សារឹម ង៉ា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយអ្នកប្រដាល់ថៃSonideth Sitchanath នៅល្ងាចថ្ងៃសៅរ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ នាសង្វៀនស្តាតចាស់ ក្នុងកម្មវិធីប្រដាល់អន្តរជាតិប្រចាំខែរបស់ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការជួយឧបត្ថម្ភពីណាហ្គាវើល។
អ្នកប្រដាល់ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៥៧គ.ក្រ។ Sonideth Sitchanath ធ្លាប់មកប្រកួតនៅកម្ពុជាម្តងរួចមកហើយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២នៅស្តាតចាស់នេះដែរ ដោយបានបំបាក់សុខសុវណ្ណ អ្នកប្រដាល់កម្ពុជាយើងមកពីក្លិបកងពលតូចលេខ៣១ ក្នុងទឹកទី២។ អ្នកប្រដាល់ថៃរូបនេះ ល្អស្នៀតជើង គេទាត់មិនបណ្តាក់ជើងទេ។
សារឹម ង៉ា វិញ គេធ្លាប់វាយឈ្នះអ្នកប្រដាល់ថៃឈ្មោះ Pacho Louck Phrasbath ម្តង ដែរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ឈ្នះដោយពិន្ទុ។ គេជាអ្នកប្រដាល់វ័យក្មេង តែបទពិសោធន៍ និងបច្ចេកទេសក្នុងការប្រកួតមិនចាញ់ជើងចាស់នោះឡើយ។ ទោះជាបែបនេះក្តី ពិបាកទាយថាសារឹម ង៉ា អាចសងសឹកឲ្យសុខ សុវណ្ណ បានឬយ៉ាងណានោះទេ។
ចំណែក ឌុន រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងជួបប្រកួតជាមួយអ្នកប្រដាល់អូស្ត្រាលីឈ្មោះ Updil Op Un ដោយប្រកួតក្នុងប្រភេទទម្ងន់៧០គ.ក្រ។ អ្នកប្រដាល់អូស្ត្រាលីរូបនេះ ពុំដែលមកវាយនៅភ្នំពេញនោះទេ។
Updil Op Un មិនដឹងថាមានប្រវត្តិប្រកួតប៉ុន្មានដងប៉ុន្មានលើកនោះទេ។ តែបើតាមអ្នកផ្គូផ្គងឲ្យដឹងនោះថា Updil Op Unនេះមានសមត្ថភាពបច្ចេកទេសមិនជាខ្សោយ ហើយក៏មិនជាខ្លាំងប៉ុន្មានទេ គឺអាចវាយជាមួយឌុន រដ្ឋាបាន។
រដ្ឋា ធ្លាប់ប្រកួតជាមួយបរទេសម្តងដែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ដែលកាលណោះគេជួបជាមួយអៀរឡង់ ដោយវាយអ្នកប្រដាល់អៀរឡង់នោះឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៣។ រដ្ឋា មានកណ្តាប់ដៃ និងសន្ទុះជើងទាត់ធ្ងន់ គ្រាន់តែយឺតបន្តិចប៉ុណ្ណោះ។ ចាំមើល ឌុន រដ្ឋា គេអាចផ្តួលអ្នកប្រដាល់អូស្ត្រាលី Updil Op Un បានដែរអត់ ?។
ក្រៅពីការប្រកួតជាលក្ខណៈអន្តរជាតិពីរគូនេះ នៅមានការប្រកួតរវាងជើងខ្លាំងនិងជើងខ្លាំងនៅកម្ពុជាចំនួន៤គូទៀត។ ក្នុងនោះ សំរិទ្ធ សុភាព ជើងខ្លាំងនៃក្លិបអប្សរាគុនខ្មែរ ត្រូវជួបជើងខ្លាំងស្រករក្រោយ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍។
ពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នាទេពីមុនមក។ ព្រោះថា រឿង សោភ័ណ្ឌ គេទើបតែឡើងកូដមានឈ្មោះបោះសម្លេងមួយរយះចុងក្រោយនេះប៉ុណ្ណោ ។ បើប្រៀបជាមួយសំរិទ្ធ សុភាព ហាក់ដូចជាពិបាកដែរ ដោយសារសុភាពគេល្បីឈ្មោះយូរហើយ។
សំរិទ្ធ សុភាព ធ្លាប់ប្រកួតជាមួយបរទេសច្រើននាក់ហើយ ឯរឿង សោភ័ណ្ឌគេមិនដែលវាយជាមួយបរទេសម្តងនៅឡើយទេ ដូច្នេះបទពិសោធន៍ក្នុងការប្រកួតគឺសុភាពជោគជាំជាង។ មិនតែប៉ុណ្ណោះ សុភាព គេជាម្ចាស់ខ្សែក្រវាត់ថែមទៀត។
រឿង សោភ័ណ្ឌ គេល្អទាំងកណ្តាប់ដៃ ល្អទាំងជើង និងរហ័សរហួនទៀតផង។ ទោះជាបែបនេះក្តី សម្រាប់ការជួបប្រកួតជាមួយសំរិទ្ធ សុភាពលើកនេះ ពុំដឹងថាសោភ័ណ្ឌអាចទប់ជាមួយស្នៀតជើងរបស់សុភាពបានឬអត់នោះទេ ?។
តក់ សោភ័ណ្ឌ អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងត្រូវជួបប្រកួតជាមួយរឿម វណ្ណៈ អ្នកប្រដាល់ក្លិបក្រសួងការពារជាតិ។ នេះជាគូសងសឹក ដែលមុននេះរឿម វណ្ណៈ ធ្លាប់វាយឈ្នះតក់សោភ័ណ្ឌនៅក្នុងទឹកទី៣ ក្នុងការប្រកួតជម្រុះដណ្តើមប្រាក់ក្នុងធនាគារកាលពីពេលថ្មីៗនេះ។
រឿម វណ្ណៈ វាយកាចជាងសោភ័ណ្ឌខ្លាំងណាស់។ វណ្ណៈ វាយមិនចេះយោគយល់ទេហើយក៏វាយមិនចេះប្រោះដែរ ត្រូវផ្តួលបានគេផ្តួលមិនឲ្យឈរទឹកយូរឡើយ។ ចាំមើល តក់ សោភ័ណ្ឌ គេអាចសងសឹករឿម វណ្ណៈ បានសម្រេចឬអត់ ?។
ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ នឹងជួបសងសឹកជាមួយឈិត ង៉ុយ អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរ។ បូរ៉ាបានវាយចាញ់ឈិត ង៉ុយ ដោយពិន្ទុ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់CBFទម្ងន់៥១ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ដែលធ្វើឲ្យង៉ុយក្លាយជាម្ចាស់ខ្សែក្រវាត់។
ឃីម បូរ៉ា រាងមានកម្លាំងខ្សោយជាងឈិត ង៉ុយ ទើបចាញ់កន្លងមកនោះ។ ប្រសិនបើលើកនេះ គេហាត់ដិតដល់មានកម្លាំងគ្រប់គ្រាន់និងរឹងមាំ បូរ៉ាប្រហែលជាសងសឹកបានសម្រេច តែបើប្រហែលមុនទេ គឺពិបាកឈ្នះឈិត ង៉ុយហើយ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|
























