ភ្នំពេញ ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំក្រុមពិគ្រោះយោបល់បច្ចេកទេសអន្តរក្រសួងលើកទី៦ សម្រាប់គាំទ្រការអនុវត្តគម្រោងការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមពិគ្រោះយោបល់បច្ចេកទេសអន្តរក្រសួង និងដោយមានការចូលរួមពីសមាជិកក្រុមពិគ្រោះយោបល់បច្ចេកទេសអន្តរក្រសួង ដែលជាមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័នចំនួន១២ ដែលជាអ្នកគាំទ្រដល់ការធ្វើប្រតិភូកម្មមុខងារមកឲ្យការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ក្រុង ស្រុក ខណ្ឌព្រមទាំងមានការចូលរួមពីអភិបាលខណ្ឌទាំង៩ នៃរាជធានីភ្នំពេញ អភិបាលក្រុង ស្រុក គោលដៅចំនួន៩ ដែលមានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីរាជការ ទីប្រឹក្សាគម្រោងនៃក្រុមគាំទ្រក្រុង ស្រុក ខណ្ឌក្រសួងមហាផ្ទៃ តំណាងធនាគារពិភពលោក និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត សរុបចំនួន៥០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីលទ្ធផលការងាររបស់ការិយាល័យចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋសម្រេចបាននាឆ្នាំ២០១២ ព្រមទាំង ពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាផ្សេងៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងលទ្ធផលនៃការសិក្សាទិន្នន័យគ្រាដើមនៅរាជធានីភ្នំពេញ សម្រាប់ការពង្រីកការិយាល័យទាំងពីរនេះនៅខណ្ឌទាំង៩នៃរាជធានី អំពីយុទ្ធសាស្ត្រនិរន្តរភាពរបស់ការិយាល័យច្រកចេញចូលតែមួយ និងការបន្តគាំទ្រដល់ដំណើរការការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមផែនការគម្រោងនឹងត្រូវបញ្ចប់ការគាំទ្រពីធនាគារពិភពលោកនៅចុងខែមីនា ឆ្នាំ២០១៤នេះ ហើយកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិភាក្សា និងពិគ្រោះយោបល់អំពីយុទ្ធសាស្ត្រដើម្បីធ្វើឲ្យមាននិរន្តរភាពនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលបានបង្កើតឡើងរួចហើយ ដែលការិយាល័យទាំងនេះនឹងត្រូវបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋ ទោះបីជាការគាំទ្រពីដៃគូអភិវឌ្ឍបានបញ្ចប់ក៏ដោយ។ លោកបានបន្តថា ការគាំទ្រផ្នែកហិរញ្ញវត្ថុគឺជាកត្តាដែលមិនអាចខ្វះបាន សំដៅធានាកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ការិយាល័យច្រកចេញចូលតែមួយ និងការរក្សាទុកនិងប្រើប្រាស់ចំណូល ដែលបានមកពីការិយាល័យច្រកចេញចូលតែមួយគឺមានសារៈសំខាន់ដល់កិច្ចដំណើរការរដ្ឋបាល ក្រុង ស្រុក ដែលគាំទ្រដល់ការផ្តល់សេវាប្រចាំថ្ងៃ។ លោកបានបញ្ជាក់បន្ថែមថា លទ្ធផលជាវិជ្ជមាននៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺជាមេរៀន និងបទពិសោធន៍ដ៏មានសារៈសំខាន់បំផុត ក្នុងកិច្ចការកំណែទម្រង់តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃបានពង្រីក និងដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយចំនួន ២៤ក្រុង-ស្រុក លើ២៣ខេត្តគោលដៅរួចហើយ ហើយដែលថ្មីៗនេះ យើងបានរៀបចំសម្ពោធ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន ៧កន្លែង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ។ ក្នុងនោះក្រសួងក៏បានដាក់ឲ្យអនុវត្តការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយនៅស្រុកជនបទមួយផងដែរ គឺស្រុកបវេល ខេត្តបាត់ដំបង។ នៅឆ្នាំ២០១៣នេះ ក្រសួងមហាផ្ទៃ ត្រៀមបង្កើត និងដាក់អោយដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅខណ្ឌទាំង៩ នៃរាជធានីភ្នំពេញ និងក្រុង៤ផ្សេងទៀតនៃខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ដែលនឹងគ្រោងដាក់ឲ្យអនុវត្តក្នុងឆ្នាំ២០១៣នេះ។ ទន្ទឹមនឹងនេះក្រសួងស្ថាប័នមួយចំនួនបានដាក់ចេញនូវប្រកាសប្រតិភូកម្មមុខងារ និងសេវាដល់ក្រុង ស្រុកគោលដៅទាំងថ្មី ទាំងចាស់ដែលរហូតមកដល់ពេលនេះ យើងសម្រេចបាននូវប្រកាសប្រតិភូកម្មចំនួន ៩ក្រសួងស្ថាប័នហើយរួមមាន៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា។ ក្រៅអំពីប្រកាសប្រតិភូកម្មមុខងាររបស់ក្រសួងស្ថាប័នទាំង០៩ខាងលើនេះ រដ្ឋបាលខេត្ដគោលដៅនីមួយៗក៏បានដាក់ចេញនូវសេចក្ដីសម្រេចធ្វើប្រតិភូកម្មការងារនីត្យានុកូលកម្មលើប្រភេទឯកសារមួយចំនួន ដល់ក្រុងស្រុកគោលដៅផងដែរ។
ជារួម គឹមានប្រភេទសេវាចំនួន១៨៦មុខប្រភេទសេវាដែលត្រូវបានធ្វើប្រតិភូកម្មមកឲ្យការិយាល័យច្រកចេញចូលតែមួយ៕
សុងយោ
































