ព្រះវិហារ ៖ មន្ដ្រីជំនាញមេព្រៃថ្នាក់កណ្ដាលសហការជាមួយថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនិងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះបង្ក្រាបនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៣ ដោយឃាត់ខ្លួនបានជនល្មើស៣នាក់កំពុងធ្វើសកម្មភាពអារឈើក្នុងភូមិសាស្ដ្រដីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ ព្រមទាំងរឹបអូសវត្ថុតាងរណាយន្ដបានចំនួន៧គ្រឿង។
លោកឡុញ ប៉ុណ្ណារិទ្ធនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានអោយអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៥ កុម្ភះ ២០១៣ថា ក្នុងការចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើកំលាំងមន្ដ្រីជំនាញមេព្រៃបានឃាត់ខ្លួនជនល្មើសចំនួន៣នាក់ ដែលកំពុងប្រព្រឹត្តសកម្មភាពអារច្រៀកឈើជាក់ស្ដែងហើយបក្ខពួកមួយចំនួនបានរត់គេចខ្លួនក្នុងនោះបានដកហូតរណាយន្ដចំនួន៧គ្រឿង។
លោកបន្ដទៀតថា ជនល្មើសទាំង៣នាក់មានទី១ឈ្មោះខន ខុត ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិក្របៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ទី២ឈ្មោះវ៉ន ញាញ់ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្របៅ ឃុំគូលែនត្បូងស្រុកគូលែន និងទី៣ឈ្មោះឈួន ភ័ក្រ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិរំចេក ឃុំស្រុកស្វាយលើ ខេត្តសៀមរាប។
ព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១៣ ស្ថិតនៅទីកន្លែងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារមន្ដ្រីជំនាញកំពុងធ្វើការសាកសួរចំលើយជនល្មើសទាំង៣នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត។
ជនល្មើសទាំង៣នាក់បាននិយាយសារភាពថាពិតជាបានប្រព្រឹត្តបទល្មើសចូលព្រៃអារឈើប្រាកដមែនដោយស៊ីឈ្នួលអារឈើអោយបុរសម្នាក់ឈ្មោះម៉េត រស់នៅស្រុកស្ទោង ខេត្តកំពង់ធំដើម្បីទុកលក់អោយឈ្មួញ៕
មង្គល
































