វិស័យកីឡាអាចមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខបាន គឺអាស្រ័យដោយសារអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយដល់មហាជនទួទៅឲ្យយល់ដឹងពីអត្ថប្រយោជន៍របស់កីឡា ហើយទាក់ទាញឲ្យគេចូលរួមជាមួយកីឡា។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយបែបនេះ នៅក្នុងពេលចូលរួមបិទវគ្គវគ្គសិក្ខាសាលា ស្ដីពីរបៀបរាយការណ៍ព័ត៌មានកីឡា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ។ លោកបានបញ្ជាក់ថា សារព័ត៌មានគឺជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡា ព្រោះអ្នកសារព័ត៌មានមានតួនាទីជាអ្នកចម្លងពី កីឡាទៅដល់មហាជន ដើម្បីឲ្យមហាជនចូលរួមលើកកម្ពស់វិស័យកីឡា។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ទៀតថា ក្នុងវិស័យកីឡាអ្នកសារព័ត៌មានគួរតែដឹងច្បាស់ថាមនុស្សណាដែលជាគន្លឹះ ដែលត្រូវទាក់ទងដើម្បីដឹងពីព័ត៌មានច្បាស់លាស់ពីជំនាញកីឡា ដែលដំបូងបង្អស់គឺគ្រូបង្វឹកផ្ទាល់ តាមរយៈការទំនាក់ទំនងជាបុគ្គលនិងបុគ្គល ព្រោះគ្រូបង្វឹកជាអ្នកមានបច្ចេកទេស បទពិសោធន៍ ចិត្តសាស្ត្រ និងជាមិត្តភ័ក្ដិរបស់កីឡាករផងដែរ។ ទន្ទឹមនេះ អ្នកសារព័ត៌មានក៏ត្រូវតែមានចំណេះដឹងជាមូលដ្ឋាន ពីបច្ចេកទេសកីឡាផងដែរ ទើបការផ្សព្វផ្សាយពីកីឡាត្រូវទៅតាមជំនាញច្បាស់លាស់។ ជាមួយនេះ សារព័ត៌មានអាចធ្វើការរិះគន់កីឡា ដើម្បីភាពរីកចម្រើនផងដែរ។
គួរបញ្ជាក់ថា វគ្គសិក្ខាសាលាស្ដីពីរបៀបរាយការណ៍ព័ត៌មានកីឡាដែលរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានរយៈពេលបីខែ ដោយចែកចេញជា ៣ វគ្គដែលវគ្គទី ១ មានរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១១-១២ធ្នូ ២០១២។ វគ្គទី ២ធ្វើនៅ ថ្ងៃទី១៤-១៥មករា ២០១៣ និង វគ្គទី ៣ ធ្វើនៅថ្ងៃទី ១៤-១៥កុម្ភៈ ២០១៣។ មានសិក្ខាកាមដែលជាអ្នកយកព័ត៌មានកីឡា រាយការណ៍ព័ត៌មានកីឡា និពន្ធព័ត៌មានកីឡាចំនួន៣៩នាក់មកពីអង្គភាពគេហទំព័រចំនួន ៤ កាសែតចំនួន ៨ និង ទូរទស្សន៍ចំនួន ៩ បានចូលរួមក្នុងសិក្ខាសាលានេះ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























