ភ្នំពេញ ៖ លោក នួន វុទ្ធី អាយុ៤០ឆ្នាំ ដែលគេស្គាល់ថាជាតំណាងរាស្ត្រគណបក្សសមរង្ស៊ី ម្នាក់មានទីលំនៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានផ្ទុះអាវុធខ្លី១គ្រាប់កាលពីវេលាម៉ោង១៩និង៥០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយសារតែគាត់ខឹងគេបើកឡានប៉ះពារឡានរបស់គាត់បន្តិចបន្តួចប៉ុណ្ណោះ។
ប៉ូលិសមូលដ្ឋានបាននិយាយថា នៅមុនពេលដែលគាត់ផ្ទុះអាវុធនោះ ដំបូងលោកតំណាងរាស្ត្រ នួន វុទ្ធី បានធ្វើដំណើរដោយរថយន្តឡង់គ្រីស័រមួយគ្រឿងពាក់ស្លាកលេខរដ្ឋសភា.៤.២.០៩៥ ជិះតែម្នាក់ឯងតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកអាតូហ ពាក់ស្លាកលេខភ្នំពេញ 2N-2171 បើកបញ្ច្រាសទិសគ្នា មកប៉ះរថយន្តរបស់គាត់ ហើយក៏បានបន្តបកទៅមុខទៀត ដែលលោកតំណាងរាស្ត្រចោទប្រកាន់ថា ជាចេតនាបើករត់គេចខ្លួនមិនទទួលសុខត្រូវពេលនោះគាត់ក៏បើករថយន្តប្រដេញតាមក្រោយមកទាន់នៅម្ដុំផ្លូវបេតុង ២៨គ្រួសារ ជិតបុរីពិភពថ្មី គោកឃ្លាង ហើយបានដកកាំភ្លើងខ្លីបាញ់១គ្រាប់គំរាមឲ្យរថយន្តនោះឈប់ដោះស្រាយគ្នា។
ភ្លាមៗនោះលោកម៉ក់ ហុង អធិការខណ្ឌសែនសុខក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលដោះស្រាយបញ្ហាទំនាស់នេះ ដោយដកហូតអាវុធខ្លីម៉ាកឡុកពីលោកតំណាងរាស្ត្រនិងរថយន្តសងខាងយកទៅអធិការដ្ឋានដើម្បីពិភាក្សាសម្របសម្រួលគ្នាបញ្ចប់រឿង។
ជាលទ្ធផលលោកតំណាងរាស្ត្រទំនងជាដឹងថាជ្រុលខ្លួនខុសរឿងផ្ទុះអាវុធខ្លីខុសច្បាប់ក៏សម្រេចមិនយកសំណងអ្វីពីលោក ហុក សុផាត អាយុ៣៥ឆ្នាំជាម្ចាស់រថយន្តម៉ាក អាតូហនោះឡើយ គឺយករួចខ្លួនសងខាង។
លោក ម៉ក់ ហុងបានមានប្រសាសន៍ថា យើងមិនអាចឃាត់លោកតំណាងរាស្ត្រនោះបានទេ ដោយសារតែគាត់មានសិទ្ធិប្រើប្រាស់អាវុធខ្លី ហើយគាត់បាញ់១គ្រាប់ទៅលើដើម្បីសុំអន្តរាគមន៍ តែបើគាត់បាញ់បង្កឲ្យមានរបួសស្នាមលើអ្នកដទៃវិញយើងនឹងឃាត់ខ្លួនគាត់៕
សឿន






























