ស្វាយរៀង ៖ ថ្មីៗនេះ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ជនជាប់ចោទនេះ មានឈ្មោះ អ៊ុយ ឃៀង ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិ០៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នទីលំនៅមិនពិតប្រាកដ។
គួររំលឹកថា កាលពីវេលាម៉ោង ១៧ល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងារសន្តិសុខព្រហ្មទណ្ឌ ខេត្តស្វាយរៀង សហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះចាប់ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ខណៈពេលជននោះ កំពុងដើរចែកចាយគ្រឿងញៀនពីកាស៊ីណូឆាតូ និងឆ្លងទៅចែកចាយបន្តទៀតនៅក្នុងកាស៊ីណូម៉ាកាវ ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចបានរកឃើញភស្តុតាងជាប់នឹងខ្លួន រួមមានថ្នាំញៀនចំនួន៤ កញ្ចប់តូច និងប្រដាប់សម្រាប់ជក់ថ្នាំញៀន ចំនួន ១ ដោយឆែកឃើញនៅបន្ទប់លេខ៦ នៃផ្ទះសំណាក់ជាលាង។ សមត្ថកិច្ចបានសួរចម្លើយជនសង្ស័យ ដើម្បីឈានទៅរកចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត។
កន្លងមកនៅតាមបណ្តាកាស៊ីណូក្នុងក្រុងបាវិត តែងតែលេចឮព័ត៌មានថា មានសកម្មភាពចែកចាយគ្រឿងញៀនដល់បុគ្គលិកកាស៊ីណូ និងភ្ញៀវ ដែលចូលទៅលេងនៅទីនោះ ជាញឹកញាប់ ជាហេតុធ្វើអោយ ក្រុមការងារសន្តិសុខព្រហ្មទណ្ឌខេត្តស្វាយរៀង និងសមត្ថកិច្ចមូលដ្ឋាន សហការស្រាវជ្រាវជាប្រចាំតាមចាប់បានជនសង្ស័យខាងលើ និងឈានទៅរកមុខសញ្ញាជនពាក់ព័ន្ធ ជាមេក្លោងផ្សេងៗទៀត៕
ភីន
































