បារាំង ​និង​អាល្លឺម៉ង់​នឹង​ដាក់​ទណ្ឌកម្ម​ ប្រសិនបើ​កិច្ចព្រមព្រៀង​អ៊ុយ​ក្រែន​ ត្រូវ​គេ​បំពាន

ថ្ងៃ សៅរ៍ ទី21 កុម្ភៈ ឆ្នាំ2015 ម៉ោង14:30   ផ្នែក: ព័ត៌មានអន្តរជាតិ​ទូទៅ    ដោយ: រឹទ្ធ​

M21-02-15-o

ប្រទេស​បារាំង​ និង​ប្រទេស​អាល្លឺម៉ង់ នឹង​លើក​ឡើង​ពី​លទ្ធភាព​ស្ដីពី​ទណ្ឌ​កម្ម​នៅ​ថ្ងៃ​សុក្រ​ ប្រសិន​បើ​កិច្ច​ព្រមព្រៀង​ក្រុមីន្ស​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែន​ មាន​ស្ថិរភាព​មិន​ត្រូវ​បាន​គេ​គោរព​នោះ។

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រង់​ស្វ័រ ហូឡង់ និង​អធិការបតី​អាល្លឺម៉ង់ លោកស្រីអេនជឺឡា មឺកែល បាន​គាបសង្កត់​ឲ្យ​មាន​ការ​គោរព​ចំពោះ​បទ​ឈប់​បាញ់​ និងការ​ដកអាវុធ​ធុន​ធ្ងន់​នៅក្នុង​អំឡុងពេល​សន្និសីទ​កាសែតរួម​មួយ។

ប្រមុខ​រដ្ឋ​ទាំង​ពីរ​ រួម​ជាមួយ​ពួក​មេដឹកនាំ​របស់​ប្រទេស​អ៊ុយ​ក្រែន​ និង​រុស្ស៊ី​ បាន​ចុះ​ហត្ថ​​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៅថ្ងៃទី​១២ ខែ​កុម្ភៈ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​នាទី​ចុង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ និងនាំមកនូវ​សន្ដិភាព​ជូន​ប្រទេស​អ៊ុយ​ក្រែន​ ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​បទ​ឈប់​បាញ់​មួយដែល​ប្រទេស​អ៊ុយ​ក្រែន​ និង​ពួក​ឧទ្ទាម​ ឥឡូវ​នេះ​និយាយថា ត្រូវ​បានគេ​រំលោភ​នោះ។

រដ្ឋមន្ដ្រី​ការ​បរទេស​បារាំង​លោកឡូរ៉ង់ ហ្វាប៊ី​យឺស បានប្រកាស​នៅថ្ងៃ​សុក្រ​ថា លោក​ហូឡង់ និង​លោក​ស្រីមឺកែល មានគំនិត​ផ្ចុងផ្ដើម​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​នេះ​ និង​និយាយ​ថា គេ​កំពុង​ធ្វើ​ការ​ដោយ​ឥត​ស្រាកស្រាន្ត​ដើម្បី​ឲ្យ​ភាគី​ទាំង​អស់​គោរព​កិច្ច​ព្រមព្រៀង​នេះ៕