ស្រុកព្រះស្តេច ៖ ដោយតំណាងឲ្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៣ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងអមដំណើរដោយលោកទេសរដ្ឋមន្ត្រី គុយ សុផល ទទួលបន្ទុកកិច្ចការទូ ទៅព្រះបរមរាជវាំងបានអញ្ជើញចូលរួមក្នុងពិធីបូជាព្រះសព ព្រះអមរាភិរក្ខិត កែវ ស៊ុម ព្រះចៅអធិការ វត្តដូនស្តើង ដែលស្ថិតនៅក្នុងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ព្រះអមរាភិរក្ខិត កែវ ស៊ុម បានចាប់អាពាធធ្ងន់ធ្ងរបំផុតនៅថ្ងៃដង្ហែព្រះបរមសព ព្រះបរមរតន កោដ្ឋ កាលពីថ្ងៃទី ១ ខែកុម្ភៈ ហើយព្រះអង្គបានទទួលអនិច្ចធម្មនៅថ្ងៃសុក្រ ១៣ រោចខែបុស្សឆ្នាំរោង ចក្តាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ៨ ខែកុម្ភៈ វេលាម៉ោង ៧ និង ៤៥ នាទីព្រឹក។
យោងតាមឯកសារឲ្យដឹងថា នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបាននិមន្តព្រះអមរាភិរក្ខិត កែវ ស៊ុម ដើម្បីចូលបង្សុកូល ព្រះរាជកុសលថ្វាយព្រះបរមសព ព្រះបរមរតនកោដ្ឋក្នុងព្រះបរមរាជវាំង ។ លុះព្រះអង្គវិលត្រឡប់មក ដល់វត្តវិញព្រះអង្គក៏មានថេរៈដីកាថា នេះជាឱកាសបានឃើញព្រះបរមរតនកោដ្ឋចុងក្រោយ ហើយ អាត្មាលែងបានចូលព្រះបរមរាជវាំងទៀតហើយ ដោយបញ្ហាសុខភាពកាន់តែទ្រុឌទ្រោមទៅៗ ហើយបន្ទាប់ពីនោះព្រះអមរាភិរក្ខិត កែវ ស៊ុម ក៏មានជរាពាធបន្តិចម្តងៗជារៀងរាល់ថ្ងៃ។ ក្នុងសភាពគួរឲ្យរន្ធត់នោះ សិស្សគុណ ជាពិសេស ព្រះគ្រូសីលវុឌ្ឍាចារ្យ អ៊ឹម ទៀង ព្រមទាំងលោកអាចារ្យ គណៈកម្មាធិការ និងពុទ្ធបរិស័ទបានខ្នះខ្នែងរកពេទ្យ ដើម្បីរក្សាព្យាបាលព្រះរោគរបស់ព្រះអង្គជារៀងរាល់ថ្ងៃ ប៉ុន្តែមិនបានសមប្រកបនោះឡើយ។
ព្រះអមរាភិរក្ខិតបានក្លាយទៅជាក្មេងបិតាតាំងពីអាយុ ៩ ឆ្នាំ ហើយនៅអាយុ ១៣ ឆ្នាំមាតាបាន បញ្ជូនមកសិក្សាអក្សរសាស្ត្រជាតិនៅវត្តសិរិសាគរដូនស្តើងនេះ ដែលមានព្រះគ្រូញាណទិព្វលោក ស្រី ញាណ ជាព្រះគ្រូចៅអធិការ។ព្រះអង្គជាក្មេងឆ្លាត រៀនក៏ឆាប់ចាំ ចំណាំក៏ឆាប់បាន។នៅព្រះជន្ម ២០ ព្រះវស្សា ព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុ ដោយបាននិមន្តសម្តេចសង្ឃនាយក ស៊ុក គណៈធម្ម យុត្តិកនិកាយ ទ្រង់ប្រថាប់នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញមកគង់ជាឧប្បជ្ឍាយ៍ ក្នុង ព.ស ២៤៨០ និង គ.ស ១៩៣៨ នៅវត្តសិរិសាគរដូនស្តើង។នៅឆ្នាំ ១៩៧៥ របប ប៉ុល ពត បានជំលៀសព្រះ អង្គចេញពីទីក្រុងភ្នំពេញដោយបង្ខំដូចព្រះសង្ឃ មន្ត្រីរដ្ឋការ និងប្រជាជនដទៃទៀតដែរ ដោយបាន ភៀសព្រះកាយនិមន្តទៅគង់នៅវត្តសិរិសាគរដូនស្តើងវិញ។នៅឆ្នាំ ១៩៧៩ ព្រះអមរាភិរក្ខិត ក៏បានឧប សម្បទានៅវត្តសុវណ្ណ ភូមិជើងឆ្នុក ឃុំបាធាយ ស្រុលបាធាយ ខេត្តកំពង់ចាម។បន្ទាប់មកញាតិញោម និមន្តទៅចាំវស្សានៅក្នុងវត្តយុវនាថថារាមកោះចេកក្រោម អស់ចំនួន ១២ វស្សា។ក្រោយមកសម័យ អ៊ុនតាក់ឆ្នាំ ១៩៩៣ ព្រះអង្គក៏និមន្តមកគង់នៅវត្តបទុមវតី រាជធានីភ្នំពេញវិញអស់រយៈពេល ៥ វស្សា។ ដល់ឆ្នាំ ១៩៩៩ ដោយព្រះកាយពលមានសភាពកាន់តែចាស់ជរាទៅៗ ព្រះអង្គក៏សម្រេចព្រះទ័យទៅ នៅវត្តសិរិសាគរដូនស្តើង ដែលជាស្រុកកំណើតរបស់ព្រះអង្គវិញ។
នៅព្រះជន្ម ២៣ វស្សា ព្រះអមរាភិរក្ខិត កែវ ស៊ុម បានទទួលឋានៈជា សមុន៍ ព្រះជន្ម ២៥ វស្សា ព្រះអង្គបានទទួលឋានៈជា បាលដ្ឋ ព្រះជន្ម ៣០ វស្សា ព្រះអង្គបានទទួលឋានៈជា ព្រះគ្រូមហាបទុម ព្រះជន្ម ៥៥ វស្សា ព្រះអង្គបានទទួលឋានៈជា ព្រះអមរាភិរក្ខិត ព្រះអង្គជាសមាជិកក្រុមជុំនុំព្រះត្រ័យ បិដក ព្រះអង្គក៏បានចូលរួមក្រុមពិនិត្យបោះពុម្ពសៀវភៅជាច្រើនទៀតផងដែរ។នៅក្នុងរយៈពេលដែល ព្រះអង្គគង់នៅវត្តយុវនាថារាម និងវត្តសិរិសាគរដូនស្តើង ព្រះអមរាភិរក្ខិត កែវ ស៊ុម បានដឹកនាំ និងរួម ចំណែកកសាងព្រះវិហារ ឧបដ្ឋានសាលា កុដិ ស្រះទឹក អណ្តូងទឹក ព្រមទាំអសមិទ្ធផលនានាជាច្រើន ទៀតសម្រាប់ទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។
នៅក្នុងពិធីដ៏សោកសង្រេងនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានប្រគេនជូនវត្តសិរិសាគរ ដូនស្តើងនូវព្រះរាជអំណោយព្រះករុណាព្រះមហាក្ស្តត្រចំនួន ១០០០ ដុល្លារអាមេរិក និងព្រះរាជអំ ណោយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន ១ ០០០ ដុល្លារសម្រាប់ប្រារព្ធពិធីបុណ្យ ព្រមទាំងបានប្រគេនទេយ្យទាន និងថវិកាមួយចំនួនដល់ព្រះសង្ឃចំនួន ៩ អង្គផងដែរ៕
ស្នាយពល

































