ភ្នំពេញ ៖ ប្រធានក្រុមហ៊ុនឯកជនមួយ និងចាងហ្វាងកាសែតក្នុងស្រុកម្នាក់ត្រូវបាននាំខ្លួនមកឡើងសវនាការកាត់ទោសជាសាធារណៈកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទសមគំនិតប្ដឹងបរិហារដោយភូតកុហក, ក្លែងឯកសារ, ប្រើប្រាស់ឯកសារក្លែង, ប្ដឹងបរិហារបង្កាច់កេរ្ដិ៍ និងថតសំឡេងសន្ទនាឯកជន។
ជនជាប់ចោទទាំង២នាក់ខាងលើរួមមានលោក ហង្ស ចំរើន ចាងហ្វាងកាសែតពន្លឺសាមគ្គី មានអាសយដ្ឋាននៅខេត្តកំពង់ស្ពឺ និងលោក ផៃ ប៊ុនធឿន ប្រធានកិត្តិយសក្រុមហ៊ុនឯកជនមួយមានអាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនត្រូវចោទទាំង២នាក់ ត្រូវតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០១២កន្លងទៅក្រោយពីពួកគេបានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ដោយមិនធុនទ្រាន់ចំនួន៦ដងទៅអង្គភាពប្រឆាំងអំពើពុករលួយមានកម្មវត្ថុប្ដឹងមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ និងប្ដឹងអតីតប្រធានគណៈមេធាវីចោទពីបទពុករលួយបន្ទាប់ពីតុលាការតាំងពីថ្នាក់ក្រោមរហូតដល់តុលាការកំពូលបានកាត់ក្ដីឲ្យឈ្មោះ ហង្ស ចំរើន ចាញ់ក្ដីម្ចាស់លំនៅដ្ឋានមួយក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលមានមន្ទិលសង្ស័យ ថា មន្ត្រីតុលាការទទួលសំណូកម្ចាស់ផ្ទះដែលខ្លួនធ្វើកិច្ចសន្យាសាងសង់ជាមួយ។
នៅក្នុងអង្គសវនាការព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានតុលាការរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ និងលោកស្រីព្រះរាជអាជ្ញារង ស៊ឺ វ៉ាន់នី ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់លោក ហង្ស ចំរើន ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែងក្លាយ ប្ដឹងបរិហារដោយភូតកុហក ប្ដឹងបរិហារបង្កាច់កេរ្ដិ៍ និងថតសំឡេងសន្ទនាឯកជន។ ចំណែកលោកផៃ ប៊ុនធឿន ត្រូវបានចោទប្រកាន់ពីបទសមគំនិតនូវបទចោទប្រកាន់ខាងលើដូចគ្នា។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើឈ្មោះ ហង្ស ចំរើន បានឆ្លើយបំភ្លឺអង្គសវនាការថា នៅអំឡុងឆ្នាំ២០០៥-២០០៦ ខ្លួនបានធ្វើកិច្ចសន្យាម៉ៅការសាងសង់ផ្ទះ២ល្វែងមានកម្ពស់៣ជាន់កន្លះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរផ្សារប៉េសេ ជាមួយនឹងឈ្មោះ យ៉ង់ ប្រ៉េម។ ក្រោយបញ្ចប់ការសាងសង់ឈ្មោះ យ៉ង់ ប្រ៉េម បានស្លាប់ ប៉ុន្តែមិនទាន់បានទូទាត់ថ្លៃសាងសង់គ្រប់ចំនួននៅឡើយ ហើយករណីនេះដោយគ្មានទទួលខុសត្រូវខ្លួនក៏បានប្ដឹងមកតុលាការគ្រប់ជាន់ថ្នាក់ដើម្បីទាមទារប្រាក់ថ្លៃសាងសង់ ប៉ុន្តែគ្រប់តុលាការតាំងពីក្រោម រហូតដល់តុលាការកំពូលបានកាត់ក្ដីឲ្យខ្លួនចាញ់ទើបខ្លួនបានពឹងពាក់ឲ្យមេធាវីឈ្មោះ គួយ ធនណា និងឈ្មោះ ផៃ ប៊ុនធឿន រៀបចំឯកសារមួយចំនួនដើម្បីប្ដឹង។ ក្នុងនោះឈ្មោះ ផៃ ប៊ុនធឿន បានជួយសរសេរលិខិតសុំអន្តរាគមន៍មកលោកមេធាវី គី តិច ដើម្បីធ្វើការសម្របសម្រួល និងយកទៅដាក់ការិយាល័យមេធាវី គី តិច ផងដែរ។ ចំពោះការប្ដឹងមន្ត្រីតុលាការនោះខ្លួនបានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយចំនួន៦ដង ហើយអង្គភាពក៏បានកោះហៅខ្លួនឲ្យចូលបំភ្លឺជាបន្តបន្ទាប់ដែរ ហើយចុងក្រោយស្រាប់តែត្រូវឃាត់ខ្លួនបញ្ជូនមកតុលាការតែម្ដង។
ចំណែកឈ្មោះ ផៃ ប៊ុនធឿន បានឆ្លើយបំភ្លឺៗថាខ្លួនពិតជាជួយសរសេរព្រាងលិខិតឲ្យឈ្មោះ ហង្ស ចំរើន ដាក់ពាក្យទៅសុំអន្តរាគមន៍ពីលោកមេធាវី គី តិច មែនប៉ុន្តែឃាត់ឃាំងមិនឲ្យឈ្មោះ ហង្ស ចំរើន ដាក់ពាក្យប្ដឹងមន្ត្រីតុលាការទេ។ ចំពោះលិខិតកិច្ចសន្យាសាងសង់រវាងឈ្មោះ ហង្ស ចំរើន និងឈ្មោះ យ៉ង់ ប្រ៉េម គឺខ្លួនគ្រាន់តែរៀបចំឲ្យឈ្មោះ ហង្ស ចំរើន មានរបៀបរៀបរយក្នុងការចូលឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយតែប៉ុណ្ណោះ។
ក្រៅពីការឆ្លើយបំភ្លឺរបស់ជនជាប់ចោទនៅតុលាការ ក៏សាក្សីមួយចំនួនបានចូលមកឆ្លើយបំភ្លឺអំពីករណីនេះផងដែរ ក្នុងនោះមានលិខិតឆ្លើយបំភ្លឺរបស់លោកមេធាវីគួយ ធនណា បានបញ្ជាក់ថា ក្រោយពីរកឯកសារដើមនៃកិច្ចសន្យាសាងសង់ផ្ទះរវាងឈ្មោះ ហង្ស ចំរើន និងឈ្មោះ យ៉ង់ ប្រ៉េម ពុំមានគឺខ្លួនមិនធ្វើជាមេធាវីការពារឲ្យហង្ស ចំរើនក្នុងរឿងនេះព្រោះឯកសារកិច្ចសន្យាដែលឈ្មោះ ហង្ស ចំរើន បង្ហាញគឺជាឯកសារកាត់តថតចម្លងមិនអាចប្រើប្រាស់បានឡើយ។
ចំណែកលោក គា សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយបំភ្លឺថា អង្គភាពបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ហង្ស ចំរើនចំនួន៦ដង ដែលប្ដឹងមន្ត្រីតុលាការ ប្ដឹងមេធាវី ពីបទពុករលួយ។ ក្នុងនោះបន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមិនឃើញមានបទល្មើសដូចបណ្ដឹង អង្គភាពក៏បានប្រាប់មកលោក ហង្ស ចំរើន ឲ្យដកពាក្យបណ្ដឹងវិញឬក៏បន្តទៀត ប៉ុន្តែលោក ហង្ស ចំរើនមិនព្រមឈប់ហើយនៅតែប្ដឹងម្ដងហើយម្ដងទៀតបង្កការរំខាន និងការចំណាយថវិកាដើម្បីការបើកការស៊ើបអង្កេត ក្នុងនោះដែរ អង្គភាពក៏បានរកឃើញពីភាពមិនប្រក្រតីមួយចំនួនតាមរយៈចម្លើយរបស់លោក ហង្ស ចំរើន និងឯកសារកិច្ចសន្យាសាងសង់ជាដើម ដែលគេបានយកមកកាត់តថតចម្លងធ្វើជាកម្មវត្ថុក្នុងការប្ដឹង និងប្ដឹងមន្ត្រីរាជការខុសពីការពិត ទើបអង្គភាពបានសម្រេចចាត់បញ្ជូនលោក ហង្ស ចំរើន មកតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែក ឈ្មោះ ផៃ ប៊ុនធឿន គឺគ្រាន់តែហៅមកសួរក្នុងនាមសាក្សីប៉ុណ្ណោះ ប៉ុន្តែចំណាត់ការរបស់តុលាការយ៉ាងណានោះជាកិច្ចការរបស់តុលាការ។
ក្រោយបញ្ចប់ការសាកសួរនៅវេលាម៉ោង១៣រសៀល ថ្ងៃដដែលនេះតំណាងអយ្យការអមតុលាការបានធ្វើសេចក្ដីសន្និដ្ឋានរក្សាទុកនូវបទចោទប្រកាន់លើឈ្មោះ ហង្ស ចំរើន និងផៃ ប៊ុនធឿន ទុកជាធរមានគ្រាន់តែកែប្រែត្រង់ចំណុចប្រើប្រាស់ឯកសារក្លែងប៉ុណ្ណោះ។
ចំណែកមេធាវីការពារក្ដីឲ្យជនជាប់ចោទបានលើកឡើងថា កូនក្ដីរបស់គាត់គ្មានកំហុសនៅក្នុងការប្ដឹងនេះទេ ហើយទាមទារឲ្យចៅក្រមជំនុំជម្រះដោះលែងជនជាប់ចោទឲ្យមានសេរីភាពវិញ។
បន្ទាប់ពីស្ដាប់សេចក្ដីសន្និដ្ឋានរបស់មេធាវីនិងសំណូមពរចុងក្រោយរបស់ជនត្រូវចោទ ចៅក្រមជំនុំជម្រះបានសម្រេចលើកយករឿងក្ដីនេះទៅប្រកាសសាលក្រមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខ៕
មករា
































