*ស៊ីថាសារ៉ាន់ចាញ់យ៉ាមពិសិដ្ឋទៀត
ចៅ ផលឌឿ អ្នកប្រដាល់ក្លិបតេជ្ជៈរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តក្រចេះ ដែលឡើងសងសឹក ឡេះ តើក អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា នៅលើសង្វៀនបាយ័នបឹងស្នោរ នាថ្ងៃសុក្រទី១៥ ខែកុម្ភៈ ឆ្នាំ២០១២នោះ គឺបានត្រឹមស្មើតែប៉ុណ្ណោះ។
នៅក្នុងស្ថានភាពប្រកួតប្រាំទឹករបស់ពួកគេទាំងពីរនេះ ផលឌឿ មានប្រៀបឈ្នះបន្តិចបន្តួចប៉ុណ្ណោះ។ ទាំងឡេះ តើក ទាំងចៅ ផលឌឿ សុទ្ធតែវាយគ្មានក្បាច់ណាច្បាស់លាស់នោះឡើយ។ ការប្រកួតក្នុងទឹកដំបូង ពួកគេសាកល្បងជើងគ្នា ដោយទាត់ផ្តួលជើងក្រោមដូចគ្នា ហើយក្នុងទឹកបន្តបន្ទាប់អ្នកទាំងពីរសម្រុកវាយគ្នាម្តងម្នាក់ៗ ដែលពេលខ្លះឡេះ តើក លោតទាត់សឹងតែផុតធ្លាក់ពីលើរេញថែមទៀត។
ទោះជាយ៉ាងណា ការប្រកួតរបស់ពួកគេទាំងពីរនាក់នេះ ពុំមានវាយត្រូវគ្នាឲ្យឃើញត្រូវចំគោលដៅសំខាន់ណាមួយឡើយ។ ដូច្នេះហើយ ទើបចប់ការប្រកួត ពួកគេបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
ស៊ីថា សារ៉ាន់ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលឡើងប្រកួតសងសឹកយ៉ាម ពិសិដ្ឋ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាដែរនោះ ក៏មិនបានសម្រេចដែរ។ ក្រោយពីប្រកួតប្រាំទឹកនោះ សារ៉ាន់ចាញ់យ៉ាម ពិសិដ្ឋ ដោយពិន្ទុ។ កាលពីប្រកួតគ្នាលើកមុន ស៊ីថា សារ៉ាន់ ក៏ចាញ់ពិសិដ្ឋដោយពិន្ទុដែរ។
សារ៉ាន់ ប៊ិះតែត្រូវយ៉ាម ពិសិដ្ឋ ផ្តួលឲ្យចុះចាញ់នៅក្នុងទឹកទី៣ទៅហើយ នៅក្នុងពេលដែលពិសិដ្ឋ ដាល់ត្រូវកណ្តាលមុខរបស់គេនោះ តែក្រោយពីអាជ្ញាកណ្តាលរាប់ដល់៨ គេបន្តការប្រកួតទៀតបាន។
នៅដើមទឹកទី៤ សារ៉ាន់មានឱកាសវាយផ្ដួលពិសិដ្ឋវិញបាន ប៉ុន្តែបែរជាធ្វើឲ្យបាត់បង់ឱកាសទៅវិញ ហើយនៅចុងទឹកដដែលនេះ គេត្រូវយ៉ាម ពិសិដ្ឋ ដាល់ត្រូវមុខឡើងចង់ដាច់ផ្ងារក្រោយថែមទៀត។
និយាយរួម ស៊ីថា សារ៉ាន់ គេមានចិត្តតូចស្រាប់ផង ហើយណាមួយគេរាងអន់ខ្សោយកម្លាំងកាយសម្បទាថែមទៀត ទើបមិនអាចសងសឹកពិសិដ្ឋបានសម្រេច ដោយចាញ់ពិន្ទុពិសិដ្ឋម្តងទៀត។
ឈិន ក្វាន់ង៉ុយ អ្នកប្រដាល់ក្លិបម្កុដរាជសីហ៍ បានបំបាក់ សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ឲ្យសន្លប់នៅក្នុងទឹកទី៣។
សុខ វិរៈ ប្រកួតមិនបានកន្លះទឹកទី១ផង ត្រូវអាជ្ញាកណ្តាលរាប់៨ទោហើយ ដោយសារត្រូវមួយជង្គង់របស់ក្វាន់ង៉ុយ អុកត្រូវចំចុងដង្ហើមនោះ។
វិរៈ បានឆ្លងផុតទឹកទី១និងទឹកទី២ ទាំងលំបាក។ ប៉ុន្តែនៅក្នុងទឹកទីបីវិរៈ ចៀសមិនផុតពីសន្លប់នោះឡើយ បន្ទាប់ពីក្វាន់ង៉ុយដាល់ត្រូវមុខមួយដៃ។ ទោះជាយ៉ាងណា មួយដៃរបស់ក្វាន់ង៉ុយនេះ មិនមានលក្ខណៈធ្ងន់ធ្ងរ ដែលធ្វើឲ្យវិរៈសន្លប់នោះទេ។ តែនេះ មកពីវិរៈអន់ខ្សោយស៊ុហ្វ គួបផ្សំនឹងមានចិត្តតូចស្រាប់ផង ក៏ដេកលែងក្រោកបន្តការប្រកួតតែម្តងទៅ។
ហែម ថង អ្នកប្រដាល់ក្លិបកងទ័ពឆត្រយោង៩១១ ត្រូវផង់ សុភ័ស្ស អ្នកប្រដាល់ក្លិបតេជ្ជៈរាជសីហ៍ខេត្តរតនគិរី វាយឲ្យសន្លប់ក្នុងទឹកទី៣។
ផង់ សុភ័ស្ស នៅក្នុងទឹកទី២ស្មានតែត្រូវចាញ់ទៅហើយ ព្រោះត្រូវហែម ថង វាយកែងត្រូវក្បាល បណ្តាលឲ្យបែកចេញឈាមយ៉ាងច្រើន ហើយហូរកាត់ភ្នែកថែមទៀត។
ប៉ុន្តែចូលដល់ទឹកទី៣ សុភ័ស្សបានសម្រុកវាយទៅលើហែម ថង និងបានដាល់ចុងដង្ហើមថងមួយដៃ ធ្វើឲ្យហែម ថង ដួលសន្លប់លែងក្រោក៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|
























