ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយសារករណីគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកដី បើកបុកម៉ូតូសេ១២៥ ដែលកើតឡើងកាលពីវេលាម៉ោង ១៥និង៥០នាទី រសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចផ្លូវបំបែក មុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ស្ថិតក្នុង ភូមិប្ញស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើង រវាងរថយន្តដឹកដី កង់ដប់ ម៉ាក UD ពណ៌សឆ្នូតក្រហម ស្លាកលេខបណ្ដោះអាសន្ន ២៨៦៧ ផុតកំណត់ថ្ងៃទី០៧.០១.២០១៣ ហើយនៅខាងមុខរថយន្តមានបិទអក្សរ (ការដ្ឋានស្តាតទន្លេបាទី) អ្នកបើកបរឈ្មោះ ញឹម សារ៉ុម ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិសឹង ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ បើករថយន្តបុកម៉ូតូ សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AF-3811 អ្នកបើកម៉ូតូឈ្មោះ ញ៉េម សាម៉ន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូននៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដើម្បីជួយសង្គ្រោះអាយុជីវិត។
សាក្សីដែលឃើញហេតុការណ៍ប្រាប់ថា រថយន្តដឹកដីបើកបរទិសដៅពីត្បូងទៅ ជើង ដោយឡែកជនរងគ្រោះបើកម៉ូតូតាមផ្លូវព្រៃស ពីកើតទៅលិច លុះធ្វើដំណើរមក ដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកក៏ត្រូវរថយន្តបើកបុកតែម្តង ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកភូមិចេញមកមើលហេតុជាច្រើននាក់ផងដែរ។
សាក្សីប្រាប់បន្តថា ក្រោយពីកើតហេតុនគរបាលចរាចរខណ្ឌដង្កោបានចុះមកធ្វើ ការវាស់វែង និងនាំយកមធ្យោបាយទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
រ៉ាវុទ្ធ
































