ភ្នំពេញ ៖ ករណីក្រុមចោរប្លន់ ដែលបានពួនស្ទាក់ប្រជាពលរដ្ឋចំនួន២គ្រឿង យកម៉ូតូស៊េរីទំនើបមួយគ្រឿងកាលពីអធ្រាត្រថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីម្ដុំមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយប៉ូលិសខណ្ឌសែនសុខបង្ក្រាបបានបន្តបន្ទាប់រហូតដល់៧នាក់ ក្នុងចំណោមបក្ខពួក៨នាក់នោះ ឥឡូវត្រូវបានប៉ូលិសបង្ហាញមុខឲ្យអ្នកកាសែតស្គាល់ និងផ្សព្វផ្សាយជាសាធារណៈកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ជនជាប់ចោទចំនួន៧នាក់ ដែលត្រូវបានចាប់ខ្លួនបន្តបន្ទាប់នេះ ក្នុងចំណោម៤នាក់ជាប់ចោទពាក់ព័ន្ធផ្ទាល់ក្នុងការចូលរួមធ្វើសកម្មភាពវាយប្លន់យកម៉ូតូសង់ពាក់ស្លាកលេខ ភ្នំពេញ 1BN-5944ពីជនរងគ្រោះឈ្មោះ ហាយ រ៉ាឌី និងឈ្មោះ សេង សំបូរ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូ។ លោកអធិការបន្តថា ចំណែកជនជាប់ចោទ៣នាក់ទៀតមិនជាប់ពាក់ព័ន្ធទេ តែជាអ្នកផ្ដល់ទីតាំងឲ្យលាក់ខ្លួន និង ប្រើប្រាស់គ្រឿងញៀន។
ក្រុមជនល្មើសទី១. ឌួង ដុល្លារ ហៅអាធ្មេញអាយុ២៣ឆ្នាំ (មេខ្លោង) ទី២. ប៊ុន ហៀង អាយុ១៨ឆ្នាំ ទី៣.ឈ្មោះ វ៉ាន់ និត អាយុ១៩ឆ្នាំ ទី៤. ឈ្មោះ រៀម សេរីឫទ្ធី អាយុ២០ឆ្នាំ ក្រុមជនទាំង៤នាក់មានទីលំនៅក្នុងភូមិសេបេសេ និងភូមិផ្សារទឹកថ្លា និងភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា។
ចំណែកឯជនជាប់ចោទ៣នាក់ទៀត ដែលជាប់ចោទពីបទផ្ដល់ទីតាំង និងប្រើប្រាស់គ្រឿងញៀននោះទី១. ឈ្មោះ ឡុច ស្រីនាង អាយុ១៨ឆ្នាំ (សង្សាររបស់ជនល្មើសឈ្មោះ ប៊ុនហៀង) ទី២.ឈ្មោះ ព្រំ មករា អាយុ២៤ឆ្នាំមុខរបរយោធានៅភូមិភាគ៥ ទី៣. ឈ្មោះ តាំង សុម៉េង អាយុ២២ឆ្នាំ មុខរបរនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
ប៉ូលិសនិយាយថា បក្ខពួករបស់គេម្នាក់ទៀតដែលចូលរួមវាយប្លន់ដែរនោះ កំពុងរត់គេចខ្លួនបាត់ឈ្មោះ វ៉េត។
ប្រភពព័ត៌មានពីក្រុមប៉ូលិសបញ្ជាក់ថា ឈ្មោះ ឌួង ដុល្លារ ហៅអាធ្មេញ ធ្លាប់ធ្វើសកម្មភាពប្លន់ច្រើនដងណាស់ ហើយកន្លងមកមានដីកាតាមចាប់ខ្លួនពីតុលាការចំនួន២ ពាក់ព័ន្ធពីបទប្លន់ ប៉ុន្តែរកមុខគេមិនឃើញសោះទើបតែក្រសោបបានទាំងសំបុក ដែលប៉ូលិសនិយាយថាអាចធូរស្បើយខ្លះក្នុងការកាត់បន្ថយបទល្មើស៕
សឿន

































