ប៉ោយប៉ែត ៖ ឃ្លាំងស្ដុកខោអាវគីបជាច្រើនដុំ ត្រូវបានឆាបឆេះបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះ៣ល្វែង ទាំងកណ្ដាលថ្ងៃត្រង់។ សមត្ថកិច្ចចម្រុះរាប់រយនាក់នាំគ្នាចេញអន្តរាគមន៍ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១១គ្រឿង ប្រើទឹកពន្លត់អស់រាប់សិបឡាន។
ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យនេះឆេះឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។
បើតាមការឲ្យដឹងពីលោកអភិបាលក្រុងប៉ោយប៉ែតបាននិយាយថា បើតាមការឲ្យដំណឹងជាជំហានដំបូងគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយការឆាបឆេះនោះចេញពីផ្ទះឈ្មោះហ៊ាង ភេទប្រុស អាយុ៥៦ឆ្នាំ ជាកន្លែងស្ដុកខោអាវគីបដុំៗ។ លោកបន្តថាករណីអគ្គិភ័យនេះជាលើកទី១ហើយ ដែលកើតឡើងនៅដើមឆ្នាំ២០១៣នេះ នៅក្នុងក្រុងប៉ោយប៉ែត។ ចំណែកទំហំទឹកប្រាក់នៃការខូចខាតនោះនៅមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ។ ប៉ុន្តែខោអាវគីបដុំៗ ភាគច្រើនត្រូវសមត្ថកិច្ចអន្តរាគមន៍ប្រើគ្រឿងចក្រជួយជញ្ជូនគេចផុតពីចំណីអគ្គី៕
ពៅរី

































