ពោធិ៍សាត់ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់បែកមុខបែកមាត់ ហើយដៃជើងសុទ្ធតែឈាមនៅលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១២ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយពុំស្គាល់អត្តសញ្ញាណ ដែលនគរបាលចរាចរឲ្យដឹងថា បុរសនេះអាចធ្លាក់ពីលើរថយន្ត ខណៈពេលដេកលក់ រថយន្តដែលកំពុងតែបើកបរ។
សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលដែលប្រជាពលរដ្ឋធ្វើចរាចរកាត់ចំណុចកើតហេតុក៏ឃើញសពបុរសនេះនៅលើផ្លូវជាតិលេខ៥ ក្បែរចិញ្ចើមផ្នែកខាងជើង ពេលនោះសមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យដឹងថាបុរសនេះជួបគ្រោះថ្នាក់ចរាចរ ដោយសារតែដេកលង់លក់ពេលរថយន្តកំពុងបើកបរ ហើយធ្លាក់ពីលើរថយន្តរថយន្តស្លាប់តែម្ដង។ នៅម៉ោង៣រសៀលថ្ងៃទី១៨ ខែកុម្ភៈ ក្រោយពេលកម្លាំងនគរបាលប្រកាសជូនដំណឹងរកអត្តសញ្ញាណពីសាច់ញាតិបុរសនេះ និងតាមរយៈការផ្សព្វផ្សាយរបស់ទូរទស្សន៍បាយ័នព័ត៌មាន ទើបខាងម្ចាស់រថយន្តបានទទួលដំណឹងរបស់ជនរងគ្រោះរូបនេះ។
បើតាមលោក ប៊ិន វណ្ណា អធិការស្រុកក្រគរបានឲ្យដឹងថា ក្រុមគ្រួសាររងគ្រោះបានទំនាក់ទំនងមកនគរបាលហើយ ដោយនៅយប់ថ្ងៃកើតហេតុរថយន្តនោះដឹកសំបកធុងហ្គាស៍ ឆ្ពោះទៅភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត ដោយមានតៃកុងនិងព្រូម្នាក់ទៀតនៅក្នុងកាប៊ីន ចំណែកកម្មករ៣នាក់នៅអង្គុយនៅទ្រុងខាងក្រោយមើលបំពង់ហ្គាស៍។ ខណៈពេលធ្វើដំណើរលើតាមផ្លូវពួកគេក៏ដេកលើរថយន្តទ្រុងខាងក្រោយជាមួយបំពង់ហ្គាស៍នោះ លុះដល់ភ្នំពេញ ក៏ឈប់រថយន្តនាំគ្នាចុះបត់ជើងតូចក៏ឃើញកម្មករតែ២នាក់ បាត់ម្នាក់ក៏នាំគ្នាសួរ២នាក់នោះ ថាអត់ដឹងព្រោះពួកគេដេកលក់ក្បែរជនរងគ្រោះដែរ។ រំពេចនោះក៏ទូរស័ព្ទទៅមិត្តភក្ដិដែលបើករថយន្តតាមក្រោយនិងស្ដាប់ទូរទស្សន៍បាយ័នព័ត៌មានក៏ដឹងតែម្ដង។
នគរបាលចរាចរប្រាប់ថា បុរសនេះឈ្មោះ រិច អាយុ២១ឆ្នាំជាអ្នកស្រុកកំរៀងខេត្តបាត់ដំបង ពេលនេះក្រុមគ្រួសារបានធ្វើដំណើរមកយកសពទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
លានគ្រន

































