ពោធិ៍សាត់ ៖ មានរថយន្តទេសចរណ៍២គ្រឿងបានបុកគ្នាពីក្រោយបណ្ដាលឲ្យរថយន្តបង្ករេចង្កូតធ្លាក់ផ្លូវទៅខាងស្ដាំដៃបុកតូបប្រជាពលរដ្ឋលក់ចាប់ហួយខូចខាតទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន មិនតែប៉ុណ្ណោះរថយន្តនេះបានបណ្ដាលឲ្យកូនប្រុសម្ចាស់តូបអាយុ៩ឆ្នាំរបួសធ្ងន់ ឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចភូមិស្វាយស ឃុំអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់កម្ពុជាថ្មីថា ដំបូងមានរថយន្តទេសចរណ៍មួយគ្រឿងប្រភេទហ៊ីយ៉ាន់ដាយពណ៌លឿងលាយស របស់ក្រុមហ៊ុនរិទ្ធិមន្នី ពាក់ស្លាកលេខភ្នំពេញ 3A-5466 ទិសដៅពីកើតទៅលិចក៏វ៉ាក់នឹងគោឆ្លងថ្នល់ រថយន្តនេះក៏បន្ថយល្បឿន ស្របពេលនោះក៏មានរថយន្តទេសចរណ៍មួយគ្រឿងទៀតប្រភេទនីសាន់ពណ៌ស លាយក្រហមពាក់ស្លាកលេខភ្នំពេញ 3A-5679 មកតាមក្រោយដោយល្បឿនលឿន ក៏បុកគូរថយន្តខាងលើបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវខាងស្ដាំដៃ រួចបុកតូបលក់ចាប់ហួយប្រជាពលរដ្ឋមួយចំហៀង ខូចខាតទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន និង បណ្ដាលឲ្យក្មេងម្នាក់ជាកូនប្រុសម្ចាស់តូបឈ្មោះ ផានិត អាយុ៩ឆ្នាំ រងរបួសធ្ងន់ផងដែរ។ ចំណែកអ្នកអង្គុយលើរថយន្តម្នាក់ទៀតរងរបួសស្រាល ឯតៃកុងបានរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះម្ចាស់រថយន្តរិទ្ធិមន្នី ដែលជារថយន្តត្រូវគេបុកពីក្រោយនោះមិនបានទារសំណងទេ គឺសុំរួចខ្លួនដើម្បីប្រញាប់ដឹកអ្នកដំណើរទៅកាន់គោលដៅ ឯរថយន្តបង្កត្រូវនគរបាលយកទៅរក្សាទុកនៅអធិការស្រុកក្រគរដើម្បីដោះស្រាយជាក្រោយ៕
លានគ្រន



































