Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ស៊ី​រី៖ ​សង្គ្រាម ​និង​/​ឬ ​រដ្ឋប្រហារ​

លោកអ្នក​អាន​ជាទី​មេត្រី​ ក្រឡា​អុក​មជ្ឈិមបូព៌ា ​និង​អាហ្វ្រិក​ខាង​ជើង​៖ ពុះ​បំបែក ​ដណ្តើម​យក និង​ត្រួតត្រា ​រៀបរាប់​ជូន​រួច​ហើយពី​ក្របខណ្ឌ​ទូទៅ​នៃ​វិបត្តិ​នៅ​មជ្ឈិមបូព៌ា ​និង​អាហ្វ្រិក​ខាងជើង។​ ក្នុង​ល្បែង​ចត្រង្គ​នេះ​ដដែល ​សង្គ្រាម​ និង/ឬ​រដ្ឋប្រហារ​ នៅ​ប្រទេស​ស៊ី​រី ​ក៏​ដូចជា ​ការ​គន់គូរ​ពី​​លទ្ធភាព​តានតឹង​ និង​/ឬ ​ភ្លើង​សង្គ្រាម ​នៅ​ទូទាំង​ដំបន់​ ជា​រោគវិនិច្ឆ័យ​មួយ​កំពុង​តែ​បង្ហាញ​នូវ​ភាព​ធ្ងន់ធ្ងរ​របស់​ខ្លួន​។ ​ការវិភាគ​ទាំងឡាយ​ រាប់​ទាំង​ការ​ប្រើ​ពាក្យ​ធ្ងន់​ៗ​ ខាង​មនោគមវិជ្ជា ​គឺ​ជា​របស់​អ្នក​និពន្ធ​ដើម​ ក្នុង​វ៉ែ​ប​សាយ​ត៍ ​WSWS ​ទាំង​ស្រុង​។ ​យ៉ាង​ណាក្តី ​ហៀ​ល វែ​ល​ឌី ​បាន​សំរួល​ខ្លឹមសារ ​និង​បន្ថែម​នូវ​ព័ត៌មាន​ ព្រមទាំង​ការវិភាគ​ពី​ប្រភព​ផ្សេងទៀត ​ដើម្បី ជួយ​អោយ​គំនិត​រួម​នៃ​អត្ថបទ​ងាយ​យល់​ផង​ និង​មានន័យ​បូកសរុប​សភាពការណ៍​ផង។​

 

ការ​ផុត​ឱសានវាទ​របស់​សម្ព័ន្ធ​អារ៉ាប់ ចំពោះ​របប Bashir al-Assad នៅ​ស៊ី​រី អោយ​ដក​កងទ័ព​ចេញពី​ការប្រយុទ្ធ​នៅក្នុង​ប្រទេស​ស៊ី​រី និង​ធ្វើ​ការចរចា ជាមួយ​ក្រុមប្រឆាំង​ដែល​គាំទ្រ​គំនិត​លោកខាងលិច បាន​នាំ​មួយ​ជំហាន​ទៅមុខ​កាន់តែ​ជិត ទៅនឹង​ការធ្វើអន្តរាគមន៍​ដោយ​យោធា​បរទេស​ក្នុង​សង្គ្រាមស៊ីវិល​ដែល​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង​នៅ​ស៊ី​រី។

នៅ​ពីក្រោយ​ក្រុមប្រឆាំង​ប្រដាប់អាវុធ​គាំទ្រ​ដោយ​ទួរគី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី និង​កាតា មាន​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង។ ប្រទេស​ទាំងនេះ​បាន​លូកដៃ​ជាច្រើន​ខែ​មកហើយ​ក្នុងការ​រៀបចំ​ល្បិច​នានា​ពី​ខាងក្រោយ ជាមួយ ក្រុង អង់កា​រ៉ា ក្រុង​រី​យ៉ា​ដ និង​ក្រុមប្រឆាំង​ស៊ី​រី ក្នុងការ​ខិតខំ​ដើម្បី​ធានាថា ការផ្តួលរំលំ​របប​ដឹកនាំ​ដោយ​ក្រុម Alawite នៃ​និកាយ ស៊ី​អ៊ី​ត គាំទ្រ​អ៊ីរ៉ង់ នឹង​នាំយក​របប​អាយ៉ង​គាំទ្រ​លោកខាងលិច​ទៅកាន់​អំណាច​នៅ​ក្រុង ដា​ម៉ាស។ សូម​ជំរាបជូន​ថា ក្រុមគ្រួសារ​ប្រធានាធិបតី Bashir al-Assad ស្ថិតនៅក្នុង​ក្រុម Alawite នៃ​និកាយ​ស៊ី​អ៊ី​ត​នេះ។

តាំងពី​ការចាប់ផ្តើម​ម្លេះ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី កាតា ហ្ស​ក​ដង់ និង​ទួរគី ក៏ដូចជា​វ៉ាស៊ីនតោន បាន​ប្រឹងប្រែង​ដើម្បី​ប្រើ​ចលនា​សង្គម​ប្រឆាំងនឹង​ប្រធានាធិបតី Assad ជំរុញ​ពី​ដោយ​ការតស៊ូ​បដិវត្តន៍​នៅ​អេ​ហ្ស៊ី​ព និង​ទូ​នី​ស៊ី ដើម្បី​ជំរុញអោយមាន​ការដូរ​ផ្លាស់​របប​មួយ​ដែល​ស្តាំនិយម និង​គាំទ្រ​ចក្រពត្តិនិយម។ ក្រុមប្រឹក្សា​ជាតិ​ស៊ី​រី បច្ចុប្បន្ន​ជា​កម្លាំង​តំណាង​នាំមុខ​សំរាប់​មហាអំណាច​នានា​ក្នុង​តំបន់ និង​ចក្រពត្តិ មាន​មូលដ្ឋាន​តាំងនៅ​ទួរគី និង​មាន​ក្រុម​ពីរ​សំខាន់។ ក្រុម​សេចក្តីថ្លែងការណ៍​ក្រុង ដា​ម៉ាស ត្រួតត្រា​ដោយ​កម្លាំង​គាំទ្រ​សហរដ្ឋអាមេរិក និង​ក្រុម​បងប្អូន​មូស្លីម​ស៊ូ​ន្នី ជា​តំណាង​រដ្ឋ​អារ៉ាប់ និង​ទួរគី។

ដូច​ក្នុង​សង្គ្រាម “ចក្រពត្តិ” នៅ​លី​ប៊ី​ដែរ មានការ​បែង​ចែង​ការងារ​គ្នា​នៅក្នុង​ប្រតិបត្តិការ​នេះ។ កម្លាំង​ដូចជា កងទ័ព​ស៊ី​រី​ស៊ូ​ន្នី​សេរី​ផ្តាច់មុខ ឈរជើង​នៅ​ទួរគី ផ្តល់​ជា​មធ្យោបាយ​សំរាប់​ប្រតិបត្តិការ​យោធា​ប្រឆាំង​ទាំង​កម្លាំង Alawis និង​កងសន្តិសុខ​ស៊ី​រី។ ក្នុងពេល​ជាមួយគ្នា មាន​ក្រុម ប្រកាស​ខ្លួន​ថា “សេរីនិយម” ក៏​ច្រើន ដែល​ត្រូវបាន​បណ្តាញឃោសនា​លើកមុខ​លើក​មាត់​សរសើរ​ថា​ជា​ចលនា​មួយ​មិន​ប្រកាន់​និកាយ​សាសនា ខណៈដែល​ភាគី​បដិបក្ខ​សាសនា និង​ជាតិ​សាសន៍ ត្រូវបាន​គេ​បង្ក្រាប​នៅនឹងកន្លែង។

កាសែត the Gulf News អះអាងថា៖ “ការចាប់​ពង្រត់​ជា​ឈ្លើយ​គ្នា​ទៅវិញទៅមក ការធ្វើ​ទារុណកម្ម ការ​កាត់​ក្បាល និង​ការ​រើ​ទីតាំង​រស់នៅ​របស់​ប្រជាជន ដែល​កំពុង​កើតមាន​រវាង​សហគមន៍ ស៊ូ​ន្នី និង Alawite នៅ​ទីក្រុង Homs នា​ភាគ​កណ្តាល​នៃ​ប្រទេស​ស៊ី​រី ជា​ញឹកញយ​ត្រូវបាន​ពណ៌នា​ថា​ជា «ទុន​បដិវត្តន៍» បាន​បញ្ជូន​នូវ​សញ្ញា​ដ៏​ភ័យខ្លាច​ពីអ្វី​ដែល​នឹង​កើតមាន​សំរាប់​ភាគ ឯទៀត​នៃ​ប្រទេស។

របប ស៊ី​រី មិនជា​ល្អ​អី​ជាង Zine El Abidine Ben Ali នៅ​ទូ​នី​ស៊ី ឬ Hosni Mubarak នៅ​អេ​ហ្ស៊ី​ព ឬ Muammar Gaddafi នៅ​លី​ប៊ី​ទេ វា​សម​នឹងត្រូវ​ទទួល​នូវ​ការ​កំចាត់។ ក្រុម​របប​នេះ ត្រូវបាន​បង្កើតឡើង​ដោយសារ​ការកៀបសង្កត់​មកជា​ច្រើន​ទសវត្ស និង​ការធ្វើអោយ​ប្រជាជន​របស់ខ្លួន​ក្រីក្រ ដែល​ក្នុងករណី​ទូទៅ ប្រមាណ​ជា ៣២% នៃ​ប្រជាជន​ខ្លួន​ត្រូវ​រស់នៅ​ជាមួយនឹង​ប្រាក់ចំណូល ២ ដុល្លារ​ក្នុង​មួយថ្ងៃ ឬក៏​ទាប​ជាង​នេះ​ផង។ ប៉ុន្តែ សំណួរ​មួយ​នៃ​សំណួរ​ដ៏​ច្រើន​ស្អេកស្កះ ហើយ​ធ្វើអោយ​មហាជន​ភាន់ភាំង គឺ តើ​អ្វី​ទៅ​ដែល​នឹង​ជំនួស Assad?

របប​សាសនា​មួយ លើក​បន្តុប ក្នុងនាម​ក្រុង អង់កា​រ៉ា ក្រុង រី​យ៉ា​ដ និង វ៉ាស៊ីនតោន នឹង​មិនជា ជំហាន​ទៅមុខ​ទេ បើតាម​អ្នកវិភាគធំ។ វា​នឹង​ជា​ជំហាន​ទៅក្រោយ​វិញ​សំរាប់​វណ្ណៈ​ធ្វើ​ការងារ ទាំង​នៅ​ស៊ី​រី ទាំង​ក្នុង​ឆាក​អន្តរជាតិ។ ក្រោយពី​ការលើក​បន្តុប​របប​អា​យ៉ាង​គាំទ្រ​លោកខាងលិច​នៅ​លី​ប៊ី វា​គឺជា​ជោគជ័យ​មួយទៀត​ក្នុងការ​ប្រឆាំង​បដិវត្តន៍​របស់​ប្រទេស​លោភលន់​វាតទី ប្រឆាំងនឹង​បដិវត្តន៍​នៅ​មជ្ឈិមបូព៌ា។

បន្ទាប់ពី​ការដួលរលំ​នូវ​របប​ជា​ភ្ញៀវ​របស់ខ្លួន​នៅ ទូ​នី​ស និង​គែរ ក្រុង​វ៉ាស៊ីនតោន ក្រុង​ឡុង​ដ្រ៍ និង​ប៉ារីស បាន​សន្និដ្ឋានថា “ការដូរ​របប” ត្រូវបាន​ក្លែងបន្លំ​ទូទាំង​មជ្ឈិមបូព៌ា​ដែល​សម្បូរ​ណ៌​ដោយ​ប្រេង ហើយ ប្រទេស​ទាំងនោះ​យល់ថា​ត្រូវតែ​ធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​នឹង​រចនា​តំបន់​នេះ​អោយ​ស្របតាម​ការចង់បាន​របស់ខ្លួន។ នៅទីណា​ដែល ស​ញ្ចេ​ត​នា​ប្រឆាំង​បាន​គំរាមកំហែង​សម្ព័ន្ធមិត្ត​នៃ​ប្រទេស​លោភលន់​វាតទី នៅ​អេ​ហ្សី​ព​ក៏ដោយ នៅ បា​ហ្រេ​ន​ក៏ដោយ ឬក៏​នៅ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី ក៏ដោយ ត្រូវតែ​ទទួល​នូវ​ការប្រឆាំង​តប​វិញ​ពេញ​ទំ​ហ៊ឹង។ ទីណា​ក៏ដោយ ដែល​វា​អាច​ប្រើ​ដើម្បី​បំរើ​ផលប្រយោជន៍​នៃ​ការ​លោភលន់​វាតទី​បាន មិន​ថា​នៅ​លី​ប៊ី ហើយ​ពេលនេះ​នៅ ស៊ី​រី ទេ ត្រូវតែ​ដាក់អោយ​នៅក្រោម​ការត្រួត​ត្រា​នៃ​កម្លាំង​ស្តាំនិយម គាំ​ទ្រម​ហិ​ច្ឆិ​តា​លោភលន់​វាតទី។

សហរដ្ឋអាមេរិក និង​អឺរ៉ុប មាន​ទស្សនៈ​ថា “ចំណិត​ខែស៊ី​អ៊ី​ត” ដែល​លាតសន្ធឹង​ពី​ក្រុង តេ​ហេ​រ៉ង់ នៃ​ប្រទេស​អ៊ីរ៉ង់ ទៅ ទីក្រុង ដា​ម៉ាស ក្រុង​ហ្សេ​ប៊ូ​ឡា នៅ​លី​បង់ និង​ពេលនេះ​រដ្ឋាភិបាល​នៅ​អ៊ីរ៉ាក់ ជា​សក្តានុពល​គំរាមកំហែង​ដល់​អនុត្តរភាព​របស់​ខ្លួន។ សូម​ជំរាប​ថា ចំណិត​ខែស៊ី​អ៊ី​ត ជា​ពាក្យ​ប្រើ​ក្នុងភូមិ​សាស្ត្រ​នយោបាយ ដើម្បី​ពណ៌នា​តំបន់​ភ្ជាប់​គ្នា​បានជា​រាង​ចំណិត​ខែ ក្នុង​ផែនទី​ដែល​លាតសន្ធឹង​ពី​អា​ហ្ស៊ែ​របៃ​ហ្សា​ន ទៅ​អ៊ីរ៉ង់ ទៅ​បា​ហ្រេ​ន និង​អ៊ីរ៉ាក់ និង​លី​បង់។  រដ្ឋ​អារ៉ាប់​ស៊ូ​ន្នី នានា ទួរគី និង​អ៊ីស្រាអែល ក៏​ចង់​ដាក់អោយ​អ៊ីរ៉ង់​នៅឯ​កោ និង​ត្រូ​ច​ខាតបង់​ដែរ (សូម​អាន​អត្ថបទ ក្រឡា​អុក​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង៖ ពុះ​បំបែក ដណ្តើមយក និង​ត្រួតត្រា)

នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​សាជីវកម្ម​ស៊ើបការណ៍​ឯកជន Stratfor លោក George Friedman បាន​កត់សំគាល់ថា ទៅ​តាំង​ល្អ​បំផុត​ដើម្បី​នឹង​ប្រឆាំង​ឥទ្ធិពល​អ៊ីរ៉ង់ គឺ “ស៊ី​រី ហើយ​កិច្ចការ​គន្លឹះ​ដែល​ត្រូវធ្វើ​នៅ​ស៊ី​រី គឺ​ធ្វើអ្វីៗ គ្រប់យ៉ាង​ដើម្បី​អាយ​មានការ​ផ្តួលរំលំ al Assad ... ដំណោះស្រាយ​ដែល​អាច​ត្រូវប្រកាន់យក​គឺ គាំទ្រ​ដោយ​ចេញមុខ​ចំពោះ​ពួក ស៊ូ​ន្នី​ប្រឆាំង បញ្ជូន​ចូល​កាត់​តាម​លី​បង់ ឬ​អាច​ថា​ទួរគី និង​ហ្ស​ក​ដង់។

តាម​ការសន្និដ្ឋាន​រប​ស់ George Friedman ការផ្តួលរំលំ al Assad ជា “ការសំខាន់ ព្រោះ​វា​ដូរ​វិធាន​នៃ​ល្បែង។ មូលដ្ឋាន​ដែល​អាច​ថា​សមស្រប​បំផុត​សំរាប់​អន្តរាគមន៍​យោធា​ប្រឆាំងនឹង al Assad គឺជា​ផែ​ប​ការ​នាំមុខ​របស់​ទួរគី ក្នុងការ​បង្កើតជា “តំបន់ទ្រនាប់” លាតសន្ធឹង​កាត់​តាម​ព្រំដែន។ ដោយមាន​ការគាំទ្រ​ពី​បារាំង កងទ័ព​សេរី​ស៊ី​រី បានទាមទារ​អោយ​បង្កើតជា “តំបន់​គ្មាន​ការហោះហើរ” ជាការ​នាំមុខ​សំរាប់​ប្រតិបត្តិការ​របស់ខ្លួន។

លោកអ្នក​អាន​ជាទី​មេត្រី ជា​ពត៌មាន​បន្ថែម​ដើម្បី​នឹង​កាន់តែ​មើលឃើញ​ពី​ទ្រង់ទ្រាយ​នៃ​បញ្ហា តាម​ប្រភពព័ត៌មាន Milliyet ថ្ងៃ ២៦ វិច្ឆិកា បារាំង​បាន​បញ្ជូន​កម្លាំង​ហ្វឹកហ្វឺន​យោធា​របស់ខ្លួន ទៅ​ទួរគី និង​លី​បង់ ដើម្បី​ហ្វឹកហ្វឺន​កងទ័ព​សេរី​ស៊ី​រី ដែលជា​ក្រុម​ពួក​ផ្តាច់ខ្លួន ធ្វើ​ប្រតិបត្តិ នៅក្រៅ​ទួរគី និង​លី​បង់ ក្នុង​បំណង​ធ្វើសង្គ្រាម​ប្រឆាំង​កងទ័ព ស៊ី​រី។ តាម​ប្រភព​ដដែល​ក៏​មានការ​អះអាងថា អាជ្ញាធរ​បារាំង អង់គ្លេស និង​ទួរគី “បាន​ព្រមព្រៀងគ្នា​បញ្ជូន​អាវុធ​ចូលទៅ​ស៊ី​រី” និង​ថា​ក្រុម​បះបោរ​ប្រដាប់អាវុធ​នេះ កំពុងតែ​ឈរជើង​នៅ​ខេត្ត Hatay នៃ​ប្រទេស​ទួរគី ក្បែរ​ព្រំដែន​ជាមួយនឹង​ស៊ី​រី។

នៅក្នុង​សេចក្តីរាយការណ៍​មួយទៀត​របស់ Global Research ថ្ងៃទី ២០ វិច្ឆិកា អោយដឹងថា សមាជិក​នៃ​កងទ័ព​សេរី​ស៊ី​រី ប្រឆាំង​រដ្ឋាភិបាល មិនមែនជា​ទាហាន​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ស៊ី​រី ដូចដែល​បណ្តាញឃោសនា​លោកខាងលិច​បាន​ផ្សាយ​នោះទេ តែ​ជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​បានទទួល​ការគាំទ្រ ឧបត្ថម្ភ​ថវិកា និង​បំពាក់អាវុធ​ដោយ​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ទួរគី។ Tony Cartalucci ជំនាញការ​ខាង​ភូមិសាស្ត្រ​នយោបាយ និយាយថា “សេចក្តីរាយការណ៍​នេះ វា​ខុសគ្នា​ស្រឡះ​ទៅនឹង​ការឃោសនា​តាម​បណ្តាញឃោសនា​សាជីវកម្ម និង​ការពណ៌នា​រៀងរាល់ថ្ងៃ ដោយ​រដ្ឋមន្ត្រីការបរទេស​លោកខាងលិច ដែល​អំពើ​ហឹ​ង្សា​ត្រូវបាន​ឆ្លុះបញ្ចាំង​តែ​ពី​ភាគី​ម្ខាង ថា ប្រធានាធិបតី al-Assad បាញ់សម្លាប់​បាតុករ ដែល​គ្រវី​បដា​ដោយ​សន្តិវិធី។ យោងតាម​ឯកសារ​សម្ងាត់​ការទូត​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​ត្រូវ​បែកធ្លាយ​ប្រាប់​អោយដឹងថា ក្រុង​វ៉ាស៊ីនតោន បានផ្តល់​ថវិកា​ដល់​ក្រុមប្រឆាំង​ស៊ី​រី ហោចណាស់​ក៏​តាំងតែ​ពី​ឆ្នាំ ២០០៥ ម្លេះ ហើយក៏​កំពុងតែបន្ត​សព្វថ្ងៃ។

កាសែត the Jerusalem Post បាន​លាតត្រដាង​យោបល់​លោក Jonathan Spyer ទីប្រឹក្សា​រដ្ឋាភិបាល​ថា ដើម្បី​រុញអោយ​ផ្អៀង​យក​ប្រៀប​ប្រឆាំង al-Assad “ប្រហែលជា​ត្រូវការ​អោយមាន​ការចូល​ទៅ​ពាក់ព័ន្ធ​ដោយ​ត្រង់​ហើយ។ តំបន់ទ្រនាប់​អាច​ផ្តល់​ជាទី​តាំង​សំរាប់​ពួក​បះបោរ​ស៊ី​រី ចាត់តាំង និង​កសាង​ការ​ប្រឈម​ចំពោះ​ការដឹកនាំ​របស់ al-Assad ក៏ពិតមែន​ហើយ តែ​វា​ក៏​អាចធ្វើអោយ​កើតមាន​នូវ​លទ្ធភាព​ប៉ះទង្គិច​រវាង​ស៊ី​រី/ទួរគី​ដែរ។ ការផ្ទុះ​សង្គ្រាម​ពេញទី​នៅ​ស៊ី​រី វា​ចង្អុលបង្ហាញ​ពី​លទ្ធភាព​ផ្ទុះ​សង្គ្រាម​ក្នុង​តំបន់ ដែលមាន​ពាក់ព័ន្ធ​ដល់​អ៊ីរ៉ង់ នោះ​ម្ខាង និង​ទួរគី និង​រដ្ឋ​មូស្លីម​ស៊ូ​ន្នី​នានា​នោះ​ម្ខាង​ទៀត។ ស្មាន​មើលចុះ​ថា​តើ​ស្ថានការណ៍​នេះ នឹង​ហុច​ឱកាស​ប៉ុណ្ណា​អោយមាន​ការ​កេងចំណេញ​ពី​មហាអំណាច នាំទៅដល់ និង​រាប់បញ្ចូល​ទាំង​ការធ្វើអន្តរាគមន៍​ដោយ​ត្រង់ ដូចដែល​ពួកគេ​បានធ្វើ​នៅ​លី​ប៊ី។

គ្រោះថ្នាក់​មួយបែប​នេះ​មិនអាច​យកចេញ​បានទេ ដោយ​ផ្អែកទៅលើ​ការគាំទ្រ​របស់ al-Assadឬ​អ្នកគាំទ្រ​គាត់​នៅ Tehran ឬ​រុស្ស៊ី និង​ចិន។ មាន​អ្នកវិភាគ​ប្រកាន់​ទស្សនៈ​សង្គមនិយម​អន្តរជាតិ​ខ្លះ​គិតថា របប al-Assad ត្រូវតែ​បាន​ផ្តួលរំលំ និង​ជំនួស​មកវិញ​ដោយ​រដ្ឋាភិបាល​មួយ​សង្គមនិយម ប្រជាធិបតេយ្យ​ពិតប្រាកដ បង្រួបបង្រួម​បាន​វណ្ណៈ​កម្មករ តស៊ូ​ប្រឆាំង “ចក្រពត្តិនិយម” ដែល​ស្មេរ​បាន​ប្រឹងប្រែង​ហៅ​ត្រឹមតែ​ថា “លោភលន់​វាតទី” តែប៉ុណ្ណោះ។

ជោគវាសនា​នៃ​ស៊ី​រី ចងភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍​នានា ដែល​ផ្ទុះ​ក​ក្តុង​ក​ក្តាំង​ជា​ហូរហែ​នៅ​មជ្ឈិមបូព៌ា ពិសេស​ជាងគេ​នៅ​អេ​ហ្ស៊ី​ព។ អ្នកវិភាគ​លំអៀង​ទៅ​និន្នាការ​សង្គមនិយម​គិតថា ការ​គណនា​របស់​ប្រទេស​មហាអំណាច​លោភលន់ និង​វាតទី ពី​លោកខាងលិច​ទាំងអស់ សុទ្ធតែ​ផ្អែកលើ​ការមិន​គិតដល់​វណ្ណៈ​កម្មករ ក្នុង​ជីវភាព​នយោបាយ និង​តួនាទី​សំខាន់​នៃ​ភ្នាក់ងារ​តំបន់​នានា ទាំង​រដ្ឋាភិបាល​ជាតិ ទាំង​កម្លាំង​នយោបាយ​នានា ដូចជា ក្រុម Muslim Brotherhood ជាដើម។ ក្នុងន័យនេះ ការផ្ទុះ​ឡើងជា​ថ្មី​នូវ​ការតស៊ូ​បដិវត្ត​នៅ​អេ​ហ្ស៊ី​ព ជាការ​គំរាមកំហែង​មិនមែន​សំរាប់តែ​ពួកយោធា​និយម​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្រុង​គែរ​នោះទេ តែ​គ្រប់​តែ​ផែនការ​ដែលមាន​ត្រៀម​ទុក ដើម្បី​ពង្រាយ​បន្តទៀត​នូវ​របប​បត់បែន​បាន តាម​គំរូ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​នៃ​ប្រទេស​លី​ប៊ី។

ចេញពី​ការវិភាគ​នេះ​មកវិញ កាលពី​ថ្ងៃ ២៤ វិច្ឆិកា តាម​ទីភ្នាក់ងារ​សារពត៌មាន Xinhua ប្រទេស​ចិន​បានចាត់ទុក ការអំពាវនាវ​ដល់​ពួក​ស៊ី​រី​ប្រឆាំង កុំ​ធ្វើការ​សន្ទនា​ជាមួយ​រដ្ឋាភិបាល al-Assad ថា ប្រទេស​លោកខាងលិច កំពុងតែ​អោយ​សញ្ញា​ថា ខ្លួន​គាំទ្រ​ពួក​ប្រឆាំង​អោយ​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​ហឹ​ង្សា​ហើយ។ ស៊ីន​ហួរ បន្តថា ការប៉ុនប៉ង​ធ្វើ​ម្តងទៀត​តាម “គំរូ​លី​ប៊ី” នៅ​ស៊ី​រី ជាការ​មួយ​ប្រកបដោយ​គ្រោះថ្នាក់ ដោយយោង​ទៅលើ​សារសំខាន់​ខាង​ភូមិ​យុទ្ធសាស្ត្រ នៅ​មជ្ឈិមបូព៌ា។ ប្រធានាធិបតី al-Assad ក៏បាន​ព្រមាន​មហាអំណាច​លោកខាងលិច ថា​នឹងត្រូវ​ទទួល​ហានិភ័យ​ពី​ការបង្ករ “ការ​រំ​ជួយ​ដី” និង​ថា “បញ្ហា​ណាមួយ​ដែល​កើត​នៅ​ស៊ី​រី នឹង​ដុត​តំបន់​ទាំងមូល​អោយ​សន្ធោសន្ធៅ​ជាមិនខាន។

តាម​អ្នកវិភាគ​របស់​ចិន ការអូសបន្លាយ​អស្ថេរភាព​នៅ​ស៊ី​រី ដោយ​មិនទាន់​និយាយ​ដល់​ការដូរ​ផ្លាស់​របប និង​ការដូរ​ល្បឿន​ប្រជាធិបតេយ្យ​ទេ នឹង​នាំទៅដល់​ការ​បង្កើតជា​សម្ព័ន្ធភាព​តំបន់​មួយ​ថ្មី ហើយ​ដូរ​ផ្លាស់​តុល្យភាព​អំណាច​បច្ចុប្បន្ន​នៅ​មជ្ឈិមបូព៌ា​ជាមិនខាន។ អ្នកវិភាគ​ទាំងនោះ គិតថា វិ​ប​ត្ត​ស៊ី​រី មានការ​ស្មុ​គ្រ​ស្មាញ​ជាង​បញ្ហា​នៅ​លី​ប៊ី ហើយ​បាន​ព្រមាន​ថា សហគមន៍ អន្តរជាតិ​គួរតែមាន​ការប្រយ័ត្នប្រយែង​អោយ​មែនទែន​ក្នុង​ដំណើរ​ស្រាយ​បញ្ហា​នេះ។

ដូច​បាន​និយាយ​មកពី​ខាងដើម មិនមាន​អ្វី​សង្ស័យ​ទៀត​ទេ ដែលថា ស៊ី​រី ក្លាយជា​មុខសញ្ញា​ថ្មី របស់​ការវាយប្រហារ​ដោយ​យោធា​នាំមុខ​ដោយ​ណា​តូ ពិសេស​ខណៈដែល​កាលពី​ថ្ងៃទី ២៥ វិច្ឆិកា មាន​ព័ត៌មាន​ថា សាធារណរដ្ឋ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បានប្រកាស​សូមអោយ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ស៊ី​រី ខណៈដែល​កាលបរិច្ឆេទ​បាន​ចូលដល់។ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ក្រុង​ដា​ម៉ាស ក៏បាន​ទូន្មាន​អោយ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដូចគ្នា​ដែរ ហើយ​ទួរគី ប្រាប់​ពលរដ្ឋ​ខ្លួន​អោយ​ជៀស​ពី​ការធ្វើដំណើរ​កាត់​តាមស៊ី​រី ពេលដែល​វិល​ពី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី វិញ។ តែ ឱសានវាទ​ជា​លក្ខខណ្ឌ​នៃ​ការបញ្ជូន​អ្នកសង្កេតការណ៍ ៥០០ នាក់​ចូលទៅ​ស៊ី​រី បាន​កន្លងផុត​ទៅដោយ​មិនមាន​ការឆ្លើយតប​ទេ។ រដ្ឋមន្ត្រីការបរទេស​ទួរគី ប្រាប់​រដ្ឋាភិបាល ស៊ី​រី ថា “ឱសានវាទ​ជា​នាទីចុងក្រោយ​ហើយ” ហើយ​រួមជាមួយ​នោះ ក៏មាន​អោយ​លេចលឺ​អោយ​ទ្រ​ហ៊ឹង​នូវ​ដំណឹង​ថា កំពុងតែ​មានការ​រៀប​ចំ​អោយមាន “តំបន់​គ្មាន​ការហោះហើរ” ដោយមាន​ការគាំទ្រ​ខាង​ភស្តុភា​ពី​សហរដ្ឋអាមេរិក។ លោកអ្នក​អាន​អាច​ចាំ​ថា តំបន់​មួយ​ដូចនេះ ជា​លេស​សំរាប់​ការវាយលុក​តាម​ផ្លូវអាកាស នៅ​លី​ប៊ី។

តាម​សេចក្តីរាយការណ៍​អោយដឹងថា ការតានតឹង បាន​ជំរុញ​អោយ​រុស្ស៊ី ឆ្លើយតប​ជាការ​បំពាក់ អោយ​ស៊ី​រី នូវ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ពិសេស ដែល​ផលិត​សំរាប់​ទប់ទល់​នឹង​យន្តហោះ​ចម្បាំង​របស់​សត្រូវ។ ប្រភព​នានា នៅ​ស៊ី​រី អោយដឹងថា នាវាចម្បាំង​រុស្ស៊ី បាន​ចូលទៅ​ដែនទឹក​ស៊ី​រី កាលពី​សប្តាហ៍​កន្លងទៅ ដើម្បី​ជាការ​ប្រឈម​នឹង​ការវាយលុក​ណាមួយ​ដឹកនាំ​ដោយ ណា​តូ។ ក្រុង​មូ​ស្គូ មិន​បញ្ជាក់ថា​ជា​ដំណឹង​ពិត ឬ​យ៉ាងណា​ឡើយ។ ដូចដែល​បានធ្វើ​នៅ លី​ប៊ី មុន​ការវាយប្រហារ​របស់ ណា​តូ ដែរ នាវា​ដឹក​យន្តហោះ George H.W. Bush ត្រូវបាន​ដាក់អោយ​ប្រចាំ​ក្នុង​ទីតាំងនៅ​ផុតពី​ឆ្នេរ​ស៊ី​រី​ប៉ុន្មាន​ថ្ងៃថ្មីៗ នេះដែរ។

រដ្ឋមន្ត្រីការបរទេស​បារាំង Alain Juppé ក៏បាន​ធានា​ចំពោះ​ក​ម្លាំ​ស៊ី​រី​ប្រឆាំង​ថា មហាអំណាច ណា​តូ ក៏​កំពុង​តែមាន​ផែន​ការធ្វើអន្តរាគមន៍​យោធា ដោយ​បង្កើតអោយមាន​ជា “របៀង​មនុស្សធម៌ ឬ​តំបន់​មនុស្សធម៌” ក្នុងនាម​ការពារ​ជន​ស៊ីវិល ពី​ការបំពាន​ដោយ​របប al-Assad។ បូកសរុប​មកវិញ ទោះបីថា សភាពការណ៍​នៅ​ស៊ី​រី ដូចជា​កាលពី​លី​ប៊ី​ដែរ ច្បាស់​ណាស់​កំពុងតែ​ធ្លាក់ចុះ​ទៅក្នុង​សង្គ្រាមស៊ីវិល ដោយ​ទាំងសងខាង​វាយ​គ្នា​ទៅវិញទៅមក មហាអំណាច​លោកខាងលិច បាន​ប្រឹងប្រែង​រៀបចំ​ឆាក​បង្ហាញ​ចលាចល​ទាំងនោះ​ថា​ជា អំពើ​ឃោរឃៅ​តែ​ពី​កងទ័ព​របស់ al-Assad។

ចុះ​សេណា​រី​យ៉ូ​ផ្សេង​វិញ។ ក្នុងចំណោម​ជំរើស​ជាច្រើន អ្នកវិភាគ​លោកខាងលិច​មួយចំនួន​បាន​គិតពី​លទ្ធភាព​ដែលថា​អាចមាន​ការធ្វើ​រដ្ឋប្រហា​រ ដោយ​ផ្អែកទៅលើ​ប្រកា​រថា​មន្ត្រី​យោធា​មួយចំនួនធំ ក្នុងនោះ​មាន​ទាំង​មន្ត្រី​ថ្នាក់ខ្ពស់ មិន​សប្បាយ​ចិត្តនឹង​ការដែល​ខ្លួន​ត្រូវ​រារាំង​មិនអោយ​ឡើង​សក្តិ មកពី​ការ​សំរាំង​សក្តិ​ទុកអោយ​មន្ត្រី​ស្មោះត្រង់​នឹង​បក្ស Ba'ath របស់ al-Assad ក៏​ចូលរួម​ដែរ។ ការធ្វើ​រដ្ឋប្រហារ​ណាមួយ​ក៏ដោយ មិនជា​ងាយ​នឹង​រៀបចំ​អោយបាន​ជោគជ័យ គេច​ផុតពី​ការប្រុងប្រៀប​ប្រឆាំង​តប​ពីរ​បប al-Assad ក្នុងខណៈ​ដែលមាន​គំរូ​នៅ​អេ​ហ្ស៊ី​ព និង​នៅ​លី​ប៊ី​កន្លងមកថ្មីៗ នេះ៕




 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ស៊ី​រី៖ ​សង្គ្រាម ​និង​/​ឬ ​រដ្ឋប្រហារ​