ភ្នំពេញ ៖ តារាចម្រៀងនិងសម្តែងដែលមានប្រជាប្រិយភាពគួរសមដែរនោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីរកឃើញថា តារាចម្រៀងរូបនេះ បានបិទកែស្លាកលេខរថយន្ត របស់ខ្លួនក្នុងចេតនាបំភ័ន្តភ្នែកសមត្ថកិច្ច នៅពេលដែលរថយន្តមានបញ្ហាអ្វីម្តងនោះ ដោយហេតុនេះហើយទើប សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅថ្នាក់លើ ដើម្បីរកឲ្យឃើញការពិត ថាតើតារាចម្រៀងរូបនេះមានចេតនាចង់ធ្វើអ្វីពិត ប្រាកដនោះ។
ការឃាត់ខ្លួនតារាចម្រៀងរូបនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទីល្ងាចថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៣ស្ថិតនៅបរិវេណសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈពេលនាងមកបំពេញឯកសារនិងលិខិតស្នាមផ្សេងៗជាមួយអាជ្ញាធរសង្កាត់ទីនោះ។ រថយន្តដែលជាប់ពាក់ព័ន្ធនឹងការបិទស្លាកលេខក្លែងក្លាយនេះ ម៉ាកលុចស៊ីស៤៧០ពណ៌ខ្មៅ ដែលមានស្លាកលេខពិតប្រាកដភ្នំពេញ 2H-9882 តែត្រូវបានបិទក្លែងមកជាភ្នំពេញ 2H-8882 ទៅវិញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា តារាចម្រៀង កុល ដាវី បានជូនសាច់ញាតិក្រុមគ្រួសារមកបំពេញឯកសារចុះបញ្ជីអត្រានុកូលដ្ឋានដោយចតរថយន្តទុកនៅមុខសាលាសង្កាត់ ហើយប៉ូលិសចរាចរក៏មានការិយាល័យនៅក្នុងបរិវេណសាលាសង្កាត់នោះដែរ។ គ្រាន់តែក្រឡេកឃើញរថយន្តនោះភ្លាមសមត្ថកិច្ចជំនាញបានដឹងថា ជាស្លាក រថយន្តក្លែងក្លាយ រួចក៏បានរាយការណ៍ទៅថ្នាក់លើដើម្បីសុំគោលការណ៍ឃាត់ខ្លួន។ ភ្លាមៗនោះតារាចម្រៀង រូបនេះ បានបដិសេធថា ខ្លួនពុំមានចេតនាបិទស្លាកលេខរថយន្តឲ្យទៅស្លាកលេខក្លែងក្លាយបែបនេះទេ តែការ បិទស្លាកលេខបែបនេះ គឺក្មេងៗបិទលេងតែប៉ុណ្ណោះ ទោះជាយ៉ាងក៏ដោយសមត្ថកិច្ចជំនាញមិនបានយកចិត្តទុក ដាក់ និងពាក្យដោះសារបស់នាងនោះឡើយ ពោលគឺបានបញ្ជូនទាំងមនុស្សនិងរថយន្តទៅថ្នាក់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
សមត្ថកិច្ចបានលើកឡើងថា ការដែលនាងបិទស្លាកលេខរថយន្តក្លែងក្លាយបែបនេះ គឺមានចេតនាបំភ័ន្តភ្នែកសមត្ថកិច្ច ជាពិសេសនៅពេលដែល រថយន្តនោះមានបញ្ហាគ្រោះថ្នាក់ចរាចរជាដើមពីព្រោះងាយស្រួលរត់គេច ពីភ្នែកសមត្ថកិច្ច ។ តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលដឹងហេតុការណ៍នេះបានលើកឡើងថា ចំពោះតារាចម្រៀងស្រីៗរូបស្រស់ ដូចជានាងកុល ដាវី នេះជាដើមប្រហែលជាមិនត្រូវបានគេដាក់ពិន័យធ្ងន់ធ្ងរ ឬឃាត់ខ្លួន យូរថ្ងៃនោះបានទេ ព្រោះកន្លងមកគេក៏ធ្លាប់ដឹងឭដែរ ដូចជាករណីអ្នកនាង វ៉ាង ស្រីណូ ជាដើម៕
វិទូ

































