បន្ទាយមានជ័យ ៖យុវជនវ័យក្មេងម្នាក់ ទើបតែការប្រពន្ធបានមួយខែសោះរកស៊ីរត់ម៉ូតូឌុបពុំកាក់កបបែកគំនិតជួញគ្រឿងញៀនមិនបានប៉ុន្មានដងផង ត្រូវប៉ូលិសក្រុងសិរីសោភ័ណសហការជាមួយកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចេញប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យនេះបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។
យុវជនវ័យក្មេងដែលជួញគ្រឿងញៀនត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួននៅវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំនុចផ្លូវលំមួយកន្លែងស្ថិតក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីឲ្យដឹងថា ៖ ជនសង្ស័យខាងលើមានឈ្មោះ ហោ គីមឈាន ហៅម៉ាញ ភេទប្រុសអាយុ២១ឆ្នាំ ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបសព្វថ្ងៃរស់នៅភូមិ៤ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក រ៉ែម វីរៈ បាននិយាយបន្តថា ៖ ក្រោយពេលដែលធ្វើការឃាត់ខ្លួនជនសង្ស័យនេះរួចប៉ូលិសធ្វើការឆែកឆេរនៅក្នុងខ្លួននិងម៉ូតូរកឃើញ ថ្នាំញៀនម៉ាទឹកកកចំនួន២ថង់តូចនិងដកហូតម៉ូតូ១គ្រឿងជាមធ្យោបាយដែលជនសង្ស័យធ្វើសកម្មភាពលក់គ្រឿងញៀន។
លោក រ៉ែម វីរៈ បាននិយាយបន្តថា ៖ ការចេញបង្ក្រាបចាប់ខ្លួនជនសង្ស័យរកស៊ីគ្រឿងញៀននេះប៉ូលិសក្រុងនិងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការស្រាវជ្រាវតាមជំនាញនិងប្រើប្រាស់កម្លាំងសម្ងាត់គ្រាដែលជនសង្ស័យកំពុងធ្វើសកម្មភាពលក់គ្រឿងញៀនឲ្យអ្នកដទៃ។
លោកវរសេនីយ៍ត្រី ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីឲ្យដឹងថា ៖ នៅចំពោះមុខប៉ូលិសជនសង្ស័យបានឆ្លើយសារភាពថា រូបគេទើបតែមកពីប្រទេសថៃ រកស៊ីគ្រឿងញៀននេះបានចំនួន១ខែរួចមកហើយ ហើយថ្នាំញៀនទាំងអស់នេះទិញមកពីខេត្តបាត់ដំបងរួចដើរលក់ឲ្យមិត្តភក្ដិដែលស្គាល់ៗនៅតាមភូមិ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៣ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយជាប់ចោទពីបទជួញដូរគ្រឿងញៀនខុសច្បាប់៕
គង្គា






























