ព្រៃវែង ៖ កូនក្មេងអាយុទើបតែ១ឆ្នាំជាងបានបើកឆ្នាំងបបរ ដែលម្ដាយរបស់គេដាក់ចុះពីចង្ក្រានបានប្រហែល១០នាទីបណ្ដាលឲ្យដួលធ្លាក់ចូលទៅក្នុងឆ្នាំងនោះ រងរបួសរលាកពេញខ្លួនកាលពីវេលាម៉ោងប្រហែល១៦ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
បើតាមសំដីរបស់បុរសដែលត្រូវជាពូក្មេងរងគ្រោះបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ គឿន សក្កដា អាយុជាង១ឆ្នាំ ចេះដើរតេសតាស ចំណែកម្ដាយឈ្មោះ ស្រី ស អាយុជាង៣០ឆ្នាំ និងប្ដី(ត្រូវជាឪពុកក្មេង) ឈ្មោះ ឡី ហាវ មានទីលំនៅភូមិឃុំខាងលើ។ បុរសដែលត្រូវជាពូក្មេងរងគ្រោះបន្តថា មុនពេលកើតហេតុម្ដាយក្មេងរងគ្រោះដែលមានមុខរបរជាអ្នកលក់ពងទា ភេសជ្ជះនៅក្បាលសាឡាងខាងកើតបានបបរឆ្អិន រួចលើកឆ្នាំងបបរដាក់ចុះ បន្ទាប់មកក៏អូសរទេះឥវ៉ាន់រៀបចំលក់ដូរ។ គាប់ជួនពេលនោះជីដូនកុមារារងគ្រោះកំពុងចូលបន្ទប់ទឹក ហើយកុមាររងគ្រោះទំនងជាបើកឆ្នាំងបបររួចក៏ដួលចូលទៅក្នុងឆ្នាំងបបរដែលកំពុងក្ដៅនោះតែម្ដង។ ក្រោយពេលកើតហេតុភ្លាមសាច់ញាតិបានទិញសាប្រៃបាញ់ និងដឹកក្មេងរងគ្រោះតាមរថយន្តឆ្លងសាឡាងដើម្បីសង្គ្រោះនៅឯរាជធានីភ្នំពេញភ្លាមៗដែរ៕
វិចិត្រ






























