គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីសូត្រមន្តលើករាសី និងធ្វើពិធីជួបជុំសំណេះសំណាលជាមួយអតីតកីឡាករ-កីឡាការិនីចាស់ៗ ដែលអ្នកធ្លាប់បម្រើការងារក្នុងវិស័យកីឡា ព្រមទាំងអ្នកមានគុណបំណាច់ជាមួយនឹងកីឡា នាថ្ងៃទី១០ខែមេសា ឆ្នាំ២០១២ ។
លោក ថោងខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកប៊ុន សុខ អនុប្រធាន លោកវ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិក ព្រមទាំងអស់លោកជាអនុប្រធាន សមាជិកប្រតិបត្តិអូឡាំពិក តំណាងសហព័ន្ធជាតិ កីឡាករ-កីឡាការិនីនានា ក៏បានចូលរួមក្នុងពិធីនេះដែរ។
លោកប៊ុន សុខ បានចាត់ទុកថា កីឡាករ កីឡាការិនីចាស់ៗ នៅតែជាឃ្លាំងបទពិសោធន៍ដ៏សំខាន់ សម្រាប់ផ្ដល់ឲ្យអ្នកជំនាន់ក្រោយមិនចេះរីងស្ងួត ។ ការជួបជុំបែបនេះ គឺធ្វើរៀងរាល់ឆ្នាំមុនពេលពិធីបុណ្យចូលឆ្នាំឈានមកដល់។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកដែរថាការជួបជុំនេះវាបានក្លាយទៅជាប្រពៃណីនិងជាទម្លាប់ប្រចាំឆ្នាំមួយរបស់អូឡាំពិកកម្ពុជា។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះមានកីឡាករ-កីឡាការិនីចាស់ៗចំនួនប្រមាណ ១០រូបចូលរួម ។ កីឡាករ-កីឡាការិនីចាស់ៗទាំងនោះ រួមមានលោក ហោ វណ្ណារ៉ា អតីតកីឡាករជំរើសជាតិបាល់ទះ លោកធៀម គឹមសាន (បាល់ទះ) លោក អ៊ំ គឹមភិន អតីតកីឡាករបាល់ទាត់ លោកអ៊ាត គឹមហេង អតីតកីឡាករហែលទឹក លោកស្រី មាស ខេង អតីតកីឡាការិនី អត្តពលកម្ម លោកស្រី ដួង សាម៉ៃ អតីតកីឡាការិនីបាល់បោះ លោក កែវថុន អតីតកីឡាករអត្តពលកម្ម លោកចាយ គឹមសាយ អតីតកីឡាករអត្តពលកម្ម និងលោកអ៊ុំ សូផៃ អតីតកីឡាករបាល់បោះ ។ ជាមួយនឹងការជួបជុំនេះអូឡាំពិកកម្ពុជាក៏បានផ្ដល់នូវវត្ថុអនុស្សាវរីយ៍ព្រមទាំងឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនដល់កីឡាចាស់ៗទាំងនោះទៀតផង៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























