
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១២កន្លងទៅក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថកិច្ច និងសង្គមស៊ីវិលបានសស្រាក់ស្រាំ ក្នុងការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១៤ ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ ២០១១ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១២ នោះ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី ស្ត្រីថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីប្រចាំឆ្នាំ ២០១២ និង លើកផែនការសកម្មភាពការងារឆ្នាំ ២០១៣ នៅវិមានសន្តិភាពកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ ថា អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺមានគោលបំណងលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រី ដែលបាន និងកំពុងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនោះ។ លោកស្រីរដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ថា ជារួមលទ្ធផលដែលក្រុមប្រឹក្សាជាតិដើម្បីស្ត្រីសម្រេចបានក្នុងឆ្នាំ ២០១២ គឺដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត និងការជួយឧបត្ថម្ភគាំទ្រទាំង ស្មារតី សម្ភារៈ និងថវិកាពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និង សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រីផងដែរ។
អនុសាសន៍ទាំង ១៤ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលរួមមាន អនុសាសន៍ទី១ ស្តីពីការបន្ត អនុវត្តព្រះរាជានុសាសន៍សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងការផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ និងឯក សារពាក់ព័ន្ធឲ្យបានទូលំទូលាយ និងបន្តចុះតាមដានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ អនុសាសន៍ទី២ ស្តីអំពីការសិក្សាស្វែងយល់ពីឧបសគ្គ និង ផលប៉ះពាល់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំជាស្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អនុសាសន៍ទី៣ស្តីពីការផ្តល់សេវាផ្លូវច្បាប់ និងសេវាពាក់ព័ន្ធសម្រាប់ស្ត្រីក្រីក្ររងគ្រោះដោយអំពើ ហិង្សា។ អនុសាសន៍ទី៤ ស្តីពីការបន្តស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មរបស់ស្ត្រីជនបទ។ អនុសាសន៍ទី៥ ស្តីពីការគ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនបញ្ជូនពលករ ពលការិនីទៅធ្វើការ នៅបរទេស។ អនុសាសន៍ទី៦ ស្តីអំពីការបង្កើនការផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្តិនានា និងពន្លឿន ការដោះស្រាយរឿងក្តីឲ្យបានឆាប់រហ័ស។ អនុសាសន៍ទី៧ ស្តីអំពីបន្តស្រង់ស្ថិតិស្តីពីស្ត្រី និងកុមារីពិការ និងរៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍។ អនុសាសន៍ទី៨ ស្តីអំពីការបន្តពង្រឹងកិច្ចសហការល្អរវាងមន្ត្រីនគរបាល និងតុលាការដើម្បីធានាបាននូវការស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ។ អនុសាសន៍ទី៩ ស្តីអំពីការ រក្សានូវវប្បធម៌ ប្រពៃណីល្អរបស់ជាតិ។ អនុសាសន៍ទី១០ ស្តីអំពីការបង្កើនកិច្ចសហការក្នុងការអភិវឌ្ឍ សមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ។អនុសាសន៍ទី១១ ស្តីអំពីការបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមមន្ត្រីរាជការជាស្ត្រី រួមទាំងចំនួនមន្ត្រីស្ត្រី ដែលមានសិទ្ធិសម្រេច និងត្រូវយកចិត្តទុក ដាក់ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ និងថវិកា។ អនុសាសន៍ទី១២ គ្រប់ក្រសួងស្ថាប័ន ទាំងអស់ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។ អនុសាសន៍ទី១៣ ស្តីអំពីការបន្ត ផ្តល់ថវិកានៅក្នុងកញ្ចប់ថវិការបស់ក្រសួង ស្ថាប័នសម្រាប់អនុវត្តការងារយេនឌ័រ និងអនុសាសន៍ទី ១៤ស្តីអំពីការពិនិត្យស្រាវជ្រាវស្ថានភាពស្ត្រីជានារី ទាំងការលំបាក និងការងាយស្រួលផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងបានជំរុញឲ្យក្រុម ប្រឹក្សានេះបន្តអនុវត្តឲ្យទទួលបានជោគជ័យនូវផែនការសកម្មភាពការងារសំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ ២០១៣ ផងដែរ។
សកម្មភាពការងារសំខាន់ៗដែលត្រូវអនុវត្តនៅឆ្នាំ ២០១៣ ដែលផ្អែកតាមផែនការសកម្មភាព ការងារ ៥ ឆ្នាំ(២០១០-២០១៤)នោះរួមមាន អនុវត្តតាមព្រះរាជានុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ព្រះវររាជមាតាជាតិខ្មែរ និងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងគោលដៅលើកកម្ពស់ស្ថានភាពសិទ្ធិសេរីភាព ឋានៈតួនាទី និងជីវភាពរស់នៅរបស់ស្ត្រីក្នុងសង្គមកម្ពុជា។បន្តតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស៊ី-ដ ច្បាប់ជាតិពាក់ព័ន្ធ និងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតាមខេត្ត និងរាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីការអនុវត្ត លទ្ធផល បញ្ហាប្រឈម វិធានការ និងសំណូមពរទាំងឡាយ ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ បន្តផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ ពិធីសារតាមជម្រើស របាយការណ៍ជាតិលើកទី ៤ និងលើកទី ៥ ស្តីពីការអនុវត្តអនុសញ្ញា ស៊ី-ដនៅកម្ពុជា អនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកសារពាក់ព័ន្ធឲ្យបានទូលំទូលាយ គ្រប់រូបភាពនៃប្រព័ន្ធផ្សព្វផ្សាយ។ រៀបចំកិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញ និងបន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីអនុសញ្ញាស៊ី-ដ ពិធីសារតាមជម្រើស និងភាពជាអ្នកដឹកនាំជូនថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ៕
ស្នាយពល































