បន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរដៃស្អិតម្នាក់ពូកែខាងកាច់សោ.កម៉ូតូនិងឆក់ខ្សែ.កនៅតាមផ្សាក្រុងសិរីសោភ័ណ និងទីសាធារណៈត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌទណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតចាប់ឃាត់ខ្លួនយកទៅញាត់គុក និងត្រូវបញ្ជូនទៅតុលាការ។
ជនសង្ស័យដែលពូកែខាងលួចប៉ូលិសធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក ឡែម សេរី នាយផ្នែកនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលខេត្តបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ឈុំ កែប ភេទប្រុស អាយុ២៤ ឆ្នាំ ប្រកបមុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កាត់ខាងលើ។ ជនសង្ស័យរូបនេះ ជាមុខសញ្ញាជំនាញខាងកាច់សោ.កម៉ូតូនិងឆក់ខ្សែ.កជាមួយបក្ខពួក៤នាក់ទៀត ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួនយូរមកហើយ ដោយជននេះនិងបក្ខពួកតែងតែព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ច។ តែពេលនេះត្រូវប៉ូលិសធ្វើការឃាត់ខ្លួនបាននៅនឹងកន្លែងព្រោះមានប្រជាពលរដ្ឋរាយការណ៍ទាន់ពេលវេលាទើបជនសង្ស័យនោះរត់មិនរួចពីសំណាញ់ច្បាប់បាន។ ចំណែកគ្នាគេ៤នាក់ទៀតសមត្ថកិច្ចបានស្គាល់ឈ្មោះអស់ហើយៗកំពុងតែស្វែងរកចាប់ខ្លួនបន្តទៀត។
បើតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ ឈុំ កែប កន្លងមករូបគេ និងបក្ខពួកធ្លាប់ធ្វើសកម្មភាពកាច់សោ.កយកម៉ូតូបានចំនួន៣ដង និងធ្លាប់ ឆក់ខ្សែ.កបានសម្រេច១លើកនៅម្តុំស្ថានីយរថភ្លើងផងដែរ។ បច្ចុប្បន្នប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
គង្គា
































