លើសង្វៀនបាយ័នបឹងស្នោរថ្ងៃសៅរ៍ទី២៩ ខែធ្នូ ឆ្នាំ២០១២នេះ ជាការប្រកួតជម្រុះជុំចុងក្រោយហើយសំរាប់ពូលA។ នៅក្នុងការប្រកួតជុំទី៥ដែលជាជុំចុងក្រោយនេះ ខុម ពិសិដ្ឋ អ្នកប្រដាល់ក្លិបអូដឹមកីឡាត្រូវជួបជាមួយនឿន សាវឌី អ្នកប្រដាល់ក្លិបអេភូថងកីឡា។ អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធជួបជាមួយសុខ ចិន្តា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ហើយសេង ហៀង អ្នកប្រដាល់ក្លិបចាក់អង្រែមានជ័យជួបង៉ែត រដ្ឋា អ្នកប្រដាល់សមាគមកីឡាក្រសួងមហាផ្ទៃ។
ក្នុងចំណោមអ្នកប្រដាល់ទាំង៦នាក់នេះ អ្នកដែលត្រូវប្រជែងគ្នាយកពិន្ទុដើម្បីបានជាប់លេខ១លេខ២ក្នុងពូលA មាន៣នាក់ គឺខុមពិសិដ្ឋ អ៊ុំ ចំរើន ង៉ែត រដ្ឋា ព្រោះពួកគេទាំង៣នាក់នេះ មាន១០ពិន្ទុដូចគ្នា។ សុខ ចិន្តា គេមាន៨ពិន្ទុ ក្នុង៤ជុំកន្លងមកនេះ។ ចំណែកសេង ហៀង និង នឿន សាវឌី ពីរនាក់នេះ ទោះជាមានសំណាងបានឈ្នះនៅជុំចុងក្រោយនេះ ក៏ជ្រុះធ្លាក់ដែរ ព្រោះនឿនសាវឌី បានតែ៦ពិន្ទុ និងសេងហៀងបាន៤ពិន្ទុ។
សំរាប់សុខ ចិន្តា បើគេអាចយកឈ្នះអ៊ុំ ចំរើនក្នុងជុំទី៥នេះក៏ដោយ ក៏មិនប្រាកដថាជាប់ចំណាត់ក្នុងពូលដែរ ត្បិតបើចំរើនចាញ់ក៏គេបាន១១ពិន្ទុស្មើនិងសុខ ចិន្តាដែរ ហើយអ៊ុំចំរើនគេនៅតែមានប្រៀបលើដដែលដោយសារចំរើនឈ្នះK.O(វាយឲ្យសន្លប់)ទឹក១ក្នុងការប្រកួតជាមួយនឿនសាវឌី។ហើយបើអ៊ុំ ចំរើនឈ្នះសុខចិន្តាវិញនោះ គេអាចជាប់លេខ១ក្នុងពូលតែម្តង ដោយសារបាន១៣ពិន្ទុហើយ ឈ្នះ K.Oទឹក១ថែមទៀត។
រវាងសុខ ចិន្តា និង អ៊ុំ ចំរើន នេះ មិនដែលជួបគ្នាឡើយកន្លងមក។ ចំរើន ជាអ្នកប្រដាល់ស្រករក្រោយចិន្តាប៉ុណ្ណោះ ប៉ុន្តែគេវ៉ៃមានផ្លែល្អជាង។ ដូច្នេះ ចាំមើលពីរនាក់នេះ តើនរណានឹងឈ្នះការប្រកួតនេះ។
ខុម ពិសិដ្ឋ គេក៏មានសង្ឃឹមច្រើនដែរ សំរាប់ទទួលចំណាត់ថ្នាក់ក្នុងពូល ព្រោះគេមាន១០ពិន្ទុហើយ ហើយបើឈ្នះនឿន សាវឌីក្នុងការប្រកួតនេះទៀតនោះ ពិសិដ្ឋក៏បាន១៣ពិន្ទុដែរ តែគេប្រហែលជាមិនបានលេខ១ក្នុងពូលទេ។ នឿន សាវឌី ទោះឈ្នះឬចាញ់ ក៏ធ្លាក់ដែរ។ ហេតុនេះសំរាប់ការប្រកួតជុំចុងក្រោយនេះ ដូចគ្រាន់តែឡើងវ៉ៃបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
ង៉ែត រដ្ឋា គេក៏មានប្រៀបឈ្នះក្នុងការប្រកួតចុងក្រោយនេះដែរ ដោយគេជួបសេង ហៀង ដែលជាអ្នកប្រដាល់ខ្សោយជាងគេក្នុងចំណោម៦នាក់នេះ និងជាអ្នកមិនដែលស្គាល់ឈ្នះក្នុង៤ប្រកួតកន្លងមក។
ប៉ុន្តែង៉ែត រដ្ឋា អាចជួបបញ្ហារឿងជាប់ធ្លាក់ ព្រោះបើឈ្នះបាន១៣ពិន្ទុដែរនោះ គេក៏ចាញ់ប្រៀបអ៊ុំ ចំរើន និងខុម ពិសិដ្ឋដែរ ដោយសាររដ្ឋាចាញ់ K.O(វ៉ៃសន្លប់) ព្រោះចំរើនមាន K.Oទឹក១ ហើយខុម ពិសិដ្ឋមាន K.Oទឹក២។ អីចឹងរដ្ឋាចង់ជាប់លេខ ទាល់តែផ្តួលសេង ហៀង អោយសន្លប់ឬចុះចាញ់ក្នុងទឹកទី១ ទើបអាចឈ្នះលើខុម ពិសិដ្ឋ។
ទោះជាយ៉ាងណា រវាងអ៊ុំ ចំរើន ខុម ពិសិដ្ឋ និងង៉ែត រដ្ឋា នេះ ពិបាកនឹងសន្និដ្ឋានថាអ្នកណាទទួលបានលេខ១ និងលេខ២ ក្នុងពូលAនេះ ដោយសារពិន្ទុប្រទាញប្រទង់គ្នា។ ប៉ុន្តែយ៉ាងណា ង៉ែត រដ្ឋា ជួបបញ្ហាលំបាកជាងគេ ឯ ខុមពិសិដ្ឋនិងអ៊ុំ ចំរើន ក៏ជួបបញ្ហាដែរប្រសិនបើគេវ៉ៃមិនឈ្នះដៃគូប្រកួតក្នុងជុំទី៥នេះទេនោះ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|
























