*ជិន រ៉ា សាកកណ្ដាប់ដៃជាមួយសេរី រតនា
នន់ ជំនិត អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នឹងឡើងប្រកួតសងសឹកឯម វុត្ថា អ្នកប្រដាល់ក្លិបគ្រុឌមានជ័យ នាថ្ងៃអាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅលើសង្វៀនបាយ័នបឹងស្នោរ។
ជើងខ្លាំងទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាពីរដងហើយកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១១ និងម្តងទៀតជួបគ្នានាថ្ងៃទី៤សីហា២០១២ ដែលពីរលើកនេះជួបគ្នានៅលើសង្វៀនបាយ័នបឹងស្នោរ ហើយជំនិតបានវាយចាញ់ឯម វុត្ថា ដោយពិន្ទុទាំងពីរលើក។
ឯម វុត្ថា យកឈ្នះនន់ ជំនិត ដោយសារស្នៀតជង្គង់និងកែង តែប៉ុណ្ណោះ។ បើនិយាយពីកណ្តាប់ដៃ វុត្ថាមិនឈ្នះកណ្តាប់ដៃរបស់ជំនិតទេ។ កណ្តាប់ដៃជំនិតលឿន រហ័ស និងមានសន្ទុះខ្លាំង។
ទោះជាធ្លាប់ឈ្នះនន់ ជំនិត ពីរដងហើយក៏ដោយ ក៏ឯម វុត្ថាមិនអាចមើលងាយជំនិតបានដែរ សំរាប់ការជួបសងសឹកគ្នាលើកនេះ។ ជំហរប្រកួតរបស់នន់ ជំនិត រឹងមាំណាស់ ដែលឯម វុត្ថា មិនអាចប្រើស្នៀតទាត់បំបាក់ជំហរគេបាននោះឡើយ។ ហើយវុត្ថា ក៏មិនត្រូវប្រហែសជាមួយកណ្តាប់ដៃរបស់ជំនិតបានដែរ បើពុំនោះសោតគេ(វុត្ថា) អាចសន្លប់បាន។
ឯម វុត្ថា ពេលនេះមិនដឹងថាគេនៅប្រកួតល្អទៀតដែរឬអត់ទេ? ព្រោះក្រោយពីគេ ប្រកួតចុងក្រោយវាយចាញ់ផល សោភ័ណ្ឌ អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២មក វុត្ថាបានផ្អាកឡើងប្រកួតរហូតមកដល់ពេលនេះ។
ចំណែកនន់ ជំនិតវិញ ការប្រកួតចុងក្រោយរបស់គេ គឺវាយចាញ់ចាន់ ប៊ុនលាភ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ដោយពិន្ទុ។ ចាំមើល តើនន់ ជំនិតអាចសងសឹកឯម វុត្ថា បានសម្រេចឬ អត់?។
សេរី រតនា អ្នកប្រដាល់ក្លិបឃ្លាំងមឿង នឹងជួបប្រកួតជាមួយ ជិន រ៉ា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ។ ពីរនាក់នេះ មិនដែលជួបគ្នាទេកាលពីពេលកន្លងមក។
ជិន រ៉ា ជាអ្នកប្រដាល់ស្រករក្រោយសេរី រតនាទេ។ ប៉ុន្តែជិន រ៉ា មានស្នៀតប្រដាល់ល្អ ទាំងកណ្តាប់ដៃ ទាំងស្នៀតជើង ហើយកម្លាំងស៊ុហ្វរបស់គេក៏ខ្លាំងរឹងមាំដែរ។
ចំពោះសេរី រតនាវិញ ស្នៀតប្រដាល់របស់គេមិនអន់ទេ និងវ៉ៃស៊ូថែមទៀត។ ប៉ុន្តែភាពខ្លាំងរបស់ប៊ុនឆៃ បានតែមួយប្រាវប៉ុណ្ណោះ ព្រោះគេមានកម្លាំងស៊ុហ្វមិនគ្រប់គ្រាន់។
រតនា ប្រកួតចុងក្រោយវាយឈ្នះវង្ស គង់រាជ អ្នកប្រដាល់ក្លិបបូរីនាគរាជ ក្នុងទឹកទី២។ រីឯជិន រ៉ា ប្រកួតចុងក្រោយវាយចាញ់លី ចំរើន អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា ដោយពិន្ទុ។ សំរាប់ការជួបគ្នាលើកនេះ មិនដឹងថាអ្នណាឈ្នះនោះឡើយ។
ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយ ជុន សាវុធ អ្នកប្រដាល់ក្លិបអូដឹមកីឡា។ ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នាឡើយពីមុនមក។
ប៊ុនឆៃ នេះ គេខានមកប្រកួតយូរខែហើយ តាំងពីប្រកួតចាញ់គង់ សំបូរ អ្នកប្រដាល់ក្លិប បូរីរាជសីហ៍មានរិទ្ធក្នុងទឹកទី២ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១២កន្លងមកនោះ។ អ្នកប្រដាល់រូបនេះ ថ្វីត្បិតតែឡើងប្រកួតមិនសូវជួបសំណាងល្អ ប៉ុន្តែគេមានស្នៀតប្រដាល់ល្អ។
ចំណែក ជុន សាវុធ វិញ គេជាអ្នកប្រដាល់ចាស់វស្សាហើយ។ ម្នាក់នេះ មានចិត្រប្រដាល់ធំ ហ៊ានហើយស៊ូចំពោះការប្រកួត។ តែកាយសម្បទារបស់គេ មើលទៅហាក់ដូចជាមិនសូវរឹងមាំនោះទេ ប៉ុន្តែពេលប្រកួតគេល្អ។ ការប្រកួតចុងក្រោយ សាវុធ វាយចាញ់អ៊ុង ស៊ីណា អ្នកប្រដាល់ក្លិបបឹងទំពុន ដោយពិន្ទុ។
រវាងស៊ឹម ប៊ុនឆៃ និង ជុន សាវុធនេះ អ្នកណាឈ្នះ អ្នកណាចាញ់ មិនអាចទាយមុនបានឡើយ ព្រោះថាពួកគែទាំងពីរនាក់នេះ វ៉ៃស្វិតស្វាញដូចគ្នា៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























