ពោធិ៍សាត់ ៖ រឿងចៃដន្យកម្រជួបមួយបានកើតឡើងស្ទើរតែមិនជឿ ដោយបុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់ទៅយកដើមឈើដែលអាររួចទុករយៈពេល៧ថ្ងៃ ត្រូវឈើនោះរមៀលចូលក្នុងបាតអូរបោកត្រូវកញ្ចឹង.ក និងក្បាលរបស់គាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចអូរជំរំចិន ក្នុងភូមិអន្សាក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងតាមរយៈឈ្មោះ ង៉ោល ត្រូវជាក្មួយជនរងគ្រោះថា បុរសរងគ្រោះឈ្មោះ ម៉ង ធឿន អាយុ៦៤ឆ្នាំ រស់នៅភូមិកើតហេតុ ហើយនៅមុនពេលកើតហេតុឪពុកមា ដែលជាជនរងគ្រោះបានហៅរូបគេ(ឈ្មោះង៉ោល) ឲ្យទៅជួយ លើកឈើមួយដើមមុខកាត់ប្រហែល២តឹក ដែលកាត់ចុងនិងដើមទុករយៈពេលមួយអាទិត្យមកហើយ នៅចំណុចអូជំរំចិនចម្ងាយប្រមាណជាមួយគីឡូម៉ែត្រពីផ្ទះ។ ពេលនោះរូបគេជាក្មួយ និង មាក៏ទៅទីនោះ ដោយខ្លួនដើរខាងលើ ឯឪពុកមារងគ្រោះដើរក្នុងបាតអូ ប៉ុន្តែខ្លួនមិនទាន់នឹងដើរទៅដល់ផង(ខុសគ្នាប្រហែល១០ម៉ែត្រ) ក៏ឮដើមឈើដែលកាត់ទុក ហើយត្រូវទៅយកនោះ ធ្លាក់មកក្នុងអូបោកចំកញ្ចឹង.កនិងក្បាលជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង។ សមត្ថកិច្ចបន្តថា ពេលមានហេតុការណ៍នេះភ្លាម ក្រុមគ្រួសារជនរងគ្រោះក៏ផ្ដល់ដំណឹងជូនសមត្ថកិច្ច លុះពេលសមត្ថកិច្ចមកដល់ក៏ធ្វើការពិនិត្យឃើញថាពិតជាស្លាប់ដោយសារឈើធ្លាក់លើពិតមែន៕
លានគ្រន































