*ពេជ្រសីហា ឃីមឌីម៉ាជួបថៃ លៀងស៊ីពេជ្រជួបចិន
អ្នកប្រដាល់ចិនម្នាក់និងអ្នកប្រដាល់ថៃ៣នាក់ ដែលគេអះអាងថាជាជើងខ្លាំងប្រចាំប្រទេសចិននិងប្រចាំស្រុកថៃ នឹងមកប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា គឺពេជ្រសីហា ជើងខ្លាំងនៃសមាគមកីឡាក្រសួងការពារជាតិ វង្ស ណយអ្នកប្រដាល់ក្លិបកងពលតូចលេខ៣១ ឃីម ឌីម៉ាអ្នកប្រដាល់ជើងខ្លាំងក្លិបអប្សរាគុនខ្មែរ និង លៀង ស៊ីពេជ្រ អ្នកប្រដាល់ខេត្តកោះកុង។ ពួកគេទាំង៨នាក់នេះ នឹងត្រូវជួបគ្នានៅលើសង្វៀនTV5 Arena នាថ្ងៃព្រហស្បតិ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។
ក្នុងចំណោម៤គូនេះ គេកត់សម្គាល់គូវង្ស ណយ ជើងខ្លាំងនៃក្លិបកងពលតូចលេខ៣១ ដែលត្រូវជួបជាមួយ NAMYA PA អ្នកប្រដាល់ថៃនោះ គឺជាគូពិសេសជាងគេ ដោយសារតែពីរនាក់នេះធ្លាប់ជួបគ្នាកាលពីខែមុន(២៤មករា២០១៣)លើសង្វៀនTV5 Arena ម្តងហើយ ប៉ុន្តែប្រកួតមិនចប់ទឹកទេ ដោយសារពួកគេមានរបួសបែកឈាមធ្ងន់ធ្ងរទាំងពីរនាក់ ហើយត្រូវបានផ្អាកការប្រកួតក្នុងទឹកទី៣ រង់ចាំការជួបគ្នាម្តងទៀត។
អ្នកប្រដាល់ថៃម្នាក់នោះ គឺ NAMYA PA ។ ម្នាក់នេះ ធ្លាប់មកវ៉ៃនៅស្រុកខ្មែរពីរដងហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងមក ដោយជួបជាមួយផល សុផាត អ្នកប្រដាល់ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ កាលណោះ NAMYAPAយកឈ្នះផលសុផាតដោយពិន្ទុ ។ លើកទី២ជួបវង្សណយនេះ ដែលប្រកួតមិនចប់នោះ។ ដូច្នេះNAMYAPA គេមិនខ្សោយនោះទេ។
NAMYAPAមានប្រវត្តិប្រកួតចំនួន ៣៨ ដង ឈ្នះ២៦ ដង ចាញ់ ៩ដង និង ស្មើ ៣ ដង ហើយធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន ១០ ដង ។ ទោះជាយ៉ាងណា NAMYAPA នេះ ប្រហែលជាឧបសគ្គសំរាប់វង្ស ណយហើយ ក្នុងការដណ្តើមជ័យជំនះនោះ ព្រោះថាអ្នកដែលអាចធ្វើឲ្យវង្ស ណយមានរបួសបាន គឺមិនធម្មតានោះឡើយ។ វង្ស ណយ នៅក្នុងស្រុកគឺពិបាករកដៃគូប្រកួតជាមួយណាស់។ អ្នកប្រដាល់រូបនេះ ប្រកួតជាមួយអ្នកប្រដាល់បរទេសលើកចុងក្រោយ គឺឈ្នះOdisorn Sombath អ្នកប្រដាល់ថៃក្នុងទឹកទី២ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៣។ ចាំមើល តើ វង្ស ណយ គេអាចយកឈ្នះNAMYAPA បានឬអត់ ?។
អ្នកប្រដាល់ចិន ដែលមកជួបប្រកួតជាមួយលៀង ស៊ីពេជ្រ គេមានឈ្មោះAR FORK ដោយប្រកួតក្នុងប្រភេទទម្ងន់៦៥គ.ក្រ។ តាមលោកសេង កដិកា អគ្គនាយករងTV5និងជាអ្នកចាត់ចែងកម្មវិធីប្រដាល់អន្តរជាតិនេះ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា AR FORK អ្នកប្រដាល់ចិនម្នាក់នេះ ធ្លាប់ប្រកួតបាន៦៥ដង ក្នុងនោះវាយឈ្នះបាន៤២ដង ចាញ់២៨ ដង ស្មើ២ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន១២ដង។
ទោះបីជាមានប្រវត្តិប្រកួតច្រើនបែបនេះក្តី ក៏លៀង ស៊ីពេជ្រ គេមិនញញើតប៉ុនសសៃសក់នោះដែរ។ ស៊ីពេជ្រ នៅកោះកុង គេធ្លាប់ឈ្នះអ្នកប្រដាល់បរទេសច្រើននាក់ហើយ ដូច្នេះជួបអ្នកប្រដាល់ចិននេះ អាចថាស៊ីពេជ្រស៊ីផុយហើយ?។
ពេជ្រ សីហា អ្នកប្រដាល់ជើងខ្លាំងមកពីក្លិបក្រសួងការពារជាតិ នឹងត្រូវប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះPech Soriya ដោយប្រកួតក្នុងប្រភេទទម្ងន់៦៧គ.ក្រ។
Pech Soriyaនេះ ធ្លាប់មកវ៉ៃនៅស្រុកខ្មែរ កាលពីពេលកន្លងមក គឺធ្លាប់វ៉ៃចាញ់បឺត ខាំ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាក្នុងទឹកទី៣។ អ្នកប្រដាល់ថៃម្នាក់នេះ មានប្រវត្តិប្រកួតច្រើនគួរសមដែរ គឺចំនួន៦៧ដងឯណោះ។ ក្នុងនោះ វាយឈ្នះ ៤០ ដង ចាញ់ ២៩ ដង និង ស្មើ ២ដង ហើយធ្លាប់វ៉ៃគូប្រកួតឲ្យសន្លប់ចំនួន ១៥ ដង។
ក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុក គេមិនហ៊ានទស្សន៍ទាយមុនថា អ្នកណាឈ្នះអ្នកណាចាញ់នោះទេ រវាងពេជ្រ សីហា និង Pech Soriya នេះ។ សីហាប្រកួតជាមួយបរទេសលើកចុងក្រោយ គឺវាយចាញ់Phing Lek Sitphantou អ្នកប្រដាល់ជនជាតិថៃដោយពិន្ទុ។
ឃីម ឌីម៉ា ដែលជាជើងចាស់ដែរនោះ ត្រូវប៉ះជាមួយអ្នកប្រដាល់ថៃឈ្មោះThang Lumgpakun ក្នុងទម្ងន់៦០គ.ក្រ។ Thang Lumgpakun នេះ ពុំដែលមកប្រកួតនៅស្រុកខ្មែរទេកន្លងមក។
Thang Lumgpakun នេះ មានប្រវត្តិប្រកួត ចំនួន៦០ដង ក្នុងនោះវាយឈ្នះ៣៦ដង ចាញ់២៦ដង ស្មើ១ ហើយធ្លាប់ផ្តួលដៃគូប្រកួតអោយសន្លប់ចំនួន១១ដង។
នេះជាលើកទី៧របស់ឃីម ឌីម៉ាហើយ ដែលប្រកួតប៉ះជាមួយអ្នកប្រដាល់ថៃនោះ។ ជួបថៃ ឃឹមឌីម៉ាប្រកួតចាញ់តិចណាស់ ដែលចុងក្រោយនេះគេផ្តួលអ្នកប្រដាល់ថៃ Chhat Chhay Noy ក្នុងទឹកទី៣។ ចាំមើល លើកនេះឌីម៉ា អាចយកឈ្នះ Thang Lumgpakun បានឬអត់?៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|



























