឋកិច្ច​របស់ រុស្ស៊ី នៅក្នុង​ប៉ុន្មាន​ទសវត្ស​ខាងមុខ ក) ថ្លៃឈ្នួល​ប្រេង និង​ឧស្ម័ន ខ) រចនាសម្ព័ន្ធ​បន្សល់​ពី​អតីត​សហភាពសូវៀត​មិនអាច​ទ្រាំទ្រ​ការរីកចំរើន​ថ្មី​បាន និង គ) ប្រព័ន្ធគ្រប់គ្រង​ថ្លៃឈ្នួល។ អ្នកស្រាវជ្រាវ​រូបនេះ គូសវាស​ថា នៅ​បន្ទាប់ពី​ឆ្នាំ ២០១២ ទៅ សេដ្ឋកិច្ច​រុស្ស៊ី មិនអាច​ទទួលបាន​កំណើន​ក្នុង​កំរិត​ដូច​ក្នុងពេល​បច្ចុប្បន្ន ដែល​ថ្លៃឈ្នួល​ប្រេង និង​ឧស្ម័ន ហូរ​ចូលទៅក្នុង​ស្នូល​នៃ​សេដ្ឋកិច្ច​ទេ។ វារលែងតែ ពូ​ទីន ធ្វើ​ការកែ​ទំរង់​នយោបាយ​ម៉ឺងម៉ាត់ ឬ​តម្លើង​ថ្លៃឈ្នួល​ប្រេង និង​ឧស្ម័ន បើ​ពុំ​នោះទេ រុស្ស៊ី នឹង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​ក្នុង​អនាគត​មិនយូរ​ឡើយ។

ការបោះឆ្នោត​នៅ​ឆ្នាំ ២០១២ អាច​នឹង​នាំ ពូ​ទីន ទៅកាន់​តំណែង​ជា​ប្រធានាធិបតី​ជា​លើក​ទី​ពីរ ដែល​អ្នកស្រាវជ្រាវ​នៃ​ក្រុម រុស្ស៊ី ឆ្នាំ ២០២០ គិតថា យុទ្ធនាការ​បោះឆ្នោត​រប​ស់​រុស្ស៊ី​រួបរួម គឺ យុទ្ធនាការ “គ្មាន​ការដូរ​ផ្លាស់” ដែល​ប្រជាជន​រុស្ស៊ី​សាមញ្ញ​ទូទៅ មិន​ជជែក​ពី​ការបោះឆ្នោត ហើយ​បក្ស​នានា​ក៏​ចាយលុយ​នោះ​តិច​លើ​ការឃោសនា​នយោបាយ។ អ្នកវិភាគ​សន្និដ្ឋានថា ការ​នេះ​ធ្វើអោយ​រុស្ស៊ី​ខ្វះ “មណ្ឌល​ផ្លាស់ប្តូរ​ថ្មី” ដែល​អាចជា​ច​ម្លា​ស់អា​ច​ទុកចិត្តបាន ទៅនឹង របប ពូ​ទីន។

ផ្អែក​តាម​ការវិវត្តន៍​នេះ លទ្ធភាព​ដែលថា ពូ​ទីន នឹង​ក្លាយជា​ប្រធានាធិបតី​ជា​លើក​ទី​ពីរ នៅ​ឆ្នាំ ២០១២ ឃើញថា មាន​ភាគរយ​ទៅខាង​ពិត​ច្រើន។ ពូ​ទីន និង​ម៉េ​ដ​វ៉េ​ដេ​វ អាច​នៅ​ជា​គូកន​នយោបាយ​បន្តទៀត​ក្នុង​ឆាកនយោបាយ​រុស្ស៊ី។ គណៈបក្សប្រឆាំង នៅ​រុស្ស៊ី ត្រូវបាន​អ្នកវិភាគ ធំៗ វាយតម្លៃថា មិនទាន់​ជា​គូប្រកួត​ពេញកម្លាំង​នឹង​បក្ស​រុស្ស៊ី​រួបរួម​ទេ មិនតែប៉ុណ្ណោះ ក៏​មិនទាន់មាន​ឥស្សរជន​នយោបាយ​ណា​មាន​ថាមភាព​ថ្លឹង​នឹង ពូ​ទីន បាន​នៅឡើយ​ដែរ។ រុស្ស៊ី ២០២០ ថា ពូ​ទីន មិនអាច​នៅ​ហួស​ពី​ឆ្នាំ ២០២០ ជាការ​ត្រឹមត្រូវ ព្រោះ​សំរាប់​អាណត្តិ​ក្រោយ ជា​ប្រធានាធិបតី​ទី​ពីរ ក៏មាន​តែ ៥ ឆ្នាំ​ដែរ។ បើ​គិតពី​ឆ្នាំ ២០១២ ទៅ ពូ​ទីន នៅសល់​ពេល​ប្រាំបី​ឆ្នាំ​ទៀត ដើម្បី​ពង្រឹង​អំណាច​អោយ អ្នក​ពូ​ទីន​និយម ទោះ​ពេលនោះ គាត់​ជា​ប្រធានាធិបតី ឬ​មិនមែន​ក៏ដោយ។ ការចូលទៅ​លូកលាន់​នឹង​រឿងរ៉ាវ​ផ្ទៃក្នុង​របស់​ប្រទេស​នានា គឺជា​លំនាំ​នៃ​គោលនយោបាយ​របស់​មហា​អំណាច​ឆ្លង​មហាសមុទ្រ មិនដឹងថា ដល់​សតវត្ស​ទី​ប៉ុន្មាន​បាន​វាច​ប់។ ពហុ​ប៉ូល​ភាព កំពុងតែ​ជា​តថភាព តែ​ប៉ូល រុស្ស៊ី​នៅ​មិនទាន់មាន​កម្លាំង​ដូច​កាលពី​ជំនាន់ សហភាពសូវៀត​ទេ ហើយក៏​សឹងតែ​ថា​រក​មិនឃើញ​មកវិញ​ផង​ក៏​ថា​បាន។ យ៉ាងណាក្តី ពូ​ទីន ជា​អ្នកទទួលខុសត្រូវ​មួយ ក្នុង​ប្រវត្តិសាស្ត្រ​រុស្ស៊ី ក្រោយ​សហភាពសូវៀត៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ពូ​ទីន បក្ស​រុស្ស៊ី​រួបរួម និង រុស្ស៊ី​ឆ្នាំ ២០២០