ស្វាយរៀង ៖ អគារសិក្សា២ខ្នង ១០បន្ទប់នៃសាលាបឋមសិក្សាហ៊ុនសែនច្រេស ស្ថិតនៅក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីបានជួសជុលរួលរាល់ជាស្ថាពរបានសម្ពោធដាក់ជូនដល់សិស្សានុសិស្សចូលរៀនវិញ ដែលពិធីសម្ពោធនោះក្រោមអធិបតីភាព ឯកឧត្តម គឹម ណាំង សមាជិកព្រឹទ្ធសភា និងលោក ឌី វិជ្ជា អនុប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងឃុំច្រេស ។
សូមបញ្ជាក់ថា ដោយមានការសំណូមពរ ពីលោកនាយកសាលា និងអ្នកតំណាងរាស្ត្រ ស្នើរមកលោក ឌី វិជ្ជា ដើម្បីធ្វើការជួសជុលសាលាបឋមសិក្សាហ៊ុនសែនច្រេស ដែលរងការខូចខាតដោយព្យុះជាច្រើនលើក ពុំអាចឱ្យសិស្សានុសិស្សរៀនសូត្របាន ។ ក្រោមការណែនាំពីលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងដល់ក្រុមការងារចុះជួយ និងយុវជននៃសហភាពសហព័ន្ធកម្ពុជា បានរួមគ្នាធ្វើការជួសជុល កែលម្អចេញពីការស្ម័គ្រចិត្ត បានធ្វើកិច្ចការងារដូចជា ការធ្វើឡើងផ្នែកសំណង់ ការលាបថ្នាំជញ្ជាំង ប្រក់ដំបូល កែលម្អសួន នៅក្នុងទីធ្លា និងដាំដើមឈើហូបផ្លែ និងប្រភេទឈើប្រណីតនៅក្នុងបរិវេណសាលាបឋមសិក្សានេះផងដែរ។ ការជួសជុលកែលម្អអាគារទាំងនេះ ចំណាយអស់ទឹកប្រាក់សរុប ៧៥០០ ដុល្លាអាមេរិក ហើយសកម្មភាពទាំងនេះក៏ជាការឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ របស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជម្រុញឱ្យយុវជនទាំងឡាយត្រូវឆ្លៀតចំណាយពេលវេលាដ៏មាន តម្លៃចូលរួមជួយដល់កិច្ចការសង្គម និងមនុស្សធម៌ ។
ក្នុងជំនួបជាមួយយុវជន និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលចុះពិនិត្យសមិទ្ធផល បន្ទាប់ពីការជួស ជុលរួចរាល់នាថ្ងៃអាទិត្យម្សិលម៉ិញ លោក ឌី វិជ្ជា បានណែនាំដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ត្រូវខិតខំធ្វើសកម្មភាពសង្គម ជាក់ស្តែងបន្ថែមលើសកម្មភាពនានាកន្លងមក អ្វីដែលយើងបានធ្វើ នាពេលនេះគឺជាលទ្ធផលដ៏ល្អដែលក្លាយជាគំរូមួយបង្ហាញដល់យុវជន ដ៏ទៃទៀត ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ លោកបានផ្តាំផ្ញើដល់ឪពុកម្តាយ អាណាព្យាបាលត្រូវអប់រំ ណែនាំកូនឲ្យចូលរៀនសូត្រ ខណៈយើងមានថ្នាលបណ្តុះបណ្តាលនៅគ្រប់ទីកន្លែង និងយកចិត្តទុកដាក់ក្នុងការសិក្សាដើម្បីក្លាយ ជាធនធានមនុស្សពោរពេញដោយសមត្ថភាពនៅក្នុងសង្គម ហើយជៀសវាងឲ្យបាននូវការយកពេលទំនេរទៅសេពគប់ ឬប្រព្រឹត្តិទង្វើផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។ លោកបន្តថា បញ្ហាក្មេងទំនើងបងតូចបងធំ និងការប្រព្រឹត្តិអំពើពាលាអាវាសែ ជាសកម្មភាពមួយដែលសង្គមកំពុងតែបង្រ្កាប និងលុបបំបាត់ដូច្នេះដើម្បីឲ្យការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលទទួលបានប្រសិទ្ធភាព ។ ជាពិសេសបានផ្តាំផ្ញើដល់សមាជិកសហភាពសហព័ន្ធ យុវជនកម្ពុជា ត្រូវចេះអប់រំណែនាំ ផ្សព្វផ្សាយ ដោយបំផុសស្មារតីដល់យុវជននៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗឲ្យចាក ឆ្ងាយពីអំពើអបាយមុខទាំងអស់នេះ។
ឯកឧត្តម គឹម ណាំង សមាជិកព្រឹទ្ធសភាបានរំលឹកពីប្រវត្តិរបស់សាលាបឋមសិក្សាច្រេស សាលានេះមានតាំងពីឆ្នាំ១៩៤០ ប៉ុន្តែត្រូវបំផ្លាញទៅវិញ ក្នុងរបបប៉ុលពត ។ ក្រោយពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលជាអ្នកផ្តួចផ្តើម និងឧបត្ថម្ភក្នុងការចូលរួមសាងសង់អាគារសិក្សា ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងលោកជំទាវ។ លោកបានរំលឹកពីអតីតកាលដែលនៅតំបន់នេះមានការខ្វះខាតគ្រប់ហេដ្ឋា រចនាសម្ព័ន្ធនានា មិនថាតែសាលារៀននោះទេ ប៉ុន្តែបច្ចុប្បន្នយើងមានវិវត្តន៍រីកចំរើនគ្រប់វិស័យ អាស្រ័យការដឹកនាំប្រទេសបានត្រឹមត្រូវ។ ឯកឧត្តម បានកោតសរសើរចំពោះទឹកចិត្ត និងសកម្មភាពដ៏ផុលផុសរបស់ក្រុមយុវជនទាំងអស់ ហើយ ឯកឧត្តម លើកទឹកចិត្តឲ្យយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកចន្រ្ទា រួមគ្នាបន្តប្រពៃណីដ៏ល្អនេះតទៅទៀត ដើម្បីជាគំរូដល់យុវជនដ៏ទៃផង និងរួមចំណែកជួយដល់មូលដ្ឋានរបស់ខ្លួនផង ព្រោះថា យុវជននេះហើយ គឺជាសរសរទ្រូងដ៏រឹងមាំក្នុងការបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ។
តំណាំងលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឌី វិជ្ជា និងយុវជនទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយជុសជុលអគារ ដែលមិនអាចឱ្យសិស្សចូលសិក្សាបាននាពេលកន្លងមក ដោយសារតែខ្យល់ព្យុះនោះ។
នៅក្នុងឱកាសនេះដែរ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងក៏បានឧបត្ថម្ភនូវ កុំព្យូទ័រ១គ្រឿង នឹងម៉ាស៊ីនព្រីនធ័រ១គ្រឿង ក្រដាស១កេះ ថវិកា១លានរៀលដល់សាលាបឋមសិក្សាហ៊ុនសែនច្រេស ព្រមទាំងសំភារៈសិក្សាមួយចំនួនផងដែរ។ ចំណែកយុវជនសហភាពសហព័ន្ធយុវជនកម្ពូជាជាង ១០០នាក់ ម្នាក់ថវិកា ១ម៉ឺនរៀល និងអាហារសម្រន់ , ឧបត្ថម្ភសិស្សានុសិស្ស ថវិកាម្នាក់ៗ៥០០០រៀល និងសម្ភារៈសិក្សា និងមាតាបិតាសិស្សថវិកាម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕
































