បន្ទាយមានជ័យ ៖ រថយន្តតូចធំស្ទើរតែរាប់រយគ្រឿងតម្រង់ជួរគ្នាកកស្ទះរាប់ម៉ោងនៅលើផ្លូវជាតិលេខ៥ ដោយសារតែរថយន្តអ៊ីស៊ុយស៊ុយ១តោនកន្លះបុកជាមួយរថយន្តហ៊ីណូប្រភេទយក្សដឹកឥវ៉ាន់របស់ក្រុមហ៊ុនពេញ១ទំហឹងបណ្ដាលឲ្យរថយន្តអ៊ីស៊ុយស៊ុយខ្ទេចមុខស្ទើរតែទាំងស្រុងតែសំណាងល្អអ្នកបើកទាំងសងខាងពុំមាននរណារងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែអ្នករួមដំណើរម្នាក់រងរបួសស្រាលតែប៉ុណ្ណោះ។
គ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុករថយន្តធំនេះកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ៥ ខាងលិចស្ពានទឹកថ្លាចម្ងាយ២៥០ម៉ែត្រតាមផ្លូវកោងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿម សុផុន នាយការិយាល័យចរាចរណ៍ផ្លូវគោក បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីឲ្យដឹងថា អ្នកបើករថយន្តហ៊ីណូ មានឈ្មោះ ស៊ុនសាវឿត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់កាប់គោថ្មី ស្រុកបាត់ដំបង ខេត្តបាត់ដំបង បើករថយន្តម៉ាកហ៊ីណូ រថយន្តប្រភេទយក្សដឹកទំនិញឲ្យរបស់ក្រុមហ៊ុនដឹកជញ្ជូន ពណ៌លឿងលាយ ស ពាក់ស្លាកលេខស្វាយរៀង 3A-0571។
លោក ឈឿម សុផុន បាននិយាយបន្តថា មុនពេលកើតហេតុនោះ គេឃើញមានរថយន្តម៉ាកហ៊ីណូ១គ្រឿងបានបើកចេញពីប៉ោយប៉ែតពីលិចមកកើត ឆ្ពោះចូលមកខេត្តបន្ទាយមានជ័យ ដោយល្បឿនលឿន។ ចំណែករថយន្ត១គ្រឿងទៀត ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង2A-4008 ដែលបើកបរដោយឈ្មោះ រិន សុភី ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិព្រែកព្រះស្ដេច ឃុំព្រែកព្រះស្ដេច ស្រុកស្វាយប៉ោ ខេត្តបាត់ដំបងនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឃឹម វុទ្ធី ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិកំពង់ក្របី ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ហើយរថយន្តនេះមានសណ្ដោងរ៉ឺម៉ក ដឹកអីវ៉ាន់របស់វង់តន្ត្រីសម័យស្វាយជុំយ៉ាងពេញធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងប៉ោយប៉ែត ពីកើតទៅលិចច្រាសទិសគ្នា។ លុះបើកមកដល់ចំណុចផ្លូវកោងកន្លែងកើតហេតុរថយន្តអ៊ីស៊ុយស៊ុយនោះពុំព្រមធ្វើការបង្អន់ល្បឿនគិតតែបន្ថែមល្បឿនដោយប្រញាប់ទៅប្រគំតន្ត្រីការគេក៏បើកចូលទៅផ្លូវគេ រួចក៏បុករថយន្តហ៊ីណូនោះចំថ្ពាល់ស្ដាំពេញ១ទំហឹង បណ្ដាលឲ្យរថយន្តអ៊ីស៊ុយស៊ុយនោះ ខាងមុខខ្ទេចស្ទើរទាំងស្រុង ហើយជ្រុលទៅហួសចម្ងាយប្រហែល១០០ម៉ែត្រទៀតទើបឈប់។ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់នេះពុំបណ្ដាលឲ្យអ្នកបើករថយន្តទាំង២នោះ រងរបួសអ្វីនោះទេ គ្រាន់តែអ្នករួមដំណើរម្នាក់រងរបួសស្រាលតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុរួចគេឃើញមានប៉ូលិសចរាចរណ៍១ក្រុមបានមកដល់ធ្វើការវាស់វែងទៅតាមបច្ចេកទេស ចំណែករថយន្តទាំង២ត្រូវបានប៉ូលិសចរាចរណ៍អូសយកទៅរក្សាទុកនៅស្នងការខេត្តដើម្បីរង់ចាំដោះស្រាយនៅថ្ងៃក្រោយ។ នៅកន្លែងកើតហេតុនោះគេឃើញមានអ្នកបើកបររថយន្តទាំង២បញ្ចេញសាច់ដុំដាក់គ្នា ម្នាក់ៗគិតតែពីយកត្រូវរៀងខ្លួនដោយពុំទទួលខុសត្រូវថាខ្លួនបានបុកគេខុសនោះឡើយ៕
គង្គា






























