ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមដែរ ក្រោយពេលដែលបុរសម្នាក់នេះជិះម៉ូតូតាមដងផ្លូវហើយត្រូវក្រុមល្មើសមួយក្រុមហៅអោយឈប់តែដោយជនរងគ្រោះមិនព្រមឈប់ទើបក្រុមល្មើសទាំងនោះដកកាំបាញ់ប្រហារយ៉ាងឃោរឃៅតែម្តង។
អំពើបាញ់មនុស្សអោយរបួសធ្ងន់ខាងលើនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង២១និង៥០នាទី នៅចំណុចមុខផ្ទះលេខ៣ ផ្លូវ៣១៣ ក្រុម៣៦ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះត្រូវបានគេប្រាប់អោយស្គាល់ឈ្មោះចាន់ តារា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរទូរស័ព្ទនៅផ្សារ៧មករា ស្នាក់នៅក្នុងផ្ទះខាងលើ។ បានរងរបួស១គ្រាប់ចំកំភួនជើងស្ដាំបៀមគ្រាប់ហើយក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមដែរ។ចំណែកក្រុមល្មើសត្រូវបានគេអះអាងថា មានគ្នា៥នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ២គ្រឿង ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម ហើយក្រោយពេលធ្វើសកម្មភាពបានគេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូដឹកប្អូន២នាក់មកផ្ទះ។ ក្រោយដឹកមកដល់ផ្ទះហើយជនរងគ្រោះក៏បានបន្តទៅឌុបប្អូនម្នាក់ទៀត។ តែពេលជនរងគ្រោះជិះម៉ូតូដឹកប្អូនជាលើកទី២មកដល់ចំណុចកើតហេតុក៏ស្រាប់តែមានក្រុមល្មើស៥នាក់ជិះម៉ូតូ២គ្រឿងបានស្រែកអោយជនរងគ្រោះឈប់។ ប៉ុន្តែដោយជនរងគ្រោះមិនព្រមឈប់ទើបក្រុមល្មើសដកកាំភ្លើងបាញ់អោយរបួស ហើយក្រុមល្មើសបានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។
ចំណែកជនរងគ្រោះក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកយ៉ាងបន្ទាន់មកកាន់មន្ទីរ
ពេទ្យកាល់ម៉ែតភ្លាមៗដែរ។
ប្រភពមិនបានដឹងថាករណីខាងលើផ្តើមចេញពីមូលហេតុដោយគំនុំ ឬជាករណីអ្វីនៅឡើយទេ ហើយករណីនេះប៉ូលិសកំពុងធ្វើការស្រាវជ្រាវផងដែរ៕
ស្រីរ័ត្ន































