ភ្នំពេញ ៖ មន្ត្រីយោធាមានងារជាអង្គរក្សម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌទួលគោករួមសហការជាមួយប៉េអឹមខណ្ឌ ធ្វើការឃាត់ខ្លួនក្នុងខណៈពេលដែលមន្ត្រីយោធាម្នាក់នេះស្រវឹងស្រាធ្លាក់ភ្នែកហើយបានដកកាំភ្លើងស៊េរីទំនើប១ដើមភ្ជង់និងវាយសន្តិសុខយាមសណ្ឋាគារផ្កាឈូកទិព្វបង្កឲ្យមានការភ្ញាក់ផ្អើលរួចមកនោះ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ វេលាម៉ោង២២និង៤០នាទីនៅចំណុចសណ្ឋាគារផ្កាឈូកទិព្វផ្លូវ៣៣៦ សង្កាត់ផ្សារ ដើមគរខណ្ឌ ទួលគោក។ សមត្ថកិច្ចម្នាក់បាននិយាយថាមន្ត្រីយោធានិងជាអង្គរក្សដែលត្រូវចាប់ខ្លួនក្នុងស្ថានភាពស្រវឹង នេះមានឈ្មោះ ឡុង សៀនអាយុ២៩ឆ្នាំតួនាទីជាអនុសេនីយ៍ត្រីនៅនាយកដ្ឋានអង្គរក្ស ហើយនៅព្រឹកថ្ងៃ១៨ ខែកុម្ភៈនេះត្រូវបានអាវុធហត្ថខណ្ឌទួលគោកបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តទៀត ក្រោយពីឃុំខ្លួនបានមួយយប់។ អ្វីដែលជាការហួសចិត្តនោះក្នុងខណៈពេលប៉េអឹមខណ្ឌទួលគោកកំពុងសាកសួរនោះជនសង្ស័យបានលួចរត់មកក្រៅអង្គភាពប៉េអឹមធ្វើឲ្យមន្ត្រីប៉េអឹមទួលគោកភ័យបះសក់រត់ដេញចាប់បានមកវិញ។ តែទម្រាំតែចាប់បានត្រូវប្រជាពលរដ្ឋព្រួតវ៉ៃជនសង្ស័យម្នាក់នេះទ្រមខ្លួនព្រោះតែយល់ច្រឡំថាជាចោរនោះ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សូ សុភ័ក្រ អាយុ២៨ឆ្នាំជាសន្តិសុខយាមនៅសណ្ឋាគារផ្កាឈូកទិព្វមានស្រុកកំណើត នៅភូមិដើមគរ សង្កាត់ព្រែកតាសេក
ខណ្ឌ ឫស្សីកែវ ហើយបើតាមការឲ្យដឹងពីជនរងគ្រោះរូបនេះថា មុនពេលកើតហេតុជនសង្ស័យ ជាអង្គរក្សខាងលើ បានដើរ២នាក់ប្ដីប្រពន្ធចេញពីផឹកស៊ី នៅក្នុងមង្គលការក្នុងហាងខាងលើ ដោយប្រពន្ធដើរទៅមុន និងសួរកបន្ទប់ជួល ដោយនិយាយថា «មានបន្ទប់ជួលទេព្រោះប្ដីខ្ញុំស្រវឹងស្រាមិនអាចបើករថយន្តទៅផ្ទះវិញបានទេ»។
ជនរងគ្រោះបានបន្តទៀតថា ក្រោយពីប្រពន្ធធ្វើដំណើរទៅរកបន្ទប់បានបន្តិច ប្តីដើរពីក្រោយបានមកសួររូបលោកថា « ប្រពន្ធគេទៅណាបាត់ហើយ» ពេលនោះរូបលោកឆ្លើយថា «ប្រពន្ធបងទៅរកជួលបន្ទប់ដេកបាត់ហើយ»។ ឮដូច្នោះស្រាប់តែបុរសជាប្ដីបានស្រែកជេរបញ្ចោរដាក់គាត់និងវាយទាត់ធាក់ រួចដកកាំភ្លើងខ្លីពីចង្កេះមកអាមេបញ្ចូលគ្រាប់ និងបានភ្ជង់ក្បាលព្រមទាំងគំរាមបាញ់សម្លាប់ចោលថែមទៀត។
មន្ត្រីនគរបាលប៉ុស្តិ៍ ផ្សារដើមគបានឲ្យដឹងថា ក្រោយពីរឿងទំនាស់បានកើតឡើងបន្តិចភ្លាមៗកំលាំងសមត្ថកិច្ចក៏បាន ចុះទៅដល់និងបានធ្វើការឃាត់ខ្លួនជនដៃដល់ខាងលើ ដោយប្រើរយៈពេលប្រមាណ ២០នាទី ទើបដាក់ខ្នោះ រួចដកហូតយកអាវុធខ្លីមួយដើមម៉ាកឡុក៕
ស្រីរ័ត្ន






























