កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួស បាក់ស្មាបែកមុខបែកមាត់ និងរបួសដៃស្ដាំ ដោយសារតែរូបគេជិះម៉ូតូពេលយប់បុកគូទគោយន្តដែលបើកបរគ្មានភ្លើងក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅចំណុចផ្លូវកោងស្ពានជ្រៃបាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ លើផ្លូវជាតិលេខ៥។
ក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ស៊ត រតនា អាយុ២២ឆ្នាំ ជាសិស្សថ្នាក់12A វិទ្យាល័យជាស៊ីមថ្នល់ទទឹងរស់នៅភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជលគីរី។ មុនពេលកើតហេតុរូបគេបានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅចេញពីផ្ទះធ្វើដំណើរមកលេងម្ដាយមីង នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងទិសដៅពីត្បូងមកជើង។ លុះមកដល់ចំណុចផ្លូវកោងស្ពានជ្រៃបាក់ ក៏បានបើកម៉ូតូបុកគូទគោយន្តពេញទំហឹង បណ្ដាលឲ្យដួលត្រឡប់ត្រឡិនរបួសធ្ងន់សន្លប់ស្ដូកស្ដឹងតែម្ដង។ ក្រោយកើតហេតុគោយន្តដែលធ្វើដំណើរស្របទិសគ្នានោះក៏បើកគេចបាត់ ហើយជនរងគ្រោះត្រូវអ្នកដំណើរតាមដងផ្លូវឃើញ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីសង្គ្រោះ។ គ្រោះថ្នាក់នេះបណ្ដាលមកពីគោយន្តដែលបើកបរនោះគ្មានភ្លើងបំភ្លឺផ្លូវនៅកន្ទុយរ៉ឺម៉ករបស់គេ ទើបធ្វើឲ្យយុវជនដែលបើកបរម៉ូតូពីក្រោយមើលមិនឃើញក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង៕
ថារិទ្ធ
































