លីប៊ី​ អេហ្ស៊ីប ​ស្នើ​សហប្រជា​ជាតិ​ ឲ្យ​លើកលែង​ចោល​ការ​ហាម​ឃាត់​នាវា​ដឹកជញ្ជូន​អាវុធ​ ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម

ថ្ងៃ ព្រហស្បតិ៍ ទី19 កុម្ភៈ ឆ្នាំ2015 ម៉ោង16:30   ផ្នែក: ព័ត៌មានអន្តរជាតិ​ទូទៅ    ដោយ: កម្ពុជាថ្មី​

M19-02-15-j

ប្រទេស​លីប៊ី និង​អេហ្ស៊ីប​ បាន​ស្នើដល់​ក្រុម​ប្រឹក្សា​សន្ដិសុខ​សហ​ប្រជា​ជាតិ​ កាល​ពី​ថ្ងៃ​ពុធ​ សូម​ឲ្យ​លើក​លែង​ចោល​ការ​ហាម​ប្រាម​ការ​ឃាត់​នាវា​ដឹកជញ្ជូន​អាវុធ​មួយ​មក​ពី​ប្រទេស​លីប៊ី ដែល​ក្នុង​នោះ​មាន​កា​របិទផ្លូវ​នាវា​មួយ​ដែល​មិន​មែន​ស្ថិតនៅ​ក្រោមការ​គ្រប់​គ្រង​ត្រួតពិនិត្យ​ដោយរដ្ឋាភិបាលនោះទេ ហើយក៏​ដើម្បី​ជួយ​ស្ថាបនា​ប្រទេសនេះ​ឲ្យ​មាន​កងទ័ព​មួយ​ក្នុងការ​តតាំង​ទៅនឹងក្រុម​រដ្ឋ​ឥស្លាម​ ក៏ដូច​ជា​ក្រុមសកម្ម​ប្រយុទ្ធ​ដទៃ​ផ្សេង​ទៀត​ផង​ដែរ។

ប្រទេស​លីប៊ី បានធ្លាក់​ទៅក្នុង​កា​រប្រយុទ្ធ​គ្នា​ជា​ផ្នែកៗនៃ​ភាគី​ទៅហើយ ​ដោយ​នាំ​ឲ្យ​ប្រទេស​ស្ទើរ​តែ​លែង​មាន​ការ​គោរព​ច្បាប់​អស់ពេល​ដល់​ទៅ​ជិត​៤ឆ្នាំ​ បន្ទាប់ពី​ការ​រលំ​ដួល​ទៅ​របស់​លោក​ Muammar Gaddafi។ រដ្ឋាភិបាល​២​ដែល​ប្រកួត​ប្រជែង​គ្នា​គាំទ្រ​ដោយ​ក្រុម​អង្គភាព​ជីវពល​ប្រដាប់​អាវុធ​ កំពុ​ងតែ​ដណ្ដើម​គ្រប់គ្រង​កាន់​កាប់​ប្រទេស​ផលិត​ប្រេង​កាត​ ព្រមទាំង​ចលាចល​នោះហើយ​ដែលបានបង្កើត​ឲ្យ​មាន​ជា​ទីជម្រក​ក្រុមសកម្ម​ជនប្រយុទ្ធ​ឥស្លាម។

ក្រុមប្រឹក្សា​សន្ដិសុខ​ជួបប្រជុំ​ជាមួយ​លីប៊ី​ បន្ទាប់ពី​ក្រុម IS បានចេញ​ផ្សាយវីដេអូ​មួយ​បង្ហាញ​ឲ្យឃើញ​ទិដ្ឋភាព​ប្រហារ​ជីវិត​ជន​ជាតិ​អេហ្ស៊ីប​ កាន់សាសនា​គ្រិស្ដ​ ដោយកាត់.ក។

ចំណែក​ឯ​ប្រទេស​អេហ្ស៊ីប​វិញ បាន​តបត​ទៅ​នឹង​ការ​ប្រហារ​ជីវិត​នោះ​ ជាមួយ​នឹងការ​វាយ​ប្រហារ​តាមអាកាស​ កាលពីថ្ងៃ​ចន្ទ ទៅ​លើ​ជំរំ​សកម្ម​ជន​ឥស្លាម​ ទីកន្លែង​ហ្វឹកហ្វឺន ព្រម​ទាំង​តំបន់ស្ដុក​អាវុធ​នានា​នៅក្នុង​ប្រទេស​លីប៊ី។

កន្លង​មកនេះ​ រដ្ឋាភិបាល​លីប៊ី​ បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​មានការ​នាំ​អាវុធ​ចូលមក​ក្នុង​ប្រទេស​រួច​ទៅហើយ​ជាមួយ​នឹង​គ្រឿង​បរិក្ខារ​ជាមួយ​នឹង​ការ​អនុម័ត​របស់គណៈកម្មាធិការ​សន្ដិសុខ​មួយ ប៉ុន្ដែ​បែរ​ជា​រង​ការ​ហាមប្រាម​មិន​ឲ្យ​នាំចូលមកវិញ​នៅឆ្នាំ​២០១១ ពេលដែល​កង​ទ័ព​របស់លោក Gaddafi បង្ក្រាប​ទៅលើ​ក្រុម​បះ​បោរ​ដែល​ស្និទ្ធ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ៕

..