ព្រះសីហនុ ៖ ទូកនេសាទប្រព្រឹត្តិ បទល្មើសចំនួន២គ្រឿង ដែលត្រូវសមត្ថកិច្ចជំនាញការិយាល័យជលផលខេត្តព្រះសីហនុចាប់បានពីស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១០កន្លងទៅរួចនាំយកមករក្សាទុកក្នុងបរិវេណនៃការិយាល័យជលផលខេត្តព្រះសីហនុតំបន់ទំនប់រលកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែនៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០១០ត្រូវបានម្ចាស់ទូកល្មើសប្រមូលគ្នាកេណ្ឌបក្ខពួករបស់គេប្រមាណ៣០០នាក់មកពីស្រុកស្ទឹងហាវដោយជិះរថយន្តតូចធំចំនួន៤គ្រឿងនិងអ្នកខ្លះជិះម៉ូតូសំរុកចូលរំដោះដណ្ដើមយកវិញបានជោគជ័យប្រមូលយកទៅអស់។
ចំណែកឯមន្ត្រីជលផលប្រមាណ២ទៅ៣នាក់ដែលនៅប្រចំាការកំពង់ផែតំបន់រលកកន្លែងកើតហេតុនៅក្នុងខណៈពេលក្រុមល្មើសនាំគ្នាធ្វើសកម្មភាពដណ្ដើមយកទូកល្មើសចំនួន២គ្រឿងខាងលើពួកមន្ត្រីជលផលមិនហ៊ានធ្វើការប្រឆាំងតវ៉ាជាមួយក្រុមបក្ខពួកជនល្មើសនៅឡើយដោយសារតែក្រុមជនល្មើសមានគ្នីគ្នាច្រើនពេកគឺបណ្ដែតបណ្ដោយតាមក្រុមជនល្មើសធ្វើអ្វីៗតាមអំពើចិត្តរបស់ពួកគេ។
ក្រុមជនល្មើសក្រោយពីប្លន់ដណ្ដើមយកទូកបានសម្រេចរយៈពេល១ម៉ោងក្រោយមកក៏បាននាំគ្នាត្រឡប់ទៅវិញអស់ដោយម្នាក់បានស្រែកហ៊ោកញ្ឆៀវនៅលើរថយន្តលើម៉ូតូយ៉ាងទ្រហឹងអឺកងសំដែងពីជ័យជម្នះរបស់ពួកគេដណ្ដើមយកទូកមកវិញ។ ដែលជាវត្ថុតាងបទល្មើសនេសាទយកត្រឡប់ទៅវិញ។
មនុស្សប្រមាណចំនួន៥ទៅ៦នាក់ក្នុងចំណោមបក្ខពួកក្រុមអ្នកដំណើរយកទូកបាននិយាយប្រាប់កម្ពុជាថ្មីនៅកន្លែងកើតហេតុថាសមត្ថកិច្ចជលផលខេត្តព្រះសីហនុដែលមានទូកល្បាតលេខ១៨ឬទូកល្បាតឆ្លាមតែងតែចាប់យកទូកនេសាទរបស់ពួកគេទាំងរំលោភបំពានជំរិតទារប្រាក់និងជួនកាលចាប់យកសម្ភារៈក្នុងទូកជាច្រើនលើកយកមកដោយគ្មានប្រជានេសាទណាម្នាក់ហ៊ានធ្វើការតវ៉ាឡើយ។
លោក មូង សំអាត ប្រធានការិយាល័យជលផលខេត្តព្រះសីហនុបាននិយាយថាទូកទាំងពីរគ្រឿងខាងលើនេះប្រព្រឹត្តិ បទល្មើសនេសាទខុសច្បាប់នៃការកំណត់ដែននេសាទទើបត្រូវសមត្ថកិច្ចល្បាតធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯកសារបទល្មើសទូកទាំងពីរគ្រឿងខាងលើត្រូវបានមន្ត្រីរបស់លោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុតាំងពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១០រួចរាល់ហើយដូចនេះការទាមទារទូកល្មើសត្រឡប់ទៅវិញឬយ៉ាងណានោះគឺអាស្រ័យទៅលើស្ថាប័នតុលាការជាអ្នកសម្រេចសម្រាប់មន្ត្រីជលផលហួសភារកិច្ចហើយ៕

































