សៀមរាប ៖ ក្មេងស្ទាវមួយក្រុម បានបង្ករបួសស្នាម បែកក្បាលហូរឈាមស្រោចខ្លួន រត់ទៅរកប៉ូលិសប៉ុស្តិ៍រដ្ឋបាលដោះស្រាយ តែប៉ូលិសឈឺក្បាលដោះស្រាយមិនចេញ ក៏នាំគ្នារត់ទៅប្ដឹងអ្នកតា ដើម្បីស្បថរកការពិត វែកមុខរកអ្នកជនបង្កហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ ត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងពិធីបុណ្យឡើងមាឃ មាក ក្មេងទំនើងចំនួន២ក្រុមបានបង្កភាពចលាចល ផ្អើលពេញភូមិ និងបានធ្វើឲ្យយុវជនម្នាក់ទទួលរងគ្រោះបែកក្បាល ដែលត្រូវបានគេស្គាល់ឈ្មោះ ប៉ាវ ចែក ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិ ព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បានទៅដាក់ពាក្យបណ្តឹងទៅអធិការស្រុក ដោយ ចោទថា បុរសឈ្មោះ ងាវ ឆាត ភេទ ប្រុស ព្រមទាំងបក្សពួកបាននាំគ្នាវាយមកលើខ្លួន រហូតមកដល់ថ្ងៃទី ១៧ អធិការដ្ឋាននគរបាល បានកោះហៅភាគីទាំងសងខាងចូលមកដោះស្រាយ ដោយចំណាយពេលរាប់សិបម៉ោង ក៏នៅតែមិនអាចវែករកអ្នកណាខុស អ្នកណាត្រូវ ដោយសារតែចុងចោទមិនព្រមទទួលថាបក្សពួកខ្លួនបានប្រព្រឹត្ត ទើបភាគីទាំងសងខាងសម្រេចចិត្ត ក្រាបបង្គំលា លោកអធិការស្រុកជីក្រែង ហើយនាំគ្នារត់ទៅ រកអ្នកតា រួចផឹកទឹកសម្បថ នៅមុខព្រះធាតុ ក្នុងវត្តព្រះធាតុ ដើម្បីឲ្យព្រះធាតុជួយដោះស្រាយឲ្យពួកគេ ព្រោះគេជឿថា មានតែព្រះធាតុទេ ដែលជាព្រះសក្ដិសិទ្ធិ ថែមទាំងមានប្រជាពលរដ្ឋ គោរព បូជាមកជាយូរ ណាស់មកហើយ។
ការស្បថនេះ ត្រូវបានលោកតាអាចារ្យ ដែលតាំងនាមជា តុលាការនោះ បានប្រាប់ថា ការស្បថនេះ ហៅថា សម្បថ៥ធាន បើភាគីណាប្រព្រឹត្តបង្ករបួសស្នាម សូមឲ្យសារភាព បើធ្វើខុសហើយនៅតែខំប្រឹង ស្បថទៀត នឹងមានហេតុអាក្រក់កើតឡើងក្នុងជីវិតមិនខានឡើយ៕
ប៊ុន រដ្ឋា


































