កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេបានប្រើអំពើហិង្សាវាយទាត់ធាក់មុខប្រពន្ធឡើងហើមពោរ ព្រោះតែសង្ស័យប្រពន្ធមានប្រុសលួចលាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងផ្ទះអ៊ំខាងប្រពន្ធស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននោះឈ្មោះ ឌឹម ស៊ីថាត អាយុ២៥ឆ្នាំ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំណែកប្រពន្ធគេឈ្មោះ យឹម សុគន្ធា អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះអ៊ំក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានរយៈពេល៣ទៅ៤ខែមកហើយ។ នៅថ្ងៃឈប់សម្រាកការងារពេលនៅផ្ទះក្នុងភូមិព្រះរាមរង្សី ប្រពន្ធមិនដែលនៅដេកផ្ទះជាមួយប្ដីទេ គឺទៅដេកផ្ទះរបស់ម្ដាយនាង ព្រោះតែកន្លងមកធ្លាប់មានការឈ្លោះប្រកែកនិងលែងលះគ្នានៅភូមិឃុំតែទាន់ដាច់ស្រេចនោះទេ។
ដោយសង្ស័យប្រពន្ធមានប្រុសថ្មីនៅឯក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ឈ្មោះ ឌឹម ស៊ីថាត ជាប្ដីក៏បានមកលបមើលប្រពន្ធ នៅឯផ្ទះអ៊ំក្នុងភូមិទួលក្រឡាញ់ ព្រោះនាងធ្វើការពេលយប់ ពេលថ្ងៃត្រូវសម្រាកក្នុងផ្ទះតែពេលមកលបមើលមិនឃើញក៏មានភ្លើងប្រចណ្ឌឆេះឡើង។ ចាំបាត់ៗពេលបើកឆ្នាំបាយប្រពន្ធមើលឃើញបាយនៅពេញឆ្នាំទុកចោលឡើងជូរផ្អូមមិនដឹងថានាងទៅហូបបាយជាមួយអ្នកណារហូតដល់ម៉ោង១៤រសៀលទើបឃើញនាងមកដល់ផ្ទះអ៊ំនាងវិញ។ ពេលនោះប្ដីក៏សួរនាំកកើតជារឿងឈ្លោះទាស់ទែងគ្នាឡើងរហូតផ្ទុះអំពើហិង្សាវាយតប់គ្នា ប្រពន្ធដួលដេកនៅដីប្ដីពាក់ស្បែកជើងប៊ូទាត់ធាក់លើមុខប្រពន្ធបណ្ដាលឲ្យហើយមុខពោរ។ ខណៈនោះប្អូនប្រុសរបស់ប្រពន្ធប្រុងចូលជួយបងស្រីតែឈ្មោះ ឌឹម ស៊ីថាត បានស្ទុះទៅកាន់កាំបិតនៅដៃ ហើយមិនដឹងជាយ៉ាងម៉េចកាំបិតនោះបែរជាមកមុតចិញ្ចើមខាងស្ដាំខ្លួនឯងទៅវិញ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏មកដល់ចាប់ឃាត់ខ្លួនជនដៃដល់បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។ ក្រោយមកឈ្មោះ យឹម សុគន្ធា ជាប្រពន្ធក៏បានដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនឈ្មោះ ឌឹម ស៊ីថាត ជាប្ដីមកកាន់ស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ថារិទ្ធ

































