ព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្តល់ជូនកងទ័ព នៃអង្គ ភាពកងពលតូចលេខ៨ទិសប្រាសាទព្រះវិហារ។
វត្តមានអមដំណើរប្រតិភូនាឱកាសនោះដែរ មានឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហានប្រចាំការសមរភូមិមុខជាច្រើនរូបទៀត។
អំណោយដែលត្រូវផ្តល់ជូននាឱកាសនោះរួមមាន ទឹកបរិសុទ្ធចំនួន៣០០កេស មីយើងចំនួន៤០០កេស ទឹកស៊ីអ៊ីវ១៥០យួ ត្រីខកំប៉ុង៤០កេស ត្រីប្រាប្រឡាក់៤០០គ.ក ប្រេងឆា៤០កេស ឆៃប៉ូវ៨០០គ.ក នំអន្សមជ្រូក៥០០នំ ស្ពៃក្តោប៧០០គ.ក ត្រឡាច ៣០០គ.ក សាច់ជ្រូក១.០០០គ.ក និងថវិកាចំនួន១០លានរៀល។
នៅក្នុងឱកាសនោះដែរបន្ទាប់ពីមតិសា្វគមន៍របស់ឧត្តមសេនីយ៍ទោ យឹម ពឹម មេបញ្ជាការកងពលតូចលេខ៨ និងសេចក្តីថ្លែងអំណរគុណរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម រួចមក ឯកឧត្តម ម៉ុក ម៉ារ៉េត ក៏បានសម្តែងការកោតសរសើរដល់វីរភាពអង់អាចក្លាហានរបស់វីរៈកងទ័ពនៅខ្សែត្រៀមជួរមុខទាំងអស់ ដែលកន្លងមកបាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី មិនឲ្យពួកខ្មាំង សត្រូវឈ្លានពានយកទឹកដីបានមួយចំអាមណាឡើយ។ ឯកឧត្តម បានចាត់ទុកវីរភាព ដ៏អង់អាចក្លាហានរបស់កងកម្លាំងទាំងអស់ គឺជាលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ ប្រជាពលរដ្ឋទាំងអស់នៅខាងក្រោយ តែងតែកោតសរសើរ និងផ្តល់កម្លាំងចិត្តជានិច្ច ក្នុងការឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ ថវិកា ទោះតិចក្តីច្រើនក្តី ក៏ជាទឹកចិត្ត ផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខ៕
ថោង សូលីម៉ូ


































